ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អឺរ៉ុប

សន្និសីទ​អាកាសធាតុ និងស្រមោល​​​ភេរវកម្ម​ប៉ារីស​ថ្ងៃ​ទី ១៣​វិច្ឆិកា

media  
ទីលាន République នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃអាទិត្យ ពេល​ប៉ូលិស​ប៉ះទង្គិច​ជា​មួយ​ជន​បិទ​មុខ​មួយ​ក្តាប់​តូច REUTERS/Eric Gaillard

ភេរវកម្ម​កាល​ពីថ្ងៃ​សុក្រ ១៣វិច្ឆិកា នៅតែ​ជាស្រមោល នៅ​ក្នុង​សន្និសីទ​អាកាសធាតុ។ ពិធីបើក​សន្និសីទ​ត្រូវ​ចាប់ផ្តើម​ឡើង​ដោយ​ការ​ស្មឹងស្មាធ​រយៈពេល​ ១នាទី ដើម្បី​រំឭក​វិញ្ញានក្ខន្ធ​ជនរងគ្រោះ។ មេដឹកនាំ​មួយចំនួន ដែល​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​សន្និសីទ​ក៏​បាន​ឆ្លៀតពេល​ធ្វើ​ដំណើរ​ទៅ​ដាក់កម្រងផ្កា នៅ​ទីកន្លែង​ដែល​ទទួលរង​ការ​វាយប្រហារ​ភេរវកម្ម។ ទីគោរព​វិញ្ញានក្ខន្ធ​ជនរងគ្រោះ ដែល​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ត្រូវ​បាតុករ​ហិង្សា​មួយក្រុម​តូច​ធ្វើការ​បំផ្លិចបំផ្លាញ នៅ​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស។ បាតុករ​រាប់រយ​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន នៅ​ក្នុង​ហេតុការណ៍​នេះ។

ប្រមុខ​រដ្ឋ​រដ្ឋាភិបាល សុទ្ធ​តែ​ចង់​សម្តែង​សាមគ្គីភាព​ជាមួយ​បារាំង។ ជា​បន្ត​បន្ទាប់​ ខ្លះ​មុខ​ ខ្លះ​​ក្រោយ ពី​​អញ្ជើញ​ទៅ​ចូល​រួម​បើក​សន្និសីទអន្តរជាតិ​ស្តី​អំពី​អាកាសធាតុ ​ប្រមុខ​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល ត្រូវ​ឆៀង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ នៅ​មុខ​សាល​ប្រគុំ​តន្ត្រី បាតាក្លង់ ​ដែល​មាន​ជន​រងគ្រោះ​ស្លាប់​ច្រើនជាង​គេ​ កាលពី​ថ្ងៃ​ទី១៣​វិច្ឆិកា។

 

នាយក​រដ្ឋមន្ត្រី​កាណាដា  ជប៉ុន ប្រធានាធិបតី​ឈីលី ... បាន​អញ្ជើញ​ទៅ​ដាក់​កម្រង​ផ្កា នៅ​បាតាក្លង់​ កាលពី​ថ្ងៃអាទិត្យ។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក គ្រាន់​តែ​​ចុះពី​យន្តហោះ​នៅ​វេលា​ម៉ោង​រំលង​អាធ្រាត្រ​ទៅ​ហើយភ្លាម ក៏​បាន​អញ្ជើញ​ទៅ​ដាក់​កម្រង​ផ្កានៅ​បាតាក្លង់ដែរ។
 
ការ​លំបាក​មួយ​ទៀត ដែល​​ត្រូវ​ប្រឈម​នា​ឱកាស​បើក​សន្និសីទ​អន្តរជាតិ​ពេល​នេះ ក៏​ដោយ​ហេតុ​តែ​ភេរវកម្ម​ថ្ងៃ​ទី ១៣ វិច្ឆិកា ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បី​ខែ។ ភាព​អាសន្នដែល​ហាមប្រាម មិន​ឱ្យ​សាធារណៈ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ទេ​ តែទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​នៅ​មាន​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​នៅ​យប់​មិញ នៅ​ទីលាន​សាធារណរដ្ឋ រវាង​ក្រុម​ប៉ូលិស​និង​បាតុករ កើត​ឡើង​ទាល់​តែ​បាន។
 
៣១៧​នាក់​ត្រូវ​ចាប់​ខ្លួន និង​ត្រូវ​ឃាត់​ក្នុង​កន្លែង​ឃុំ​ឃាំងសួរ​ចម្លើយ និង​ខ្លះ​ទៀត ត្រូវ​រក​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​ច្បាប់ នៅ​ក្នុង​ការ​ប៉ះទង្គិច​ហិង្សា នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ទីលាន​សាធារណរដ្ឋ។ ទីលាន​ដែល​បាន​ក្លាយ​ជា​និម្មិតរូប​នៃ​ការ​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ភេរវកម្ម។​
 
បាតុករ​អ្នក​គាំទ្របរិស្ថាន ​ចង់​ដាក់​សម្ពាធ​លើ​ថ្នាក់​ដឹកនាំ​នយោបាយ ពេល​សន្និសីទ តាម​រយៈ​ការ​ប្រមូល​ផ្តុំគ្នា​កាន់​ដៃ​ជា​ខ្សែ​ធ្វើ​បាតុកម្ម ប៉ុន្តែ​មាន​ក្រុម​អ្នក​ឆ្លៀត​ឱកាស​មួយ​ក្តាប់​តូច បិទ​មុខ​ជិត  ប្រព្រឹត្ត​អំពើ​ហិង្សា​ មកលើ​កងកម្លាំង​រក្សា​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​មុន។ បើ​តាម​ប្រសាសន៍​មេប៉ូលិស​ប៉ារីស ជន​បិទ​មុខ បាន​យក​ទៀន​ ដែល​អុជ​ឧទ្ទិស​ដល់​ជន​រងគ្រោះ​ភេវរកម្ម​ ឬ​បូល​មក​គប់​លើ​ភ្នាក់ងារប៉ូលិស​មុន ទើប​កើត​ហេតុ​ចាប់​ខ្លួន បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ឡើង។
 
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ថ្កោល​ទោស​អំពើ​ហិង្សា​របស់​ជន​មួយ​ក្តាប់​តូច​នេះ និង​បាន​បញ្ជាក់​ថា​មិន​បាន​ច្របល់​ចូល​គ្នា​រវាង​ក្រុម​បាតុករ​គាំទ្របរិស្ថាន​ពិតៗ និង​ក្រុម​ដែល​ចាំ​ឆ្លៀត​ឱកាស​បង្ក​អំពើ​ហិង្សា​ទេ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ