អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចារកិច្ច​ ៖ ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​ធ្វើ​មិន​ដឹង ឱ្យ​​អាមេរិក​ឈ្លប​ស្តាប់​អឺរ៉ុបឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿង​អាស្រូវ​​អាល្លឺម៉ង់​ធ្វើ​ចារកិច្ច​ឱ្យ​​អាមេរិក​ ​ បាន​ក្លាយ​ជា​ការ​តស៊ូ​មតិ​ពុះ​កញ្ជ្រោល​ នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​សភា​សហភាព​អឺរ៉ុប​ទាំង​មូល កាលពី​នៅ​រសៀល​ថ្ងៃអង្គារ​។ សារព័ត៌មាន​អាល្លឺម៉ង់ បាន​ទម្លាយ​ឱ្យ​ដឹង​កាលពី សប្តាហ៍​មុន​ថា លោកស្រី​ប្រមុខ​រដ្ឋាភិបាល អង់ហ្គឺឡា មែរកិល បាន​ដឹង​អំពី​សកម្មភាព​ចារកិច្ច​អាមេរិក​លើ​ក្រុមហ៊ុន​អឺរ៉ុប​តាំង​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​មិន​បញ្ចេញ​ប្រតិកម្ម​។ តើ​លោកស្រី​មែរកិល ដឹង​រឿង​អ្វី​ខ្លះ ? ភ្នាក់ងារ​ស៊ើប​ការណ៍សម្ងាត់​អាល្លឺម៉ង់​ស៊ីឈ្នួល​ឱ្យ​ភ្នាក់ងារ​អាមេរិ​ក​មែន​ និង​តាំង​ពី​អង្កាល់​ ?

លោកស្រី​មែរកិល​ជាប់​រឿង​អាស្រូវ​ធ្វើ​មិន​ដឹង​ឮ​អាមេរិក​ឈ្លប​ការ​សម្ងាត់​អឺរ៉ុប
លោកស្រី​មែរកិល​ជាប់​រឿង​អាស្រូវ​ធ្វើ​មិន​ដឹង​ឮ​អាមេរិក​ឈ្លប​ការ​សម្ងាត់​អឺរ៉ុប REUTERS/Yves Herman/Files
ផ្សាយពាណិជ្ជកម្ម

 

គ្មាន​សេចក្តី​សម្រេចចិត្ត​ជាផ្លូវការ​​ដាក់​បង្ខំ​ ឬ​ព្រមាន​​អាល្លឺម៉ង់​ទេ ក្រោយ​ពីមាន​ការ​តស៊ូ​មតិ​សភា​មក ព្រោះ​បើ​តាម​ស្នងការ​យុត្តិធម៌​​សភា​អឺរ៉ុប​ គេ​គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​ម្យ៉ាង​ទៀត សំណុំ​រឿង​ចារកិច្ច​ជា​សមត្ថកិច្ច​របស់​រដ្ឋ​នីមួយ​ ជា​សមាជិក។ ប៉ុន្តែ​រឿង​អាស្រូវ​នៅ​តែ​បន្ត​​ចម្រូង​ចម្រាស​ខ្លាំង និង​ធ្វើ​ឱ្យ​ប៊ែរឡាំង​ទើស​ទ័ល​ចិត្ត​ខ្លាំង​ ជាពិសេស​គឺ​​លោកស្រី​អង់ហ្គឺឡា មែរកិល​តែ​ម្តង​ ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​ផ្ទាល់​ថាមាន​​ពុត​។

ដើមហេតុ​នៃ​រឿង​អាស្រូវ​ចារកិច្ចនេះ បាន​ផ្ទុះ​ឡើងនៅ​ថ្ងៃទី ២៣​មេសា នៅ​ពេល​សារព័ត៌មាន​អាល្លឺម៉ង់​ Bild ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ភ្នាក់ងារ​សម្ងាត់​អាល្លឺម៉ង់ (BND) ​ទំនង​ជា​បាន​ធ្វើ​ការ​ឱ្យ​ភ្នាក់ងារ​ចារកិច្ច​​អាមេរិក (NSA) ដោយ​លួយ​ប្រឡេច​​​ព័ត៌មាន​សំខាន់ៗ​រសើបៗ​ទាក់ទង​នឹង​​សកម្មភាព​​ឧស្សាហកម្ម​អឺរ៉ុប ព្រមទាំង​សកម្មភាព ​​របស់​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ជាន់​ខ្ពស់​​នៅ​អឺរ៉ុប​ទៀត ទៅ​អោយ​អាមេរិក។

ការ​ទម្លាយ​ព័ត៌មាន​នេះ បាន​បញ្ជាក់​ទៀត​ថា ​លោកស្រី​មែរកិល ទំនង​ជា​បាន​ដឹង​អំពី​សកម្មភាព​ស៊ើបការណ៍​ខុស​ច្បាប់​នេះ តាំង​ពី​ឆ្នាំ​២០០៨​ម្ល៉េះ ប៉ុន្តែ​លោកស្រី​មិន​បញ្ចេញ​ប្រតិកម្ម ដោយ​ខ្លាច​រំខាន​ចិត្ត​អាមេរិក ព្រោះ​ បើ​តាម​លោក​ប្រធានាធិបតី​អាល្លឺម៉ង់​ អាមេរិក​ គំរាម​ឈប់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ជាមួយ​អាល្លឺម៉ង់​ផង ក្នុង​ពេល​មាន​ផ្ទុះ​រឿង​អាស្រូវ​ស្នូដិន​។  

​ភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយភ្នាក់ងារ​អាមេរិក​ តាំង​ពី​ឆ្នាំ​២០០២​មក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម។ ចំណង​កិច្ចសហប្រតិបត្តិការ​​រវាង​ភ្នាក់ងារ​ស៊ើប​អង្កេតទាំង​ពីរ​ប្រទេសជាប់​ស្អិត​ខ្លាំង​​ រហូត​ដល់​មាន​កិច្ចព្រមព្រៀង​​អាមេរិក-អាល្លឺម៉ង់​លើ​វិស័យ​ចារកិច្ច​នេះ​ទៀត​ផង ដោយ​អាមេរិក​ផ្ទុក​ផ្តាក់​អាល្លឺម៉ង់​ឱ្យ​រៀប​ចំ​បណ្តាញ​​ ​លួច​ស្តាប់​​ ជា​ថ្នូរនឹង​ការ​ផ្តល់​ព័ត៌មាន​​ដែល​អាមេរិក​ត្រូវ​ការ លើកលែង​តែ​ព័ត៌មានដែល​​ទាក់​ទង​នឹង​បុគ្គល​ឬ​ស្ថាប័ន​ ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​ពេល​នេះ​វា​ហាក់​ដូច​ជា​ឃ្លាត​ឆ្ងាយ​ខ្លាំង​នឹង​​ប្រធានបទ​ភេរវនិយម ! អាមេរិក​កំពុងធ្វើ​ចារកិច្ច​សេដ្ឋកិច្ច​-ឧស្សាហកម្ម​បន្ថែម​ទៀត ដោយ​​ស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​ក្រុមហ៊ុន​ធំ​របស់​អឺរ៉ុប​ទៀត មាន​ជា​អាទិ៍​ក្រុមហ៊ុន​ផលិត​យន្តហោះEADS ឬ ឧទ្ធម្ភាគចក្រ Eurocopter។

ជិត​មួយ​សប្តាហ៍​មក​ហើយ​ដែល​សំណុំ​រឿង​អាស្រូវ​មួយ​នេះ បាន​បោក​បក់​ខ្លាំង​ក្នុង​ផ្ទៃ​នយោបាយអាល្លឺម៉ង់។​ សារព័ត៌មាន​ក្នុង​ស្រុក​ មិន​​សំចៃ​នឹង​ធ្វើ​ចោទ​ប្រកាន់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ឡើយ និង​បាន​ទាមទារ​ឱ្យ​ប្រធាន​ចារកិច្ច​​លាលែង​ចេញ​ពី​តំណែង​​។ ប្រឈម​មុខ​នឹង​ស្ថានការណ៍​បែប​នេះ លោកស្រី មែរកិល មិន​បាន​នៅ​ស្ងៀម​ទេ​ លោកស្រី​បាន​ចេញ​ការពារ​ខ្លួន​។ នាឱកាស​ដឹកនាំ​កិច្ចប្រជុំ​នៅ​ក្រុង​វ៉ាសូវី កាលពី​ថ្ងៃចន្ទ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា « ត្រូវ​តែ​រក​ឱ្យ​ឃើញ​ស​ខ្មៅ »។ នេះ​ជា​ប្រយោគ​ដែល​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​តែង​តែ​លើក​យកមក​ប្រើ​នៅ​ពេល​មាន​ជួប​បញ្ហា​។ លោកស្រី​ក៏​ធ្លាប់​បាន​ទទួល​ស្គាល់​ថា បាន​ទទួល​ឯកសារ​ នៅ​អំឡុង​​ឆ្នាំ​២០០៨-២០១០ ស្តី​អំពី​សកម្មភាព​ចារកិច្ច​អាល្លឺម៉ង់ ប៉ុន្តែ​​ពុំ​ឃើញ​មាន​អ្វី​​ខុស​ប្រក្រតី​ទេ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ ការិយាល័យ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​​ បញ្ជាក់​ថា​មាន​ ទន់ខ្សោយ​ផ្នែក​បច្ចេកទេស​និង​ការ​រៀបចំ​​ក្នុង​រង្វង់​ភ្នាកងារ​​ស៊ើបការណ៍​អាល្លឺម៉ង់។ លោក​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ ​មិន​បាន​សម្តែង​សាមគ្គី​ភាព​ជាមួយ​លោកស្រី​មែរកិល​ទេ លោក​បាន​អះអាង​ថា នេះ​ជា​រឿង​អាស្រូវ​មួយ ! ​ភ្នាក់​ងារ​ចារកិច្ច​អាល្លឺម៉ង់​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​ ! សកម្មភាព​បែប​នេះ​ត្រូវ​តែ​បញ្ចប់។

ដូច្នេះ​មាន​ន័យ​ថា​អាល្លឺម៉ង់​មិន​ត្រួត​ពិនិត្យ​​សកម្មភាព​ភ្នាក់ងារ​ទេ​ឬ ? ឬ​ក៏​ក្នុ​ង​នាម​រក្សា​មិត្តភាពជាមួយ​អាមេរិក រដ្ឋាភិបាល​អាល្លឺម៉ង់​ត្រូវ​តែ​ធ្មេញ​ភ្នែក​ ឱ្យ​ភ្នាក់ងារ​ចារកិច្ច​របស់​ខ្លួន​ធ្វើ​អ្វីខុស​ច្បាប់​ ?! ​ ឬ​​ក៏​នេះ​ជា​ល្បិច​របស់​អ្នក​ដឹកនាំ​នយោបាយ ? គេ​នៅ​ចង​ចាំ​បាន​ថា កាលពី​ខែ តុលា ឆ្នាំ​២០១៣ នៅពេល ​ទទួល​ដំណឹង​ថា​ភ្នាក់ងារ​ចារកិច្ច​​អាមេរិក​លួចស្តាប់​ទូរស័ព្ទ​ដៃ​​ លោកស្រីម៉ែរកិល​បាន​ស្រែក​បន្ទោស​អាមេរិក​ថា « គេ​មិនដែល​​លួច​ស្តាប់​មិត្ត​ឯង​ទេ ! » ឥលូវ​ប្រហែល​ជា​ដល់​ពេល​ដែល​អឺរ៉ុប​ត្រូវ​ស្រែក​ឃ្លា​នេះ​ដាក់​លោកស្រី​វិញហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ