អានតួអត្ថបទ

រុស្ស៊ី ៖ យន្តហោះ​បានបែកខ្ចាយជាបំណែកៗ តាំងពីក្នុងអាកាសម៉្លេះ

មុនធ្លាក់ដល់ដី នៅ​ខេត្ត​ស៊ីណៃ​ខាង​ជើង​នៃ​ប្រទេស​អេហ្ស៊ីប កាលពី​២​ថ្ងៃ​មុន យន្តហោះ​រុស្ស៊ី បាន​បែក​ខ្ចាយ​ជា​បំណែកៗ​តាំងពី​ក្នុង​អាកាស​នៅ​កំពស់​ខ្ពស់ ម៉្លោះហើយ​បាន​ជា បំណែកៗ​ទាំងនោះ សាច​ទៅ​លើ​ផ្ទៃដី​ដល់​ជាង ២០ គីឡូម៉ែត្រក្រឡា​ឯណោះ - សេចក្តី​សន្និដ្ឋាន​នេះ ធ្វើ​ដោយ​ប្រធាន​ក្រុម​អង្កេត​រុស្ស៊ី ដែល​បាន​ទៅ​ឃើញ កន្លែង​ធ្លាក់​នោះ​ដោយ​ផ្ទាល់​ភ្នែក។ មកពី​មូលហេតុ​នេះ បាន​ជា​គាត់​មិន​បដិសេធ​ឡើយ អំពី​ការបកស្រាយ ដែល​មាន​ធ្វើ​ឡើង ជុំវិញ​សោកនាដកម្ម​នេះ ដែល​បាន​ផ្តាច់​ជីវិត​អ្នកដំណើរ​ក្នុង​យន្តហោះ ទាំង​២២៤​នាក់។

បំណែក​យន្តហោះ​មួួ​យ​ដុំ​ ដែល​ខ្ទាត៥​គីឡូម៉ែត្រ​​លើ​វាល​ខ្សាច់​ស៊ីណែ
បំណែក​យន្តហោះ​មួួ​យ​ដុំ​ ដែល​ខ្ទាត៥​គីឡូម៉ែត្រ​​លើ​វាល​ខ្សាច់​ស៊ីណែ AFP/HO/SELIMAN AL-OTEIFI
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្រុម​អង្កេត ដែល​ជា​នាយក​ប្រតិបត្តិ នៃ គណៈកម្មាធិការ​អាកាសចរណ៍​អន្តររដ្ឋ លោក Victor Sorochenko ក្រោយពី​បាន​ឃើញ​កន្លែង​ធ្លាក់​នៃ​យន្តហោះ​រុស្ស៊ី ដោយ​ផ្ទាល់​ភ្នែក បាន​ថ្លែង​ទៅ​ពួក​អ្នក​កាសែត​ថា ៖ កន្លែង​ដែល​បំណែកៗ​របស់​យន្តហោះ​នោះ បែក​សាច​លើ​ដី មាន​រាង​ជា​ពងក្រពើ បណ្តោយ​ដល់​ទៅ​៨គ.ម. និង ទទឹង ៤គ.ម. គឺ ក្នុង​ផ្ទៃក្រឡា ដល់​ទៅ​ជាង ២០គ.ម.ការ៉េ ហេតុ​ដែល​ស​ឲ្យ​ឃើញ​ថា តួ​យន្តហោះ មុន​ធ្លាក់​ដល់​ដី បាន​បែក​សាច​ជា បំណែកៗ តាំងពី​នៅ​ក្នុង​អាកាស​កំពស់​ខ្ពស់។

 
ទីភ្នាក់ងារពត័មាន​ផ្លូវការ​រុស្ស៊ី Itar-Tass យោង​ទៅ​លើ​ប្រភព​ខ្លួន ផ្សាយ​ថា​យន្តហោះ​នោះ មិន​គ្រាន់​តែ​បែក​សាច​តួ​ខ្លួន​វា​ជា​បំណែកៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ឆេះ​ក្នុង​អាកាស​ទៀត​ផង។

តាម​លោក​ប្រធាន​ក្រុម​អង្កេត នៅពី​មុខ​ស្ថានការណ៍​ថ្មី គប្បី​តែ​លើក​យក​មក​ពិនិត្យ​មើល ដោយ​កុំ​រំលង​ឡើយ គ្រប់​តែ​សេណារីយ៉ូ នៃ​ការបកស្រាយ​ជុំវិញ​សោកនាដកម្ម​នេះ។

កាសែតក្រុងម៉ូស្គូ Kommersant លេខ​ថ្ងៃ​នេះ ចុះផ្សាយ​សេណារីយ៉ូ ៣ បកស្រាយ​ដោយ​ពួក​អ្នក​ជំនាញ​ពាក់ព័ន្ធ​នឹង​ការបែកបាក់​តួ​ខ្លួន​យន្តហោះ តាំងពី​នៅក្នុង​អាកាស​ម៉្លេះ គឺ​ថា ៖
ទី១- មិន​អាច​បដិសេធ​ឡើយ អំពី​ការផ្ទុះ​ដែល​មាន​កម្លាំង​ខ្សោយ ក្នុង​ឥវ៉ាន់​ដែល​គរ​ទុក ក្នុង​បន្ទប់​វ៉ាលីស​របស់​យន្តហោះ។ គេលើក​ជា​ឧទាហរណ៍​គឺ​ការផ្ទុះ​ក្នុង​យន្តហោះ Boeing-747 ក្រុមហ៊ុន អាកាសចរណ៍​អាមេរិកាំង Pan American ក្នុង​អាកាស​លើ​ទី​ប្រជុំ​ជន​អង់គ្លេស Lockerby កាល​ក្នុង​ឆ្នាំ​១៩៨៨។ ក្រោយពី​អង្កេត​អស់​៣​ឆ្នាំ ទៅ​លើ​គ្រប់​បំណែក​ទាំងអស់​របស់​យន្តហោះ ទើប​គេ​បាន​រក​ឃើញ​ថា នៅ​ត្រង់​បំណែក​មួយ មាន​ប្រហោង ប៉ុន​ផ្លែ​ឪឡឹក ដែល​បណ្តាល​មក​ពី ការផ្ទុះ​នៃ​គ្រាប់​បែក​មួយ​តូច លាក់​ទុក​ដោយ​ភេរវជន ជាតិ​លីប៊ី ក្នុង​កូន​រ៉ាដ្យ៉ូ នៅ​ក្នុង​វ៉ាលីស នៃ​បន្ទប់​សម្រាប់​រក្សា​ទុក​ឥវ៉ាន់ របស់​អ្នក​ធ្វើ​ដំណើរ។

ទី២- អាចមកពី​តួខ្លួន​យន្តហោះ សឹក​រិល ហើយ​បណ្តាល​ឲ្យ​មាន​ស្នាមប្រេះ។ គេ​ចាប់​អារម្មណ៍​ថា យន្តហោះ Airbus 321 នោះ កាលក្នុង​ឆ្នាំ​២០០១ ពេល​ចុះ​ចត​នៅក្រុង Caire បាន​ថ្លោះធ្លោយ ឲ្យ កន្ទុយ​វា​បុក​ប៉ះ​ដី។

ទី៣-មកពីម៉ូទ័រវា ដើរ​ខុស​ទាស់ ហើយ​ប៉ែល​យន្ត​របស់​ម៉ូទ័រ ដែល​វិល​ដោយ​ល្បឿន​សែន​ខ្លាំង ស្រាប់​តែ​កាត់​ចៀរ​មុន​ដំបូង​គឺ​ស្លាប​យន្តហោះ រួច​បន្ទាប់​មក តួ​ខ្លួន​វា តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ