អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប-អន្តោប្រវេសន៍ ៖ ពីមេខ្សល់​ទៅ​ជា​បណ្តាញ​ជួញដូរ​មនុស្ស​ដ៏​ខ្លាំងក្លា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រាក់​ចំណេញច្រើន ហានិភ័យ​កាន់​តែ​មាន​កំរិត​ តម្រូវការ​​រីក​ដូច​ផ្កា ... របប​រក​ស៊ី​ដឹកជញ្ជូន​ជន​ភៀស​ខ្លួន​ពី​អាហ្វ្រិក​ទៅ​​អឺរ៉ុប ឆ្លង​កាត់​សមុទ្ទ​មេឌីទែរ៉ាណេ កំពុង​ទាក់​ចិត្ត​​ក្រុម​រក​ស៊ី​ជួញ​ដូរ​ខុស​ច្បាប់​ធំៗ ម៉ាហ្វីយ៉ា​មាន​អំណាច ​ ព្រមទាំង​ក្រុម​ដែល​មាន​រចនា​សម្ព័ន្ធច្បាស់​លាស់។ នេះ​បើ​អ្នក​ឯកទេស​ និង​អ្នក​ទទួល​ខុស​ត្រូវ​​ភ្នាក់ងារ​ប្រឆាំង​នឹង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ទើប​ចេញ​ផ្សាយ​របាយការណ៍​​មួយ​ស្តី​អំពី​ជំនួញ​ជន​ភៀស​ខ្លួន។

ទូក​ជន​ភៀស​ខ្លួន​ ក្នុង​សមុទ្ធ​មេឌីទែរ៉ាណេ សង្គោះ​ដោយ​ឆ្មាំ​សមុទ្ទ​អ៊ីតាលី
ទូក​ជន​ភៀស​ខ្លួន​ ក្នុង​សមុទ្ធ​មេឌីទែរ៉ាណេ សង្គោះ​ដោយ​ឆ្មាំ​សមុទ្ទ​អ៊ីតាលី AFP/Garde-côtes Italie
ផ្សាយពាណិជ្ជកម្ម

 

អន្តោប្រវេសន៍​ខុស​ច្បាប់​​ជា​បញ្ហា​ដែល​រីក​ធំធាត់​ ជា​លំដាប់​ និង​ធ្វើ​ឱ្យ​ប្រទេស​លោក​ខាង​លិច​ ឈឺក្បាល​គ្រប់​គ្នា។ ប្រថុយ​ស្លាប់ អន្តោប្រវេសន៍រាប់​​រយ​ រាប់​​ពាន់​នាក់​បាន​​​នាំ​គ្នា​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ​សំដៅ​អឺរ៉ុប បើ​ទោះ​បី​ជា​ដឹង​ថា​​ពេល​មក​ដល់​​ពួក​គេ​នឹងក្លាយ​ទៅ​ជា​ជន​អនាថា ខុស​ច្បាប់​​យ៉ាង​ណា​ក៏​ដោយ។ ចេតនា​ដ៏​មុះ​មុត​​ចង់​គេច​ខ្លួន​មក​ជ្រក​កោន​នៅអឺរ៉ុប បាន​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​អន្តោប្រវេសន៍​​បាន​ក្លាយ​ជា​របរ​រកស៊ី​មួយ ដែល​មិន​ត្រឹម​តែ​ទាញ​កម្រៃ​បាន​ពីថ្លៃ​ធ្វើ​ដំណើរ​ទេ តែ​​ពេល​ទៅ​ដល់​​ទិសដៅ​ហើយ​ឈ្មួញ​អាច​បន្ត​ជញ្ជាក់​ឈាម​ទាម​ប្រាក់​បាន​ទៀត។

ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ នៃ​ជំនួញ​ប្រភេទ​នេះ ​មាន​ទំហំ​ប្រមាណ​ជាង ៧​ពាន់​លាន​ដុល្លារ ! តើ​ឈ្មួញ​ណា​មិន​ចាប់​អារម្មណ៍ ?! ទីផ្សារ​ដឹក​ជញ្ជូន​​ជន​ភៀស​ខ្លួន​កំពុង​ទាក់ទាញ​ក្រុម​ជួញ​ដូរ​ខុស​ច្បាប់​អន្តរជាតិ​ និង​កំពុង​ពង្វក់​​មេទ័ព មេ​ក្រុម​ មេ​កើយ​ថ្នាក់​មូលដ្ឋាន​ ឱ្យក្លាយ​ទៅ​ជា​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ឆ្លង​ព្រំដែន។ នេះ​បើ​តាម​ របាយការណ៍​ឆ្នាំ​២០១៤ របស់​ភ្នាក់ងារ​ទទួល​បន្ទុក​ប្រឆាំងនឹង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម ​របស់​អង្គការ​សហប្រជាជាតិ​ (ONUDC) ដែល​ បាន​អះអាងបន្ថែម​ទៀត​ថា​ ចរន្ត​រត់​ពន្ធ​ឆ្លង​ព្រំដែន ជា​ទូទៅ​តែ​តែ​ង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​​ឧក្រិដ្ឋកម្ម​​។ ហើយ​ប្រសិន​បើ​មាន​ចរន្ត​នេះ​កាន់​តែ​ស្មុគ​ស្មាញ ក្រុម​ឧក្រិដ្ឋកម្ម​​ធំៗ កាន់​តែ​ងាយ​ស្រួល​យក​ចំណេញ​។

មក​ទល់​នឹង​ឆ្នាំ​២០១៣ ដំណើរ​ភៀស​ខ្លួន​ ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់ៗ តាម​រយៈ​មេខ្យល់​ច្រើន​នាក់ ប្តូរ​បន្ត​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​បង់​ប្រាក់​ដាច់ៗ​ពី​គ្នា ជា​អ្នក​នេសាទ​សម្រាប់​ឆ្លង​សមុទ្ទ ឬ​ជា​ក្រុម​អ្នក​ជួញដូរ​មនុស្ស​បែប​គ្រួសារ ឬ​ជា​មេ​កុលសម្ព័ន្ធ​សម្រាប់​ឆ្លង​ភូមិ ឆ្លង​វាល​ខ្សាច់។ ប៉ុន្តែ​តាំង​ពី​ឆ្នាំ​២០១៤​មក មធ្យោបាយ​​រត់​ភៀស​ខ្លួន មាន​លក់​ដូច​​ទៅ​ទិញ​កម្មវិធី​ដំណើរ​កំសាន្ត​វិស្សមកាល​​ជា​កញ្ចប់។ ជន​ចង់​ធ្វើ​អន្តោប្រវេសន៍​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ន​​ជ្រើសរើស​ទិញ គម្រោង​រត់​ភៀស​ខ្លួន​តាម​ទូក គិត​តាំង​ពី​មាត់​ទ្វារ​ផ្ទះ​រហូត​ដល់ជាន់​ទឹក​ដី​ប្រទេស​ជា​​ទិសដៅ​ចុង​ក្រោយ​តែ​ម្តង។ ជាមួយ​នឹង​លទ្ធផល​អង្កេត​នេះ គេ​អាច​យល់​បាន​ថា ពិត​ជាមាន​ប្រព័ន្ធ​​រក​ស៊ី​រត់​ពន្ធ​ជនភៀស​ខ្លួន ដែល​មាន​បណ្តាញ​ប្រទាក់គ្នា​ ខ្លាំង​ឬ​ខ្សោយ​ទៅ តាម​កំរិត​និង​ស្ថានការណ៍ជាក់​ស្តែង។

មាន​បណ្តាញ​ មាន​ការ​រៀបចំ អង្គការ​​​រត់​ពន្ធ​អន្តោប្រវេសន៍​​ខុស​ច្បាប់ បាន​ធ្វើ​ការ​ឃោសនា​ ទាក់ទាញ​ភ្ញៀវ​ យ៉ាង​ចំហ តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូក​ជា​ដើម​។ល។ ពន្យល់​យ៉ាង​លម្អិត​អំពី​តម្លៃ កន្លែង​និង​ពេលវេលា​ចេញ​ដំណើរ ប្រភេទ​ទូក … អ្នក​ហ៊ាន​ថ្លៃ​នឹង​មាន​ការ​ធានា​សុវត្ថិភាព​ច្រើន ដូច​ជា​មាន​អាវ​ពោង ជិះ​ទូក​នៅ​ថ្នាក់​លើ អ្នក​ហ៊ាន​ថ្លៃ​ទាប​ត្រូវ​អង្គុយ​​ក្នុង​បាត​ទូក​ ឱ្យ​លិច​បន្តិច​នឹង​ត្រូវលង់​ស្លាប់​ភ្លាម។ បច្ចុប្បន្ន​នេះ ទីផ្សារ​អន្តោប្រវេសន៍​កាន់​​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ព្រោះ​ក្រៅ​អំពី​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​ដែល​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ពី​ភាព​ក្រីក្រ​ទុរ្ភិក្ស​ក្នុង​ប្រទេស​ មាន​ក្រុម​អ្នក​រត់​គេច​ពី​សង្គ្រាម​នៅ​តំបន់​ដើម​បូព៌ា មាន​ជា​អាទិ៍​ជនជាតិ​ស៊ីរី។ អ្នករត់​គេច​សង្គ្រាម សុទ្ធ​សឹង​ជា​អ្នក​មាន​ជីវភាព​មធ្យម ជា​ស្រទាប់​គ្រួសារ​ថ្នាក់​កណ្តាល តែ​​មាន​បាន​ខ្លាំង​បើ​ប្រៀប​ទៅ​នឹង​ពួក​អាហ្វ្រិក។ ហេតុ​ដូច្នេះ​ហើយ​ទើប​ ក្រុម​ឈ្មួញ​​អាច​​បង្កើន​សកម្មភាព​រកស៊ី​ដឹក​ជញ្ជូន​បាន​យ៉ាង​ងាយ។

ប្រវត្តិ​នៃ​ការ​រត់​ភៀស​ខ្លួន​ឆ្លង​សមុទ្ធ​មេឌីទែរ៉ាណា មិន​មែន​ថ្មី​ថ្មោង​ទេ។ ចំណែក​ក្រុម​ឈ្មួញ​ ក៏​មិន​មែន​ជា​មនុស្ស​ថ្មីដែរ ប៉ុន្តែទម្រង់​នៃ​ការ​ជួញ​ដូរ​បាន​ប្តូរ​ផ្លាស់​​ ពី​លក្ខណៈ​ទោល ទៅ​​ជា​ប្រព័ន្ធ មាន​បណ្តាញ​ពេញ​ពិភពលោក ​ជា​បណ្តាញ​ម៉ាហ្វីយ៉ានិង​បន​ឧក្រិដ្ឋកម្ម​ ប្រទាក់​ក្រឡា​គ្នា​ តាំង​ពី​មេខ្យល់​នៅ​តាម​មូលដ្ឋានបែប​ឯកា ទៅ​ជា​មេខ្យល់​ប្រកប​ដោយ​វិជ្ជាជីវៈ​ ខ្លះ​បញ្ចេញ​កម្មភាព​​បែប​បូរាណ​ ខ្លះ​ជា​ប្រតិបត្តិការ​ប្រកប​ដោយ​ឯកទេស​ខ្ពស់ ខ្លះ​ដោយ​វិធី​ចាស់​ផង​ថ្មីផង​​ទន្ទឹម​គ្នា​តែ​ម្តង។ ព្រោះ​បើ​តាម​របាយការណ៍ មាន​មិន​ខ្វះ​ទេ ស្ត្រី​ដែល​រត់​ភៀស​ខ្លួន​តាម​ប្រទេស​លីប៊ី ក្រោយ​មក​ក្លាយ​ជា​ពេស្យា​តាម​ថ្នល់​អឺរ៉ុប​ ដោយ​មាន​មេ​កើយ​ម៉ាហ្វីយ៉ាតាំង​ទី​នៅ​ក្នុង​ក្រុង​ធំៗ​របស់​អឺរ៉ុប សម្រាប់​បញ្ជា​និង​ចាត់​ចែង​។​

ភាព​វឹក​វ​រ​នយោបាយ​នៅ​លីប៊ី បាន​​សម្រួល​ដល់ឈ្មួញ​ជួញ​ដូរ​មនុស្សគ្រប់​ជាតិសាសន៍ ដល់​មេខ្យល់​ និង​ដល់​ក្រុមប្រដាប់​អាវុធ​​ ឱ្យ​រក​ស៊ីរត់​ពន្ធ​អន្តោប្រវេសន៍បាន​យ៉ាង​ពេញ​ទំហឹង ដូច​រោង​ចក្រ​ឧស្សាហកម្ម។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​នេះ ត្រូវ​ការ​ពេល​វេលា​យូរ​ និង​លំបាក​ខ្លាំង​ ព្រោះ ដរាប​ណា​តម្រូវការ​រត់​ភៀសខ្លួន​នៅតែ​​មាន​​ ក្រុម​ម៉ាហ្វីយ៉ា​នឹង​នៅ​តែ​អាច​រក​ស៊ី​បាន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ