អានតួអត្ថបទ

សន្និសីទស្តី​ពី​ជំងឺ​អេដស៍​កំពុង​ចាប់​អារម្មណ៍​​ករណី​យុវតី​បារាំង​ផ្ទុក​មេេរោគពី​កំណើត លែង​ព្យាបាល តែ​មាន​សុខភាពល្អ​

ជា​ករណី​តែ​មួយ​គត់ និង​ជា​លើក​ទី​មួយ​នៅ​លើ​ពិភពលោក ដែល​យុវតី​បារាំង​ម្នាក់ បាន​ឆ្លង​មេរោគ​អេដស៍​ពី​ម្តាយ​ (តាំង​ពី​នៅ​ក្នុង​ពោះ ឬ​នៅ​ពេល​កើត)​ លែង​បាន​ទទួល​ការ​ព្យាបាល​តាំង​ពី​១២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​​អាយុ​១៨​ឆ្នាំ នាង​មាន​សុខភាព​ល្អ គ្មាន​រោគ​សញ្ញា​ជំងឺ​អ្វី​ទាំង​អស់។ វត្តមាន​វីរ៉ុស មាន​នៅ​ក្នុង​កោសិកា​ឈាម​នាង​ជានិច្ច តែ​ភាព​កំណាច​របស់វីរ៉ុស​បាន​សាប​រលាប។ ដំណឹង​ល្អ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​នេះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​លើ​ក​យក​ទៅ​បង្ហាញ​ប្រាប់​អង្គ​សន្និសីទ​អន្តរជាតិ​​ស្តី​ពី​ជំងឺ​ស៊ីដា ឬ​អេដស៍​ នៅ​ទីក្រុង​វេនកូវ័រ ប្រទេស​កាណាដា ទី​ដែល​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល​​​មក​ពី​ទូទាំង​ពិភព​លោក កំពុង​ជួប​ប្រជុំ​គ្នា។

ថ្នាំ​ពន្យារ​ជីវិត​Antiretroviraux។ ក្មេង​ស្រី​បារាំង​ម្នាក់​លែង​ព្យាបាល​អស់​រយៈ​ពេល​១២​ឆ្នាំ តែ​នៅ​មាន​សុខភាព​ល្អ​ដូច​ធម្មតា
ថ្នាំ​ពន្យារ​ជីវិត​Antiretroviraux។ ក្មេង​ស្រី​បារាំង​ម្នាក់​លែង​ព្យាបាល​អស់​រយៈ​ពេល​១២​ឆ្នាំ តែ​នៅ​មាន​សុខភាព​ល្អ​ដូច​ធម្មតា AFP PHOTO / ADEK BERRY
ផ្សាយពាណិជ្ជកម្ម

សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ជា​និស្សិត មាន​អាយុ​១៨​ឆ្នាំ​កន្លះ ជា​យុវវ័យ​ពេញ​រូប​រាង មាន​ជីវិត​ធម្មតា​ដូច​យុវវ័យ​ដទៃ ​នាង​​​បាន​​ឆ្លង​​មេរោគ​ស៊ីដា ឬ​អេដស៍​ពី​ម្តាយ តាំង​ពី​កំណើត (ឆ្លង​តាំង​ពី​ក្នុង​ពោះ​នៅ​ត្រី​មាស​ចុងក្រោយ ឬ​ឆ្លង​ពេល​ប្រសូត ព្រោះ​ម្តាយ​នាង​មាន​ផ្ទុក​មេរោគ​អេដស៍​ ប្រើ​ថ្នាំ​ពេល​សម្រាល​ហើយ​នៅ​តែ​មិន​អាច​គ្រប់គ្រង​វីរ៉ុស​កុំ​ឱ្យ​ចម្លង​បាន​ទៅ​កូន​បាន)។  

 

ពេល​នៅ​ជា​ទារក​ នាង​បាន​ទទួលការ​តាមដាន​ពី​សំណាក់​គ្រូពេទ្យ​ជាប់​រហូត​ដល់​អាយុ​៦​ឆ្នាំ។ ការ​ឈប់​លេប​ឆ្នាំ​ពន្យា​រ​ជីវិត Trithérapie –quathérapie កាល​ណោះ​ជា​សេចក្តី​សម្រេចចិត្ត​របស់​គ្រួសារ​នាង។ បាត់​មុខ​អស់​ជាង​មួយ​ឆ្នាំ នាង​បាន​ត្រលប់​មក​ជួប​ក្រុម​គ្រូពេទ្យ​វិញ តែ​ដូចមាន​អភិនិហា បើ​ទោះ​បី​ជា​​គ្មាន​លេប​ថ្នាំ​សោះ តាំង​ពី​មួយ​ឆ្នាំ​មក​ហើយ​ក្តី ក៏​​​វីរ៉ុស​គ្មានវិវឌ្ឍន៍​ គ្មាន​​ការ​កើន​ឡើង​សោះ ?! វីរ៉ុស​ហាក់​សាប​រលាប​ភាព​កំណាច​​និងភាព​​​ចម្លង​របស់​វា ពុំ​ធ្វើ​ការ​វិវឌ្ឍន៍​បំបែក​ខ្លួន​ច្រើន​ឡើងៗ ដូច​ករណី​វីរ៉ុស​ហ៊ីវ​ក្នុង​ខ្លួន​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ផ្សេង​ទៀត​សោះ។ ក្រុមគ្រួសារ​និង​គ្រូពេទ្យ​ក៏​បាន​ព្រមព្រៀង​គ្នា​ ឈប់​បន្ត​ការ​ព្យាបាលរហូត​ទៅ។

ប្រវត្តិ​នៃ​ការ​ព្យាបាល​

ប្រសូត​ចេញ​ភ្លាម គ្រូពេទ្យ​បាន​ផ្តល់​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ antirétroviral zidovudine (AZT)​ ភ្លាម។ ​៦​សប្តាហ៍​ក្រោយ​​លទ្ធផល​នៃ​ការ​វិភាគ​​​ឈាមបង្ហាញ​ថា​ នាង​មាន​ផ្ទុកវីរ៉ុស​ហ៊ីវ តែ​ចំនួន​វីរ៉ុស​បាន​ចុះ​ពាក់កណ្តាល។ ពីរ​ខែ​ក្រោយ​មក​ទៀត ដល់​ពេល​ដែល​ត្រូវ​បញ្ឈប់​ការ​ព្យាបាល ​វីរ៉ុស​បែរ​ជា​បាន​កើន​ឡើង​ខ្លាំង​ ទើប​ក្រុម​គ្រូពេទ្យ​សម្រេច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពន្យា​រ​ជីវិត​បី​មុខ បន្ទាប់​មក​បួន​មុខ​បញ្ចូល​គ្នា។ គឺ​ថ្នាំ​នេះ​ហើយ​ដែល​នាង​លេប​​រហូត​ដល់​អាយុ​៦​ឆ្នាំ។ កាលណោះ​ក្រុម​គ្រូពេទ្យ​យល់​ថា​បើ​មិន​ផ្តល់​ថ្នាំ​ពន្យារ​ជីវិត​ អង់ទីរេត្រូវេរ៉ូ​ភ្លាម​ទេ ទារក​អាច​នឹង​ស្លាប់​បាន​ព្រោះ​ប្រព័ន្ធការ​ពារ​ខ្លួន​នៅ​ខ្សោយ។ តាំង​ពី​នោះ​មក​នាង​លែង​លេប​រហូត។

​ករណី​ទារក​​​ឆ្លង​មេរោគ​ហ៊ីវ ពេល​កើត​​ បច្ចុប្បន្ន​មាន​តិច​តួច​ណាស់ នៅ​ប្រទេស​ជឿន​លឿន ប៉ុន្តែ​បើ​មាន​ អាច​ធ្វើ​ឱ្យ​ទារក​ឆាប់​ស្លាប់​ប្រសិន​បើ​គ្មាន​ការ​ព្យាបាល​ទាន់​ពេលវេលា​និង​ត្រឹមត្រូវ​ទេ។ កាលពី​ឆ្នាំ​២០១០ ទារក​អាមេរិក​ម្នាក់ ​បាន​ទទួល​ព្យាបាល​តាំង​ពី​ដំបូង​ដែរ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ បាន​ធ្វើ​ឱ្យ​មេរោគ​ស៊ីដា​សាប​ឥទ្ធិពល​វា ប៉ុន្តែ​ដល់​ពេល​បញ្ឈប់​ការ​ព្យាបាល​បាន​តែ​២៧​ខែ​ប៉ុណ្ណោះ​ក៏​ស្រាប់​តែ​រើ​ឡើង​វិញ​ខ្លាំង។​ គឺ​ទើប​តែ​ករណី​នាង​បារាំង​នេះ​តែ ដែល​មេរោគ​សាប​រលាប​​ គ្មាន​ផ្តល់​រោគ​សញ្ញា​ជំងឺ​ដល់​ទៅ​ជាង​១២​ឆ្នាំ។



មិន​មែន​ជា​ការ « ជា​សះស្បើយ​ » ​ទេ 

​អ្នក​ស្រាវជ្រាវ​ អ្នក​ឯកទេស​បាន​ប្រើ​ពាក្យ​ច្បាស់​លាស់​ណាស់ ថា​នាង​គ្មាន​រោគ​សញ្ញា​​ជំងឺ​អ្វី​ទាំង​អស់ វីរ៉ុស​មិនបាន​​ធ្វើ​ការ​វិវឌ្ឍន៍​ មិន​បំបែក​បង្កើន​ចំនួន​រីក​សាយភាយ​ ពេល​ខ្លួន​មនុស្ស​ ដូច​ករណី​មនុស្ស​មាន​ផ្ទុក​វីរ៉ុស​អេដស៍​​គ្មាន​លេប​ថ្នាំ​ពន្យារ​ជីវិត​មែន ប៉ុន្តែ​មិន​បាន​ប្រើ​សោះ​ពាក្យ​ថា​ ជាសះស្បើយ។ សាស្ត្រាចារ្យ​បារាំង លោក នាយក​ស្រាវជ្រាវ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា មិន​ឱ្យ​ភ្ជាប់​ពាក្យ​ធូរស្បើយ​ ទៅ​នឹង​ពាក្យ​ថា​ជា​ពី​ជំងឺ​អេដស៍​ទេ។ ហេតុ​អ្វី ? ពីព្រោះ​ វីរ៉ុស​ហ៊ីវ​មាន​វត្តមាន​ជានិច្ច​នៅ​​ក្នុង​កោសិកា​ឈាម។គ្មាន​នរណា​ម្នាក់​អាច​ទស្សទាយ​ ឬ​ព្យាករ​​អំពី​ស្ថានភាព​សុខភាព​នាង​ នៅ​ថ្ងៃ​អនាគត​បាន​ទេ។ មេរោគ​អេដស៍​របស់​នាង​សាប​រលាប​ភាព​កំណាច​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ តែ​វា​អាច​នឹង​កំរើក​ឡើង​វិញ​បាន​គ្រប់​ពេលវេលា ព្រោះ​បើ​តាម​ការ​វិភាគ នៅ​ពេល​គេ​ធ្វើ​តេស្ត​បណ្តុះ​​កោសិកា​ខ្លះ ដោយ​រំញោច​វា​ចុះ​ឡើង ​វីរ៉ុស​ហ៊ីវ​ក៏​មាន​សកម្មភាព​ឡើង​វិញ។ ដោយ​ហេតុ​តែ​គេ​មិន​ដឹង​ថ្ងៃ​វីរ៉ុស​រើ​ឡើង​វិញ​នេះ​ហើយ បាន​ជា​មិន​ប្រើ​ពាក្យ​ថា « ជា » នោះ។

​ប៉ុន្តែ​ករណី​យុវតី​បារាំង​នេះ បាន​ធ្វើ​ពិភពលោក​អ្នក​ស្រាវជ្រាវ មាន​ទស្សនវិស័យ​ភ្លឺ​ស្វាង​ជាងមុន និង​ចូល​រួចចំណែក​ការ​ស្រាវជ្រាវ​កាន់​តែ​លឿន​ទៅ​មុខ។ សម្រាប់​អ្នក​វិទ្យាសាស្ត្រា ភាពអសកម្មនៃ​វីរ៉ុស​ហ៊ីវ​រយៈ​ពេល​យូរ​ ក្នុង​ខ្លួន​​យុវតី​បារាំង ​​អាច​កើត​មាន​បាន ដោយ​សារ​តែ​​គេ​បាន​ផ្តល់​ការ​ព្យាបាល​ បាន​ឆាប់​ដល់​ទារក​ តាំង​ពី​កើត​ភ្លាម ព្រោះ​​ការ​ព្យាបាល​កាន់​តែ​ឆាប់ កាន់​តែ​អាច​ការ​ពារ​បាន​ល្អ​ប្រព័ន្ធ​ការពារ​ខ្លួន​ ដែល​ទៅ​ត្រួត​ត្រា​វីរ៉ុស​មិន​ឱ្យ​​ពង្រីក​ខ្លួន​​បាន។
​តាម​រយៈ​លទ្ធផល​សុខភាព​របស់​យុវតី​បារាំង ​ ​អ្នក​ស្រាវជ្រាវមាន​​ក្តី​សង្ឃឹម​ថ្មីមួយ​ទៀតក្នុង​ការ​ស្វែង​រក​ថ្នាំ​វ៉ាក់សាំង ប្រឆាំង​នឹង​ការ​បង្ក​រោគ។ គ្រប់​គ្នា​កំពុង​ផ្ចង់​ការសិក្សា​ទៅ​យន្តការ​នៃ​សរីរាង្គ​កាយ និង​ប្រព័ន្ធ​ការពារ​ខ្លួនរបស់​យុវតី​ ទៅ​លើ​វីរ៉ុស​។ ប៉ុន្តែ​មិន​មែន​ជា​ងាយ​ស្រួល​ឡើយ។

ក្នុង​ពេល​រង់ចាំ​ សារ​ដ៏​សំខាន់​មួយ​​ គឺ​បើ​វិភាគ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍​ភ្លាម ត្រូវ​ផ្តល់​ការថ្នាំ​ពន្យារ​ជីវិតភ្លាម​ ដោយ​​មិន​បង្អង់ ដល់​មនុស្ស​ធំ និង​ដល់​​ទារក​ទើប​នឹងកើត​ភ្លាម បើ​​ម្តាយ​មាន​​ផ្ទុក​មេរោគ​ហ៊ីវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ