អានតួអត្ថបទ

អាល្លឺម៉ង់​រៀប​សំណើ​ឱ្យ​​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ​ជា​បណ្តោះ​អាសន្ន​៥​ឆ្នាំ

កិច្ចចរចា​ដោះស្រាយ​វិបត្តិ​បំណុលក្រិក​ បាន​ស្គាល់​ភាព​តាន​តឹង​កាន់តែ​​ខ្លាំងឡើងៗ ក្រោយ​ពី​កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ត្រូវ​ទទួល​បរាជ័យ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ។ កិច្ចប្រជុំនេះ​គ្រោង​នឹង​បើក​ធ្វើឡើង​វិញ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ ហើយ​អាច​បន្ត​អូស​បន្លាយ​ពេលវេលា​យូរ ដើម្បី​​ស្វែង​រក​​លទ្ធផល​ ក៏ប៉ុន្តែ ជំនួបកំពូល​វិសាមញ្ញ​ថ្នាក់​​ប្រមុខ​រដ្ឋ/ប្រមុខរដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស​ចាយលុយ​អឺរ៉ូ ដែល​ ​គ្រោង​ធ្វើ ពីដំបូង​នៅថ្ងៃ​អាទិត្យ​នេះដែរ ទើប​នឹង​ត្រូវ​បាន​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ប្រកាស​ នៅ​ព្រឹក​មិញ លុប​ចោល​ទៅ​វិញ។ ចំណែក​អាល្លឺម៉ង់វិញ គេ​កំពុងតែ​រៀបចំ​ផែនការ​ឲ្យ​ក្រិក​ចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​ជា​បណ្តោះអាសន្ន សម្រាប់​រយៈពេល ៥ឆ្នាំ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក​Euclide Tsakalotos (អត់​ក្រវ៉ាត់ក)នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​តំបន់​​អឺរ៉ូ ថ្ងៃ​សៅរ៍​ទី ១១ កក្កដា ២០១៥​
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក​Euclide Tsakalotos (អត់​ក្រវ៉ាត់ក)នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​តំបន់​​អឺរ៉ូ ថ្ងៃ​សៅរ៍​ទី ១១ កក្កដា ២០១៥​ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​ក្រុម​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ ម្សិលមិញ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ស្វែង​រក​ចម្លើយ​រួម​​ថា តើ​ត្រូវ​បន្ត​ជួយ​​ក្រិក​ ដោយ​ផ្តល់​ប្រាក់​កម្ចី​ (ប្រមាណ ៧៤​ពាន់​លាន​អឺរ៉ូ​) ដើម្បី​កុំ​ប្រទេស​នេះ​ក្ស័យ​ធន និង​ដើម្បី​បញ្ចៀស​សេណារីយោ​ក្រិក​ដើរ​ចេញ​ពី​តំបន់​អឺរ៉ូ ព្រោះ​ឥលូវក្រិក​បាន​លើក​ផែនការ​ថ្មី​ហើយ។ តែ​គ្មាន​បាន​ទទួល​លទ្ធផល​អ្វី​ទាំង​អស់ បើ​ទោះ​បី​ជា គម្រោង​​ធ្វើ​កំណែទម្រង់ក្រិកស្រដៀង​នឹង​អ្វី​ដែល​ អឺរ៉ុប ធនាគារកណ្តាល​អឺរ៉ុប ឬ​មូលនិធិ​រូបិយវត្ថុអន្តរជាតិចង់​បាន​ក៏ដោយ។​ នៅ​ពេល​ពិភាក្សា​គ្នា​អស់​រយៈ​ពេល ជាង​៩​ម៉ោង ​អឺរ៉ុបនាំ​គ្នា​ស្រែក​ថា ​មិន​គ្រប់គ្រាន់​ទេ ! គ្មាន​សេចក្តី​ថ្លែងការណ៍​រួម ! មិន​តែ​ប៉ុណ្ណោះ ក្រុម​ប្រទេស​​ចាយ​លុយ​អឺរ៉ូ​​ភាគ​ច្រើន បានបង្ហាញ​ភាព​មិន​ទុក​ចិត្ត ភាព​សង្ស័យ​​ចំពោះ​លទ្ធភាព​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ ជា​សាធារណៈ​តែ​ម្តង។

 

តើ​ត្រូវ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ក្រិក​យ៉ាង​ដូចម្តេច ?

ប្រតិភូ​ក្រិក​មាន​អារម្មណ៍​ថា​ ការជំទាស់​របស់​ក្រុម​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ជា​ច្រើន គ្មាន​ពាក់ព័ន្ធ​នឹង​ខ្លឹម​សារ​នៃ​សំណើ​ធ្វើ​កំណែទម្រង់​ទេ !

ចំណុច​សំខាន់​ដែល​ខ្ទាស់​ស្ទះ​ក្រុម​ចាយ​លុយ​អឺរ៉ូ​មិន​ឱ្យ​ចេញ​កិច្ចព្រមព្រៀង គឺ​បញ្ហា​ទំនុក​ចិត្ត ! ពួក​គេ មិន​​​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ក្រិក​​តែ​ម្តង។ តើ​មាននរណា​អាច​​ជឿបាន​ លើ​រដ្ឋាភិបាល​មួយ​ដែល​ធ្លាប់​បាន​ធ្វើ​ប្រជាមតិ​ប្រឆាំង​ឈ្នះ​នោះ?! ម្យ៉ាង​ទៀត សំណើ​ថ្មី​របស់​ក្រិក​ពេល​នេះ មាន​ន័យ​ដូច​អ្វី​​សំណើ​ម្ចាស់​បំណុល​​ដែល​ពលរដ្ឋក្រិក​ ដ៏​សន្ធឹក​សន្ធាប់​បដិសេធ​មិន​ទទួល​យក​​តាម​សំឡេង​ឆ្នោត​ប្រជាមតិ​មែន តែ​​សុំ​លុយ​ច្រើន​ជាង​មុន​ឆ្ងាយ។ ហេតុដូច្នេះ​ហើយ​​ទើប​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ូ នាំ​គ្នា​សម្តែង​ការ​មិន​ទុក​ចិត្ត។ មិនទុក​ចិត្ត​ព្រោះ​ ខ្លាច​ក្រែង​ថា​នឹងនៅ​ពេល​​ទទួល​លុយ​ជំនួយដល់​ដៃ លែង​សូវ​មាន​សម្ពាធ ក្រិកលែង​​​ធ្វើ​កំណែទម្រង់ ដូច​មាន​ចែង​ក្នុង​ផែនការ។

ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ទុក​ចិត្តគ្នា អឺរ៉ុប​ត្រូវ​រង់​ចាំ​មើល​ក្រិក​អនុម័ត​ផែនការ​​ធ្វើ​កំណែទម្រង់​មួយ​ខ្សែ​ដំបូង ដូច​ជា​កំណែទម្រង់​ចូលនិវត្តន៍ ឬ​ពន្ធដារ​។ ពេល​សភា​អនុម័ត​ហើយ ទើប​អឺរ៉ុប​ចាប់​ផ្តើម​មក​ជជែក​ពី​ផែនការ​ផ្តល់​កម្ចីជាមួយ​ក្រិក​វិញ ប៉ុន្តែមធ្យោបាយ​​នេះ​ត្រូវ​ការ​ប្រើ​ពេល​យូរ  ឯសេដ្ឋកិច្ច និង​ប្រព័ន្ធ​ធនាគារ​ក្រិក​មាន​ដង្ហើម​ចង្រិត​ទៅ​ហើយ មិន​អាច​រង់ចាំ​បាន​ទេ។

អាល្លឺម៉ង់​គិត​គូរ​ឱ្យ​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ​ជា​បណ្តោះ​អាសន្ន

ក្រុម​ប្រទេស​ដែល​មាន​ជំហរ​តឹង​រ៉ឹង​ខ្លាំង​ ដូច​ជា​ប្រទេស​អាល្លឺម៉ង់ ហ្វាំងឡង់ ស្លូវាគី បែលហ្សិក​ បាន​និយាយ​ត្រង់​ៗពី​ដំណើរ​ចេញ​ពី​តំបន់​អឺរ៉ូ និង​បាន​ដាក់​កំហិត​ឱ្យ​ក្រិក​ព្រមទទួល​ធ្វើ​កំណែទម្រង់​ បន្ថែម និង​បង្វែរ​​ធនធាន​បាន​មក​ពី​ការ​ធ្វើ​ឯកជនភាវូបនីកម្ម​ ក្រុមហ៊ុនរដ្ឋ ចំនួន ៥០ពាន់​លាន​ទៅ​ដាក់​ផ្ញើ​ទុក​ក្នុង​មូលនិធិ​​នៅ​បរទេស​ បង្កើត​ឡើង​សម្រាប់​ត្រួតពិនិត្យ ថា​ពិត​ជា​មាន​ការ​ធ្វើ​កំណែទម្រង់​ត្រឹម​ត្រូវ​ ហើយ​ម្ចាស់​បំណុល​អាច​ទាញ​​លុយ​សំណង​បាន​ដោយ​ផ្ទាល់។ សម្រាប់​អាល្លឺម៉ង់ មូលនិធិ​នេះ ប្រៀប​ដូច​ជា​ប្រាក់​កក់​ សម្រាប់​ធានា​សុវត្ថិភាព​ និង​ទំនុក​ចិត្ត​រវាង​គ្នា តែ​បើ​មិន​ព្រម​ទេ គឺ​មាន​តែ​ដើរ​ចេញ។ ដើរ​ចេញ​ជា​បណ្តោះអាសន្ន រយៈ​ពេល​៥​ឆ្នាំ ដើម្បី​អាចរុះ​​រើ​​​បំណុល​ឡើង​វិញ ហើយ​ដាក់​ឱ្យ​ដំណើរ​ការ​ជំនួយ​មនុស្សធម៌​ ដល់​ក្រិក​វិញ។

គម្រោង​ឯកសារ​លម្អិត​រៀប​ដំណើរ​ឱ្យក្រិក​ដើរ​ចេញ​ពី​អឺរ៉ូ ធ្វើ​ហើយ​តាំង​ពី​ថ្ងៃ​១០​កក្កដា តែ​ទើប​បង្ហើប​ជា​សាធារណៈ​នៅ​ថ្ងៃ​ម្សិលមិញ។ ​ក្រុម​ការងារអឺរ៉ុប​កំពុង​ពិនិត្យ​មើល​ ​តែ គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​លើក​មក​ដាក់​នៅ​លើ​តុ​ប្រជុំ​ក្រុម​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ ​នៅ​ឡើយ​ទេ។

​​ក៏​ប៉ុន្តែការ​ដើរ​ចេញ​​ ទោះ​ជា​លក្ខណៈ​បណ្តោះ​អាសន្ន ឬ​ជា​រហូត​ក្តី គឺ​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​ពី​ក្រិក​ ទើប​អាច​ទៅ​រួច។ បើ​តាម​ប្រភព​អឺរ៉ុប គេមិន​អាច​ចេញ​ក្រិត្យ​បណ្តេញ​ក្រិក​ទេ គ្មាន​ច្បាប់​ចែង​ក្នុង​សន្ធិសញ្ញា​ឡើយ​ តែ​បើ​តាម​មាត្រា​២៥៣ ក្រុមប្រឹក្សា​អឺរ៉ុប​អាចឆ្លង​កាត់​សភា​​អនុម័ត​​ ដោយ​សំឡេង​ជា​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ចាត់​វិធានការ​សមស្រប​សុំ​ធនាគារ​កណ្តាល​អឺរ៉ុប​ឱ្យ​ក្រិក​មាន​លុយ​ផ្សេង​ក្រៅ​ពី​អឺរ៉ូ​ប្រើ​ប្រាស់​ក្នុង​ប្រទេស។ ធ្វើ​ដូច្នេះ​ ក្រិក​នៅ​តែ​ស្ថិត​ក្នុង​តំបន់​អឺរ៉ូ ហើយ​រូបភាព​អឺរ៉ូ​ក៏​មិន​ត្រូវ​ប៉ះពាល់។

​យ៉ាងណា​ក៏​ដោយ មុននឹង​ឈាន​នឹង​ដល់​ដំណាក់កាល​នេះ គេ​ត្រូវ​រង់ចាំ​មើល​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អឺរូ​សិន។ កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​បើក​បន្ត​ធ្វើ​ទៀត​ នៅ​រសៀល​នេះ។ លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ប្រកាស​លុប​ចោល​ជំនួប​កំពូល​វិសាមញ្ញ​ថ្នាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​តំបន់​អឺរ៉ូ​សិន ដោយ​រក្សា​ទុក​តែ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​ក្រសួង​ហិរញ្ញវត្ថុ​ អោយ​បន្ត​ពិភាក្សាគ្នា​​ លុះ​ណា​តែ​​អាច​ចេញ​ជា​លទ្ធផល​បាន​ល្អ ដើម្បី​សាកល្បង​បញ្ចៀស​ឱ្យ​បាន ដំណើរ​ក្រិក​ដើរ​ចេញ​ពី​តំបន់​អឺរ៉ូ។ ព្រោះ​ក្រៅ​អំពី​ក្រុម​ប្រឆាំង​ដឹក​មុខ​ដោយ​អាល្លឺម៉ង់ ក្រិក​សង្ឃឹម​លើ​បារាំងនិង​អ៊ីតាលី​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​តំបន់​អឺរ៉ូ ស្វែង​រក​កិច្ចព្រមព្រៀង​រវាងគ្នា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ