អានតួអត្ថបទ
បេឡារុស្ស៊ី

បោះឆ្នោត​ប្រធានាធិបតី​នៅ​បេឡារុស្ស៊ី ​អាណត្តិទីប្រាំ​​របស់​​លោក លូកាឆិនកូ

ថ្ងៃ​អាទិត្យ ​ទី​ ១១​ តុលា​នេះ ​ប្រជាជន​បេឡារុស្ស៊ី ​ត្រូវ​ទៅ​កាន់​បន្ទប់​បោះឆ្នោត​ ដើម្បី ​ជ្រើសរើស ​ប្រធានាធិបតី អាណត្តិ ថ្មី។ លោក​ប្រធានាធិបតី​ចប់​អាណត្តិ ​អាឡិចសង់ដ្រ៍ លូកាឆិនកូ ​បាន ឈរ ឈ្មោះ សម្រាប់ អាណត្តិ ទី៥ របស់ ខ្លួន ​ម្តង​ទៀត។ តាម​ការ​រំពឹង​ទុក ​លទ្ធផល​វា​នឹង​មិន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ទេ ​ដោយសារ​លោក ​លូកាឆិនកូ អាច នឹង​ជាប់​ឆ្នោត​ជា​ថ្មី​ម្តង​ទៀត ​ព្រោះ​គ្រប់​យ៉ាង​ត្រូវ​បាន​រៀប​ចំ ​ដើម្បី ​ឲ្យ ​លោក បន្តក្តោប​ក្តាប់​អំណាច ​ដោយ​គ្មាន​បារម្ភ​ ព្រោះ​ក្រុម​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ទេ។ ការ​បោះឆ្នោត​នេះ​ដែរ ​ក៏​គឺ​ជា​ការ​កំណត់​វាសនា​របស់​ប្រទេស​បេឡារុស្ស៊ី ​ថា​ត្រូវ​បោះ​ដៃ​ទៅ​ចាប់​អ្នកណា ​រវាង​សហភាព​អឺរ៉ុប ​និង​មហា​យក្ស​រុស្ស៊ី។

លោក លូកាឆិនកូ (ខាងឆ្វេង) ប្រធានាធិបតី​បេឡារុស្ស៊ី  និងលោក ពូួទីន ​ក្នុងពេល​ជំនួប​ទ្វេរភាគី
លោក លូកាឆិនកូ (ខាងឆ្វេង) ប្រធានាធិបតី​បេឡារុស្ស៊ី និងលោក ពូួទីន ​ក្នុងពេល​ជំនួប​ទ្វេរភាគី REUTERS/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

ប្រទេស​បេឡារុស្ស៊ី ​កន្លង​មក​មិន​សូវ​ជា​មាន​គេ​ដឹង​ឮ​ច្រើន​ទេ ​ដោយសារ​ប្រទេស​នេះ​វា​ស្ថិត​នៅ​ក្នុង​ម្លប់​របស់​រុស្ស៊ី។ សម្រាប់​សហភាព​អឺរ៉ុប​ គេ​ហៅ​ប្រទេស​នេះ​ថា ​ជា​ប្រទេស​ផ្តាច់ការ​ អតីត​កូន​ចៅ​របស់​សហភាព​សូវៀត ​ដែល​នៅ​សល់​ចុង​ក្រោយ​គេ​នេះ ​នៅ​ទ្វីប​អឺរ៉ុប​សព្វ​ថ្ងៃ។ លោក ​ប្រធានាធិបតី ​ អាឡិចសង់ដ្រ៍ លូកាឆិនកូ ​កាន់​ដំណែង​តាំង​ពី​ឆ្នាំ ​១៩៩៤​មក ហើយ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នេះ ​គឺ​ជា​អាណត្តិ​ទី៥​ហើយ។

 
លោក​លូកាឆិនកូ ផ្អែម ​តែ​ផ្តាច់ការ៖
លោកស្រី​ ស្វេតឡាណា អាឡិចស៊ីវិឆ ​ជនជាតិ​បេឡារុស្ស៊ី ​ដែល​ ជា​ជ័យ​លាភី​ណូបែល​ អក្សសិល្ប៍ ​ឆ្នាំ​២០១៥​នេះ ​បាន​ហៅ​របប​របស់​លោក ​ប្រធានាធិបតី​លូកាឆិនកូ​ ថា ​ជា​របស់​ផ្អែម ​តែ​ផ្តាច់ការ។ ផ្អែម​យ៉ាង​ម៉េច?​​គឺថា ​ រដ្ឋាភិបាល ​លោក​ លូកាឆិនកូ ​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ទិញ​ទឹក​ចិត្ត​ប្រជាជន ​ដោយ​យក​លេស​ថា ​ដោយសារ​គេ​ហើយ​ ទើប​មាន​សន្តិភាព។

បន្តែ​នៅ​ពី​ក្រោយ​ខ្នង ​របប​នេះ ​បាន​ចាប់​អ្នក​ប្រឆាំង ​បំបិទ​មាត់​សម្លេង​រិះគន់​ទាំង​អស់។ ជាក់ស្តែង ​ការ​បោះឆ្នោត​អាណត្តិ​មុន​ កាល​ពី​ឆ្នាំ ​២០១០ ​រដ្ឋាភិបាល​លោក ​លូកាឆិនកូ ​បាន​ប្រើ​ធម៌​ក្តៅ ​ចាប់​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង ​ប្រហែល​៧០០​នាក់​ ដាក់​ឃុំ។ ផ្អែម​ម្យ៉ាង​ទៀត ​គឺ​ផ្អែម​ត្រង់​ថា ​លោក​លូកាឆិនកូ ​ចេះ​យក​ចិត្ត​ទាំង​សហភាព​អឺរ៉ុប ​ទាំង​ខាង​រុស្ស៊ី។

ប្រកួត​តែ​ម្នាក់​ឯង ​ឈ្នះ​តែ​ម្នាក់ឯង៖

ទាហាន​កំពុងហាមឃាត់​ក្រុម​បាតុករ​ដែលធ្វើ​ការប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១០ ដែលគេ​ចោទថា​មានការ​​បន្លំសន្លឹក​ឆ្នោត
ទាហាន​កំពុងហាមឃាត់​ក្រុម​បាតុករ​ដែលធ្វើ​ការប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១០ ដែលគេ​ចោទថា​មានការ​​បន្លំសន្លឹក​ឆ្នោត REUTERS/Vasily Fedosenko

សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិថ្មី​នេះ ​ ក្រៅ​ពី​លោក​លូកាឆិនកូ ​គឺ​មាន​បេក្ខជន​បី​ផ្សេង​ទៀត ​ដែល​តាម​ការ​សន្និដ្ឋាន ​មិន​សូវ​មាន​គេ​ស្គាល់​ទេ។ ពោល​គឺ​គេ​ដាក់​ឈ្មោះ​មក ​ ដើម្បី​ឲ្យ​គ្រាន់តែ​ល្អ​មើល​ប៉ុណោ្ណះ។ មាន​បេក្ខជន​ម្នាក់​ដែរ​ ដែល​គេ​សង្កេត​ឃើញ​ថា ​បាន​ធ្វើការ​ឃោសនា​បោះឆ្នោត​ រាង​សកម្ម ​គឺ​លោកស្រី ​តាត្យ៉ាណា កូរ៉ូកឺវិឆ ​អាយុ​៣៨​ឆ្នាំ។ ​បើតាម​ការ​ស្ទាបស្ទង់​ស្ថិតិ ​លោកស្រី​អាច​បាន​សម្លេង​ឆ្នោត​ ​ប្រហែល​១៨%។ ផ្ទុយ​ទៅវិញ ​សកម្មជន​ខាង​បក្ស​ប្រឆាំង ​ដែល​មាន​ការ​គាំទ្រ​ច្រើន​នោះ ​ត្រូវ​បាន​គេ​ហាម​ឃាត់ ​មិន​ឲ្យ​ឈរ​ឈ្មោះទេ។ គណកម្មការ​រៀបចំ​ការ​បោះឆ្នោត ​បាន​ធ្វើ​គ្រប់​មធ្យោបាយ ​ដើម្បី​រារាំង ​ក្រុម​គណបក្ស​ប្រឆាំង ​មិន​ឲ្យ​ឈរ​ឈ្មោះ​បាន។ ដូច្នេះ​ហើយ ​បាន​ជា​គណបក្ស​ប្រឆាំង ​ បាន​ធ្វើ​ពហិកា ​មិន​នាំគ្នា​ទៅ​បោះឆ្នោត។

សកម្មជន​គណបក្ស​ប្រឆាំង​ដ៏​ល្បី​ម្នាក់​ឈ្មោះ ​មីកូឡា ស្តាតកឺវិឆ ​ ដែល​ទើប​ត្រូវ​គេ​ដោះលែង​ពី​គុក​ កាល​ពីខែ​សីហា​កន្លង​ទៅ ​ក៏​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ឈរ​ឈ្មោះ​ដែរ។ សកម្មជន​ប្រឆាំង​រូប​នេះ ​បាន​បញ្ជាក់​ដែរ​ថា ​ តាម​ពិត​ការ​ធ្វើ​ពហិកា ​វា​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ទន់​ជ្រាយ ​ក៏​ប៉ុន្តែ​លោក​ថា ​ ​តើ​ទៅ​បោះឆ្នោត​មាន​ន័យ​អ្វី ​ បើ​ខាង​គណបក្ស​ប្រឆាំង ​គ្មាន​បេក្ខជន​របស់​ខ្លួន​សូម្បី​តែ​ម្នាក់។​ តើ​ឲ្យ​ប្រជាជន​បោះ​ឲ្យ​អ្នក​ណា? វា​ច្បាស់​ណាស់​ ដែល​ថា​ លោក ​ប្រធានាធិបតី ​លូកាឆិនកូ ​នឹង​ជាប់​ឆ្នោត​ម្តង​ទៀត។

រុស្ស៊ី ​រឺ​សហភាពអឺរ៉ុប? លូកាឆិនកូ​ ជើង​មួយ​ជាន់​ទូក​ពីរ៖
ទាក់ទិន​ នឹង​ចំណុច​នេះ ​គឺ​យើង​សង្កេត​ឃើញ​ថា ​នយោបាយ​របស់​លោក លូកាឆិនកូ ​  ហាក់​កំពុងតែ​ផ្លាស់ប្តូរ ​ក៏​ប៉ុន្តែ​មាន​ការ​ប្រុង​ប្រយត្ន័។ បើ​និយាយ​ទៅ ​គឺ​ថា​វា​ជា​ជម្រើស​មួយ​ ដែល​ត្រូវតែ​ធ្វើ​ដោយ​ប្រថុយប្រថាន​ណាស់ ​ ព្រោះ​ថា ​បេឡារុស្ស៊ី ​បាន​ឃើញ​គម្រូ​របស់​អ៊ុយក្រែន​ រួច​មក​ហើយ។ ដោយសារ​តែ​អ៊ុយក្រែន ​រត់​ទៅ​ឱប​ជើង​សហភាព​អឺរ៉ុប ​នឹង​ហើយ ​បាន​ជា​រុស្ស៊ី ​ចាប់​ខោក ​ស្ទើរ​ស្លាប់​ស្ទើរ​រស់។ ហើយ​បេឡារុស្ស៊ី ​ក៏​មិន​សូវ​ជា​សង្ឃឹម​ដែរ​ ថា​ពេល​មាន​ការ​អី​ទៅ ​ តើ​សហភាព​អឺរ៉ុប ​មាន​កម្លាំង​គ្រប់គ្រាន់ មក​ជួយ​ការពារ​ខ្លួន​រឺ​អត់។

តាំង​ពី​ដើម​មក ​លោក​លូកាឆិនកូ​នេះ ​តែងតែ​ព្យាយាម​នៅ​កណ្តាល ​ ឯករាជ្យ ​ ហើយ​ក្រេប​យក​ផល​ចំណេញ​ទាំង​សងខាង។ ជា​ឧទាហរណ៍ ​ទាក់ទិន​នឹង​សង្រ្គាម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ​លោក​លូកាឆិនកូ ​ បាន​ធានា​ខ្លួន​ជា​ប្រទេស​ម្ចាស់​ផ្ទះ ​ដោយ​យក​ទីក្រុង​មីនស្គ៍ ​ជា​កន្លែង​ចរចា​សន្តិភាព​នៅ​អ៊ុយក្រែន។ ក្នុង​សំណុំ​រឿង​អ៊ុយក្រែន​ដដែល​នេះ ​យើង​សង្កេត​ឃើញ​ថា ​លោក​លូកាឆិនកូ ​មាន​ទំនោរ​ទៅកាន់​អឺរ៉ុប​ជាង​ទៅ​ខាង​រុស្ស៊ី ​ ដោយសារ ​លោក​លូកាឆិនកូ ​បាន​ចេញមុខ​ប្រឆាំង​ទៅ​នឹង​ការ​ឈ្លានពាន​តំបន់​គ្រីម៉េ ​ដែល​រុស្ស៊ី​លើក​ទ័ព​ ទៅ​ដណ្តើម​ពី​អ៊ុយក្រែន ​កាល​ពី​ឆ្នាំ​ទៅ។

ហើយ​ថ្មីៗ​ចុង​ក្រោយ​នេះ ​រុស្ស៊ី​បាន​ស្នើ​ទៅ​បេឡារុស្ស៊ី ​ថា​សុំ​ធ្វើ​សហប្រតិបត្តិការ​យោធា ​ ដោយ​បើក​ដែន​អាកាស​ ឲ្យ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​កាត់ ​ហើយ​នឹង​បង្កើត​មូលដ្ឋាន​យោធា​រុស្ស៊ី​មួយ ​ នៅ​បេឡារុស្ស៊ី។ សំណើរ​ទាំង​នេះ ​ត្រូវ​លោក ​លូកាឆិកូ ​បដិសេធ​ទាំង​អស់។ តាម​រយៈ​គោល​ជំហរ​នេះ ​ លោក​លូកាឆិនកូ ​ចង់​បង្ហាញ​ថា ​ លោក​មិន​មែន​ជា​អាយ៉ង​របស់​រុស្ស៊ី​ទេ ​ហើយ​រដ្ឋាភិបាល​លោក​ មាន​នយោបាយ​អព្យាក្រិត្យ ត្រឹមត្រូវ។

ដើរ​ចេញ​ពីរុស្ស៊ី ​ដូច​ផ្កាប់​ឆ្នាំង​បាយ​ខ្លួន​ឯង៖
ការ​នាំ​ចូល​ស្ទើរ​តែ​ទាំង​ស្រុង ​នៅ​បេឡារុស្ស៊ី ​គឺ​រំពឹង​លើ​ផលិតផល​របស់​រុស្ស៊ី ​ ជា​ពិសេស​គឺ​វត្ថុធាតុ​ដើម​សំខាន់ៗ ​ ដូច​ជា​ឧស្ម័ន​ហ្គាស ​និង​ប្រេង​ឥន្ធនៈ​ជាដើម។ ការ​នាំចេញ​នាំចូល​ ជាមួយ​រុស្ស៊ី ​វា​សំខាន់​មួយ​ហើយ ​តែ​មួយ​ទៀត ​គឺ​លុយ​ឥណទាន ​រឺ​ប្រាក់​កម្ចី ​ដែល​រុស្ស៊ី​ផ្តល់​ឲ្យ​រៀង​រាល់​ឆ្នាំ ​ឲ្យ​រដ្ឋាភិបាល​របស់​លូកាឆិនកូ។ ពោល​គឺ​ដូច​ជា​រុស្ស៊ី​ព្យួរ​សេរូម​ឲ្យ​អញ្ចឹង។

ក៏​ប៉ុន្តែ​ឆ្នាំ​២០១៥​នេះ ​រុស្ស៊ី​មាន​បញ្ហា​ដែរ ​ដោយសារ​តែ​ទណ្ឌកម្ម ​ពី​សំណាក់​សហភាព​អឺរ៉ុប ​ទាក់ទិន​នឹង​សង្រ្គាម​អ៊ុយក្រែន។ ឆ្នាំ​នេះ​​ រុស្ស៊ី​បាន​ផ្តាច់​ជំនួយ ​ ទីមួយ​ដោយសារ​គេ​អត់​លុយ​ដែរ ​ ហើយ​ទីពីរ​គឺ​គេ​​ចង់​ធ្វើ​បាប​បេឡារុស្ស៊ី​ ដែល​មិន​ព្រម​ធ្វើ​តាម​គេ​បង្គាប់។ លោក​ អាឡិចសង់ដ្រ៍ ឈូព្រីក ​ សេដ្ឋវិទូ​បេឡារុស្ស៊ី​ម្នាក់​បញ្ជាក់​ថា ​ឆ្នាំ​២០១៥​នេះ ​រដ្ឋ​អត់​មាន​សល់​លុយ​ក្នុង​រតនាគារ​ទេ។ ហើយ​នេះ ​ក៏​ជា​សញ្ញា​មួយ​អាសន្ន​សម្រាប់ ​លោក​លូកាឆិនកូ ​ បើ​សិន​ជា​លោក​ចង់​បន្ត​ ទិញ​ទឹក​ចិត្ត​ប្រជាជន ​មិន​ឲ្យ​គេ​បះបោរ​ គឺ​ត្រូវ​រក​វិធី​យ៉ាងណា ​រក​ប្រាក់​ឲ្យ​គ្រប់គ្រាន់​ ដើម្បី​ធានា​ឲ្យ​មាន​សេវា​សាធារណៈ។
 

Nikolaï Statkevitch សកម្មជនគណបក្ស​ប្រឆាំង​ ជាប់គុក​៦ឆ្នាំ ដោយសារធ្វើ​​បាតុកម្ម​​ប្រឆាំង​ រដ្ឋាភិបាល​ លោក​លូកាឆិនកូ កាល​ពីឆ្នាំ​​២០១១
Nikolaï Statkevitch សកម្មជនគណបក្ស​ប្រឆាំង​ ជាប់គុក​៦ឆ្នាំ ដោយសារធ្វើ​​បាតុកម្ម​​ប្រឆាំង​ រដ្ឋាភិបាល​ លោក​លូកាឆិនកូ កាល​ពីឆ្នាំ​​២០១១ REUTERS/Vasily Fedosenko

លូកាឆិនកូ ​កំពុងតែ​កាច់​ចង្កូត ​បត់​ទៅ​រក​សហភាព​អឺរ៉ុប៖
ក្នុង​បរិបទ​ដែល​រុស្ស៊ី ​ធ្វើបាប ​យើង​សង្កេត​ឃើញ​ថា ​លោក ​លូកាឆិនកូ ​ដូច​ជា​ចាប់​ផ្តើម​ មើល​ឃើញ​គ្រោះថ្នាក់ ​បើ​សិន​ជា​នៅតែ​តាំងចិត្ត​នៅ​កណ្តាល ​មិន​ព្រម​ខិត​ទៅ​ជិត​សហភាព​អឺរ៉ុប។ កាល​ពី​ឆ្នាំ​២០១០​ ក្រោយ​ហេតុការណ៍​ហឹង្សា ​ចាប់​អ្នក​ប្រឆាំង​ដាក់​គុក ​ខាង​សហភាព​អឺរ៉ុប ​បាន​ដាក់​ចេញ​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាច្រើន ​ ទៅ​លើ​បេឡារុស្ស៊ី។ លោក​លូកាឆិនកូ ​ ក៏​គេ​សង្កេត​ឃើញ​ថា ​ប្រឹង​បន្ទន់​ឥរិយាបថ​ច្រើន​ដែរ​ដើម្បី​យកចិត្ត​សហភាព​អឺរ៉ុប ​ តួយ៉ាង​ តាម​រយៈ​ ការ​ដោះលែង​សកម្មជន​ប្រឆាំង​៦នាក់​  កាល​ពី​ខែសីហា​កន្លង​ទៅ។

តាម​ការ​ស្មាន ​ សហភាព​អឺរ៉ុប​ កំពុង​តែ​ស្ទាក់ស្ទើរ​ ថា​ត្រូវ​ដក​ទណ្ឌកម្ម​ចេញវិញ​រឺ​អត់ ​ ដើម្បី​អូស​បេឡារុស្ស៊ី ឲ្យ​មក​នៅ​ខាង​ខ្លួន​វិញ ​ឆ្លៀត​ពេល​ដែល​ប្រទេស​នេះ​កំពុងតែ​ត្រូវការ​ជំនួយ។ បើ​អឺរ៉ុប​បើក​ផ្លូវ ​ នោះ​បេឡារុស្ស៊ី ​និង​មាន​លទ្ធភាព​រក​ប្រាក់​ឥណទាន ​ពី​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ ហើយ​អ្នក​វិនិយោគ​ ក៏​ដោយ​មក​ទៅតាម​នឹង​ដែរ។

យ៉ាងណាក៏ដោយ​ អាណត្តិ​ទី​៥ ​របស់​លោក ​លូកាឆិនកូ​ គឺ​លោក​សង្ឃឹម​ឈ្នះ​យ៉ាង​ស្រួល​ ក៏​ប៉ុន្តែ​ឈ្នះ​ហើយ មិន​ប្រាកដ​ថា​ស្រួល​ទេ ​ ព្រោះ​រុស្ស៊ី ​ប្រាកដ​ជា​មិន​ទុក​បេឡារុស្ស៊ី ​ឲ្យ​នៅ​បាន​សុខ​ទេ ​ បើសិន​ជា​ប្រទេស​នេះ​ហ៊ាន ​តែ​ក្បត់​រុស្ស៊ី​ពេញ​មុខ ​ បត់​ក្បាល​ទៅ​ខាង​អឺរ៉ុប។ គ្រោះ​ថ្នាក់​ នៅ​មាន​តទៅ​ទៀត ​សម្រាប់​លោក លូកាឆិនកូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ