អានតួអត្ថបទ
បារាំង-ភេរវកម្ម

បារាំង​និង​ប្រទេស​ជិត​ខាង ជួប​និយាយ​គ្នា ​ដើម្បី​រិត​បន្តឹង​សន្តិសុខ​តាម​រថភ្លើង

ជាង​មួយ​សប្តាហ៍ ​ក្រោយ​ហេតុការណ៍​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ​ក្នុង​រថភ្លើង​ នៅ​ប្រទេស​បារាំង ​រដ្ឋាភិបាល​បារាំង ​និង​ប្រទេស​ជិត​ខាង​៨ ​ដែល​មាន​បណ្តាញ​ខ្សែ​រថភ្លើង​ជាប់​គ្នា ​បាន​ជួប​ប្រជុំ​គ្នា ​នៅ​ទីក្រុង​ប៉ារីស​ នា​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី ​២៩​ សីហា ​ដើម្បី​ពិភាក្សា​គ្នា ​រិះរក​វិធី ​ក្នុង​ការ​បន្ថែម​ការ​ត្រួត​ពិនិត្យ​ សន្តិសុខ​ នៅ​តាម​ស្ថានីយ៍ ​និង​ខ្សែ​រថភ្លើង។ ខ្សែ​រថភ្លើង​ឆ្លង​ប្រទេស ​ដែល​ដឹក​អ្នក​ដំណើរ​រាប់​ពាន់​អ្នក​ ក្នុង​មួយ​ថ្ងៃៗ គឺ​ជា​ទី​វាយ​ប្រហារ​ភេរវកម្ម​ ដ៏​ងាយ​ស្រួល ​របស់​ក្រុម​អ៊ីស្លាម​ជីហាដ។

នគរបាល ប៊ែលហ្សិក ឈរ​ចាំត្រួតពិនិត្យ​សន្តិសុខ នៅ​ក្បាល​​រថភ្លើង Thalys នៅ​ស្ថានីយ៍ ក្រុង Bruxelles
នគរបាល ប៊ែលហ្សិក ឈរ​ចាំត្រួតពិនិត្យ​សន្តិសុខ នៅ​ក្បាល​​រថភ្លើង Thalys នៅ​ស្ថានីយ៍ ក្រុង Bruxelles REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ការ​ប៉ុនប៉ង ​ធ្វើ​ភេរវកម្ម​លើ​ខ្សែ​រថភ្លើង ​Thalys ​ភ្ជាប់​ពី​ទីក្រុង​អាំស្ទែដាំ ​មក​ទីក្រុង​ប៉ារីស ​កាល​ពី​ថ្ងៃ​ទី ២១​សីហា​ កន្លង​ទៅ ​បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ ​ខ្លាច​ឡើង​ព្រឺ​ឆ្អឹង​ខ្នង  ​មិន​ទាន់​បាត់ ​ដោយសារ​តែ​ភេរវជន​ បាន​នាំ​យក​កាំភ្លើង ​AK ​និង​គ្រាប់​ជា​ច្រើន​បង់ ​ឡើង​ទៅ​លើ​រថភ្លើង ​បាន​យ៉ាង​ងាយ​ស្រួល។ ជា​សំណាង​ល្អ ​អ្នក​ដំណើរ ​៤នាក់​ បី​នាក់​ជា​ជនជាតិ​អាមេរិក ​និង​ម្នាក់​ ជា​ជនជាតិ​បារាំង ​បាន​ព្រួត​គ្នា ​វាយ​ដណ្តើម​កាំភ្លើង​ពី​ជន​ដៃ​ដល់។ ហេតុការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​បារាំង​ និង​ប្រទេស​ជិត​ខាង​ទាំង​៨ ​ដែល​មាន​ខ្សែ​រថភ្លើង​ត​ភ្ជាប់​គ្នា ​នាំគ្នា​ចាប់​ផ្តើម​គិត​គូរ ​ដើម្បី​ធានា​សុវត្ថិភាព​ អ្នក​ដំណើរ​តាម​រថភ្លើង។

 
ថ្ងៃ​សៅរ៍​ ទី​ ២៩​សីហា ​លោក ​Bernard Cazeneuve ​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ បាន​ជួប​ប្រជុំ​នៅ​ក្រុង​ប៉ារីស​ ជាមួយ ​រដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​ មក​ពី​ប្រទេស​៨ ​មាន​ អង់គ្លេស ​អាល្លឺម៉ង់​ ប៊ែលហ្សិក ​ហូឡង់ ​អេស្ប៉ាញ ​អ៊ីតាលី​ ស្វីស​ និង​ លុចហ្សំបួរ។ លោក​រដ្ឋមន្ត្រី​បារាំង ​បាន​លើក​ចេញ​ នូវ​វិធានការ​ជា​ច្រើន​ចំណុច​ ដែល​លោក​ចង់​ឲ្យ​ប្រទេស​ទាំង​អស់​ ​សហការ​គ្នា ​ក្នុងការ​ទប់​ស្កាត់​​ អំពើ​ភេរវកម្ម​តាម​រថភ្លើង។

វិធាន​ទាំង​នោះ​មាន​ជាអាទិ៍ ​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​ ឲ្យ​បាន​ស្រប​គ្នា ​និង​បណ្តាក់​គ្នា ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ​ដែល​រថភ្លើង​ឆ្លង​កាត់។ ក្នុង​ន័យ​នេះ ​លោក​រដ្ឋមន្ត្រី​ចង់​សំដៅ ​ដល់​ការ​សហការ​គ្នា ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ធ្វើការ​ឆែកឆេរ​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព។ បន្ថែម​ពី​នោះ​ នៅ​មាន​គម្រោង​បង្កើន ​ការ​ត្រួត​ពិនិត្យ ​ឆែកឆេរ ​អ្នក​ដំណើរ​ណា ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ ​មុន​ពេល​រថភ្លើង​ចេញ​ដំណើរ។ ក្នុង​ករណី​នេះ ​គេ​អាច​នឹង​ពង្រីក​តួនាទី​ការងារ​ របស់​នគរបាល​ផ្លូវដែក​ ឲ្យ​មាន​សិទ្ធិ​ឆែកឆេរ​សំភារៈ​ របស់​អ្នក​ដំណើរ ​ក្នុង​ករណី​មាន​ការ​សង្ស័យ។

សូម​បញ្ជាក់​ថា ​ក្នុង​មួយ​ថ្ងៃៗ ​អ្នក​ដំណើរ​តាម​រថភ្លើង​នៅ​អឺរ៉ុប ​មាន​ចំនួន​លើស​អ្នក​ដំណើរ​តាម​យន្តហោះ​ដល់​ទៅ​ ២០​ដង​ឯណោះ។ ដូច្នេះ​គំនិត​ដែល​ចង់​ដាក់​ការ​ត្រួត​ពិនិត្យ​ឆែកឆេរ ​ដូច​នៅ​តាម​ព្រលាន​យន្តហោះ ​គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។ ចង់​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិភាព ​ទាល់​តែ​ដាក់​ការ​ត្រួត​ពិនិត្យ​នៅ​គ្រប់​ស្ថានីយ៍​រថភ្លើង​ទាំងអស់​ ​ហើយ​ដែល​តម្រូវ​ ឲ្យ​មាន​បំពាក់​ម៉ាស៊ីន​ស្គែន ​និង​បន្ថែម​បុគ្គលិក ​នៅ​តាម​ស្ថានីយ៍​ទាំង​នោះ។ លោក​ អគ្គនាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្លូវដែក​បារាំង SNCF​ បាន​ច្រាន​ចោល​គំនិត​នេះ​ទាំង​ស្រុង ​ដោយ​បាន​លើក​ឡើង​ថា ​ការ​ធ្វើ​បែប​នេះ​ គឺ​ត្រូវ​ចំណាយ​ប្រាក់​ រាប់​ពាន់​លាន​អឺរ៉ូ ​ ហើយ​គេ​មិន​ប្រាដក​ថា​ វា​មាន​ប្រសិទ្ធិភាព​នោះ​ទេ។

តាម​ប្រភព​ពី​នគរបាល ​បាន​អះអាង​ថា ​ការ​យាមកាម​សុវត្ថិភាព​ នៅ​តាម​ស្ថានីយ៍​រថភ្លើង​ នៅ​បារាំង​ គឺ​មាន​កំរិត​ខ្ពស់​ខ្លាំង​ណាស់​ទៅ​ហើយ។ ​ ក្រៅ​ពី​ការ​បន្ថែម​ចំនួន​កម្លាំង​ត្រួត​ពិនិត្យ​សន្តិសុខ​ និង​យាម​ល្បាត ​ឲ្យ​បាន​ច្រើន ​គេ​មិន​អាច​ធ្វើ​អ្វី​បាន ​ឲ្យ​លើស​នេះ​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ