អានតួអត្ថបទ

ធនាគារ​ក្រិក​នឹងចាប់​បើក​ទ្វារ​វិញ តែ​រក្សា​វិធានការ​ទប់ស្កាត់​លំហូរ​ចេញ​សាច់ប្រាក់​​ដដែល

បន្ទាប់​ពី​បិទ​ទ្វារ​អស់​រយៈ​ពេល​បី​សប្តាហ៍​ពេញ និង​មាន​ព័ត៌មាន​ដ៏​ចម្រូង​ចម្រាស​ខ្លាំង​ទាក់ទង​នឹង​ថ្ងៃ​បើក​ទ្វារធនាគារ នៅ​ទី​បំផុត នៅ​ថ្ងៃ​សៅរ៍​ទី ១៨ កក្កដា នេះ​រដ្ឋាភិបាល​ក្រិក​បាន​ចេញ​ក្រិត្យ​ អនុញ្ញាត​ឱ្យ​ធនាគារ​ចាប់​បើក​ទ្វារ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ២០ កក្កដា​តទៅ។ ប៉ុន្តែ លទ្ធភាព​ដក​លុយ​​យក​មក​ចាយ​វាយ​ ព្រមទាំង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ ដូចជា​ការ​ផ្ទេរ​ប្រាក់​ជា​ដើម នៅ​ជាប់​កំហិត​នៅ​ឡើយ។

ធនាគារ​ក្រិក​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​​​បើក​ទ្វារ​ឡើង​វិញ​នៅ​ថ្ងៃចន្ទទី ២០ កក្កដា ២០១៥
ធនាគារ​ក្រិក​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​​​បើក​ទ្វារ​ឡើង​វិញ​នៅ​ថ្ងៃចន្ទទី ២០ កក្កដា ២០១៥ REUTERS/John Kolesidis
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បី​សប្តាហ៍​មក​ហើយ ដែល​ធនាគារ​ក្រិក​ទូទាំង​ប្រទេស​បាន​បិទ​ទ្វារ ហើយ​ពលរដ្ឋ​អាច​ទៅ​ទាញ ឬ​ដក​លុយ​ ពី​ម៉ាស៊ីន​ស្វ័យប្រវត្តិ បាន​ត្រឹម​តែ​៦០​អឺរ៉ូ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ឥលូវ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ធនាគារ​បើក​ទ្វារ​ឡើង​វិញ ប៉ុន្តែមិន​មែន​មាន​ន័យ​ថា ពលរដ្ឋ​ក្រិក​ អាច​សម្រុក​ទៅ​ប្រមូល​លុយ​មក​ទុក​ក្នុង​ផ្ទះ​បាន​ឡើយ។

ចំនួន​ទឹក​ប្រាក់​ដែល​ពលរដ្ឋ​អាច​ដក​ចេញ​ពី​ធនាគារ​ ក្នុង​មួយ​ថ្ងៃៗ ត្រូវ​កំរិត​​ត្រឹម​៦០​អឺរ៉ូ​​​ដដែល ប៉ុន្តែ​គេ​អាច​ដក​សរុប​ម្តង​ ២០០ និង​ម្តង​ទៀត ២៤០​អឺរ៉ូ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យចាយ​ហួស ៤២០អឺរ៉ូ ក្នុង​មួយ​សប្តាហ៍។ ការ​បន្ធូរ​បន្ថយ​មួយ​ទៀត គឺ​ចាប់​ពី​ថ្ងៃ​ចន្ទ​ទៅ ប្រជាជន​ក្រិក​អាច​ប្រើ​ប្រាស់​បណ្ណ​ចាយ​វាយ Credit card របស់​ខ្លួន​ឡើង​វិញ​សម្រាប់​ទិញ​ដូរ​តាម​អ៊ីនធ័រនែត ឬ​នៅ​បរទេស។

 
ប៉ុន្តែ​វិធានការ​ទប់​ស្កាត់​​លំហូរ​ចេញ​សាច់​ប្រាក់​​ទៅ​បរទេស​នៅ​រក្សាទុក​ដដែល។ ក្រិត្យ​រដ្ឋាភិបាល​នៅ​តែ​ហាមឃាត់​ការ​ផ្ទេរ​ប្រាក់​ពី​ធនាគារ​ក្រិក​ទៅ​បរទេស​ ឬ​កាន់​លុយ​​​ទាំង​កញ្ចប់ៗ ចេញទៅ​​បរទេស ឬ​បង្កើត​គណនី​ថ្មី​នៅ​ក្នុង​ស្រុកទេ។ វិធានការ​បែបនេះ បាន​ដាក់​ចេញ​ឡើង​ដើម្បី​កុំ​ឱ្យ​ធនាគារ​អស់​បា្រក់ ប៉ុន្តែ​ក៏​បានរឹត​ក​​សេដ្ឋកិច្ច​ក្រិក​យ៉ាង​ខ្លាំង​ និង​ពិបាក​លើក​ចេញ​វិញ​ណាស់។

ក្រិក​ដែល​បាន​និង​កំពុង​ឆ្លង​កាត់​វិបត្តិ​ធ្ងន់ធ្ងរ​ ហៀប​នឹង​ដើរ​ចេញ​ពី​តំបន់​អឺរ៉ូ​ផង ទើប​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ប្រទេស​ចាយ​​ប្រាក់​អឺរ៉ូ ព្រមចរចា​ផ្តល់​ប្រាក់​កម្ចី ជា​ថ្នូរ​នឹង​ការ​ធ្វើ​កំណែទម្រង់​​សេដ្ឋកិច្ច​ស៊ីជម្រៅ។ នៅ​ថ្ងៃម្សិលមិញ សហភាព​អឺរ៉ុប​បាន​ចាក់​បញ្ចូ​ល​​ប្រាក់កម្ចី​បន្ទាន់​៧ពាន់​លាន​អឺរ៉ូ ឱ្យ​ក្រិក ដើម្បីអាច​ត្រដរ​រស់​​មុន​នឹង​ឈាន​ដល់ផែនការ​ស្រោចស្រង់​សម្រេច​ជា​រូបរាង​ពិត​ប្រាកដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ