អានតួអត្ថបទ

បារាំង ប្រកាស​បេក្ខភាព​សុំ​ធ្វើ​​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤

នៅ​ថ្ងៃ​អង្គារ​ទី ២៣​មិថុនា នេះ អាជ្ញាធរ​ក្រុង​ប៉ារីស បាន​ប្រកាស​ជា​ផ្លូវការ ដាក់​បេក្ខភាព​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡា​អូឡាំពិករដូវ​ក្តៅ​ JO-២០២៤។ ជា​សេចក្តី​សម្រេច​ដែល​បាន​សិក្សា​ពិចារណា​យ៉ាង​ល្អិតល្អន់​អស់​ពេល​ជា​យូរ​ខែ​ថ្ងៃ ព្រោះ​បន្ទាប់​ពី​ធ្លាប់​ទទួល​បរាជ័យ​បី​ដង​ផ្ទួនគ្នា ប៉ារីស​ចង់​ផ្តល់​សេចក្តី​សង្ឃឹម​ថ្មី ដល់​ពលរដ្ឋ​បារាំង​នៅ​ឆ្នាំ​២០២៤។ យុទ្ធនាការ​ឃោសនា​ មាន​​រយៈ​ពេល​ពីរ​ឆ្នាំ ឯ​លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ឆ្នាំ​២០១៧។

ប៉ារីស​ប្រកាស​បេក្ខភាព​សុំ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤
ប៉ារីស​ប្រកាស​បេក្ខភាព​សុំ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ @Paris_2024/ France 24
ផ្សាយពាណិជ្ជកម្ម

ប្រកាស​បេក្ខភាព​ផ្លូវការ​ថ្ងៃ​ទី ២៣​មិថុនា ជា​ជម្រើសប្រកប​ដោយ​និមិត្តរូប​បំផុត ព្រោះ​ថ្ងៃ​នេះ​ជា​ទិវា​អូឡាំពិក​ពិភពលោក រំលឹក​ដល់​ថ្ងៃ​បង្កើត​កីឡាអូឡាំពិក​ដំបូង កាលពី​ថ្ងៃ​២៣​មិថុនា ១៨៩៤។ ​ កម្មវិធី​ប្រកាស​បេក្ខភាព​បាន​ប្រព្រឹត្ត​ទៅ​នៅម៉ោង​១២​ថ្ងៃ​ត្រង់ ក្រោម​វត្តមាន​កីឡាករ​លំដាប់​ពិភពលោក​បារាំង​ដ៏​ល្បីៗ។ ចាប់ពី​ពេល​នេះ​ទៅ ប៉ារីស មាន​ពេល​ពីរ​ឆ្នាំ​សម្រាប់​ធ្វើ​ការ​ឃោសនា​ស្វែង​រក​ការ​គាំទ្រ​​បេក្ខភាពខ្លួន ដែល​នឹង​ដឹង​លទ្ធផល​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ទីក្រុង​លីម៉ា​ប្រទេស ប៉េរ៉ូ ឆ្នាំ​២០១៧។

 
នេះ​គឺ​ជា​លើក​ទី​បួន​ហើយ​ដែល​បារាំង​បាន​ដាក់​បេក្ខភាព​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡា​អូឡាំពិក​ ដោយមាន​​មេរៀន ធ្លាប់​ចាញ់​ដល់​ទៅ​បី​លើក នៅ​ឆ្នាំ​១៩៩២-២០០៨-២០១២ ​បេក្ខភាព​ប៉ារីស​លើក​នេះ មាន​លក្ខណៈ​បច្ចេកទេស​ជាង​នយោបាយ។ សំណុំ​​ឯកសារ​ដាក់​ពាក្យ​សុំ​ គ្រប់គ្រង​ដោយ​អ្នក​មាន​​ឯកទេស​កីឡា​ ស្គាល់​ច្បាស់​គណៈកម្មការ​កីឡា​អូឡាំពិក​ មិន​មែន​ដឹកនាំ​ដោយ​អ្នក​នយោបាយ​ដូច​សម័យ​ឆ្នាំ​២០០៨​ឬ​២០១២​ទេ។

ជា​មួយ​ស្មារតី​ថ្មី ប៉ារីស​បាន​ជ្រើសរើស​យុទ្ធសាស្ត្រ​ឃោសនា​ថ្មី ដោយ​ផ្តោត​ខ្លាំង​ទៅ​លើ​ភាពប្រកួត​ប្រជែង។​ ជា​ក្រុង​ចំណាស់ មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ល្អ​ មាន​ស្តាត មាន​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​រួច​ជា​ស្រេច​ ខ្វះ​តែ​បុរី​សម្រាប់​ទទួល​អ្នក​កីឡាមួយ ប៉ារីស​អាច​​​ធ្វើម្ចាស់​ផ្ទះ​ដោយ​ត្រូវ​ការ​កញ្ចប់​ថវិកា​ដ៏​តូច ក្នុង​ទំហំ​តែ​៦ពាន់​លានអឺរូ ពោល​គឺ​តិច​ជាង​ពាក់​កណ្តាល​បើ​ប្រៀប​ទៅនឹង​អង់គ្លេស២០១២​ ឬ​ប៉េកាំង ២០០៨។ ជា​អំណះអំណាង​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ !

សំណុំ​ឯកសារ​ប៉ារីស​មាន​ទម្ងន់​ជាង​គូ​ប្រជែង ក្រុង​ហំបួរ​របស់​អាល្លឺម៉ង់ ឬ បូស្តុន របស់​អាមេរិក និង​រ៉ូម​របស់​អ៊ីតាលី។ សង្ឃឹម​ថា​ប៉ារីស​អាច​ភ្ជាប់​ខ្លួន​ជាមួយ​គណៈកម្មការ​កីឡា​អូឡាំពិក​ជា​ថ្មី​នៅ​ឆ្នា​២០២៤ ព្រោះ​សូម​រំលឹក​ថា​ប៉ារីស​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំកីឡា​អូឡាំពិក​ប្រភេទ​នេះ​ម្តង​កាលពី​ឆ្នាំ​១៩២៤ ឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ