អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំងគ្រប់គ្រង​ចំណាយសាធារណៈ​បាន​ល្អ តែបំណុលជាតិ​​នៅ​តែធ្ងន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃពុធ​ទី ៣០ កញ្ញា​នេះ បារាំង​ត្រូវ​អនុម័ត​គម្រោង​ថវិកា​ឆ្នាំ​២០១៦ ដែល​ជា​ឆ្នាំ​សំខាន់​ចុងក្រោយ​ក្នុង​​អាណត្តិ​លោក​ហ្វ្រង់ស័រ ហូឡង់។ ជា​វេលា​នយោបាយ​ដ៏​សំខាន់ នៅ​ទីស្តីការ​រដ្ឋមន្ត្រីបារាំង​និង​សម្រាប់គណៈកម្មការ​​អឺរ៉ុប។ អឺរ៉ុប​ម្ចាស់​សន្ធិសញ្ញា​ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​​លើ​កស្ថិរភាព​និង​កំណើន​សេដ្ឋកិច្ច​ សង្ឃឹម​ថា​ប៉ារីស ដែល​ជា​សិស្ស​មិនល្អ​របស់​សហភាព​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ កែ​ខ្លួន​ ធ្វើ​​តាម​ដំបូន្មានអឺរ៉ុប។ ហើយ​នេះ​ជា​ឱកាស​ដែល​យើង​ត្រលប់​មក​ក្រលេក​មើល​បំណុល​របស់​បារាំង​ឡើង​វិញដែរ។

លោក Michel Sapin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បង្ហាញ​គម្រោង​ថវិកា​ឆ្នាំ​២០១៦
លោក Michel Sapin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បង្ហាញ​គម្រោង​ថវិកា​ឆ្នាំ​២០១៦ REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

បញ្ចុះ​ពន្ធដារ បន្ត​ផ្តល់​ជំនួយ​​ដល់​សហគ្រាស​និង​ក្រុមហ៊ុន​ ទន្ទឹម​គ្នា​នឹង​ការ​កំហិត​ចំណាយ​សាធារណៈ រដ្ឋាភិបាល​បារាំង​បាន​បង្ហាញ​​គម្រោង​ថវិកា​ឆ្នាំ​២០១៦ ដែលអាច​​ចាត់​ទុក​ថា​ជា​គម្រោង​ដ៏សមស្របមួយ និង​​ស្រប​តាម​ពាក្យ​ធ្លាប់​សន្យា​របស់​ប្រធានាធិបតីទៀត។ ​

​សម្រាប់​ឆ្នាំ​២០១៦​ កំរិត​ឱនភាព​សាធារណៈ​បារាំង​នឹង​ធ្លាក់​មក​នៅ​ ត្រឹម​៣,៤% នៃ​ផលិតផល​សរុប​ក្នុងស្រុក។ ហើយ​នៅ​ឆ្នាំ​២០១៧ ឱនភាព​នឹង​ត្រូ​វធ្លាក់​មក​ត្រឹម​២,៨% ពោល​គឺ​ដូចវិន័យ​មាន​ចែង​ដោយ​​គណៈកម្មការ​អឺរ៉ុប​។

កាលពី​ឆ្នាំ​ទៅ ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ ប៉ារីស បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ដៃគូក្នុង​​អឺរ៉ុប និង​ស្ថាប័ន​​អឺរ៉ុប​ តាម​រយៈ​ការ​ប្រកាស​បង្ហាញ​ឱនភាព​សាធារណៈ​​ដល់​ទៅ​៤,៤% នៅ​ឆ្នាំ​២០១៥ និង​៤,៣%​នៅ​ឆ្នាំ​២០១៥ បើ​ទោះ​បី​ជា​បារាំង​ទើប​បាន​ទទួល​ការ​អនុគ្រោះ​ពីរ​ឆ្នាំ​(គិត​ចាប់​ពី​២០១៣​មក) ដើម្បី​ស្រោច​ស្រង់​មុខ​មាត់​ក្តី។

តាម​ធម្មតា​បារាំង​ត្រូវ​ទទួល​ទណ្ឌកម្ម​យ៉ាង​អាម៉ាស ប៉ុន្តែ​ដោយ​មាន​ហេតុផល និង​អំណះអំណាង​ ព្រមទាំង​បញ្ជី​ធ្វើ​កំណែទម្រង់​មួយ​ដំណោត​មក គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​​រដ្ឋាភិបាល​លោក​ ម៉ានុយអែល វ៉ាល្ស ពីរ​ឆ្នាំ​បន្ថែម​ទៀត។

ឆ្នាំ​នេះ​បារាំង​បាន​ងើប​មុខ​ឡើង​វិញ​បន្តិច​ នាយករដ្ឋមន្ត្រី​បារាំង​បាន​បញ្ជាក់​ប្រាប់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ តាំង​ពី​ម្សិលមិញ មុន​ការ​បង្ហាញ​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​ជា​ផ្លូវការទៀត​ថា ប៉ារីស​គោរព​បាន​កិច្ចសន្យា​ថវិកា បញ្ចុះ​ឱនភាពជាតិ​ឱ្យ​ក្រោម​៣%​នៅ​ឆ្នាំ​២០១៧។ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Juncker ពិត​ជា​មិន​ចង់​ឃើញ​សំណុំ​រឿង​បារាំង​មាន​វិបត្តិ​ហិរញ្ញវត្ថុ ឡើង​មក​បំពុល​បរិយាកាស​អឺរ៉ុប ដែល​កំពុង​ស្រអាប់​​ស្រាប់​នោះ​ទេ។

បើ​គេ​ជឿ​លើ​គម្រោង​ថវិកា​ឆ្នាំ​២០១៦ ដែល​រដ្ឋាភិបាល​អះអាង​ថា​គ្រប់​គ្រង​ថវិកា​បាន​ទាំង​ស្រុង ព្រោះ​បាន​គិត​គូរ​ដោយ​ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច​ ១,៥% លើ​តម្លៃប្រេង​ឆៅ​ធ្លាក់​ថ្លៃ ​ប្រាក់​អឺរ៉ូទាប… ​ បារាំង​កំពុង​ដើរ​ត្រង់​ផ្លូវ​បន្តិច​ហើយ​។ ប៉ុន្តែ​​ចំណា​យរដ្ឋ​ នៅ​កើន​ឡើងគួរ​ឱ្យ​កត់​សម្គាល់​​ដដែល ៣៦៦,៣​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៥​ទល់​នឹង៣៧៤,៨ពាន់​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ​២០១៦។ ឯ​ប្រាក់​ចំណូល​កើន​ឡើង​ពី​២៩២,៣ ទៅ​៣០១,៧ ពាន់​លាន។ ជា​សរុប​មក ​ឱនភាព​ជាតិ​បាន​ធ្លាក់​ចុះ​បន្តិច​មែន តែ​មិន​ទាន់​ឈ្នះ​កម្មវត្ថុ​ដ៏​ចម្បង ដែល​ចង់​បញ្ចុះ​ប្រាក់​បំណុលជាតិ​ទេ ! ​បំណុល​សាធារណៈ​ នៅ​តែ​ធ្ងន់​ខ្លាំង​ដដែល។  

តើ​បារាំង​មាន​បំណុល​ប៉ុណ្ណា ?

បារាំង​សព្វថ្ងៃ​មាន​បំណុល​​ជាង​ ២០០ម៉ឺន​​លាន​។ ជា​ចំនួន​ដ៏​ច្រើន ហួស​នឹង​គិត​ ! ពោល​គឺ​ស្មើ​នឹង​តម្លៃ​នាវា​ផ្ទុក​យន្តហោះ​​Charles De Gaulle ៥០០​គ្រឿង ឬ​បី​ដង​តម្លៃ​ទីផ្សារ​ភាគហ៊ុន​ក្រុមហ៊ុន​Apple។ កូន​បារាំង​កើត​ម្នាក់ ស្មើ​នឹង​បង្កើត​បំណុលជាង​​បី​ម៉ឺន​អឺរ៉ូ ប្រៀប​ដូច​ជា​ការ​ចែកកេរ្ត៍​​បន្តៗគ្នា​យ៉ាង​ដូច្នោះ។ ព្រោះ​សូម​បញ្ជាក់​ថា តាំង​ពី​៤០​ឆ្នាំ​មក​ហើយ​ដែល​រដ្ឋ​បារាំង ចាយ​ ច្រើន ចំណូល។ ហើយ​បើ​ទោះ​បី​ជា​តាំងពី​ឆ្នាំ​២០០៩​មក ឱនភាព​ជាតិ​បាន​ស្គាល់​ថា​ថយ​ចុះ​ជាលំដាប់ (ពី​៧,២%​នៅ​ឆ្នាំ​២០០៩ មក៤%​នៅ​ឆ្នាំ​២០១៤)ក៏​ដោយ ក៏​បំណុល​សាធារណៈ​នៅ​តែ​ធ្ងន់​ដដែល។ ជា​ឧទាហរណ៍​ជាក់​ស្តែង នៅ​ឆ្នាំ​២០១៥​នេះ ចំណូល​ដែល​រដ្ឋ​បារាំង​រក​បាន​ ត្រូវ​ចំណាយ​គ្រប់​ នៅ​ត្រឹម​ថ្ងៃ​១៧​តុលា។ ចាប់​ពី​ថ្ងៃទី ១៨​ទៅ រដ្ឋ​បារាំង​ត្រូវ​ ​ចាយ ខ្ចី​លុយ​គេ​។ តែ​ជា​សំណាង​ល្អ ដោយ​រដ្ឋ​បារាំង​អាច​និង​ងាយ​រក​ខ្ចី​លុយ​ ក្នុង​តម្លៃការ​ប្រាក់​ទាបណាស់ ត្រឹម​ប្រមាណ​តែ ០,៦២%​ប៉ុណ្ណោះ​ជា​មធ្យម​នៅ​ឆ្នាំ​២០១៥​នេះ។ ហើយ​ម្យ៉ាង​ទៀត ម្ចាស់​បំណុល​បារាំង ភាគ​ច្រើន​ (២/៣)ជា​បរទេស។ គ្រាន់​ការ​ប្រាក់​ បារាំង​ត្រូវ​ចំណាយ​អស់​ដល់​ទៅ ៤៤ពាន់​លាន​អឺរ៉ូ គឺ​ស្មើ​នឹង​ចំណាយ​របស់​ក្រសួង​ការពារជាតិ ក្រសួង​យុត្តិធម៌ ក្រសួង​បរិស្ថាន និង​វប្បធម៌​បូក​បញ្ចូល​គ្នា។

ក្នុង​មួយ​នាទីៗ បារាំង​ត្រូវ​ខ្ចី​លុយ​គេ​ដល់​ទៅ​៣៦​ម៉ឺន​អឺរ៉ូ​ សម្រាប់​ដោះស្រាយ​វិបត្តិ​បំណុល។ តែ​ថ្វី​បើ​គម្រោង​ថវិកា​ឆ្នាំ​ថ្មី មិន​អាច​ជួយ​បន្ថយ​បំណុល​សាធារណៈ​បាន​ធូរ​ស្បើយ​ ដោយ​បាន​ត្រឹម​តែ​ជួយ​បន្ថយ​ឱនភាព​បន្តិចបន្តួច​​ក្តី ក៏​យ៉ាង​ហោច​ណាស់ រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​ពន្ធ​ដារ​ពី​ពលរដ្ឋ​និង​ក្រុមហ៊ុន​បាន​ខ្លះ។ សូម​បញ្ជាក់​ថា កាលពី​ដើម​អាណត្តិ នៅ​ឆ្នាំ​២០១២ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​ដំឡើង​ពន្ធដារ​យ៉ាង​ខ្លាំង ជា​ហេតុធ្វើ​ឱ្យ​គ្រប់​គ្នា​បាក់​ទឹកចិត្ត​ ស្អប់​រដ្ឋាភិបាល។ ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​មក​ទៀត ពន្ធដារ​លែង​ឡើង តែ​ប្រជាប្រិយភាព​ប្រធានាធិបតី​ មិន​បាន​ប្រសើរ​ទេ។ ពលរដ្ឋ​បារាំង​បីភាគ​បួន​នៅ​តែ​យល់​ថា​លោក​ហ្វ្រង់ស័រ​ ហូឡង់​ជា​ប្រធានាធិបតី​មិន​ល្អ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​កាលពី​ថ្ងៃអង្គារ។ ហើយ​ក្រៅអំពី​ពន្ធដារ អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះ​អត្រា​អ្នក​អត់ការងារ​ធ្វើ​ក៏​ជា​បុព្វហេតុ​នាំ​ឱ្យ​​​លោក​ហូឡង់ អប្រជាប្រិយភាពដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ