ណូបែលសន្តិភាព កំពុងរងសម្ពាធនយោបាយ ?
ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៥ គឺក្រុមចតុភាគីទុយនីស៊ី Quatet ដែលបានដឹកនាំការចរចាស្ថាបនាប្រទេសលើវិថីនៃលទ្ធិប្រជាធិបតេយ្យពហុបក្ស បន្ទាប់ពីបដិវត្តផ្កាម្លិះ២០១១។ ណូបែលសន្តិភាពជារង្វាន់ដ៏មានតម្លៃ និងកត្តិយសខ្ពង់ខ្ពស់ជាងគេបំផុតនៅលើលោក។ ដូចជារៀងរាល់ឆ្នាំ ក្រៅអំពីការបំប៉ោងព័ត៌មានគ្រប់បែបយ៉ាងទាក់ទងនឹងឈ្មោះជ័យលាភី នៅឆ្នាំនេះមានពាក្យចចាមអារាម និងការចោទប្រកាន់ច្រើន ប៉ះពាល់ដល់គណៈកម្មាធិការណូបែលតែម្តង ថាមានពាក់ព័ន្ធនឹងនយោបាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៦:៤៧
គណៈកម្មាធិការណូបែលបានសម្រេចផ្តល់រង្វាន់ជ័យលាភីណូបែលសន្តិភាពដល់អង្គការចតុភាគីទុយនីស៊ី ដែល ក្រោយបដិវត្តផ្កាម្លិះឆ្នាំ២០១១ បានដឹកនាំកិច្ចចរចាជាតិ រហូតបានឆ្លងផុតអន្តរកាល ក្លាយជាប្រទេសទុយនីស៊ីប្រជាធិបតេយ្យពហុបក្ស។
មានរចនាសម្ព័ន្ធប្រសូតចេញពីសង្គមស៊ីវិល ការដឹកនាំ “កិច្ចចរចា” រវាងបក្សអ៊ីស្លាមនិយម Ennahda កំពុងកាន់អំណាច និងបក្សប្រឆាំង ដើម្បីនាំប្រទេសឱ្យដើរចេញពីវិបត្តិនយោបាយ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ២៥តុលា ២០១៣ ក្នុងកម្មវត្ថុបង្កើតរដ្ឋាភិបាលឯករាជ្យ និងអនុម័តរដ្ឋធម្មនុញ្ញថ្មី។
ក្រុមដឹកនាំការចរចាជាតិ គឺជាបន្សំចតុភាគី ៖ សហជីពសហភាពការងារទុយនីស៊ី សហព័ន្ធនិយោជក Utica សម្ព័ន្ធសិទ្ធិមនុស្ស និងក្រុមមេធាវីជាតិ បានចាប់ដៃគ្នាធ្វើសកម្មភាពដោះស្រាយវិបត្តិនយោបាយជាតិ។ អង្គការទាំងបួននេះ បានចារឈ្មោះក្នុងប្រវត្តិសាស្ត្រទុយនីស៊ី ដោយក្លាយខ្លួនជាអ្នកចរចា ជាមួយបក្សនយោបាយ លើផែនទីចង្អុលផ្លូវដ៏ច្បាស់លាស់ រហូតសម្រេចការអនុម័តច្បាប់រដ្ឋធម្មនុញ្ញ នៅខែមករា២០១៤។
លទ្ធផលដែលបានជំរុញឱ្យនាយករដ្ឋមន្ត្រីបក្សអ៊ីស្លាមនិយម Ennahda និងបានធ្វើឱ្យជម្លោះរវាងបក្សអ៊ីស្លាមនិយម និងបក្សប្រឆាំងអ៊ីស្លាមបានធូរស្បើយ។ ហើយក្នុងរយៈពេលតែមួយឆ្នាំ ទុយនីស៊ីបានបោះឆ្នោតជាថ្មី នាំលោក អេស៊ិបស៊ីជាក្លាយជាប្រធានាធិបតី។
រង្វាន់ណូបែលសន្តិភាពដែលឧទ្ទិសដល់ជោគជ័យនៃដំណើរឆ្លងអន្តរកាលទៅរកលទ្ធិប្រជាធិបេតយ្យទុយនីស៊ីនេះ បានទទួលការស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាន។
សមាសភាពគណៈកម្មាធិការណូបែល
រង្វាន់ណូបែល គឺជាមរតកបន្សល់ទុកដោយលោក អាល់ហ្វេត ណូបែល សម្រាប់ប្រគល់ជូនដល់ឥស្សរជននយោបាយ ឬសហគមន៍ណាដែលបានចំណាយ-ពលីកម្លាំង ដើម្បីសន្តិភាពមនុស្សធម៌ សិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋ។ តាមបណ្តាំរបស់លោកណូបែល ជ័យលាភីត្រូវសម្រេចជ្រើសរើសដោយគណៈកម្មាធិការមួយ គឺគណៈកម្មាធិការណូបែល។
គណៈកម្មាធិការនេះ មានសមាជិក៥នាក់ បោះឆ្នោតជ្រើសតាំងដោយសភាន័រវែស។
តាំងពីថ្ងៃទី ១ កុម្ភៈមក គណៈកម្មាធិការបានទទួលសិក្សាបេក្ខភាពជ័យលាភីណូបែលសន្តិភាពមកពីគ្រប់ជ្រុងនៃពិភពលោក និងត្រូវរក្សាជាសម្ងាត់រហូតដល់ថ្ងៃទី ៩ តុលា ថ្ងៃប្រកាសលទ្ធផលជាផ្លូវការ។ ពួកគេតែងជួបពិភាក្សាគ្នា ជារៀងរាល់ខែដើម្បីស្វែងរកការព្រមព្រៀងលើឈ្មោះជ័យលាភី។ មានតែ សមាជិកគណៈកម្មាធិការ ទាំង៥នាក់ និងលេខាម្នាក់ប៉ុណ្ណោះ ដែលដឹងឈ្មោះបេក្ខជនណូបែលសន្តិភាព។
ភាពចម្រូងចម្រាសផ្ទៃក្នុង
ជាលើកទីមួយក្នុងប្រវត្តិគណៈកម្មាធិកាណូបែល ដែលបង្កើតឡើងតាំងពីឆ្នាំ១៩០១ ក្នុងថ្ងៃជួបប្រជុំការងារជាលើកដំបូង កាលពីខែមីនា ស្រាប់តែមានការប្តូរផ្លាស់ប្រមុខដឹកនាំកណ្តាលទី បើទោះបីជាប្រធានបានប្រកាសជាសាធារណៈចង់រក្សាតួនាទីដដែលក៏ដោយ។ អនុប្រធានគឺលោកស្រី Kaci Kullmann Five បានឡើងមកធ្វើប្រធានជំនួស ដោយគ្មានការពន្យល់បំភ្លឺអ្វីទាំងអស់។ ឯលោក Thorbjorn Jagland ជាប្រធានត្រូវបានទម្លាក់មកត្រឹមជាសមាជិកធម្មតាវិញ។
ការប្តូរផ្លាស់ដោយឥតគ្រោងទុកនេះ បានចិញ្ចឹមចិត្តឱ្យគ្រប់គ្នាចោទសួរអំពីធាតុពិតនៃឯករាជភាពរបស់គណៈកម្មាធិការ ថាមិនស្ថិតនៅក្រោមឥទ្ធិពលឬសម្ពាធរបស់អ្នកកាន់អំណាចន័រវែស។ ន័រវែសដែលតាំងពីឆ្នាំ២០១៣មក អ្នកស្តាំនិយម មានសំឡេងភាគច្រើននៅក្នុងសភា ទើបអាចធ្វើការប្តូរផ្លាស់ថ្នាក់ដឹកនាំគណៈកម្មាធិការបច្ចុប្បន្ននេះបាន។
លើសពីនេះទៅទៀត អតីតលេខារយៈពេល២៥ឆ្នាំរបស់គណៈកម្មាធិការលោក Geir Lundestad ទើបបានចេញផ្សាយសៀវភៅ ទម្លាយថា ប្រធានគណៈកម្មាធិការដែលទើបខ្ទាតចេញពីតំណែងកាលពីមីនា និងប្រធានថ្មី សុទ្ធតែជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ ប៉ុន្តែខ្សោយ។ ខ្សោយសម្រាប់ប្រឈមនឹងសម្ពាធពីខាងក្រៅ។ បើតាមអតីតលេខាគណៈកម្មាធិការដដែល កាលពីឆ្នាំ២០១០ រដ្ឋមន្ត្រីការបរទេសន័រវែស បានលូកដៃចូលមកព្រមានប្រធានគណៈកម្មាធិការ ដល់ទៅពីរលើក អំពីផលវិបាកអវិជ្ជមានចំពោះន័រវែស ទាក់ទងនឹងការផ្តល់ជ័យលាភីដល់សកម្មជនសិទ្ធិមនុស្សចិន លីវ សៀបូ។ សម្រាប់អតីតលេខាគណៈកម្មាធិការណូបែល នេះគឺជាការសាកល្បងជ្រៀតជ្រែក ដាក់សម្ពាធលើគណៈកម្មាធិការពីសំណាក់អ្នកនយោបាយន័រវែស។
រង្វាន់ណូបែលសន្តិភាពនិងរឿងអាស្រូវ
ដោយឡែក ក្នុងរយៈពេលគណៈកម្មាធិការមានលោក Thorbjorn Jagland ជាប្រធាន ការផ្តល់ជ័យលាភីតែងមានភ្ជាប់ដោយរឿងអាស្រូវជានិច្ច ៖ នៅឆ្នាំ២០០៩ ជ័យលាភីរង្វាន់ណូបែលសន្តិភាពត្រូវប្រគល់ទៅឱ្យលោកអូបាម៉ា ដែលទើបបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មិនទាន់ទាំងបានធ្វើការអ្វីច្បាស់លាស់ផង។ នៅឆ្នាំ២០១២ គណៈកម្មាធិការសម្រេចផ្តល់ជ័យលាភីឱ្យសហភាពអឺរ៉ុប ក្នុងខណៈដែលលោក Thorbjorn Jagland ខ្លួនឯងមានតួនាទីទីពីរគឺប្រធានក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកការពារលទ្ធិប្រជាធិបតេយ្យ។ តើទាំងនេះអាចបញ្ជាក់បានពីកង្វះឯករាជភាពរបស់គណៈកម្មាធិការណូបែលបានទេ ?!
គណៈកម្មាធិការពង្រឹងឯករាជភាព
ដោយសារតែរឿងអាស្រូវ និងការទម្លាយព័ត៌មានដ៏ចម្រូងចម្រាសនេះហើយ បានជានៅឆ្នាំនេះ គណៈកម្មាធិការ ខ្មូរមុខយ៉ាងខ្លាំង និងបានធ្វើការយ៉ាងប្រុងប្រយ័ត្នបំផុតលាក់មុខ គ្មានការធ្លាយព័ត៌មានអ្វីរអេករអូចទាក់ទងនឹងឈ្មោះបេក្ខជនជ័យលាភីអ្វីសោះ រហូតទាល់តែដល់ម៉ោងប្រកាសផ្លូវការ នៅថ្ងៃសុក្រនេះតែម្តងទើបពិភពលោកបានដឹង។ ប៉ុន្តែទាំងនេះ ប្រហែលជាគ្មានឥទ្ធិពលអ្វីទៅលើជម្រើសជ័យលាភីទេ ! សូមបញ្ជាក់ថា រង្វាន់ណូបែលសន្តិភាព ជារង្វាន់នយោបាយ។ គណៈកម្មាធិការ មិនដែលភ័យខ្លាចនឹងការរិះគន់ ឬការតស៊ូមតិអ្វីទាក់ទងនឹងសេចក្តីសម្រេចផ្តល់រង្វាន់ឡើយ។
ប៉ុន្តែចំពោះសមាភាពនៃគណៈកម្មាធិការវិញ អាចនឹងនៅបន្តជាភាពចម្រូងចម្រាសច្រើនឆ្នាំទៅមុខទៀត។ ជាធម្មតា សមាជិកគណៈកម្មាធិការ គឺជាឥស្សរជននយោបាយ ជាបញ្ញាវន្ត ជាសាស្ត្រាចារ្យសកលវិទ្យាល័យមានឯកទេសផ្នែកនយោបាយភូមិសាស្ត្រ ច្បាប់ ឬវិទ្យាសាស្ត្រនយោបាយ ... នៅថ្ងៃក្រោយ អតីតនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីការបរទេស អាចនឹងត្រូវលែងឈរឈ្មោះឱ្យសភាបោះឆ្នោតជាសមាជិកគណៈកម្មាធិការផង ដើម្បីពង្រឹងឯករាជភាពគណៈកម្មាធិការណូបែល។ តែគ្រប់សមាជិកទំនងសុទ្ធតែជាឥស្សរជនជាតិន័រវែសទាំងអស់ គ្មានបរទេសណាអាចចូលក្នុងរង្វង់ណូបែលដែលជាកាដូមិនអាចកាត់ថ្លៃបានរបស់លោកអាល់ហ្វ្រេត ណូបែល សម្រាប់ន័រវែសឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ