អានតួអត្ថបទ

បារំាង៖សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ចាប់​ផ្តើម​បើក​ពី​ថ្ងៃទី៣០ វិច្ឆិកា​ដល់​ថ្ងៃទី១១ ធ្នូ

សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​លើកទី២១ បាន​ចាប់​ផ្តើម​បើក​ជា​ផ្លូវការ​ពី​ថ្ងៃ​ចន្ទ ទី៣០ វិច្ឆិកា​ដល់​ថ្ងៃ​សុក្រ ទី១១ ធ្នូ​ក្នុង​ប្រទេស​បារាំង។ សន្និសីទ​ដែល​បាន​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រមាណ ១៥០នាក់ និង​ក្រុម​គណៈប្រតិភូ​ជា​ច្រើន​ពាន់នាក់ ព្រម​ទាំង​ក្រុម​អង្គការ​អន្តរជាតិ​ជា​ច្រើន​ផ្សេង​ទៀត។ ក្នុង​រយៈពេល ១១ថ្ងៃ ក្រុម​អ្នក​ចរចា​នឹង​ជជែក​គ្នា​លើ​គម្រោង​កិច្ចព្រមព្រៀង​ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​នៅ​ថ្ងៃ​ពេល​បិទបញ្ចប់​សន្និសីទ។ អ្វី​ជា​ការ​កត់សម្គាល់ រដ្ឋាភិបាល​បារាំង​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​បាន​ពង្រឹង​សន្តិសុខ​យ៉ាង​តឹងតែង​បំផុត ពិសេស​នៅ​ទីកន្លែង​ប្រជុំ​ដោយ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ទាហាន​ជិត ៣ ០០០នាក់។

ទង់ជាតិ​តំណាង​ប្រទេស​ដែល​មក​ចូលរួម​សន្និសីទអន្តរជាតិ​នៅ​Bourget
ទង់ជាតិ​តំណាង​ប្រទេស​ដែល​មក​ចូលរួម​សន្និសីទអន្តរជាតិ​នៅ​Bourget ©RFI
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ម៉ោង ១១ព្រឹក ម៉ោង​ក្នុង​ប្រទេស​បារាំង ត្រូវ​ជា​ម៉ោង ៥ល្ងាច ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ប្រទេស​បារាំង​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សន្និសីទ​ដ៏​ធំ​មួយ​ដែល​បារាំង​មិន​ធ្លាប់​បាន​រៀបចំ​នា​ពេល​កន្លង​មក​ទេ ហើយ​បើ​ធៀប​នឹង​សន្និសីទ​ជា​លក្ខណៈ​អន្តរជាតិ​ផ្សេង​ទៀត សន្និសីទ​ក្នុង​ប្រទេស​បារាំង​ពេល​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ជា​ការ​រៀបចំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​រៀបចំ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

 
ការ​អះអាង​យ៉ាង​ដូច​នេះ ព្រោះ​សន្និសីទ​បាន​ចូល​រួម​ដោយ ១៩៦ ប្រទេស​មក​ពី​គ្រប់​ជ្រុងជ្រោយ​ក្នុង​លោក ដោយ​មាន​វត្តមាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ១៥០នាក់ ដូច​យ៉ាង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង ឬ​មួយ​ក៏​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី ហើយ​សម្រាប់​ប្រទេស​កម្ពុជា គឺ​យាង​ចូលរួម​ដោយ​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី។ ក្រៅ​ពី​វត្តមាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ក៏​មាន​វត្តមាន​គណៈប្រតិភូ​ប្រមាណ​ជា​ជាង ១០ ០០០នាក់​ផ្សេង​ទៀត ហើយ​បើ​គេ​បូក​សរុប​រាប់​ទំាងអស់ ទំាង​អ្នក​កាសែត និង​ក្រុម​អ្នក​រក្សា​សន្តិសុខ គឺ​មាន​ជាង ៤០ ០០០នាក់។

ទីកន្លែង​សន្និសីទ​ត្រូវ​បាន​រៀបចំ​នៅ​លើ​ផ្ទៃដី​ទំហំ ១៨ហិចតា​ស្ថិត​ជាយ​ក្រុង​ប៉ារីស និង​មាន​កម្លាំង​ប៉ូលិស ទាហាន​ការពារ​សន្តិសុខ​ចំនួន ២ ៨០០នាក់ ព្រម​ទំាង​កម្លាំង​សន្តិសុខ​នៅ​ប៉ែកខាង​ក្នុង​ជា​ច្រើន​រយនាក់​ផ្សេង​ទៀត ពិសេស​វត្តមាន​របស់​ភ្នាក់ងារ​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជាង ២០០នាក់។ នៅ​ម៉ោង ១១គត់ លោក​ប្រមុខ​ការទូត​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស​ដែល​ជា​ប្រធាន​ សន្និសីទ​បាន​ប្រកាស​បើក​សន្និសីទ​ជា​ផ្លូវការ​ជាមួយ​នឹង​ការ​ស្មឹងស្មាត​រយៈពេល ១នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ទ​ចំពោះ​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា។

លោក​ហូឡង់៖អនាគត​ភពផែនដី​នឹង​ត្រូវ​សម្រេច​ដោយ COP២១

មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដែល​គេ​បាន​កត់សម្គាល់​ឃើញ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​លើកទី២១ រៀបចំ​ក្នុង​ប្រទេស​បារាំង​ឆ្នាំ​នេះ ពិសេស​គឺ​ការ​ចូលរួម​របស់​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទំាង ១៥០នាក់​នៅ​ក្នុង​ថ្ងៃ​ទី១​នៃ​ការ​បើក​សន្និសីទ។ ជា​ទូទៅ គេ​កម្រ​ឃើញ​មាន​ការ​ចូលរួម​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ដំបូង​នៃ​សន្និសីទ ឬ​ជំនួបកំពូល​ជា​លក្ខណៈ​អន្តរជាតិ​ណាស់ ពោល​ច្រើន​តែ​ចូលរួម​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បិទ​បញ្ចប់​សន្និសីទ។

បារាំង ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​ឲ្យ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចូលរួម​នៅ​ក្នុង​ថ្ងៃ​ទី១ ហើយ​ជម្រើស​នេះ​មិន​មែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​បារាំង​ចង់​ផ្តល់​សន្ទុះ ឬ​ក៏​អាច​ថា ជា​ការ​ដាក់​គំនាប​នយោបាយ​លើ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទំាង​អស់​ឲ្យ​យក​ចិត្ត​ទុកដាក់​ខ្លាំង​បន្ថែម​ទៀត​ចំពោះ​បញ្ហា​អាកាសធាតុ​ក្នុង​លោក។ អ្វី​ដែល​ទីក្រុង​ប៉ារីស​ចង់​បាន គឺ​ជោគជ័យ​របស់​សន្និសីទ​តាម​រយៈ​ការ​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​សម្រាប់​មនុស្សជាតិ។

បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​បារាំង និង​លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​បាន គីមូន លោក​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ផ្សេង​បាន​ឡើង​ថ្លែង​សុន្ទរកថា​ម្នាក់ៗ​ចំនួន ៣នាទី។ គឺ​ជា​សុន្ទកថា​ដែល​ផ្តោត​សំខាន់​លើ​វិធានការ និង​ការ​សន្យា​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចាក់​នៅ​ក្នុង​ភពផែនដី​ដោយ​ធ្វើ​យ៉ាង​ណា ទប់​កុំ​ឲ្យ​សីតុណ្ហភាព​ក្នុង​ភពផែនដី​កើន​លើស​ពី ២អង្សារ​ចាប់​ពី​ពេល​​នេះ​ទៅ​ដល់​ដំណាច់​សតវត្ស​ទី២១។ នៅ​ក្នុង​សុន្ទរកថា​ប្រមាណ​ជា ១៥នាទី លោក​ប្រមុខ​រដ្ឋ​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​គូស​បញ្ចាក់​ថា ជោគវាសនា​អនាគត​នៃ​ភពផែនដី​របស់​មនុស្សលោក​នឹង​ត្រូវ​សម្រេច​ដោយ​សន្និសីទ​អន្តរជាតិ​ក្នុង​ប្រទេស​បារាំង​ពេល​នេះ។

ហេតុអ្វី​បាន​ជា​មាន​ការ​ប្រទាញប្រទង់​គ្នា​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​រួម

កម្មវត្ថុ​សំខាន់​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ប្រទេស​បារាំង​ពេល​នេះ គឺ​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​ក្នុង​បរិយារិកាស​កើន​លើស​ពី ២អង្សារ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ដំណាច់​សតវត្ស​ទី២១ នេះ។ តែ​ដើម្បី​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា គេ​ត្រូវ​ការ​ឲ្យ​មាន​ការ​សន្យា និង​ការ​ធ្វើ​សម្បទាន​របស់​ប្រទេស​នីមួយៗ។ នៅ​ក្នុង​ន័យ​នេះ ភាគី​ចរចា​នីមួយៗ​មាន​រយៈពេល ១១ថ្ងៃ​ដើម្បី​ជំនះ​ភាព​មិន​ចុះ​សម្រុង​គ្នា។

គួរ​ជម្រាប​ជូន​ថា ការ​លំបាក​ក្នុង​ការ​ស្វែង​រក​កុងសង់ស៊ុស​រួម​ស្តីពី​បញ្ហា​អាកាសធាតុ​បាន​កើត​ចេញ​ពី​ការ​ច្រណែន និង​ការ​មើល​បណ្តាំ​គ្នា​រវាង​ក្រុម​ប្រទេស​អភិវឌ្ឍន៍ និង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ បូក​នឹង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេចដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង ដូច​យ៉ាង​ចិន និង​ឥណ្ឌា​ដែល​​តែងតែ​អះអាង​ថា ខ្លួន​មិន​ជាប់​កាតព្វកិច្ច​នឹង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទេ។ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​រងគ្រោះ​ដោយ​ការ​បំពុល​បរិយាកាស​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍។ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​យល់​ឃើញ​ថា ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ជា​កាតាព្វកិច្ច​រួម​អស់​គ្នា តែ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នីមួយៗ​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​គេ។

ជាក់ស្តែង​ចិន និង​ឥណ្ឌា​ដែល​សេដ្ឋកិច្ច​បាន​ពឹង​ផ្អែក​លើ​សកម្មភាព​ដ៏​មមាញឹក​របស់​រោងចក្រ សហគ្រាស ហើយ​ដែល​រោងចក្រ សហគ្រាស​ទំាង​អស់​នោះ​ហើយ​ជា​ប្រភព​នៃ​ការ​ចាក់​ចោល​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​ជា​រៀងរាល់​ថ្ងៃ។ នៅ​តំបន់​ដើម​បូព៌ា អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​ជង្រុក​ប្រេងកាត​ក៏​មិន​អាច​បោះ​ចោល​ប្រភព​ធនធាន​ធម្មជាតិ​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ដែរ។ ទន្ទឹម​គ្នា​នេះ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​បន្ត​ទាមទារ​ឲ្យ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ជួយ​ជា​ទឹកប្រាក់​ចំនួន ១០០ ០០០លានដុល្លារ​ក្នុង ១ឆ្នាំ​ដល់​ប្រទេស​ក្រីក្រ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។

គួរ​បញ្ជាក់​ជូន​ថា នៅ​ក្នុង​ចំណោម​១៩៦ប្រទេស​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​សន្និសីទ មាន ១៨៣​បាន​សន្យា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស។ តែ​វិធានការ​ទំាង​នោះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​អាច​ទប់​ស្កាត់​កំដៅ​នៅ​ក្នុង​ភពផែនដី​ឲ្យ​នៅ​ក្រោម ២អង្សារ​បាន​ទេ។ ដូច្នេះ​ឃើញ​ថា គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​នូវ​កិច្ចព្រមព្រៀង​រួម​មួយ​សម្រាប់​ឲ្យ​កាត់​បន្ថយ​សីតុណ្ហភាព​ក្នុង​បរិយាកាស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ