អន្តោប្រវេសន៍តាមសមុទ្ទមេឌីទែរ៉ាណេ ៖ តើអឺរ៉ុបមានដំណោះស្រាយយ៉ាងណា ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៥
សហភាពអឺរ៉ុបបានរងការរិះគន់យ៉ាងខ្លាំង នៅចំពោះមុខអសមត្ថភាពក្នុងការទប់ស្កាត់ចរន្តអន្តោប្រវេសន៍ហូរចូលអឺរ៉ុប តាមផ្លូវសមុទ្ទមេឌីទែរ៉ាណេ។ សោកនាកម្មកើតមានផ្ទួនៗ ចំនួនអន្តោប្រវេសន៍ស្លាប់ វាល់ពាន់នាក់។ ប្រឈមនឹងស្ថានភាពបែបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសបានបើកជំនួបប្រជុំជាបន្ទាន់កាលពីថ្ងៃចន្ទ អនុម័ត ផែនការ១០ចំណុច សម្រាប់បញ្ជូនទៅឱ្យប្រមុខរដ្ឋ-រដ្ឋាភិបាល សម្រេច នៅថ្ងៃព្រហស្បតិ៍ទី ២៣មេសា នាឱកាសជំនួបប្រជុំវិសាមញ្ញ ដោះស្រាយវិបត្តិអន្តោប្រវេសន៍នៅមេឌីទែរ៉ាណេ។
ខ្លះរិះគន់ ខ្លះជួយណែនាំ ខ្លះសាកល្បងជួយផ្តល់យោបល់ ផ្តល់អនុសាសន៍ ដល់អឺរ៉ុប ដែលកំពុងឈឺក្បាលខ្លាំងនឹងចរន្តអន្តោប្រវេសន៍បុកចូលស្រុក។ បិទខ្ទប់ទាំងស្រុងព្រំដែន មិនមែនជាដំណោះស្រាយ និងមិនអាចរារាំងអន្តោប្រវេសន៍ ដែលសុខចិត្តប្រថុយស្លាប់ឡើយ។ យកគំរូតាមអូស្ត្រាលី តាមត្រឹមបង្វែរបញ្ហា ហើយក៏គ្មានប្រទេសទីបីណាព្រមចុះកិច្ចព្រមព្រៀមជាមួយអឺរ៉ុបទទួលអន្តោប្រវេសន៍ជាថ្នូរនឹងទឹកប្រាក់ដូចករណីអូស្ត្រាលីនិងកម្ពុជាដែរ។ ហេតុដូច្នេះហើយបានជាអឺរ៉ុបត្រូវរកដំណោះស្រាយ ឱ្យសមស្រប ប្រកបដោយការទទួលខុសត្រូវ។
នៅក្នុងកិច្ចប្រជុំបន្ទាន់ថ្នាក់រដ្ឋមន្ត្រីការបរទេសនិងមហាផ្ទៃ នៃប្រទេសជាសមាជិកទាំង២៨ របស់អឺរ៉ុប កាលពីថ្ងៃចន្ទទី ២០ មេសា គណៈកម្មការអឺរ៉ុបលើកសំណើ ១០ ចំណុចសម្រាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរអន្តោប្រវេសន៍ខុសច្បាប់ និងទប់ស្កាត់ចរន្តអន្តោប្រវេសន៍ កាត់សមុទ្ទមេឌីទែរ៉ាណេ ដោយមិនខ្លាចស្លាប់។
វិធានការ១០ចំណុចនេះ ជាផែនការបន្ទាន់ ផ្តោតសំខាន់ទៅលើ ៖
- ការពង្រឹងប្រតិបត្តិការត្រួតពិនិត្យ និងសង្គ្រោះ ដោយត្រូវបង្កើនមធ្យោបាយហិរញ្ញវត្ថុនិងសម្ភារៈដល់ភ្នាក់ងារត្រួតពិនិត្យព្រំដែន Frontex។
- រឹបអូស និងបំផ្លាញទូកដែលប្រើសម្រាប់ដឹកអន្តោប្រវេសន៍ចាប់បាន។
- ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការស្ថាប័នផ្សេងៗទៀត ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងវិធីជួញដូរអន្តោប្រវេសន៍។
- បង្កើតការិយាល័យអន្តរប្រវេសន៍អឺរ៉ុប នៅតាម អ៊ីតាលី និងក្រិក។
- ផ្តិតក្រយៅដៃរាល់គ្រប់ជនអន្តោប្រវេសន៍ដែលបានចូលដែនដីអឺរ៉ុប។
- ពិចារណាលទ្ធភាពបែងចែកចំនួនជនភៀសខ្លួនទៅឱ្យប្រទេសជាសមាជិកសហភាព
- ដាក់កម្មវិធីជួយ អន្តោប្រវេសន៍ដែលមានសិទ្ធិជាជនភៀសខ្លួន។ សមាជិកអឺរ៉ុបមួយ ទទួលយកកម្មវិធីនេះដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត
- ដាក់កម្មវិធីបញ្ជូនទៅវិញជាបន្ទាន់អន្តោប្រវេសន៍ដែលគ្មានសិទ្ធិជ្រកកោន
- ធ្វើការជាមួយប្រទេសជិតខាងរបស់លីប៊ី ដើម្បីស្ទាក់ផ្លូវរបស់ពួកជួញដូរមនុស្ស
- បញ្ជូនភ្នាក់ងារអន្តោប្រវេសន៍ ទៅធ្វើការនៅក្បែរប្រតិភូអឺរ៉ុប ប្រចាំប្រទេសដើមឬប្រទេសដែលក្រុមអន្តោប្រវេសន៍ឆ្លងកាត់ ដើម្បីស្រាវរកវិធី និងបណ្តាញរកស៊ីបញ្ជូនជនអន្តោប្រវេសន៍
និយាយជារួម គឺអឺរ៉ុបទាំង២៨ប្រទេសចង់ វាយចំ និងឱ្យខ្លាំងលើជំនួញមនុស្ស ព្រោះជាអំពើឧក្រិដ្ឋ។
ប៉ុន្តែផែនការនេះ ត្រូវលើកដាក់លើតុប្រជុំ របស់ប្រមុខរដ្ឋ-រដ្ឋាភិបាលទាំង២៨ប្រទេស ក្នុងជំនួបប្រជុំវិសាមញ្ញ នៅទីក្រុងព្រុចសែល ថ្ងៃព្រហស្បតិ៍ទី២៣នេះសិន មុននឹងអាចចាប់មាន សុពលភាពទាំងស្រុងបាន នៅរវាង៦ខែទៀត។ ដូច្នេះមានន័យថា ស្ថានភាពក្នុងសមុទ្ទមេឌីទែរ៉ាណេ ទំនងជាមិនអាចប្រសើរឡើងបានដោយភ្លាមៗឡើយ។ សោកនាដកម្មអាចនឹងកើតមានទៀតក៏ថាបាន។
សេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប ជាដំណើរដ៏វែងឆ្ងាយ ល្បីខ្លាំងខាងយឺតយ៉ាវ មិនដូចរុស្ស៊ី ចិន ឬសហរដ្ឋអាមេរិកទេ។ ទាំងយឺត ទាំងយូរ ចុះតើប្រសិទ្ធិភាពនឹងមានប៉ុណ្ណា ?
គេអាចសង្ឃឹមលើការបង្ក្រាបបណ្តាញអ្នករកស៊ីដឹកជញ្ជូនអន្តោប្រវេសន៍ និងសង្គ្រោះកុំឱ្យស្លាប់ក្នុងសមុទ្ទ។ តែមិនមែនជាដំណោះស្រាយយូរអង្វែងឡើយ ! អឺរ៉ុបត្រូវការពឹងពាក់ខ្លាំងទៅលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសរបស់ជនអន្តោប្រវេសន៍ និងប្រទេសដែលពួកគេឆ្លងកាត់ និងពិសេសរំពឹងលើការបង្កើតរដ្ឋាភិបាលនៅលីប៊ី។ លីប៊ី ជង្រុកនៃរកស៊ីជួញដូរមនុស្ស មកពីអាហ្វ្រិកនិងស៊ីរី។ ៩៣%នៃទូកដឹក បញ្ជូនអន្តោប្រវេសន៍មានប្រភពមកពីលីប៊ី។ ភាពអនាធិបតេយ្យ គ្មានមេគ្មានកើយ គ្មានរដ្ឋាភិបាល បានអនុញ្ញាតឱ្យពួកឧក្រិដ្ឋជនជួញដូរបានយ៉ាងសេរី។ ដូច្នេះអាទិភាព ចម្បងគឺត្រូវជួយស្វែងរកស្ថិរភាពឱ្យលីប៊ី ឱ្យបង្កើតរដ្ឋាភិបាលបង្រួបបង្រូមជាតិ ដើម្បីអាចប្រយុទ្ធប្រឆាំងនឹងបណ្តាញជួញដូរមានប្រសិទ្ធិភាព។
បង្កើតប្រព័ន្ធជ្រើសរើសជនអន្តោប្រវេសន៍មានសុវត្ថិភាព និងត្រួតពិនិត្យត្រឹមត្រូវ ជាកាត់ជើងពួកអ្នករកស៊ី ប៉ុន្តែវាពិតជាពិបាកទទួលយកណាស់ ព្រោះអឺរ៉ុប គ្មាននយោបាយច្បាស់លាស់ រួមគ្នា ក្នុងផ្នែកទទួលជ្រើសរើសអន្តោប្រវេសន៍ទេ។ ការចរចាលើប្រធានបទនេះនឹងត្រូវស្វិតស្វាញខ្លាំង គ្មានទេដំណោះស្រាយងាយៗ ! អឺរ៉ុបនឹងត្រូវបង្ហាញ យុទ្ធសាស្ត្រអន្តោប្រវេសន៍ នៅពាក់កណ្តាលខែឧសភាឯណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ