អានតួអត្ថបទ

តំបន់​អឺរ៉ូ ព្រមព្រៀង​​ជា​ឯកច្ឆ័ន្ទ​សង្គ្រោះក្រិក​ចេញ​ពី​វិបត្តិ

កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​មួយ​បាន​ប្រសូត​ចេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ការ​ចរចា​ដ៏​តាន​តឹង​អស់​រយៈ​ពេល​ជាង​១៧​ម៉ោង។ គ្រប់​ភាគី​សុទ្ធ​​ការ​ពារ​ជំហរ និង​ផលប្រយោជន៍​​របស់​ខ្លួន​រៀង​ខ្លួនៗ រហូត​ដល់​នាទី​ចុងក្រោយ តែនៅ​ទីបំផុត គឺ​ភាគី​ក្រិក​ជា​អ្នក​ទម្លាក់​ដៃ សុខចិត្ត​ទទួល​យក​លក្ខខណ្ឌ​គ្រប់​បែប​យ៉ាង​ពី​ម្ចាស់​បំណុល រាប់​ទាំង​​គោលការណ៍​បង្កើត​មូលនិធិ​នៅ​បរទេស។ ជា​កិច្ចព្រមព្រៀង​ដ៏​លំបាក តែ​អាច​ធានា​បាន​នូវ​ ​ស្ថិរភាព​ហិរញ្ញវត្ថុ។ នេះ​ជាប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ក្រិក​ ក្រោយ​កិច្ចប្រជុំ។

លោក​Alexis Tsipras ជជែក​ជាមួយ​​លោកស្រី​ Angela Merkel និង​ លោក​ François Hollande (ឱ្យ​ខ្នង) នៅ​ក្រុង​ព្រុចសែល​ថ្ងៃទី ១២​កក្កដា ២០១៥
លោក​Alexis Tsipras ជជែក​ជាមួយ​​លោកស្រី​ Angela Merkel និង​ លោក​ François Hollande (ឱ្យ​ខ្នង) នៅ​ក្រុង​ព្រុចសែល​ថ្ងៃទី ១២​កក្កដា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​ដោះស្រាយ​វិបត្តិ​​ក្រិក​លើក​នេះ មាន​លក្ខណៈ​តាន​តឹង​ខ្លាំង​ណាស់ ! នៅ​ល្ងាច​មិញនេះ​សោះ មុន​ពេល​ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​នៃ​តំបន់​អឺរ៉ូ ទាំង​១៩ ចូល​តុ​ប្រជុំ​ គេ​មើល​ឃើញ​តែ​សេណារីយោ​ ក្រិក​ដើរ​ចេញ​ពី​តំបន់​អឺរូ។ ជា​វិបត្តិក្រិក​ទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​​​ភាព​ប្រេះ​ឆា​គ្នា​ក្នុង​រង្វង់​សមាជិក​តំបន់​អឺរ៉ូ​ រវាង​ក្រុមប្រទេស​ដែល​មាន​ជំហរ​តឹង​រ៉ឹង​ដាច់​ខាត ដឹកនាំ​ដោយ​អាល្លឺម៉ង់ ជាមួយ​ក្រុម​ប្រទេស​ផ្សេង​ទៀត​នៅ​ប៉ែក​ខាង​ជើង​អឺរ៉ុប និង​ក្រុម​ប្រទេស​សម្រប​សម្រួល​ ដឹកនាំ​ដោយ​បារាំង អ៊ីតាលី អេស្ប៉ាញ គាំទ្រក្រិក​ឱ្យ​នៅ​​ក្នុង​តំបន់​អឺរ៉ូ។

ពី​ជំនួប​កំពូល​តំបន់​អឺរ៉ូ ទៅ​ជំនួប​ចតុភាគី

 
ប៉ុន្តែ​បន្ទាប់​ពី​បាន​ជជែក​គ្នា​យ៉ាង​តឹង​មាត់ អស់​មួយយប់ រួច​បន្ត​ធ្វើ​ទៀត តាំង​ពី​ព្រហាម​ម៉ោង​៤​ភ្លឺ ជា​ក្រុម​ចំនួន​១៩​ប្រទេស បន្ទាប់​មក​ជា​ក្រុម​តូចៗ ផ្តុំ​តែ​មេ​ៗ ​ដូច​ជា បារាំង​ អាល្លឺម៉ង់ ក្រិក និង​ក្រុមប្រឹក្សា​អឺរ៉ុប នៅទីបំផុត​ នៅព្រឹក​មិញ​នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ បាន​ចេញ​មុខ​ប្រកាស​ថា​ក្រុម​ប្រទេស​នៃ​តំបន់​អឺរ៉ូ បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆ័ន្ទ បើក​ការ​ចរចា​លើ​ផែន​ការ​ទី​បី​ដើម្បី​សង្គ្រោះ​ក្រិក និង​ទុក​​ក្រិក​ឱ្យនៅ​ជា​ប្រទេស​ចាយ​លុយ​អឺរ៉ូ​ដដែល។

ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ​ហូឡង់ បាន​ថ្លែង​សុន្ទរកថា​ភ្លាម​ ថា​ជា​សេចក្តី​សម្រេច​ចិត្ត​ប្រវត្តិសាស្ត្រ តែ​អ្វីៗ​នៅ​មិន​ទាន់​ដាច់​ស្រេច​ទេ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​កំពុង​តែកំណត់​ចំណុច​លម្អិត​​សិន​ មុន​ចុះហត្ថលេខា​ចេញ​ជា​កិច្ចព្រមព្រៀង​ពេញ​លេញ​។ ម្យ៉ាង​ទៀត រាល់​គ្រប់​ប្រទេស​ជា​សមាជិក​អឺរ៉ូ ត្រូវ​បញ្ជូន​ផែនការ​សង្គ្រោះ​ក្រិក​ ទៅ​​​សុំ​ការ​ព្រមព្រៀង​ពី​សភា​សិន​នៅ​សប្តាហ៍​នេះ។ ចំណែក​លោក​ស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ រីករាយ​នឹង​គម្រោង​កិច្ចព្រមព្រៀង តែ​ឆ្លៀត​​ព្រមាន​ក្រិក​ថា ផ្លូវ​ដើរ​មាន​វែងឆ្ងាយ​និង​បន្លារច្រើន​ណាស់ មិន​ត្រូវ​ភ្លេច​ខ្លួន​ឡើយ។

ក្រិក​ព្រម​ទទួល​យក​គ្រប់​​លក្ខខណ្ឌរបស់​ម្ចាស់​បំណុល

ជា​គម្រោង​​កិច្ច​ព្រមព្រៀង​ដែល​ផ្អែកលើ​យន្តការស្ថិរភាព​អឺរ៉ុប ដែល​​​អង្គការ​មូលនិធិ​រូបិយវត្ថុក៏​ត្រូវ​មាន​ចំណែក​​ជាមួយ​ក្រុម​ប្រទេស​ចាយ​លុយ​អឺរ៉ូ ក្នុង​ផែនការ​សង្គ្រោះ​ក្រិក ​ទំហំ​ដល់​ទៅ​ប្រមាណ​ពី ៨២​ទៅ​៨៦​ពាន់​លាន​អឺរ៉ូ។ ជា​ថ្នូរ​មក​វិញ​ ក្រិក​ ត្រូវ​ ​ធ្វើ​កំណែ​ទម្រង់​ភ្លាម​ នៅ ដោយ​សភា​ត្រូវ​អនុម័ត​ជា​​ច្បាប់​កំណែទម្រង់ ​ប្រព័ន្ធ​ពន្ធដារ​ ប្រព័ន្ធ​ចូល​និវត្តន៍​​ ចាប់​ពី​ថ្ងៃ​ទី ពុធ​ទី ១៥​កក្កដា​នេះ​ទៅ។ កំណែទម្រង់ដាក់​ដោយ​អឺរ៉ុប​លើក​នេះ ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំងមែន​ទែន  ដោយ​ត្រូវ​ធ្វើ​ឯកជនភារវូបនីកម្ម កែទម្រង់​ប្រព័ន្ធ​ទីផ្សារ​ការងារ រាល់​​គម្រោង​ច្បាប់​​ត្រូវ​ឆ្លង​កាត់​យោបល់​ម្ចាស់​បំណុល​ជា​ចាំបាច់​។

​ដាក់​ឱ្យដំណើរការ​មូលនិធិ​នៅ​ប្រទេស​លុចសំបួរ។ ជា​មូលនិធិ​ឯករាជ្យ​ និង​នៅ​ក្រៅ​ប្រទេស​​ ដែល​ក្រិកត្រូវ​បង្វែរ​លុយ បាន​មក​ពី​ការ​លក់​ក្រុមហ៊ុន​រដ្ឋ​ទៅ​ឱ្យ​ឯកជន ចំនួន​៥០​ពាន់​លានអឺរ៉ូ បញ្ចូល​ក្នុង​ហិប​នេះ សម្រាប់​​​​ជា​ទុន​ដល់​ធនាគារ​ក្រិក សង​បំណុល និង​ការ​វិនិយោគ​ក្នុង​ប្រទេស តែ​មូលនិធិ​ត្រូវ​គ្រប់គ្រង​ដោយ​ស្ថាប័ន​អឺរ៉ុប។ តាមការ​ពិត គំនិត​បង្កើត​មូលនិធិ​នេះ និង​ដែលជា​ការ​ចង់​បាន​របស់​​​អាល្លឺម៉ង់​​នៅ​លើក​នេះ មិន​មែន​ថ្មី​ថ្មោង​ទេ ! ​មូល​និធិ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១២ ក្នុង​ក្របខ័ណ្ឌ​យន្តការ​ស្ថិរភាព​អឺរ៉ុប សម្រាប់​ជួយ​សមាជិក​ជួបការ​លំបាក​ ​តែ​ចាត់​ចែងដោយ​ក្រិក​ទើប​ក្រៀម​ស្វិត​ដូច្នេះ។

ការ​ដាក់​ដំណើរការ​មូលនិធិនៅ​បរទេស និង​វត្តមាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​វិបត្ត​ក្រិក ត្រូវ​ប្រធានាធិបតី​ក្រិក​ ប្រឆាំងជំទាស់​រហូត​មក ប៉ុន្តែ​លោក​គ្មាន​ជម្រើស​ទៀត​ទេ លោក​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ប្រឹង​អស់​សមត្ថភាព​ និង​ជា​ការ​ចរចា​ដ៏​លំបាក​បំផុត ដែល​ក្រិក​ត្រូវ​សុខ​ចិត្ត​ទទួល​យក​គ្រប់​យ៉ាង​​ពី​ម្ចាស់​បំណុល។

​លក្ខខណ្ឌ​តឹង​តែង​ តែ​ផល​ក៏​បាន​ធំ

បើ​និយាយ​អំពី​ផ្នែក​នយោបាយ​វិញ ជាមួយ​នឹង​ការ​ព្រមព្រៀង​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​ក្រិក​ លោក អាឡិចស៊ី ស៊ីប្រាស ពិត​ជា​ត្រូវ​ពិបាក​ដោះស្រាយ​បន្តិច​ហើយ នៅ​ចំពោះ​មុខ​ពលរដ្ឋ និង​ចលនា​នយោបាយ​ក្នុង​ប្រទេស​ផ្សេង​ទៀត។ ស្ថាន​ភាព​បែប​នេះ ប្រមុខ​ដឹកនាំ​ណា​​ក៏​ពិបាក​ជ្រើសរើស​ដែរ ដូច​មនុស្ស​ម្នាក់​នៅ​ពេល​កាំភ្លើង​បើក​កៃ​ដាក់​ចំ​សៀត​ផ្កា​ហើយ​ ចង់មិន​ចង់​ក៏​ត្រូវ​ព្រម។

នេះ​បើ​និយាយ​ពី​ទម្រង់ តែ​បើ​និយាយ​អត្ថន័យ​វិញ ជាការពិត​ម្ចាស់​បំណុល​ដាក់​លក្ខខណ្ឌ​តឹង​ខ្លាំង តែ​ពេល​នេះ​សេណារីយោ​ក្រិក​ដើរ​ចេញ​ពី​តំបន់​អឺរ៉ូ ត្រូវ​រសាត់​ទៅ​ឆ្ងាយ មិន​មែន​ជា​របៀប​វារៈ​ទៀត​ទេ។ ម្យ៉ាង​ទៀត ក្រិក​បាន​ទទួល​មក​វិញ នូវ ប្រាក់​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជាង​មុន និង​សម្រាប់​រយៈ​ពេល​ដល់​ទៅ​បី​ឆ្នាំ មិន​មែន​៦​ខែ​ដូច​លើក​មុន​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ក្រិក​អាច​សើរើ​អំពី​រយៈ​ពេល​សង​បំណុល​ទៀត​ អឺរ៉ុប​មិន​ព្រម​លុប​បំណុល​ចោល​មែន តែ​អឺរ៉ុបបាន​ពន្យារ​ពេល​សង​លុយ។ ក្រិក​បាន​ទទួល​ប្រាក់​កម្ចី​ជាង​៣៥​ពាន់​លាន​ សម្រាប់​ស្តារ​សេដ្ឋកិច្ច ឱ្យ​មាន​កំណើន។ និយាយ​ជា​រួម បើ​តាម​លោក​ស៊ីប្រាស កិច្ចព្រមព្រៀង​​យ៉ាប់យឺន​បន្តិច​មែន ប៉ុន្តែធានា​បាន​ស្ថិរភាព​ហិរញ្ញវត្ថុ ក្រិក​មាន​ខ្សល់​អាច​ដង្ហើម​បាន​ គ្មាន​ចំណង​រឹត​ក​ដូច​លើក​មុន​ពេក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ