អានតួអត្ថបទ
បារាំង-អាកាសធាតុ-cop21

COP21៖ កិច្ច​ប្រជុំ​បច្ចេកទេស​មុន​បើក​សន្និសីទ​កំពូល​ស្តីពី​អាកាសធាតុ

ទីក្រុង​ប៉ារីស ​ដែល​កំពុងតែ​ត្រៀម​រៀបចំ​សន្និសីទ​ពិភពលោក​ស្តីពី ​បម្រែ​បម្រួល​អាកាសធាតុ ​ កំពុង​តែ​មមា​ញឹក ​ក្នុង​ការ​យាមកាម​សុវត្ថិភាព ​ដល់​ថ្នាក់​ដឹកនាំ ​គណៈប្រតិភូ​ពិភពលោក​ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​មក​ដល់​ ជា​បន្ត​បន្ទាប់។ ដោយ​មិន​បង្អង់​ពេល​យូរ ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បារាំង​បាន​ដឹកនាំ​កិច្ច​ប្រជុំ​ជា​បឋម​ មុន​នឹង​ចាប់ផ្តើម​មហា​សន្និសីទ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ស្អែក ​ជាមួយ​នឹង​គណៈប្រតិភូ​ទាំង​១៩៥​ប្រទេស​ ដើម្បី​ធ្វើ​ការ​ជូន​ដំណឹង​ ពី​បច្ចេកទេស​ និង​ដំណើរ​ប្រព្រឹត្តិ​ទៅ​ នៃ​មហាសន្និសីទ ​ពិភព​លោក​នេះ។ គ្រប់គ្នា​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ​ នៅ​ចុង​បញ្ចប់​ នៃ​សន្និសីទ​កំពូល​​នេះ ​ប្រទេស​ទាំង​អស់ ​នឹង​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​សកល​មួយ ​ ដើម្បី​ស្រោចស្រង់​ភព​ផែន​ដី ​និង​មនុស្សជាតិ​ទាំងមូល។

ផ្លាក​សញ្ញា សន្និសីទសកល​ក្រុង​ប៉ារីស ស្តី​ពីអាកាសធាតុ COP21
ផ្លាក​សញ្ញា សន្និសីទសកល​ក្រុង​ប៉ារីស ស្តី​ពីអាកាសធាតុ COP21 AFP/Archives
ផ្សាយពាណិជ្ជកម្ម

ការ​យល់ដឹង​ពី​កត្តា​អាកាសធាតុ ​ដែល​កំពុង​តែ​បង្ក​ការ​លំបាក ​ដល់​ជីវិត​មនុស្ស​សត្វ​ទូទាំង​ពិភពលោក ​ បាន​ចូល​ជ្រាប​ទូលំ​ទូលាយ​ច្រើន ​ម្លោះ​ហើយ ​ប្រជាជន​គ្រប់​បណ្តា​ប្រទេស ​ចាប់ផ្តើម​ ខ្វល់ខ្វាយ​ច្រើន ​និង​ចង់​ចូលរួម​ទៅ​តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ​នៅ​ក្នុង​ឱកាស​មហា​សន្និសីទ​នេះ។ នេះ​គឺ​ជា​ឱកាស​មួយ ​ដែល​ពិភពលោក​យើង ​មិន​អាច​ឲ្យ​វា​រំលង​ផុត​បាន​ទេ  ​ព្រោះ​ថា​មិន​ងាយ​ទេ ​ដែល​ប្រទេស​ទាំងអស់​ទូទាំង​សកល​លោក ​ មក​ជួប​គ្នា​នៅ​ទីក្រុង​ប៉ារីស​ ដើម្បី​ជជែក​គ្នា ​ពិភាក្សា​គ្នា ​កំណត់​ឲ្យបាន​កិច្ច​ព្រមព្រៀង​ជា​លាយ​លក្ខណ៍អក្សរ ​ដើម្បី​ស្រោចស្រង់​ភពផែនដី។ ​តែ​បើ​និយាយ​ឲ្យ​ត្រូវ​ មិនមែន​សង្រ្គោះ​ភព​ផែន​ដី​ទេ ​ គឺ​សង្រ្គោះ​ជីវិត​មនុស្ស​យើង​គ្រប់គ្នា​នឹង​ឯង ​ព្រោះ​ថា​ បើ​គ្មាន​ផែន​ដី ​ ក៏​គ្មាន​មនុស្ស​យើង​ទេ។

ផែនដី​មាន​តែមួយ​ប៉ុណ្ណោះ!
កាល​ពី​ថ្ងៃ​ម្សិលមិញ ​មាន​ការ​ដើរ​ដង្ហែរ​ក្បួន​ច្រើន​ណាស់ ​នៅ​ពាសពេញ​ពិភពលោក។ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ ការ​ដើរ​ដង្ហែរ​ក្បួន ​ក៏​នៅ​តែ​បន្ត​មាន​ដែរ ​ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ ​នឹង​លើក​ទឹកចិត្ត​ក្រុម​គណៈប្រតិភូ​ប្រទេស​នីមួយ​ដែល​មក​ចូលរួម​ ប្រជុំ​នៅ​ទីក្រុង​ប៉ារីស។ នៅ​ទីក្រុង​ស៊ីដនី ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​មាន​ការ​ដើរ​ដង្ហែរ​ក្បួន​ ដែល​មាន​មនុស្ស​ចូលរួម​ចំនួន​ ដល់​ទៅ ​៤៥០០០ ​នាក់​ឯនោះ។
 

ព្រឹក​ថ្ងៃ​ទី ២៩ វិច្ឆិកា នៅទីលាន Place de la République ក្រុងប៉ារីស មនុស្សនាំគ្នា យកស្បែកជើងដាក់ផ្តុំគ្នា ជាសញ្ញា នៃការជួបជុំ​ដើររួម​គ្នា ​ដើម្បី​ភព​ផែនដី
ព្រឹក​ថ្ងៃ​ទី ២៩ វិច្ឆិកា នៅទីលាន Place de la République ក្រុងប៉ារីស មនុស្សនាំគ្នា យកស្បែកជើងដាក់ផ្តុំគ្នា ជាសញ្ញា នៃការជួបជុំ​ដើររួម​គ្នា ​ដើម្បី​ភព​ផែនដី REUTERS/Eric Gaillard

ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដែរ ​ នៅ​ក្រុង​ប៉ារីស​ ថ្វី​បើ​មាន​ការ​ហាមឃាត់ ​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា ​ដោយសារ​តែ​មាន​​ហេតុការណ៍​ភេរវកម្ម ​កាល​ពី​២​សប្តាហ៍​មុន ​ក៏​ប៉ុន្តែ​មនុស្ស​ម្នា ​បាន​នាំ​គ្នា ​ យក​ស្បែក​ជើង​ទៅ​ទុក​ផ្តុំ​គ្នា ​នៅ​ទីលាន ​Place de la République ​ជា​សញ្ញា​ដូច​ដែល​ពួក​គេ ​បាន​មក​ជួប​ជុំ​គ្នា។ ហើយ​នៅ​មិន​ឆ្ងាយ​ពី​នេះ ​តាម​បណ្តោយ​មហាវិថី ​Voltaire ​មាន​មនុស្ស​ជាច្រើន​រយ​នាក់ ​បាន​នាំ​គ្នា​កាន់ដៃ​បន្ត​គ្នា ​ក្នុង​ប្រវែង​ជា​ច្រើន​គីឡូម៉ែត្រ​ផងដែរ។

ការ​ដើរ​ដង្ហែរ​ក្បួន​ទាំង​នេះ ​មាន​ទិសដៅ​ជា​ពិសេស ​គឺ​ជម្រុញ ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង ​កុំ​ឲ្យ​បរាជ័យ​ដូច​លើក​មុនៗ។ ពេល​វេលា​កាន់តែ​ខិត​ទៅ​មុខ ​ អ្វីៗ​ ត្រូវតែ​ធ្វើ​នៅ​ពេល​ដែល​វា​មិន​ទាន់​ហួស​ពេល។ ផែនដី​យើង​មាន​តែ​មួយ ​គ្មាន​ពីរ​ទេ។ យើង​គ្មាន​ជម្រើស​ឯណា​ផ្សេងទៀត ​ ក្រៅ​តែ​ពី​ថែ​រក្សា ​ផ្ទះ​ដ៏​ធំ​មួយ​នេះ ​ឲ្យ​នៅ​គង់វង្ស ​ទៅមុខ។ អញ្ចឹង​ហើយ​បាន​ជា​ បារាំង​ ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​ ជាអ្នក​ដឹកនាំ​ការ​ប្រជុំ​ចរចា ​មាន​មោទនភាព ​ហើយ​ក៏​បារម្ភ​ណាស់​ដែរ ​ ព្រោះ​មិន​ចង់​ឲ្យ​វា​បរាជ័យ។
 
បារាំង ​ដឹកនាំ​ការ​ប្រជុំ​បច្ចេកទេស ​មុន​ថ្ងៃ​បើក​សន្និសីទ​មួយ​ថ្ងៃ៖
ជា​ធម្មតា​ទេ​​ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការងារ​អ្វីមួយ ​យើង​ត្រូវ​ប្រជុំ​ជាមួយ​អ្នក​ ដែល​ចូល​រួម​ទាំងអស់ ​ ដើម្បី​កំណត់​មុខនាទី​ ចែក​ការងារ​គ្នា ​និង​សម្រេច​ទាំងអស់​គ្នា​ ថា​ត្រូវ​ធ្វើ​យ៉ាងណា ​ដើម្បី​ឲ្យ​កិច្ច​ការងារ​យើង​បាន​ជោគជ័យ។ យ៉ាង​ណាមិញ​ ​មហា​សន្និសីទ​សកល ​ស្តីពី​អាកាសធាតុ​នេះ​ ក៏​អញ្ចឹង​ដែរ។ ការ​ចាប់ផ្តើម​ប្រជុំ​នៅ​ថ្ងៃ​នេះ ​ គឺ​ជា​ការ​ប្រជុំ​បឋម ​ដើម្បី​ធ្វើ​សេចក្តី​ជូន​ដំណឹង ​ស្តីពី​ដំណើរ​ការ​ទូទៅ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ ​ចាប់​ពី​ថ្ងៃ​ស្អែក ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ ​នៃ​មហា​សន្និសីទ ​គឺ​ថ្ងៃ​ទី ​១១​ ធ្នូ។ ការ​ប្រជុំ​ផ្តល់​ដំណឹង​នេះ ​ មាន​ន័យ​ថា​ម៉េច ​គឺ​ថា ​លោក​ប្រធាន​ដឹកនាំ​មហា​សន្និសីទ ​គឺ​លោក​ ឡូរ៉ង់ ហ្វាប៊្យូស ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង ​ បាន​កោះ​ប្រជុំ​គណៈប្រតិភូ​ទាំង​១៩៥​ប្រទេស ​ ដើម្បី​ធ្វើការ​ពន្យល់​ពី​វិធីសាស្ត្រ ​នៃ​ការចរចា។ រឺ​យើង​ហៅ​ម្យ៉ាង​ទៀត​ថា ​ជា​ការ​ប្រជុំ​បច្ចេកទេស។

ដឹកនាំ​ការ​ប្រជុំ ​ដែល​មាន​គណៈប្រតិភូ ​១៩៥​ប្រទេស ​មនុស្ស​ចូលរួម​ដល់​ទៅ ​៤​ម៉ឺន​នាក់ ​វា​មិនមែន​ជា​រឿង​ងាយ ​ដែល​យើង​ចេះ​តែ​ធ្វើ​លេងៗ​បានទេ។ ឧបសគ្គ​ទីមួយ​គឺគ្នា​ច្រើន ​ទីពីរ​ពេល​វេលា​តិច ​គឺ​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ​ នេះ​នៅ​មិនទាន់​និយាយ​ពី​ខ្លឹមសារ ​ នៃ​ការ​សម្រេច​គ្នា ​ ដើម្បី​ឈាន​ទៅ​សរសេរ​កិច្ច​ព្រមព្រៀង​រួម​ចុង​ក្រោយ​ផង។ ដូច្នេះ​វិធីសាស្ត្រ ​នៃ​ការ​ប្រជុំ ​ការ​បែងចែក​ក្រុម​ការងារ​ ការ​កំណត់​ពេល​វេលា​ច្បាស់លាស់ ​ដើម្បី​សម្រេច​ចំណុច​នីមួយៗ ​ទៅ​តាម​ដំណាក់​កាល ​​គឺ​ត្រូវ​ធ្វើ​យ៉ាង​ម៉ដ្ឋចត់ ​ដើម្បី​ចំណេញ​ពេល​វេលា ​ហើយ​មាន​ប្រសិទ្ធិភាព។
 

នៅលើលោកយើងនេះ គ្មានទេកិច្ចព្រមព្រៀងដែលល្អឥតខ្ចោះ ១០០% (...) យើងគួរតែចុះកិច្ចព្រមព្រៀងមួយឲ្យបាននៅពេលនេះ ហើយដល់ ៥ឆ្នាំក្រោយ យើងនឹងពិនិត្យមើលឡើងវិញ ដើម្បីកែលម្អចំណុចខ្វះខាតបន្តទៀត។

02:23

19H_NEWS_DYNA_BAN KI MOON_29112015

តាម​ពិត​ទៅ ​ ការ​ជួប​និយាយ​គ្នា​ ដែល​មាន​លក្ខណៈ​មិន​ផ្លូវការ ​រវាង​គណៈប្រតិភូ​បណ្តា​ប្រទេស​ផ្សេងៗ ​បាន​ចាប់ផ្តើម​ទៅ ​តាំង​ពី​ដើម​សប្តាហ៍​នេះ​ម្លេះ ​នៅ​ឯ​ទី​ស្នាក់ការ​កណ្តាល​ របស់​អង្គការ​ UNESCO ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រុង​ប៉ារីស​ដែរ។ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ប្រមុខរដ្ឋ ​ ប្រមុខ​រដ្ឋាភិបាល ​គ្រប់​បណ្តា​ប្រទេស ​បាន​មក​ដល់​ជា​បន្ត​បន្ទាប់​ហើយ ​ហើយ​នៅ​ថ្ងៃ​ស្អែក ​តាម​ការ​គ្រៀង​ទុក ​ គឺ​ប្រមុខរដ្ឋ​របស់​ប្រទេស​និមួយ ​នឹង​ឡើង​ថ្លែង​សន្ទរកថា ​ម្តង​ម្នាក់ៗ ​ ដើម្បី​បង្ហាញ​ពី​ការ​តាំងចិត្ត ​របស់​ខ្លួន។

ប្រទេសធំៗ ​អ្នក​បំពុល​បរិស្ថាន ​មាន​កាតព្វកិច្ច​ជួយ​ប្រទេស​ក្រីក្រ៖

លោក​ប្រធានាធិបតីបារាំង ​ស្វាគមន៍ លោក បាន គីមូន ដែលទើប​មក​ដល់​ក្រុងប៉ារីស ដើម្បីចូលរួម COP21
លោក​ប្រធានាធិបតីបារាំង ​ស្វាគមន៍ លោក បាន គីមូន ដែលទើប​មក​ដល់​ក្រុងប៉ារីស ដើម្បីចូលរួម COP21 REUTERS/Philippe Wojazer

យើង​ថា​ប្រទេស​ធំៗ​ ត្រូវ​ធ្វើ​សម្បទាន ​តែ​អ្នក​ខ្លះ​ទៀត ​គេ​ថា​មិនមែន​ទេ ​ តែ​ជា​កាតព្វកិច្ច​របស់​ប្រទេស​ធំៗ​ទាំង​នោះ​ ​ដែល​ត្រូវ​ជួសជុល ​ប៉ះប៉ូវ ​នូវ​អ្វី​ដែល​ខ្លួន​បាន​បង្ករ​ឡើង។ ជួសជុល​ប៉ះប៉ូវ ​យ៉ាងម៉េច ​គឺ​ ធ្វើ​តាម​រយៈ​ការ​ជួយ​ទំនុកបម្រុង ​ ដល់​ប្រទេស​ក្រីក្រ​ទន់ខ្សោយ ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ ​ដោយសារ​តែការ​ប្រែប្រួល​អាកាសធាតុ។

ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​កំដៅ​ផែនដី ​ទាល់តែ​យើង​គ្រប់​គ្នា ​ឈប់​បញ្ចេញ​ឧស្ម័នពុល​​ ទៅ​ក្នុង​បរិយាកាស។ ព្រោះ​ថា​ចំហាយ​ឧស្ម័នពុល​នឹង​ហើយ ​ដែល​វា​ធ្វើ​ឲ្យ​កំដៅ​ជុំវិញ​ផែនដី​នៅ​ងំ ​ និង​បង្ករ​ជា​គ្រោះ​ធម្មជាតិ។ រហូត​មក​ទល់​ពេល​នេះ ​ប្រទេស​ធំៗ​ទាំងអស់ ​ មាន​បណ្តា​ប្រទេស​អឺរ៉ុប​ សហរដ្ឋ​អាមេរិក ​ចិន ​ជប៉ុន​ ឥណ្ឌា​ជាដើម​ បាន​សន្យា​ធ្វើការ​​កាត់​បន្ថយ​ការ​បច្ចេញ​ឧស្ម័ន​ពុល។ បើ​គ្រប់គ្នា​គោរព​ មាន​ន័យ​ថា ​វា​ជា​ចំណុច​ល្អណាស់ ​ ព្រោះ​វា​អាច​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី ​ពី​នេះ​ដល់​ឆ្នាំ ​២០៣០ ​ មិន​ឲ្យ​លើស​ពី​ ២​អង្សារសេ។ នេះ​គឺ​ជា​កម្មវត្ថុ ​នៃ​សន្និសីទ​នេះ។

កម្មវត្ថុ​មួយ​ទៀត ​គឺ​ការ​កំណត់​កញ្ចប់​ថវិកា​រួម ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ ​ដែល​គ្នា​កំពុង​តែ​រងគ្រោះ ​រឺ​ងាយ​ប្រឈមមុខ​នឹង​វិបត្តិ​ធម្មជាតិ។ ទាំង​នេះ ​ ត្រូវ​ការ​ការ​ចូលរួម​របស់​ប្រទេស​មហា​អំណាច​ធំៗ។ ដូច្នេះ​ហើយ​បាន​ជា​ល្ងាច​នេះ ​ លោក​ប្រធានាធិបតី​បារាំង ​និង​ពិសារបាយ​ល្ងាច​មុន​គេ ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ​ ស៊ី ជិនពិង។ ហើយ​ថ្ងៃ​ចន្ទ​ស្អែក ​ លោក​ហ្វ្រង់ស័រ ហូឡង់​ និង​ពិសារបាយ​ល្ងាច​ ជាមួយ​លោក ​ បារ៉ាក់ អូបាម៉ា ​ម្តង។ កាណាដា ​បាន​សន្យា​មុន​គេ​ថា ​ ក្នុង​រយៈពេល​៥ឆ្នាំ​ទៅ​មុខ​ គេ​ត្រៀម​លុយ​ជិត​៣ពាន់​លាន​ដុល្លារ​កាណាដា ​ ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​និង​ការ​ប្រែប្រួល​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ