អានតួអត្ថបទ

អឺរ៉ុបរៀប​ផែនការ​ចេញ​ធ្វើ​ប្រតិបត្តិការ​ជើង​ទឹក​ប្រឆាំង​ឈ្មួញ​អន្តោប្រវេសន៍

អាស៊ី​និង​អឺរ៉ុប កំពុង​ឈឺ​ក្បាល​យ៉ាង​ខ្លាំង​នឹង​​លំហូរ​​អន្តោប្រវេសន៍​​តាម​ទូក។ ក្នុង​ខណៈ​ដែលប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ចាប់​ផ្តើម​ពិគ្រោះ​គ្នា​ តាម​ផ្លូវការទូត ដោយ​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ថៃ​និង​ម៉ាឡេស៊ី​នៅ​ថ្ងៃ​នេះ សហភាព​​អឺរ៉ុប​វិញ ហាក់ដូច​ជា​កំពុង​ពន្លឿន​ការងារ។​​ សហភាព​អឺរ៉ុប​ ជ្រើសរើស​នយោបាយ​សម្តែង​​​​សាមគ្គីធម៌​ផង និង​កម្លាំង​យោធា​​​ទប់​ស្កាត់​ចរន្ត​អន្តោប្រវេសន៍ផង។ ​នៅ​ថ្ងៃ​ចន្ទ​ទី ១៨ ឧសភា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ការពារ​ជាតិ​អឺរ៉ុប ទាំង​២៨ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ព្រុចសែល​ប្រទេស​បែលហ្សិក​ ដើម្បីផ្តើម​រៀប​ចំ​​ដាក់​ឱ្យ​ដំណើរការ​​ប្រតិបត្តិការ​​ជើង​ទឹក “EU Navfor Med” ផ្តាច់​ជើង​ឈ្មួញ​ដែល​រកស៊ី​នាំ​អន្តោប្រវេសន៍ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ​មក​ទ្វីប​អឺរ៉ុប។

អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ឆ្នេរ​លីប៊ី ដែល​អាជ្ញាធរ​ចាប់​បាន​ពេល​មុន​ចុះ​ទូក​មក​អឺរ៉ុប
អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ឆ្នេរ​លីប៊ី ដែល​អាជ្ញាធរ​ចាប់​បាន​ពេល​មុន​ចុះ​ទូក​មក​អឺរ៉ុប REUTERS/Hani Amara
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មានសោកនាដកម្ម​​អន្តោប្រវេសន៍​ស្លាប់​រាប់​រយ​នាក់​ក្នុង​សមុទ្ទមេឌីទែរ៉ាណេ​​មក សហភាព​អឺរ៉ុប​​បាន​តាំង​ចិត្ត​ចេញ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​មនុស្សធម៌​ផង និង​សុវត្ថិភាព​ផង ពោលគឺ​ចេញ​ធ្វើ​ប្រតិបត្តិការ​ ប្រឆាំង​នឹង​​ពួក​ឈ្មួញអន្តោប្រវេសន៍​​ឱ្យ​ដល់​ឬ​សគល់។ នេះ​ជា​លទ្ធផល​នៃ​ជំនួប​ប្រជុំ​ បន្ទាន់ ថ្នាក់​ប្រមុខ​ដឹកនាំ​ប្រទេស​​និង​រដ្ឋាភិបាល ​ កាល​ពី​ថ្ងៃ​ទី ២៣​មេសា។ ​ប្រតិបត្តិការ​ជើង​ទឹកដែល​រដ្ឋមន្ត្រី​ការ​បរទេស​និង​ការពារ​ជាតិ​អឺរ៉ុប​កំពុង​រៀប​ដាក់​ឱ្យ​មាន​​ដំណើរ​ការ​នៅ​ថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សេចក្តី​សម្រេច​កាលពី​ខែ​មុន​នេះ​ឯង។

ប្រតិបត្តិការ​យោធា​អឺរ៉ុប​ក្នុង​មេឌីទែរ៉ាណេ

 
ជា​បេសកកម្ម​យោធា​ធំ​​មិន​ធ្លាប់​មាន ! នាវា​សង្គ្រាម និង​យន្តហោះ​ស៊ើបការណ៍​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ដើម្បី​តានដាន​និង​ត្រួត​ពិនិត្យ​សកម្មភាព​ជួញ​ដូរ​មនុស្ស។ ប្រតិបត្តិការ​នេះ​​ ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា EU Navfor Med មានទីបញ្ជាការ​ធំ​នៅ​ប្រទេសអ៊ីតាលី និង​មេបញ្ជការ​ជា​ឧត្តមនាវី​អ៊ីតាលី។ បារាំង​ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​អេស្ប៉ាញ បាន​សន្យា​រួច​ហើយ ថា​នឹង​ផ្គត់​ផ្គង់​នាវា​។ ប៉ូឡូញ ស្លូវ៉ានី ផ្តល់​យន្តហោះ​តានដាន ឬ​ឧទ្ធម្ភាគចក្រ។

រដ្ឋមន្ត្រីក្រសួង​ការបរទេស​និង​ការពារជាតិ​អឺរ៉ុប ទាំង​២៨​ ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​ ដោយ​គ្មាន​បង្អង់​នៅ​​ថ្ងៃ​នេះ មុន​នឹង​ត្រូវ​អនុម័ត​ និង​ដាក់​ដំណើរ​ការ​បាន​ជា​ស្ថាពរ​នៅ​ខែ​មិថុនា ខាង​មុខ នា​ឱកាស​ជំនួប​កំពូលប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​​អឺរ៉ុប។  កម្មវត្ថុ​ចំបង​​នៃ​បេសកកម្ម​គឺ​តាម​ចាប់​ទូក នាវា​ ដែល​ពួក​មេខ្យល់​ប្រដាប់​អាវុធ​ប្រើ នៅ​ក្នុង​ដែន​សមុទ្ទ​អន្តរជាតិ មុន​នឹង​ទម្លាក់​ជន​អន្តោប្រវេសន៍មក​លើក្នុង​ទូក​ចាស់​ទ្រុឌទ្រោម​ បណ្តែត​ឱ្យ​ចូល​ក្នុង​ដែន​ទឹក​អឺរ៉ុប។

អឺរ៉ុប​ចង់​ទប់​ស្កាត់​ពួក​ឈ្មួញ​ទាំង​អស់​នោះ​ ដោយការ​ឃាត់ខ្លួន ឬ​រឹមអូស ​ឬ​​​បំផ្លាញ​ទូក​​តែ​ម្តង។ ប៉ុន្តែ​ពួក​ឈ្មួញ​មិន​ខ្លាច​នឹង​បាញ់រះ​មក​លើ​​ទាហាន​ឆ្មាំ​សមុទ្ទ​ទេ ដើម្បី​ដណ្តើមទូក​ឡើយ។ ក្នុង​ស្ថានភាព​បែប​នេះ ដើម្បី​បញ្ចេញ​សកម្មភាពប្រកប​ដោយ​ប្រសិទ្ធិភាព​​និង​ដើម្បី​គោរព​ច្បាប់​អន្តរជាតិ អឺរ៉ុប​ត្រូវ​ការ​ព្រមព្រៀង​ពី​អង្គការសហប្រជាជាតិ ពោល​គឺ​​ត្រូវ​មាន​​សេចក្តី​សម្រេច​ចិត្ត​​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។​​

ការគាំទ្រ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ប្រមុខ​ការ​ទូត​អឺរ៉ុប បាន​ចេញ​​​ធ្វើ​ប្រតិបត្តិការ​ចែចង់ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ តាំង​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ម្ល៉េះ ដើម្បី​សាក​ល្បង​បញ្ចុះ​បញ្ចូល​ជា​ពិសេស​រុស្ស៊ី និង​ចិន កុំ​ឱ្យ​បោះឆ្នោត​ប្រឆាំង គោលការណ៍​ធ្វើ​ប្រតិបត្តិការ​ជើង​ទឹក​​ប្រឆាំង​នឹង​នាវា​ឈ្មួញ​អន្តោប្រវេសន៍​មក​ពី​លីប៊ី។ ក្នុងន័យ​នេះ អឺរ៉ុប​បាន​បញ្ជាក់ហើយ​បញ្ជាក់​ទៀត ថា​បេសកកម្ម​ក្នុង​សមុទ្ទ​ ធ្វើ​ឡើង​ដើម្បី​​មនុស្សធម៌​ ដើម្បី​សង្គ្រោះ​ជីវិតមនុស្ស។

នៅក្នុង​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ស្នើ​ទៅ​អង្គការសហប្រជាជាតិ​ សុំ​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ច្បាប់​ដើម្បី​ចេញ​ធ្វើ​ប្រតិបត្តិការ​យោធា អឺរ៉ុប​បានមិន​បាន​ប្រើ​ពាក្យ​ថា​កម្ទេច​ទូក​ទេ ហើយ​ក៏​គ្មានដែរ​ហេតុផល​អឺរ៉ុប​សុំ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ​យោធា​​នៅ​ក្នុងដែន​​ដីលីប៊ី គឺ​សុំ​ត្រឹម​ប្រតិបត្តិការ​យោធា​ក្នុង​សមុទ្ទ​ សម្រាប់​ទាក់​ចាប់​​ទូក​ឈ្មួញ។ ​រុស្ស៊ីហាក់​ដូច​ជា​​ត្រៀម​ចិត្ត​នឹង​គាំទ្រ​អឺរ៉ុប។ អង្គការ​សហប្រជាជាតិ​អាច​នឹង​ចេញ​សេចក្តី​សម្រេច​ចិត្ត​នៅ​សប្តាហ៍​នេះ ឬ​សប្តាហ៍​ខាង​មុខ។

ប៉ុន្តែប្រសិន​បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​​មិន​​ផ្តល់​ការអនុញ្ញាត អឺរ៉ុប​​មិន​អាច​ចូល​ធ្វើ​សកម្មភាព​ក្នុង​ដែន​ទឹក​លីប៊ី​បានទេ​ ប្រតិបត្តិការ​ត្រូវ​មាន​កំរិត​​ត្រឹម​តែ​ក្នុង​​ដែន​ទឹក​អន្តរជាតិ និង​អាច​ចុះ​ទៅ​ឆែកឆរ​ ត្រួត​ពិនិត្យ​ទូក​គ្មាន​អត្តសញ្ញាណ​បាន​តែ​ក្នុង​​ដែន​ទឹក​អន្តរជាតិ​ប៉ុណ្ណោះ។ អាជ្ញាធរ​របស់​បណ្តាប្រទេស​នៅ​អឺរ៉ុប អាច​​រំពឹង​ត្រឹម​ប្រមូល​ បាន​នូវព័ត៌មាន​​ ពាក់​ព័ន្ធ​នឹង អង្គការ​ឧក្រិដ្ឋកម្មជួញ​ដូរ​អន្តោប្រវេសន៍​​ និង​ស្រាវ​ចាប់​​ក្នុង​ទឹក​ដី​ខ្លួន។​ វិធានការ​បែប​នេះ​មាន​ប្រសិទ្ធិភាព ត្រឹម​កាត់​បន្ថយ​ចរន្ត​លំហូរ​ជនភៀស​ខ្លួន​តាម​ទូក​ មក​ទ្វីប​អឺរ៉ុប​ ប៉ុន្តែ​មិន​អាច​ហាម​ឃាត់​ជន​អន្តោប្រវេសន៍​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កំណើត​កំពុង​មាន​សង្គ្រាម​របស់​ពួក​គេ​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ