ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អឺរ៉ុប

ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឱ្យអ្នក​​ក្រ​កាន់​តែ​ក្រ

media  
ភាព​រាំងស្ងួត​នៅ​ប្រទេស​ចិន DR 中文网络照片

សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​នៅ​ក្រុង​ប៉ារីស COP២១ កាន់​តែ​ខិត​ចូល​មក​ដល់ ភាព​អាសន្ន​ក៏​រត់​តាម​យ៉ាង​ប្រកិត​ពី​ក្រោយ ! ពិភពលោក​មើល​ឃើញកាន់​តែ​ច្បាស់ឡើងៗ​ការ​គំរាមកំហែង​ធម្មជាតិ​កាន់តែ​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ និង​របស់​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ទី ៨ វិច្ឆិកាម្សិលមិញ។ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​ឡើង​កម្តៅ​នៃ​ភពផែនដី តែ​ត្រឹម​២អង្សារ​នេះ​ក៏​ដោយ​ ក៏​នឹង​ធ្វើ​ឱ្យ​ទឹក​សមុទ្ទ​ឡើង​កម្ពស់ ជន់​លិច​ក្រុង​ធំៗ​ជា​ច្រើន​ជាពិសេស​នៅ​អាស៊ី។ ប្រជាពលរដ្ឋ​ជាង​១០០​លាន​នាក់​បន្ថែម​ទៀត​នឹង​ធ្លាក់​ខ្លួន​រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

ម្សិលមិញ​ធនាគារ​ពិភពលោក​ បាន​ចេញ​របាយ​ការណ៍​មួយ​ ទាញ​សញ្ញា​អាសន្ន​ ព្រមាន​ថា បើ​គ្មាន​វិធានការ​ទប់​ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ កញ្ចក់​ និង​នយោបាយ​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​និរន្តភាព​ទេ នោះ​នឹង​មាន​មនុស្ស​ជាង​១០០លាន​​នាក់​ថ្មី​ទៀត នឹង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង នៅ​១៥​ឆ្នាំ​ខាង​មុខតែ​ម្តង។

 

ហើយ​គ្មាន​អ្វី​គួរ​ឱ្យ​ចម្លែក ! អ្នក​ដែល​រង​គ្រោះ​មុន​គេ គឺ អ្នកក្រ​ បាន​ន័យ​ថា អ្នក​ក្រ​កាន់​តែ​ក្រ​ខ្លាំង អ្នកយ៉ាប់យឺនជីវភាព នឹង​ធ្លាក់​ក្រោម​បន្ទាត់​ក្រ៖ អ្នក​ក្រ​នៅ​ទ្វីប​អាហ្វ្រិក​ និង​អាស៊ី​ខាង​ត្បូង ព្រោះ​​ការប្រែប្រួល​អាកាសធាតុ (ទឹកជំនន់ ភាព​រាំងស្ងួត...)​​ គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព​និង​សន្តិសុខ​ចំណីអាហារ។ អ្នកក្រ​ចំណាយ​ខ្លាំង​តែ​លើ​បញ្ហា​ក្រពះ (៦០%​នៃ​ប្រាក់​ចំណូល) បើ​អា​ហារ​ឡើង​ថ្លៃ ផលកសិកម្ម​ទាប តើ​ពួក​គេ​ត្រូវ​រស់​យ៉ាងណា។​ អ្នកក្រ​​មាន​ជម្រករខេករខាក​ និង​ច្រើន​រស់​នៅ​តំបន់​ងាយ​រងគ្រោះ ដោយ​​អាកាសធាតុ។ ធនាគារ​ពិភពលោក​បាន​លើ​ជា​ឧទាហរណ៍​ជាក់​ស្តែងថា​ ប្រជាជន​ក្រីក្រ​ឥណ្ឌូណេស៊ី​មាន​ហានិភ័យ​ខ្ពស់​ខាង​ជួប​គ្រោះ​ទឹក​ជំនន់​ ៣០% និង​​ជួប​គ្រោះ​រាំងស្ងួត​៥០%​លើស​គេធម្មតា។ ជាង​នេះ​ទៅ​ទៀត​ ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​ ២​ឬ​៣​អង្សារ​ អាច​នឹង​បង្កើន​ចំនួន​ជន​រងគ្រោះ​ផ្នែក​សុខភាព​ដល់​ទៅ​៥%​ ឬ​ស្មើ​នឹង​១៥០លាន​នាក់ ​បន្ថែម​ទៀត​ត្រូវ​ប្រឈម​នឹង​ជំងឺ​គ្រុនចាញ់។
 
របាយការណ៍​ដែល​មាន​ឈ្មោះ​ថា “Shock waves : managing the impacts of climate change on poverty” ជា​ការ​ដាស់​តឿន​រំលឹក​អំពី​ភាព​កាត់​ផ្តាច់​បាន​រវាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែន​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ។ មិន​អើ​ពើ​នឹង​អាកាសធាតុ នឹង​ធ្វើ​ឱ្យ​កម្មវត្ថុ​លុប​បំបាត់​ភាព​ក្រីក្រ​ពិបាក​សម្រេច។ ដូច្នេះ​ហើយ​បាន​​ជា​ធនាគារ​ពិភពលោក​ ចង់​ឃើញ​ពិភពលោក​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម​ ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ទន្ទឹម​នឹង​នយោបាយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ភ្លាម​ចាប់​ពីពេល​នេះ​តែ​ម្តង បើ​យឺតយ៉ាវ​ មិន​តែ​មិន​អាច​សម្រេច​លុប​បំបាត់​ភាព​ក្រីក្រ​អស់​នៅ​ឆ្នាំ​២០៣០ទេ តែអាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ទៅ​វិញ។
 
ការ​ឡើង​កម្តៅ​នៃ​ភពផែន​ដី​ត្រឹម​២​អង្សារ​នេះ គ្រប់​គ្រាន់​នឹង​ធ្វើ​ឱ្យ​ក្រុង​ធំៗ​ដូច​ជា​ប៊ុមបេ​ សៀងសៃ ហុងកុង ​លិច
 
បើ​តាម​របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក​ ដែលមិន​​បាន​បញ្ជាក់​អំពី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​​ទេ បាន​​អះអាង​ថា​​បើ​​​ពាក្យ​សន្យា​របស់​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​ចង់​កំរិត​កម្តៅ​ភពផែនដី​ឱ្យ​ឡើង​ត្រឹម​ពីរ​អង្សារ ត្រូវ​បាន​គោរព​មែន​​ ក៏​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ បាន​ធ្វើ​ឱ្យ​ក្រុង​សៀងហៃ ប៊ុមបេ ឬ​ហុងកុង ហាណូយ តូក្យូ ហ្សាការតា ញូវយ៉ក នា​ពេល​អនាគត​យូរ​ អាច​លិច​បាត់​ដី​ទាំង​ស្រុង​ ឬ​មួយ​ភាគដែរ។​ និយាយ​ជា​រួម​គឺ​ប្រទេសក្នុង​តំបន់​អាស៊ី ត្រូវ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ គិត​ចាប់​ពី​ឥណ្ឌា បង់ក្លាដែស វៀតណាម​ ឥណ្ឌូណេស៊ី ជប៉ុន​ ហ្វីលីពីន ថៃ ភូមា អាមេរិក អេហ្ស៊ីប ប្រេស៊ីល ហូឡង់ ...
 
ឡើង​ពីរ​អង្សារ​ ទឹក​សមុទ្ទ​នឹង​ឡើង​​ស្រូប​ដី​ទំហំ​ប៉ុន​ប្រទេស​មួយ​មាន​ប្រជាជន​២៨០​លាន​នាក់ ហើយ​បើ​ឡើង​កម្តៅ​ដល់​៤អង្សារ​នោះ​នឹង​បាត់​ដី​សម្រាប់​មនុស្ស​៦០០​លាននាក់។ បើ​និយាយ​អំពីកំរិត​កម្ពស់​ទឹក​សមុទ្ទ​វិញ គេ​សន្និដ្ឋាន​ថា ជាមួយ​នឹង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​ជំរុញ​ឱ្យ​ភពផែន​ដី​អាច​ឡើង​កម្តៅ​៤​អង្សារ​ នោះ​ទឹកសមុទ្ទ​ឡើង​កម្ពស់​ ៨,៩ម៉ែត្រ បីអង្សារ​៦,៤ម៉ែត្រ ២អង្សារសមុទ្ទ​ចំណេញ​៤,៧ម៉ែត្រ។ បើត្រឹម​តែ​១,៥​អង្សារ​ដូច​ការ​ចង់បាន​របស់​ប្រទេស​តាមកោះ ទឹក​សមុទ្ទ​ឡើង​ត្រឹម​តែ​២,៩​ម៉ែត្រ​ទេ។
 
សន្និសីទ​អន្តរជាតិ​នៅ​ក្រុង​ប៉ារីស​ដើម​ខែ​ក្រោយ​នេះ មានកម្មវត្ថុ​ស្វែង​រក​ឱ្យ​ឃើញ​កិច្ចព្រមព្រៀង​ពិភពលោក ក្នុង​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្ទះ​កញ្ចក់ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ភពផែន​ដី​ឡើង​កម្តៅ​អាកាសធាតុ​លើស​ពី​ពីរ​អង្សារ។
 
នៅ​ថ្ងៃ​នេះ​ម៉ោង​នេះ ក្រុម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​មក​ពី​៦០​ប្រទេស កំពុង​សម្រុក​ជួប​ប្រជុំ​គ្នា​ដោយ​បិទ​ទ្វារ​ ជាមួយ​រដ្ឋមន្ត្រីការបរទេស​បារាំង នៅ​ទីក្រុង​ប៉ារីស។ ព្រោះ​ថា​សម្ពាធ​មាន​មក​ពី​គ្រប់​ទិស របាយការណ៍​ធ្លាក់​មក​ពី​គ្រប់​ជ្រុង ធនាគារ​ពិភពលោក អ្នក​ស្រាវជ្រាវ​អាមេរិក​ និងកាន់​តែ​ធ្ងន់ធ្ងរ​ទៀត អង្គការ​សហប្រជាជាតិ​ទើប​បាន​ចេញ​របាយការណ៍​មួយ​ថ្មី​ទៀត អំបាញ់​មិញ បញ្ជាក់​ថា​កំហាប់​នៃ​កំរិត​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពិភពលោក ​បាន​បំបែក​ឯកទត្តកម្ម​ថ្មី​ទៀត​ហើយ នៅ​ឆ្នាំ​២០១៤។​ កំហាប់​នៃឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ ដូច​ជាឧស្ម័ន​កាបូនិក ឌីអ៊ុកស៊ីត ដឺកាបូន មេតាន មាន​កំរិត​ខ្ពស់​ជាង ​សម័យ​កកើត​ឧស្សាហកម្ម​ដំបូង​ដល់​ទៅ​១២១%។ ប្រសិន​បើ​កំហាប់​ឧស្ម័ន​នេះ​កាន់​ខ្ពស់ សមត្ថភាព​បំផ្លាញ​ស្រទាប់​អូហ្សូន ដែល​ជា​អ្នកការពារ​មនុស្ស​ពី​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​អុលត្រាវីយូឡេ​ ក៏​ខ្ពស់ដែរ។
កាលពី​ប៉ុន្មាន​ថ្ងៃ​មុន អង្គការ​សហប្រជាជាតិ​ បាន​អះអាង​ថា ពាក្យ​សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ មិន​គ្រប់គ្រាន់​ទេ​។ របាយការណ៍​មាន​កាន់​តែ​ច្រើន សង្ឃឹម​ថានឹង​​មាន​ទម្ងន់​គ្រប់គ្រាន់​ ​ជួយ​ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​ស្តីអំពីអាកាសធាតុ​អាច​សម្រេច​បាន​ ទៅ​ចុះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ