អានតួអត្ថបទ
ក្រិក-​បំណុល

ប្រជាជន​ក្រិក ធ្វើការ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​សម្រេច​ពី​វាសនា​អនាគត

ថ្ងៃ​អាទិត្យទី ​៥ ​កក្កដា ​ប្រជាជន​ក្រិក​ប្រមាណ​ជា​ជិត​១០លាន​នាក់ ​កំពុង​តែ​បន្ត​កន្ទុយ​គ្នា​នៅ​ខាង​មុខ​ការិយាល័យ​បោះឆ្នោត ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​តាម​រយៈ​ប្រជា​មតិ​ ថា​តើ​ត្រូវ​គាំទ្រ​ រឺ​មិន​គាំទ្រ ​នូវ​សំណើរ​ដែល​ដាក់​ឡើង​ ដោយ​ក្រុម​ម្ចាស់​បំណុល​ ដែល​មាន​សហភាព​អឺរ៉ុប ​ធនាគា​កណ្តាល​អឺរ៉ុប​ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ រដ្ឋាភិបាល​ក្រិក ​ដែល​យល់​ថា​សំណើ​នេះ ​ជា​ការ​ដាក់​គំនៀប​ជ្រុល​ហួស​ហេតុ ​លើ​សេដ្ឋកិច្ច ​និង​ប្រជាជន​ក្រិក ​បាន​បដិសេធ​ មិន​ទទួល​យក ​ហើយ​ប្រគល់​​តួនាទី​នេះ ​ទៅ​ឲ្យ​ប្រជាជន​ទាំងមូល​ ជា​អ្នក​សម្រេច​ចិត្ត​ថាព្រម​ រឺ​មិនព្រម។ លទ្ធផល​បោះឆ្នោត ​និង​ត្រូវ​គេ​ប្រកាស​ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ​ម៉ោង​នៅ​ប្រទេស​ក្រិក។

ស្រ្តីចំណាស់​ជនជាតិ​ក្រិក​ ទើបតែចេញ​ពីបន្ទប់​សម្ងាត់​ បន្ទាប់ពី​បានគូសលើ​សន្លឹក​ឆ្នោត នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ២០១៥ ក្នងការិយាល័យ​បោះឆ្នោត​​ក្រុង​អាតែន
ស្រ្តីចំណាស់​ជនជាតិ​ក្រិក​ ទើបតែចេញ​ពីបន្ទប់​សម្ងាត់​ បន្ទាប់ពី​បានគូសលើ​សន្លឹក​ឆ្នោត នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ២០១៥ ក្នងការិយាល័យ​បោះឆ្នោត​​ក្រុង​អាតែន REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

តើ​អ្វីទៅ ជាសំណួរ ដែលគេចោទឡើង ដើម្បី ឲ្យ​ប្រជាជន​ក្រិក​ ធ្វើការសម្រេចចិត្ត ?

មុន​នឹង​យើង​សម្រេច​ចិត្ត​បោះឆ្នោត​យក​មួយ​ណា ​យើង​ត្រូវ​ដឹង​សិន​ថា​ បោះឆ្នោត​ពី​អ្វី ​ដើម្បី​អ្វី។ សំណួរ​ជា​ផ្លូវការ​ ដែល ​ដាក់​នៅ​លើ​សន្លឹក​ឆ្នោត ​ដែល​ប្រជាជន​ក្រិក ​ត្រូវ​សម្រេចចិត្ត​នៅ​ថ្ងៃ​នេះ​គឺ​ ជា​សំណួរ​ដែល​ចោទ​ឡើង​ស្តី​ពី​សំណើរ​របស់​ក្រុម​ម្ចាស់​បំណុល ​ដែល​មាន​ស្ថាប័ន​បី ​គឺ ​សហភាព​អឺរ៉ុប​ ធនាគា​កណ្តាល​អឺរ៉ុប​ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។

សំណើរ​នេះ ​មាន​ចែក​ជា​ពីរ​ផ្នែក ​ដែល​បាន​ស្នើរ​ឡើង​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រិក​ កាល​ពី​ពេល​ជួប​ប្រជុំ​គ្នា​នៅ​ ​ថ្ងៃ​ទី ​២៥ មិថុនា​ កន្លង​ទៅ។ ផ្នែក​ទីមួយ ​គឺ​ជា​សំណើរ​ទៅ​លើ​កំណែទម្រង់​សំខាន់ៗ ​ដើម្បី​ឈាន​ទៅ​បញ្ចប់​គម្រោង​បច្ចុប្បន្ន​ និង​ទៅ​អនាគត។ ​រីឯ​ផ្នែក​ទី​ពីរ​ ជា​អត្ថបទ​វិភាគ ​ជា​បឋម ​ស្តី​ពី​លទ្ធភាព​ទ្រាំទ្រ​របស់​ក្រិក ​ក្នុង​ការ​សង​បំណុល។ ដូច្នេះ ​កម្មវត្ថុ​នៃ​ការ​ធ្វើ​ប្រជាមតិ​នេះ ​គឺ​ប្រជាជន​ក្រិក ​ត្រូវ​សម្រេច​ចិត្ត ​ដោយ​មាន​ជម្រើស​ពីរ​ ព្រម​ រឺ​មិន​ព្រម ​ទទួល​យក​សំណើរ ​ដែល​មាន​ពីរ​ផ្នែក​នេះ។

តាម​ពិត​ទៅ ​សំណើ​ខាង​លើ​នេះ ​វា​គ្រាន់​តែ​ជា​គម្រោង​ ដែល​គេ​កំពុង​តែ​ចរចា ​ហើយ​ដែល​បាន​លើក​យក​មក​ពិភាក្សា​គ្នា ​កាល​ពី​ថ្ងៃ​ទី​ ២៥​ មិថុនា ​ហើយ​រដ្ឋាភិបាល​ក្រិក​ ដែល​មាន​លោក ​អាឡិចស៊ីស ស៊ីប្រា ​ជា​នាយក​រដ្ឋមន្រ្តី ​បាន​បដិសេធ​មិន​យល់​ព្រម​ទទួល ​រួច​ទៅ​ហើយ។ ស្រាប់​តែ​នៅ​យប់​ថ្ងៃ​ទី ​២៧ ​មិថុនា លោក​នាយក​រដ្ឋមន្រ្តី​ក្រិក បាន​ប្រកាស​ថា ​នឹង​រៀបចំ ​ធ្វើ​ប្រជាមតិ​មួយ ​ទុក​ឲ្យ​ប្រជាជន​ជាអ្នក​សម្រេច ​ថាព្រម​យក​ រឺ​ក៏​មិន​ព្រម​យក​សំណើ​នេះ។
 
ក្រុម​ម្ចាស់​បំណុល ​ធ្វើ​ស្រែ​លើ​ខ្នង​ក្រិក៖
មូលហេតុ​ដែល​លោក ​ស៊ីប្រា ​បាន​អំពាវនាវ​ឲ្យ​បោះឆ្នោត​បដិសេធ​ឲ្យ​បាន​ច្រើន ​គឺ​ដោយសារ​តែ​សំណើរ​នេះ ​មាន​លក្ខណៈ​តឹងតែង​ជ្រុល ​ដែល​រដ្ឋាភិបាល​ក្រិក ​យល់​ថា​វា​នឹង​រុញ​ក្រិក​ ឲ្យ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ។ មាន​មតិ​មហាជន​យើង​ភាគ​ច្រើន​យល់​ថា ​យី​អើ ​រដ្ឋាភិបាល​ក្រិក​ហ្នឹង​ ឫក​ធំ​សម្បើម​ម្លេះ? ​ជំពាក់​បំណុល​គេ​វ័នក ហើយ​ ​ដល់​ពេល​ស្នើ​យក​ប្រាក់​មក​ជួយ ​នៅ​បដិសេធ​មិន​ទទួល ​ទាមទារ​អញ្ចេះ ​ទាមទារ​អញ្ចោះ​ទៀត។ វា​មិនមែន​ងាយ​ស្រួល​អញ្ចឹង​ទេ។ បញ្ហា​វា​ស្មុគស្មាញ​ណាស់ ​ទាល់តែ​យើង​ស្វែង​យល់​ ពី​ឫសគល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ក្រិក​ ឲ្យ​បាន​ច្បាស់​ ទើប​យើង​យល់​ថា ​ក្រិក​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ ​អ្វីៗ​វា​មិនមែន​ជា​កំហុស​របស់​ក្រិក​ទាំង​ស្រុង​ទេ។ បើ យើង​និយាយ​ឲ្យ​ងាយ​ស្តាប់ ​ក្រិក ​ប្រៀប​បាន​នឹង​អ្នកក្រ​ម្នាក់​ ដែល​ទីទ័ល ​រក​ព្រឹក​ខ្វះ​ល្ងាច ​ហើយ​ត្រូវ​សង​បំណុល​គេ​ទៀត។ រឺឯ​ពួក​អ្នកមាន​លុយ​ម្ចាស់​បំណុល​ គេ​គិត​តែ​នាំ​គ្នា ​យក​លុយ​មក​ឲ្យ​ក្រិក​ខ្ចី ​ដល់​យូរៗ​ទៅ​ កា​វា​កើត​កូន ​ទើប​ក្រិក​ងើង​ខ្លួន​មិន​រួច។

សំណើ​ដែល​សហភាព​អឺរ៉ុប ​ដាក់​ទៅ​លើ​ក្រិក​គឺ​ថា ​ឲ្យ​ក្រិក​ ប្រឹង​ធ្វើ​កំណែ​ទម្រង់​ តួយ៉ាង​ដូច​ជា​ការ​កាត់​បន្ថយ​ការ​ចំណាយ ​របស់​រដ្ឋ​ តាម​រយៈ​ប្រាក់​ខែ​បុគ្គលិក​ និង​ជំនួយ​សង្គម ​ដូច​ជា​ប្រាក់​ចូល​និវត្តន៍​របស់​មនុស្ស​ចាស់​ជាដើម។ ការ​ដាក់​កំហិត​ទាំង​អស់​នេះ​ហើយ ​ដែល​រដ្ឋាភិបាល​ក្រិក​ មិន​ព្រម​ទទួល ​ព្រោះ​ថា​អ្នក​ដែល​វេទនា ​គឺ​ប្រជាជន​ក្រិក​ ដែល​ក្រ​លំបាក​​ស្រាប់​ទៅ​ហើយ ​ត្រូវ​គេ​កាត់​ផ្តាច់​សេវា​សាធារណៈ​សំខាន់ៗ​ទៀត។ ដូច្នេះ​ជីវភាព​ប្រជាជន​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ ​រឺ​ឯ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វិញ ​គិត​តែ​ពី​អង្គុយ​រាប់​កាប្រាក់។ កា​ប្រាក់​នេះ​យក​ទៅ​ណា គឺ​យក​ទៅ​ចែក​ចាយ​ដល់​ម្ចាស់​ភាគហ៊ុន​ ថៅកែ​ធនាគា​ធំៗ ​នៅ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ និង​អឺរ៉ុប ​ម្នាក់ៗ​ យក​លុយ​ច្រក​ហោប៉ៅ​រាប់រយ​លាន។ ពាក្យ​ខ្មែរ​យើង ​គេ​ថា​ធ្វើស្រែ​លើ​ខ្នង​រាស្រ្ត ​គឺ​វា​មិន​ខុស​ទេ។
 
ប្រជាមតិ​ អាចជា​កាំបិត​ចិតដង​ឯង ​សម្រាប់​រដ្ឋាភិបាលក្រិក៖
មូលហេតុ​មួយ​ទៀត​ វា​គឺ​ជា​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ក្រិក ដែល​ចង់​យក​ប្រជាមតិ​ មក​ធ្វើជា​អាវុធ​ ដើម្បី​ធ្វើ​ការ​ចរចា​ ជាមួយ​ម្ចាស់​បំណុល។ ធ្វើ​ជា​អាវុធ​យ៉ាង​ម៉េច​ គឺថា ​រដ្ឋាភិបាល​ក្រិក​សង្ឃឹម​ខ្លាំង​មែនទែន ​ថាបើ​ធ្វើ​ប្រជា​មតិ ប្រជាជន​ភាគ​ច្រើន​ និង​បោះឆ្នោត​ បដិសេធ​សំណើ​របស់​ម្ចាស់​បំណុល។ ដូច្នេះ​ក្នុង​ករណី​នេះ ​រដ្ឋាភិបាល​ក្រិក ​និង​មាន​កម្លាំង ​មាន​ទឹក​មាត់​ប្រៃ​ បន្ត​ការ​ចរចា ​ដោយ​សំអាង​ថា ​ឃើញ​ទេ ​សំណើរ​របស់​អ្នក​ឯង ​ប្រជាជន​ខ្ញុំ​គេ​អត់​សុខចិត្ត​ទេ។ អញ្ចឹង​ត្រូវ​ពិនិត្យ ​ពិច័យ​ឡើង​វិញ។ ប៉ុន្តែ​នេះ​ជា​ការ​ផ្សង​គ្រោះថ្នាក់​ធំ​ណាស់​ ​ព្រោះ​ថា​ បើ​សិន​ជា​សម្លេង ​យល់ព្រម​ឈ្នះ​វិញ ​រដ្ឋាភិបាល​ក្រិក ​នឹង​ជួប​គ្រោះ​ថ្នាក់​ ជាក់​ជា​មិន​ខាន។
 
វាជា​រឿង​ដែល​អាចទៅរួច សឹង​តែ​៨០%​ទៅ​ហើយ​​ ដែល​ថា ​រដ្ឋាភិបាល​ក្រិក ​នឹង​ត្រូវ​រំលាយ ​បើ​សិន​ជា​ប្រជាជន​ នាំគ្នា​បោះ​ឆ្នោត​យល់​ព្រម​ទទួល។ នរណា​ក៏​ដឹង​ដែរ​ថា ​ក្រិក មាន​ប្រវត្តិ​និង​ប្រពៃណី​ប្រជាធិបតេយ្យ​​ ខ្លាំងក្លា​ យូរ​យា​មក​ហើយ។ គេ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សម្រេច​ចិត្ត​ របស់​ប្រជាជន​គេ​ណាស់។ លោក នាយក​រដ្ឋមន្ត្រី​ក្រិក​ខ្លួនឯង បាន​និយាយ​តាម​ទូរទស្សន៍​ថា ​លោក​មិនមែន​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​ចេះ​តែ​នៅ​តោង​កៅអី ​ទោះ​បី​មាន​ព្យុះ​ មាន​ភ្លៀង​នោះ​ទេ។

យើង​ឃើញ​ថា ​ទោះ​បី​លោក ​មិន​បញ្ជាក់​ឲ្យ​ច្បាស់ ​ថា​លោក​នឹង​ចុះ​ចេញ​ពី​ដំណែង​ក៏ដោយ ​ក៏​យើង​អាច​កាត់​យល់​បាន​ថា ​លោក​ត្រៀម​ខ្លួន​ជានិច្ច។ ដោយឡែក ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ មាន​តែ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​មួយ​គត់ ​ដែល​ហ៊ាន​អះអាង ​ថា​លោក​នឹង​លា​ឈប់​ពី​តំណែង ​បើ​សិន​ជា​សម្លេង​យល់​ព្រម​ឈ្នះ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ដូច្នេះ ​យើង​ឃើញ​ថា ​បើ​សិន​ជា​ប្រជាជន​ភាគ​ច្រើន ​បោះ​ឆ្នោត​ទទួល​យក ​សំណើ​របស់​ម្ចាស់​បំណុល ​មាន​ន័យ​ថា​ក្រិក ​អាច​នឹង​ជួប​វិបត្តិ​នយោបាយ​ ​ដោយ​ចៀស​មិនរួច។

ក្រុមអ្នក​បោះឆ្នោត​មិនព្រម លើក​បដាមានពាក្យ​ថា OXI ប្រៃថាទេ​។
ក្រុមអ្នក​បោះឆ្នោត​មិនព្រម លើក​បដាមានពាក្យ​ថា OXI ប្រៃថាទេ​។ REUTERS/Neil Hall

ក្រិក​ថា ​ម្ចាស់​បំណុល​ ប្រើ​យុទ្ធសាស្ត្រ​គំរាម៖
សម្រាប់ ​សហភាព​អឺរ៉ុប ​និង​ក្រុម​ម្ចាស់​ជំនួយ​វិញ ​ក្នុង​ករណី​ដែល​ប្រជាជន​បោះឆ្នោត​យល់​ព្រម​ច្រើន ​មាន​ន័យ​ថា ​ការ​ចរចា​នឹង​បន្ត​ទៅ​មុខ​ទៀត ​ហើយ​រដ្ឋាភិបាល​ក្រិក ​អាច​នឹង​បន្ទន់​ឥរិយាបថ​ខ្លះ ​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ផ្លូវការ​ថ្មី​នេះ។ ថ្នាក់​ដឹកនាំ​អឺរ៉ុប​ភាគ​ច្រើន ​មាន​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ​លោក​ប្រធានាធិបតី​បារាំង​ជា​ដើម ​ នៅ​តែ​បន្ត​អះអាង​ថា ​សហភាព​អឺរ៉ុប​ទាំងមូល ​មិន​ចង់​ឃើញ​ក្រិក​ក្ស័យ​ធុន​ទេ។ គ្រប់​គ្នា​ចាំជួយ​ក្រិក បើ​ទោះ​បី​ជា​ត្រូវ​ផ្តាច់​ពី​មាត់​ ផ្តាច់​ពី​ក​ក៏​ដោយ។

ប៉ុន្តែ​មាន​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ខ្លះ​និយាយ​ថា ​ក្រិក​នឹង​ត្រូវ​ដើរ​ចេញ​ ពី​ក្រុម​ប្រទេស​ចាយ​លុយ​អឺរ៉ូ​ បើ​សិន​ជា​ប្រជាជន​បោះឆ្នោត​មិន​យល់ព្រម​ទទួល​សំណើរ​របស់​អឺរ៉ុប។ ពាក្យ​ទាំង​អស់​នេះ​ហើយ​ដែល​ខាង​រដ្ឋាភិបាល​ក្រិក ​យក​ទៅ​ឃោសនាថា​ អឺរ៉ុប​គេ​គម្រាម ​ប្រជាជន​ក្រិក​ថា​ ​ប្រយ័ត្ន​ទៅ ​បើ​បោះឆ្នោត​មិន​គាំទ្រ ​នោះ​ក្រិក​នឹង​ឈប់​ចាយ​លុយអឺរ៉ូ ហើយ​ធានាគា​នឹង​បិទ​ទ្វារ​ម្តង​មួយៗ ​លែង​មាន​ប្រាក់​ចរាចរ​តទៅ​ទៀត។ ស្ថានភាព​នឹង​កាន់តែ​ដុន​ដាប​ជាងនេះ។ ជាការ​កត់​សម្គាល់ ​គ្រាន់តែ​ធនាគា​កណ្តាល​អឺរ៉ុប​ ប្រកាស​ឲ្យ​ក្តោម​ការពារ​មូលធន​ធនាគា ​ហើយ​បិទទ្វារ​ធនាគា​មួយ​អាទិត្យ​នៅក្រិក​ មនុស្ស​ចាប់ផ្តើម​នាំ​គ្នាភ័យ ​ហើយ​ភាគ​ច្រើន​ប្តូរចិត្ត​ទៅ​បោះ​ឆ្នោត​យល់​ព្រម​វិញ។

ទឹក​ដល់​ច្រមុះ ​រៀបចំ​ធ្វើ​ប្រជាមតិ​ ទាំង​តក់​ក្រហល់៖
នេះ​ជា​ការ​យល់​ឃើញ ​របស់​ថ្នាក់​ដឹកនាំ​នៅ​អឺរ៉ុប​ ភាគច្រើន។ អ្វី​ដែល​គេ​ជំទាល់​ខ្លាំង ​ គឺ​ភាព​ប្រថុច​ញ៉ុច ពេល​វេលា​ខ្លី​ហួស​ហេតុ​ពេក។ រដ្ឋាភិបាល​ក្រិក​ ប្រកាស​ថា​ធ្វើ​ប្រជា​មតិ​ ​កាល​ពី​ថ្ងៃ​ទី ​២៧ ​មិថុនា។ ដូច្នេះ ពេល​វេលា​មាន​តែ ៩ថ្ងៃ​ប៉ុណ្ណោះ។ ពេល​វេលា​ប៉ុន​នេះ ​មិន​អាច​អនុញ្ញាត​ឲ្យ​ប្រជាជន​មាន​លទ្ធភាព ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់ ពី​អត្ថបទ​សំណើ ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ឡើយ។ អ្នក​ខ្លះ​នៅ​មិន​ទាំង​ដឹង​ថា ​គេ​បោះឆ្នោត​ពី​អី​ផង​ទេ។ អ្នក​ខ្លះ​ថា បោះ​ឆ្នោត ​សម្រេច​ថា ​ត្រូវ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទៀត​ ឬ​អត់ ​អ្នក​ខ្លះ​វិញ​ថា​ ទេ​គេ​បោះឆ្នោត ​ថា​ត្រូវ​បន្ត​ចាយលុយ​អឺរ៉ូ​ទៀត ​រឺ​អត់។

ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា  ​ឥឡូវ​នេះ​ទឹក​វា​ដល់​ច្រមុះ ​ទៅ​ហើយ។ ប្រជាជន​ត្រូវតែ​ធ្វើ​ការ​សម្រេច​ចិត្ត។ រដ្ឋាភិបាល​ក្រិក ​ត្រូវតែ​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដែរ។ ចង់​មិន​ចង់ ​ក្រិក​គ្មាន​ជំរើស​ផ្សេង​នោះទេ ទោះ​បី​ជា​ដឹង​ថា​វា​គ្រោះថា្នក់​ក៏​ដោយ។ វា​មួយ​ចាន​ទឹក​ មួយ​ចាន​គោក ​សម្រាប់​រដ្ឋាភិបាល​ក្រិក។ បំណាច់​ជា​ជ្រុល​ផុងខ្លួន​ទៅហើយ ​មាន​រឿង​អី​នឹង​ខ្លាច​ នឹង​ចូល​ទៅ​ឲ្យ​ជ្រៅ។ វាប្រាកដ​ណាស់​ ដែល​ថា​ រដ្ឋាភិបាល​ក្រិក​សម្រេច​ធ្វើ​បែប​នេះ ក៏​ដោយសារ​តែក្រិក ​នៅ​មាន​កូន​សង្ឃឹម​មួយ​ថា ​សហភាពអឺរ៉ុប​ និង​មិន​ទុក​ក្រិក ​ឲ្យ​លង់​ទឹក​ស្លាប់​ទេ ​ព្រោះ​ថា​បើ​ទូក​ក្រិក​លិច​ ​វា​នឹង​បោក​ជា​រលក​ទឹក ​ធ្វើ​ឲ្យ​រង្គើរ​ទូក​សហភាព​អឺរ៉ុប​ទាំងមូល​។ នេះ​នៅ​មិន​រាប់ពី​លុយ​ ជិត ​១កោដអឺរ៉ូ ដែល​អឺរ៉ុប​ត្រូវ​បង់ខាត​ បើ​សិន​ជា​ក្រិក​រលំ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ