អានតួអត្ថបទ
FIFA-ពុករលួយ

FIFA ព្យួរ ​តំណែង​លោក ​ Blatter ​និង​ លោក ​ Platini ​រយៈពេល​៣​ខែ

គណៈកម្មការ​ពិសេស​ដែល​មាន​តួនាទី​ពិនិត្យ​ក្រម​សីលធម៌ ​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក​FIFA​ ទើប​បាន​សម្រេច ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ ម្សិលមិញ ​ដោយ​បាន​ព្យួរ​មុខ​តំណែង​​លោក ហ្សូហ្សិប ប្លាធឺ ​អគ្គនាយក ​FIFA​ បច្ចុប្បន្ន ​ព្រម​ទំាង​លោក ​ មីឈែល ប្លាទីនី ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប​ ជា​បណ្តោះ​អាសន្ន រយៈ​ពេល ៣ខែ។ សេចក្តី​សម្រេច​នេះ ​បាន​ធ្វើ​ឲ្យ​គេ ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​វា​នឹង​រារាំង​ដោយ​ប្រយោល ​មិន​ឲ្យ​លោក ​​ មីឈែល ប្លាទីនី អាច​ឈរឈ្មោះ​បោះឆ្នោត​ សម្រាប់​ការ​ជ្រើសរើស​ប្រធាន​FIFA​ ថ្មី​បាន។

រជ្ជកាលពុករលួយ​របស់ លោក Blatter កំពុង​តែជិត​រលាយ​ តែលោក​ក៏កំពុង​តែ​អូស​ លោក Michel Platini ឲ្យដួល​ជាមួយ​ដែរ
រជ្ជកាលពុករលួយ​របស់ លោក Blatter កំពុង​តែជិត​រលាយ​ តែលោក​ក៏កំពុង​តែ​អូស​ លោក Michel Platini ឲ្យដួល​ជាមួយ​ដែរ REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

ព្យុះ​ភ្លៀង នៅ​ក្នុង​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក ​នៅ​មិន​ទាន់​ស្ងប់​ទេ ​ផ្ទុយ​ទៅ​វិញ​​ វា​កំពុង​តែ​បោក​បក់ ​កាន់តែ​ខ្លាំង ​ដោយសារ​តែ​សេចក្តី​សម្រេច​របស់​គណៈកម្មការ​ក្រម​សីលធម៌​ កាលពីថ្ងៃព្រហស្បតិ៍ ទី ៨តុលា   ​ដែល​បាន​សម្រេច​ព្យួរ​មុខ​តំណែង​បណ្តោះ​អាសន្ន ​លើ​ថ្នាក់​ដឹកនាំ​ជា​ច្រើន​រូប ​ក្នុង​នោះ ​រួម​មាន​លោក ​ហ្សូហ្សិប ប្លាធឺ  ប្រធាន​FIFA​​ បច្ចុប្បន្ន ​និង​ លោក ​មីឈែល ប្លាទីនី ​ប្រធាន​​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប។

 
ក្រៅ​ពី​មនុស្ស ​ដ៏​សំខាន់​ទាំង​ពីរ​នាក់​នេះ ​ FIFA​ ក៏​បាន​ព្យួរ​ លោក​ ហ្សេរ៉ូម វាល់កឺ ​បុរស​ខ្លាំង​ទី​ពីរ​ និង​ជា​ដៃស្តាំ​របស់​លោក ​ប្លាធឺ ​ផង​ដែរ។ ប៉ុន្តែ​អ្នក​ដែល​រង​ទោស​ធ្ងន់​ជាង​គេ​ ​គឺ​ លោក ​ឈុន មុងជុន ​ជនជាតិ​កូរ៉េ ​អតីត​អនុ​ប្រធាន FIFA​ ដែល​ត្រូវ​បាន​ គណកម្មការ​នេះ​ លុប​ឈ្មោះ​ចោល​រយៈ​ពេល​៦ឆ្នាំ។

សូម​បញ្ជាក់​ថា​ លោក​ហ្សូហ្សិប ប្លាធឺ  ​កំពុង​តែ​ត្រូវ​បាន​តុលាការ​ស្វីស​ចោទប្រកាន់​ជាផ្លូវ​ការ​ ពី​ករណី​ពុក​រលួយ ​ស៊ីសំណូក​ជា​ច្រើន​ករណី។ ចំណែក​លោក​ ប្លាទីនី ​ក៏​មិន​ទាន់​រួច​ខ្លួន​ផង​ដែរ​ ដោយសារ​តុលាការ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ ស្តីពី​ករណី ​ទទួល​ប្រាក់​២លាន​ហ្រ្វង់​ស្វីស ​ដោយ​ខុស​ច្បាប់។ ទោះបី​ជាលោក ប្លាទីនី ​​អះអាង​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់ ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​ក៏​ដោយ​​ ក៏​ការ​សម្រេច​ព្យួរ​មុខ​តំណែង​របស់​លោក​នា​ពេល​នេះ ​នឹង​បង្ករ​ជា​ឧបសគ្គ​ថ្មី​មួយ​ទៀត​សម្រាប់​លោក ​ ក្នុង​ការ​ដាក់​បែបបទ ​ឈរ​ជា​បេក្ខភាព​ប្រធាន FIFA ក្នុង​អាណត្តិ​ថ្មី។

ការ​ព្យួរ​មុខ​តំណែង​នេះ ​គឺ​មាន​ន័យ​ថា ​បុគ្គល​ពាក់ព័ន្ធ​ ត្រូវបាន​​ហាមឃាត់​ មិន​ឲ្យ​ធ្វើ​សកម្មភាព ​រឺ​ការងារ​ណា ​ដែល​ពាក់ព័ន្ធ​នឹង​កីឡា​បាល់ទាត់ ​មិន​ថា​នៅ​ថ្នាក់​ជាតិ​ ​រឺ​អន្តរជាតិ ​ក្នុង​រយៈ​ពេល​កំណត់ ​ពោល​គឺ​ ៩០​ថ្ងៃ ​ហើយ​អាច​បន្ត ​៤៥​ថ្ងៃ​បន្ថែម​ទៀត ​បើ​សិន​ជា​ចាំបាច់។ ក្នុង​ន័យ​នេះ ​បើ​សិន​ជា​ គ្មាន​សេចក្តី​សម្រេច​ថ្មី​ណា​មួយ​ ឲ្យ​បាន​មុន​ ថ្ងៃ​ ២៦​តុលា ​ថ្ងៃ​ផុត​កំណត់ ​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ ​នោះ​មាន​ន័យ​ថា​ លោក​ប្លាទីនី ​នឹង​មិន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ប្រធាន ​FIFA​ ទេ។

សម្រាប់​ពេល​នេះ ​គឺ​លោកអ៊ីសា ហាយ៉ាទូ ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្វ្រិក​​ ត្រូវ​កាន់​មុខ​តំណែង​ប្រធាន​ FIFA ​បណ្តោះ​អាសន្ន​សិន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ