អានតួអត្ថបទ
ក្រិក-​បំណុល

ប្រជាមតិ​ក្រិក៖ ជម្រើស​ចុង​ក្រោយ ​ដែល​មាន​ផលវិបាក​ធ្ងន់​សម្រាប់​គ្រប់​គ្នា

ប្រជាមតិ​ទូទៅ​មួយ ​និង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ក្រិក​ សម្រេច​ចិត្ត​ទទួល ​រឺ​មិន​ទទួល ​គម្រោង​កំណែ​ទម្រង់​របស់​សហភាព​អឺរ៉ុប ​ជា​ថ្នូរ​នឹង​ប្រាក់​កម្ចី។ ព្រម ​រឺ​មិន​ព្រម​ ប្រជាជន​ក្រិក ​នឹង​ត្រូវ​សម្រេច​ចិត្ត​ នៅ​ថ្ងៃ​អាទិត្យ​ទី ​៥​កក្កដា​នេះ។ ទោះ​បី​ជា​ខាង​ណា​ឈ្នះ​ក្តី​ ក៏​ការ​សម្រេច​ចិត្ត​នេះ ​ និង​ជះ​ឥទ្ធិពល​ដ៏ធំ​ ទៅ​លើ​នយោបាយ ​និង​សេដ្ឋកិច្ច​របស់​ក្រិក​ទាំងមូល។​ រដ្ឋាភិបាល​ក្រិក​ ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត​បដិសេធ ​ អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​ចុះចេញ​ពី​ដំណែង ​បើ​សិន​ជា​សម្លេង​បោះឆ្នោត​ខាង​ក្រុម ​យល់ព្រម ​បាន​ទទួល​ជ័យ​ជំនៈ។

យ៉ានីស វ៉ារូហ្វាគីស រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ​ក្រិក​ ក្នូងពេល​ជួបប្រជុំ​​ជាមួយ​ក្រុុមអ្នក "​មិនព្រម" កាល​ពីយប់​ថ្ងៃសុក្រ​ទី​ ៣ កក្កដា ២០១៥
យ៉ានីស វ៉ារូហ្វាគីស រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ​ក្រិក​ ក្នូងពេល​ជួបប្រជុំ​​ជាមួយ​ក្រុុមអ្នក "​មិនព្រម" កាល​ពីយប់​ថ្ងៃសុក្រ​ទី​ ៣ កក្កដា ២០១៥ AFP PHOTO / ARIS MESSINIS
ផ្សាយពាណិជ្ជកម្ម

នៅ​មិន​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ​ប្រជាជន​ក្រិក​នឹង​ចាប់​ផ្តើម​ទៅ​ការិយាល័យ​បោះឆ្នោត​ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត ​ថាព្រម​ រី​មិន​ព្រម ​ក្នុង​ការ​ទទួល​យក​សំណើរ​របស់​សហភាព​អឺរ៉ុប។ យោង​តាម​ការ​ស្ទាបស្ទង់​មតិ ​សម្លេង​ទាំង​សងខាង ​មាន​សន្ទុះ​ប្រហាក់​ប្រហែល​គ្នា ​ដែល​នេះ​ ធ្វើឲ្យ​ម្នាក់ៗ​ មិន​ថា​ប្រជាជន​ក្រិក​ផ្ទាល់ ​ឬ​ក៏​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ មាន​ការ​ភ័យ​បុក​ពោះ​ទាំង​អស់​គ្នា។ ​ភ័យ ​ក៏​ដោយសារ​តែ ​លទ្ធផល​ដែល​នឹង​ស្តែង​ចេញ​ ​វា​នឹង​ជះ​ឥទ្ធិពល​ យ៉ាង​មហិមា​ ទោះ​បី​ជា​ខាង​ណា​ ឈ្នះ​ក៏​ដោយ។

 
បើសិន​ជា​សម្លេង​ មិន​យល់​ព្រម​ឈ្នះ ​គឺ​មាន​ន័យ​ថា ​រវាង​ សហភាព​អឺរ៉ុប​ និង​ក្រិក​ គឺ​ត្រូវ​ចប់​គ្នា​ត្រឹម​ហ្នឹង​ហើយ។ ក្នុង​ន័យ​នេះ​ មាន​ន័យ​ថា ​ប្រជាជន​ក្រិក​សុខចិត្ត​បដិសេធ​សហភាព​អឺរ៉ុប ​និង​ប្រទេស​សមាជិក​ផ្សេង​ទៀត ​ ហើយ​ដើរ​ចេញ​ពី​តំបន់​ចាយ​លុយ​អឺរ៉ូ ​ដើម្បី​ក្តាប់​វាសនា​ខ្លួន​ឯង ​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់។ ប៉ុន្តែ​បើ​សម្លេង ​យល់​ព្រម​ បាន​ជោគជ័យ​វិញ ​ នោះ​មាន​ន័យ​ថា ​ប្រជាជន​ក្រិក ​កំពុង​ដង្ហើយ​ហៅ​រក​ជំនួន​ពី​អឺរ៉ុប ​ដើម្បី​ជួយ​រំដោះ​ប្រទេស​ខ្លួន​ ឲ្យ​ងើប​ពី​ភព​អន្ធកាល​សេដ្ឋកិច្ច ​ដែល​បាន​អូស​បន្លាយ​ ៥-៦​ឆ្នាំ​មក​ហើយ។ ក្នុង​ន័យ​នេះ​ រដ្ឋាភិបាល​លោក អាឡិចស៊ីស ស៊ីប្រា ​ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត ​មិន​យល់ព្រម​ ប្រាកដ​ជា​ត្រូវ​បង្ខំ​ចិត្ត ​រំលាយ​រដ្ឋាភិបាល​ ហើយ​ចុះ​ចេញ​ពី​ដំណែង​ ជាក់​ជា​មិន​ខាន។

ពាក្យ​សំដី​ផ្ចាញ់ផ្ចាល​ រវាង ​រដ្ឋាភិបាល​ក្រិក ​និង ​ភាគី​ម្ចាស់បំណុល ​ដែល​មាន​សហភាព​អឺរ៉ុប ​នៅ​តែ​បន្ត​មាន។ អឺរ៉ុប​ចោទ​រដ្ឋាភិបាល​ក្រិក ​ថា​មិន​ដែល​មាន​ចេតនា​ធ្វើ​កំណែរ​ទម្រង់​ទាល់​តែ​សោះ។ ចំណែក​ក្រិក​វិញ ​តាម​រយៈ​ប្រសាសន៍​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ បាន​ចោទ​ថា​ទង្វើ​​របស់​សហភាព​អឺរ៉ុប​ គឺ​មិន​ខុស​ពី ​អំពើ​ភេរវកម្ម​នោះទេ។ លោក​ពន្យល់​ថា ​អឺរ៉ុប​បញ្ជា​ឲ្យ​បិទ​ធនាគារ ​ធ្វើ​ឲ្យ​មនុស្ស​ផ្អើល ​មនុស្ស​ភ័យ​ថា​គ្មាន​អឺរ៉ុប​ អ្វីៗ​នឹង​រលាយ​ខ្សុល។ នយោបាយ​បំភ័យ​ស្មារតី​មនុស្សបែបនេះ​ គឺ​ជា​នយោបាយ​ភេរវកម្ម។

ក្រុម​អ្នក​ដែល​រិះគន់​ការ​ធ្វើ​ប្រជាមតិ ​មាន​អំណះអំណាង​ថា ​ប្រជាមតិ​នេះ ​មាន​លក្ខណៈ​មិន​ប្រក្រតី ​ពីរ​ចំណុច។ ទីមួយ​ទាក់ទិន​នឹង​ប្រធានបទ​ដែល​លើកឡើង​ ដើម្បី​ឲ្យ​ប្រជាជន​សម្រេច​ចិត្ត ​ពោល​គឺ​ទៅ​លើ​សំណើរ​របស់​សហភាព​អឺរ៉ុប ​ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី ​២៥ ​មិថុនា។ ប៉ុន្តែ​សំណើរ​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ក្រិក​ទាត់ចោទ​ទៅ​ហើយ។ ចំណុច​ទីពីរ​ គឺ​ប្រជាមតិ​នេះ ​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​តក់ក្រហល់ ​ដែល​មិន​បាន​ទុក​ពេល​វេលា ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ ​ឲ្យ​ទូលំ​ទូលាយ ​ ដើម្បី​ឲ្យ​ប្រជាជន​យល់​ច្បាស់ ​និង​សម្រេច​ចិត្ត​ឲ្យបាន​ត្រឹមត្រូវ ​មុន​នឹង​ទៅ​បោះឆ្នោត។

ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណា ​នេះ​ជា​ឱកាស​ ដែល​ប្រជាជន​ក្រិក ​ត្រូវ​សម្រេច​លើ​ជោគ​វាសនា​ប្រទេស​ខ្លួន ​ថាត្រូវ​គួរ​ដើរ​ផ្លូវ​ណា។ ព្រោះ​ថា​ចង់​មិន​ចង់​ អស់​រយៈ​ពេល ​ជិត​១០ ឆ្នាំ​មក​ហើយ​  ដែល​អឺរ៉ុប ដាក់​គំនៀប​ បញ្ជា​ឲ្យ​ក្រិក​ធ្វើ​អញ្ចេះ ​ធ្វើ​អញ្ចោះ ​ដើម្បី​ស្តារ​សេដ្ឋកិច្ច ​ តែ​ស្ថានការណ៍​គ្មាន​បាន​ល្អ​ប្រសើរ​សោះ ​មានតែ​ដុន​ដាប​ទៅ។ វា​មិន​ខុស​អី ​ពី​គ្រូពេទ្យ​ម្នាក់ ​ដែល​ព្យាបាល​អ្នក​ជំងឺ​មិន​ជា ​ហើយ​នៅ​តែ​បន្ត​ឲ្យ​ថ្នាំ​ដដែល។ ជម្រើស​ដ៏​ល្អ ​គឺ​គួរ​តែ​ដូរ​គ្រូពេទ្យ​ថ្មី ​ក្រែង​លោហ៍​ អាច​មាន​សង្ឃឹម​ខ្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ