ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អឺរ៉ុប

ដំណើរ​វិជ្ជមាន​ឆ្ពោះ​ទៅ​មាន​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់

media  
មូស​ដែកគោល​ជា​ចម្លង​ជំងឺ​គ្រុន​ចាញ់​ REUTERS/James Gathany

ពិភពលោក​នឹង​មាន​ថ្នាំ​បង្ការ​ជំងឺ​គ្រុនចាញ់ ក្នុង​ពេល​ឆាប់ៗនេះ ! ​​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ របស់​ក្រុមហ៊ុន​ឱសថ​អង់គ្លេស ទើប​បាន​ទទួល​ចម្លើយ​​វិជ្ជមាន ជា​លើក​មួយ នៅ​ថ្ងៃ​សុក្រ​នេះ ​ពីភ្នាក់ងារ​ឱសថ​អឺរ៉ុប ឱ្យ​ផលិត​ជា​ថ្នាំ បើ​ទោះ​បី​ជា​ប្រសិទ្ធិភាព​របស់​ថ្នាំ​នៅ​មាន​កំរិត​យ៉ាងណា​ក៏ដោយ។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​និង​ផលិត​ឱសថ​ នេះ​ជា​ដំណាក់កាល​ថ្មី​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់។

ថ្នាំ​បង្ការ​ជំងឺ​គ្រុនចាញ់​របស់​ក្រុមហ៊ុន​អង់គ្លេស GlaxoSmithKline (GSK) សហការជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល Path malaria vaccine initiative ផលិត​ឡើង​សំដៅ​យក​ទៅ​ធ្វើ​ចរាចរណ៍​នៅ​តាម​បណ្តា​ប្រទេស​ប្រឈម​ខ្លាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ដូច​យ៉ាងនៅ​​ទ្វីប​អាហ្វ្រិក។​ ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​​អនុសាសន៍​​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​នឹង​ចេញ​ផ្សាយ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះសិន។ បើ​គ្មាន​ការ​ជំទាស់​ទេ ថ្នាំ​បង្ការ​នេះ​នឹង​អាច​ធ្វើ​ចរាចរណ៍​បាន​យ៉ាង​ឆាប់​បំផុត​ចាប់​ពី​ឆ្នាំ​២០១៧​ទៅ។

 
ក្នុង​ពេល​រង់ចាំ អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការ​អបអរ​ ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់ភ្នាក់ងារ​ឱសថ​អឺរ៉ុប ដែល​បាន​បើក​ភ្លើង​ខៀវ​ទទួល​​ថ្នាំ​ Mosquirix ឬ RTS,S ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ពពួក​ប៉ារ៉ាស៊ីត​​បង្ក​ជំងឺ​គ្រុន​ចាញ់ដែល​ចម្លង​ទៅ​មនុស្ស​តាម​រយៈសត្វ​មូស​ផង និង​ប្រឆាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ផង។

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​ថ្នាំ​វ៉ាក់សាំង នៅ​ក្នុង​៧​ប្រទេស​ទ្វីប​អាហ្វ្រិក​បាន​បង្ហាញ​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ការពារ​កុមារ ពី​អាយុ​៥​ទី​១៧​ខែ បាន​៥៦% និង​៣១%​ ចំពោះ​ទារក​អាយុ​ពី​៦​ទៅ​១២​សប្តាហ៍ ហើយមួយ​ឆ្នាំ​​ក្រោយ​​ប្រសិទ្ធិភាព​ថ្នាំ​បង្ការ​នេះ​នឹង​ធា្លក់​ចុះ។ នៅ​ពេលចេញ​ផ្សាយ​លទ្ធផល​នេះ​ភ្លាម គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​នៅ​ប្រទេស​ក្តៅ បាន​សម្តែង​ការ​រីករាយ ព្រោះ​នៅ​ទី​បំផុត​ពិភពលោក​អាច​មាន​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ចាញ់ បើ​ទោះ​ជា​ប្រសិទ្ធិភាព​ទាប​ជាង​ការ​គ្រោង​ទុក​ក៏​ដោយ។

ក្រុមហ៊ុន​អង់គ្លេស​ដែល​គ្រោង​នឹង​លក់​​ថ្នាំ​បង្ការ​នេះ ក្នុង​តម្លៃខ្ពស់​ តែ​មិន​បាន​ចំណេញ​សោះ​នោះ ក៏​បាន​ទទួលស្គាល់​ថា​ថ្នាំ​បង្ការ​នេះ​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​បាន​ទាំង​ស្រុង​ជំងឺ​គ្រុន​ចាញ់​ទេ ត្រូវ​តែ​ប្រើ​មុង និង​វិធី​កម្ចាត់​ការពារ​មូស​បែប​ផ្សេង​ៗ​អម​ជាមួយ។ សូម​បញ្ជាក់​ថា​ ជំងឺ​គ្រុន​ចាញ់ សម្លាប់​កុមារ​​ជា​រៀង​រាល់​ថ្ងៃ​អស់​ប្រមាណ​១៣០០​នាក់ ភាគ​ច្រើន​នៅ​អាហ្វ្រិក និង​អាយុ​ក្រោម​៥​ឆ្នាំ។ ចំនួន​មនុស្ស​ស្លាប់​បាន​ថយ​ចុះ​ជិត​ពាក់​កណ្តាល​នៅ​រវាង​ពី​ឆ្នាំ​២០០០-២០១៣ តែ​ដើម្បី​អាច​បំបាត់​ជំងឺ​គ្រុន​ចាញ់​ទាំង​ស្រុង គេ​ត្រូវ​​ចំណាយ​ច្រើន​​និង​មិន​មើល​ស្រាល​​​ជំងឺ​នេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ