អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុបនឹង​​មាន​​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន នៅ​ឆ្នាំ​២០២៥ មែន​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី បាន​ចុះ​ហត្ថលេខា​ នៅ​ថ្ងៃ​ចន្ទ​ទី ១៨​ ឧសភា ព្រមព្រៀងឱ្យ​មាន​ការ​សិក្សា​បច្ចេកវិទ្យា​អឺរ៉ុប ដើម្បី​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន​ Made In អឺរ៉ុប ឱ្យ​បាន​នៅ​ឆ្នាំ​២០២៥។ គម្រោង​ដែល​នឹង​​ត្រូវ​ការ​ថវិកា​វិនិយោគ​ចំនួន​ ១ពាន់​លាន​អឺរ៉ូ។

គំរូ​​អនាគត​ដ្រូន "Male" របស់​អឺរ៉ុប
គំរូ​​អនាគត​ដ្រូន "Male" របស់​អឺរ៉ុប
ផ្សាយពាណិជ្ជកម្ម

ដ្រួន តាំង​ពី​ដើម​មក​ គឺ​ជា​ចំណុច​ខ្សោយ​នៃ​វិស័យ​ការពារ​ជាតិ​នៅ​អឺរ៉ុប និង​របស់​សហភាព​អឺរ៉ុប។ ប្រព័ន្ធ​ការពារ​អាកាសចរណ៍​​គ្មាន​មនុស្ស​បើក​អឺរ៉ុប តែង​​​​ពឹង​ផ្អែក​ទាំង​ស្រុង​ លើ​បច្ចេកវិទ្យា​អាមេរិក ឬ​អ៊ីស្រាអែល។ ប៉ុន្តែ​ពេល​នេះ អឺរ៉ុប បាន​សម្រេច​ចិត្ត​ ឈប់​​រំពឹង​លើ​អ្នក​ដទៃ​! គម្រោង​ផលិត​​ដ្រូន​ដោយ​បច្ចេកវិទ្យា​អឺរ៉ុប ចាប់​ផ្តើម​មាន​រូប​រាង ​រដ្ឋមន្ត្រីការពារ​ជាតិ​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី ឆ្លៀត​ក្នុង​ឱកាស​ជំនួប​ប្រជុំ​រដ្ឋមន្ត្រីការពាំរ​ជាតិ​អឺរ៉ុប​ទាំង​២៨ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​រួម​​ នៅ​ទីក្រុង​ព្រុចសែល​ ​បើក​គម្រោង​សិក្សា​បច្ចេកវិទ្យា​ផលិត​ដ្រូន ដែល​មាន​រយៈ​ពេល​ពីរ​ឆ្នាំ (ដើម្បី​កំណត់អំពី​ប្រភេទ​ប្រតិបត្តិការ គំរូ​ដ្រូន រយៈ​ពេល​និង​តម្លៃ​ផលិត...)​​។ ​ការ​ព្រមព្រៀង​​នេះ គឺ​ជា​ដំណាក់​កាល​មួយ​ដ៏​សំខាន់ នៃ​​កិច្ច​សហប្រតិបត្តិការ​​​យោធា​អឺរ៉ុប។ ថ្ងៃ​នេះ មាន​បី​ប្រទេស ​ ជា​ការ​ចាប់​ផ្តើម ប៉ុន្តែ​ថ្ងៃ​ស្អែកអាច​មាន​ រដ្ឋ​ជា​សមាជិក​អឺរ៉ុប ផ្សេង​ទៀត មក​ចូល​រួម​។ បេក្ខជន​ដែល​កំពុង​តម្រង់ជួរ​ចាប់​អារម្មណ៍ គឺអេស្ប៉ាញ​និង​ប៉ូឡូញ។

 

“ដ្រូន​ឈ្មោល” ឬ​ ដ្រូន Male អនាគត​ដ្រូន​អឺរ៉ុប អាច​ហោះ​ហើរ​ស៊ើបការណ៍ ក្នុង​រយៈ​កម្ពស់​មធ្យម  (ដល់​៣០០០​ម៉ែត្រ) តែ​បាន​យូរ (២៤​ម៉ោង) ដែល​ត្រូវ​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ។ ក្នុង​ដំណាក់​សម្រេច​ដំបូង​នេះ ដ្រូន​ឈ្មោល ​ មាន​​​ភារកិច្ច​ជា​យន្តហោះ​ស៊ើបការណ៍​យោធា ដែល​អាច​ជា​គូប្រជែង​នឹង​ដ្រូន​អាមេរិក​Reaper តែ​មិន​បំពាក់​អាវុធ​ទេ។

ក្រុមហ៊ុន​អឺរ៉ុប​ Airbus Group Dassault Aviation Alenia Aemacchi ជា​អ្នក​ទទួល​បន្ទុក​​សម្រេច​គម្រោង​ ផលិត​យន្តហោះ​ដ្រូន ពី​ពេល​នេះ ឱ្យ​បាន​ចេញ​ជា​រូប​រាង​នៅ​រវាង​​​ឆ្នាំ​២០២០-២៥​ ដើម្បី​ប្រកួត​ប្រជែង​​ក្នុង​ទីផ្សារ​ដែល​ធ្លាប់​តែ​គ្រប​ដណ្តប់​ស្ទើរ​ទាំង​ស្រុង​ដោយ​បច្ចេកវិទ្យា​អាមេរិក និង​អ៊ីស្រាអែល។

ជាង​១០​ឆ្នាំមក​ហើយ ដែល​ឧស្សាហកម្ម​និង​រដ្ឋ​ជា​សមាជិក​អឺរ៉ុប បាន​ស្វែង​រក​ការ​ផលិត​ដ្រូន​ជា​​របស់​ខ្លួន ប៉ុន្តែ​និយាយ​មិន​ត្រូវ​គ្នា​ មិន​អាច​សម្រេច​គម្រោង​រួម​ផលិត​ដ្រូន​ឈ្មោល​បាន។ ជា​ផលវិបាក សមាជិក​អឺរ៉ុប​នីមួយៗ បាន​ស្វែង​រក​ការ​ព្រមព្រៀង​ជា​ក្រុម​តូចៗ។ ក្នុង​ក្របខ័ណ្ឌ​បី​ប្រទេសចេញ​ទៅធ្វើ​ប្រតិបត្តិការ​នៅ​អាហ្វហ្កានិស្ថាន ប៉ាគីស្ថាន យ៉េមែន និង​សូម៉ាលី អង់គ្លេស​ បារាំង និង​អ៊ីតាលី បាន​ប្រើ​ដ្រូន​ Reaper ជា​បច្ចេកវិទ្យា​អាមេរិក។ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​អាល្លឺម៉ង់ បារាំង​​​ គេ​នាំ​គ្នា​ប្រើ​បច្ចេកវិទ្យា​ដ្រូន​អ៊ីស្រាអែល។

នាឱកាស​ជំនួប​កំពូល​អឺរ៉ុប ស្តី​អំពី​ការ​ការពារជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៣ សហភាព​អឺរ៉ុប បាន​គូស​បញ្ជាក់​អំពី​សេចក្តី​ត្រូវ​ការ​បន្ទាន់​​ ផ្នែក​​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន ​ប៉ុន្តែ​ការ​បញ្ចុះ​ថវិកា​យោធា មិន​អាច​អនុញ្ញាត​ឱ្យ​អឺរ៉ុប​អាច​ទម្លាយ​​ថវិកា​មក​អភិវឌ្ឍន៍​គម្រោង​ផលិត​ដ្រូន​បាន​ឡើយ។ តែ​ក្រោយ​មក នៅ​ថ្ងៃ​ទី ២៤​មិថុនាកន្លង​ទៅ គណៈកម្មការ​អឺរ៉ុប​ បាន​បញ្ជួន​របាយការណ៍ទៅ​ឱ្យ​សភា​អឺរ៉ុប ស្តី​អំពី​​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារ​ជាតិ ក្រោម​ឈ្មោះ​ថា “ដំណើរ​ឆ្ពោះ​ទៅ​រក​វិស័យ​ការពារជាតិ និង​សន្តិសុខ​ ដែល​មាន​ការ​ប្រកួត​ប្រជែង និង​ប្រសិទិ្ធភាព​ខ្ពស់”។ ជា​របាយការណ៍​ដែល​មាន​​​ទម្រង់​ការ​កំណត់​​​​ចង្អុល​ផ្លូវ​​ឱ្យ​ដើរ។ ដ្រូន​បាន​ក្លាយ​ជា​តម្រូវ​ការ​​ដ៏​ចាំ​បាច់​ និង​ដ៏​មាន​ប្រយោជន៍​បំផុត​មួយ​ បើ​មើល​ទៅ​លើ​សមរភូមិ​ប្រតិបត្តិការ​ជាក់​ស្តែង​បច្ចុប្បន្ន ដែល​អឺរ៉ុប​មិន​គួរ​ខ្វះ និង​អសមត្ថភាព​​សោះ។

គំនិត​ផ្តួច​ផ្តើម​នេះ គឺ​ជា​ឱកាស​ដ៏​​ប្រសើរ​បំផុត​សម្រាប់​អឺរ៉ុប​​​បង្ហាញ​អំពី​ចំណេះ​ធ្វើ​របស់​ខ្លួន លើក​​បច្ចេកវិទ្យា​​ឧស្សាហកម្ម​យន្តហោះ​ដែល​មាន​ស្រាប់​ផង និង​ដើម្បី​ជា​ភាព​ចាំ​បាច់​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ទៀត ពោល​គឺ​ដើម្បី​ពង្រឹង​​វិស័យ​សន្តិសុខ​អឺរ៉ុប និង​បូរណភាព​ដែន​ដី​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប មាន​ជា​អាទិ៍​ផ្នែក​ស៊ើបការណ៍​យោធា និង​ដ្រូន​នេះ​ឯង។

ប៉ុន្តែ​គ្មាន​អ្វី​ភ្ញាក់​ផ្អើល គ្នា​ច្រើន​មិន​អាច​សម្រេច​អ្វី​បាន​លឿន​ទេ​ ! បែប​បទ​​រដ្ឋបាលក៏​ធ្ងន់ !​ ក្រោយ​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការពារជាតិ​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទនេះ​​ ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​​ទាំង​២៨​របស់​សហភាពអឺរ៉ុប គ្រោង​​នឹងបង្ហើយ​រាល់​ការងារ​​​សន្យា​ដែល​មាន នា​ឱកាស​​​ជំនួប​​នៅ​ខែ​មិថុនា​ខាង​មុខ ដើម្បី​ជំរុញ​​ឱ្យមាន​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប​កាន់​តែ​ប្រសើរ​ឡើង​ផ្នែក​ទិញ​និង​ផលិត​អាវុធ​យុទ្ធភ័ណ្ឌ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ