អានតួអត្ថបទ

ន័រវែស​​ទើស​ទាល់​ចិត្ត​នឹង​អាមេរិក​ រឿង​​ផ្តល់​រង្វាន់​ដល់​Snowden

Edward Snowden ត្រូវ​ទទួល​ពាន​រង្វាន់​ ថ្មី​មួយ​ទៀត​ នៅ​ថ្ងៃ​សៅរ៍​ទី ៥ កញ្ញា​នេះ ពី​ប្រទេស​ន័រវេស។ តែ​អតីត​បុគ្គលិក​របស់​ភ្នាក់ងារ​សម្ងាត់​អាមេរិក NSA ដែល​ធ្លាប់​បើក​កកាយ​លម្អិត​អំពី​កម្មវិធី​ចារកិច្ច​ឈ្លបការណ៍​​ទ្រង់ទា្រយធំ​​ មិន​អាច​ធ្វើ​ដំណើរ​មក​ប្រទេស​នេះ​បាន​ឡើយ ដោយ​ខ្លាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ ន័រវែស ប្រទេស​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ហាក់​ដូច​ជា​កំពុង​រង​សម្ពាធ​ខ្លាំង​ពី​សំណាក់​ សហរដ្ឋ​អាមេរិក។ 

Edward Snowden ក្នុង​វីដេអូ​ខុនហ្វេរិន កាល​ប្រគល់​ពាន​រង្វាន់​Right Livelihood ខែ​ធ្នូ​ឆ្នាំ​២០១៤
Edward Snowden ក្នុង​វីដេអូ​ខុនហ្វេរិន កាល​ប្រគល់​ពាន​រង្វាន់​Right Livelihood ខែ​ធ្នូ​ឆ្នាំ​២០១៤ REUTERS/Pontus Lundahl /TT News Agency
ផ្សាយពាណិជ្ជកម្ម

ប្រធាន​បណ្ឌិត​សភា  Bjørnson គ្រោង​នឹង​ប្រគល់​ពាន​រង្វាន់​ ដល់​លោក Edward Snowden នៅ​ថ្ងៃ​នេះ តែ​​​កៅអី​នឹង​នៅ​ទំនេរគ្មាន​ម្ចាស់​ពាន​អង្គុយ​ចាំ​ទទួល​ឡើយ។ លោក​អាច​តាមដាន​សកម្មភាព​ផ្តល់​​ពាន​តាម​រយៈ​វីដេអូ​ ពី​ប្រទេសរុស្ស៊ី​​ដែល​លោកកំពុង​ជ្រក​កោន​តែ​ប៉ុណ្ណោះ។

ន័រវែស បាន​ប្រកាស​ផ្តល់​ពាន​រង្វាន់​នេះ ដើម្បីឧទ្ទិស​ដល់​ស្នាដៃ​របស់​លោក Edward Snowden ដែល​បាន​បង្ហាញថា ការឈ្លបយកការណ៍​តាម​ប្រព័ន្ធ​អ៊ីនធ័រនែតជា​ក្រុម​ អាច​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព។ ប៉ុន្តែ​អាជ្ញាធរ​ន័រវែស បាន​បដិសេធ​មិន​ធានា​រ៉ាប់​រង​ដល់​សុវត្ថិភាព​អតីត​ភ្នាក់ងារ​អាមេរិក​រូប​នេះ​ទេ ហើយ​ក៏​មិន​ហ៊ាន​អះអាង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ដែរ ប្រសិន​បើ​ Edward Snowden ដាក់​ជើង​ជាន់​ដី​ន័រវែស។

 
ទង្វើ​បែប​នេះ បាន​ធ្វើ​ន័រវែស​រង​ការ​រិះគន់​បរិហារ​ ថា​មិន​រក្សា​តម្លៃ​ប្រទេស​ ដែល​ពិភពលោក​តែង​ចាត់​ទុក​ជា​គំរូ​​ប្រជាធិបតេយ្យ​ពិតៗ។ អ្វីដែល​អាក្រក់ និង​ដែល​រដ្ឋាភិបាល​ន័រវែស​មិន​ចង់​ឃើញ​ចេញ គឺ​ប្រសិន​បើ​ Edward Snowden បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ហើយ​ត្រូវ​មក​ទទួល​រង្វាន់​នេះ​នៅ​ខែ​ក្រោយ នៅ​អូស្លូ។ ពេល​នោះអាជ្ញាធរ​ន័រវែស​ពិត​ជា​នឹង​មិនត្រូវ​​ធ្វើ​ខ្លួន​ និង​ធ្វើ​មុខ​យ៉ាងណា​ដាក់​ពិភពលោក​ឡើយ​។ Snowden ធ្លាប់​​​ជាប់ជា​​បេក្ខជន​សម្រាប់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ឆ្នាំ​២០១៤ ម្តង និង​ស្នើ​ឈ្មោះ​យឺតយ៉ាវ​ម្តង​នៅ​២០១៣។

ថ្វី​បើ​គណៈកម្មការ​ណូបែល ធ្វើ​ការ​ដោយ​ឯករាជ្យ ប៉ុន្តែ​ការ​លូក​លាន់​នយោបាយ​ពី​សំណាក់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​​សំណាង​ជាប់​ជ័យលាភី​របស់​អតីត​ចារកិច្ច​អាមេរិក​រួម​តូច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ