ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អឺរ៉ុប

ប៉ារីសបិទ​ផ្លូវ​មួយ​ភាគ​ធំ​ ដើម្បី​ ជំនួប​កំពូល​អាកាសធាតុ

media  
ផ្លូវ​សំខាន់ៗ នៅ​ក្រុង​ប៉ារីស​ត្រូវ​បិទ​ នៅ​អាទិត្យ​និង​ចន្ទ​ទី ៣០ វិច្ឆិកា ថ្ងៃ​បើក​សន្និសីទ​ស្តី​ពី​អាកាសធាតុ Gabriel Brust/RFI

វត្តមាន​ដ៏ច្រើន​សន្ធឹកសន្ធាប់ នៃ​គណៈប្រតិភូ អ្នក​ជំនាញ​អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​មក​ពី​គ្រប់ទីកន្លែង បូករួម​ជាមួយ​ការ​រឹតបន្តឹង​សន្តិសុខ ជា​បញ្ហា​ចោទ​ដល់​ចរាចរណ៍​នៅ​ក្នុង​ក្រុង​ប៉ារីស។ អាជ្ញាធរ​ក្រុង​បាន​សម្រេច​បិទ​ផ្លូវ​ សំខាន់ៗ ក្នុង​ក្រុង​ប៉ារីស និង​ផ្លូវ​នាំ​ទៅកាន់​មណ្ឌល​រៀប​ចំ​សន្និសីទ​នៅ​ជាង​ក្រុង​ប៉ារីស ប៉ែក​ខាង​ជើង ព្រមទាំង​បាន​ណែនាំ​ពលរដ្ឋ​មិន​ឱ្យ​ធ្វើ​ដំណើរ​ តាម​ឡាន​ ឬ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ទេ បើ​គ្មាន​ការ​ចាំបាច់​។

សន្និសីទ​អន្តរជាតិ COP21 ដែលមាន​អ្នក​ចូល​រួម​ដល់​ទៅ បួន​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ប្រមុខ​រដ្ឋ​ប្រមុខ រដ្ឋាភិបាល​ ដល់​ទៅ ១៤៧​ប្រទេស  បាន​តម្រូវឱ្យ​អាជ្ញាធរ​បារាំង​ ចាត់​វិធានការ​ធំ ទាំង​ផ្នែក​សន្តិសុខ បញ្ចេញ​កម្លាំង​រក្សា​សុវត្ថិភាព និង​សម្រួល​ចរាចរណ៍ ការពារ​ក្បួន​ប្រតិភូ។ 

ក្រុង​ប៉ារីស និង​តំបន់​ជុំ​វិញ រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយ​មាន​ការ​បិទ​ផ្លូវ​ ជា​ច្រើន​ខ្សែ និង​ជា​ច្រើន​ទិស។ នៅ​ប៉ែកខាង​ជើង ពី​វាល​យន្តហោះ​មក​កាន់​ទីតាំង​រៀប​ចំ​​សន្និសីទ​Bourget ត្រូវ​គាំង​មួយ​ភាគ​ ផ្លូវ​ក្រវ៉ាត់​ក្រុង ត្រូវ​បិទ​មួយ​ភាគ​ដែរ។ ក្រុង​ប៉ារីស ពី​ជើង​ទៅ​លិច​ ពី​សង្កាត់​ដ៏​ល្អ​ប្រណិត​ស្អាតៗ ជា​បណ្តុះ​អ្នក​មាន​ អ្នក​ការទូត សណ្ឋាគារ​ថ្លៃៗ ទៅ​ដល់​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​ទៅ​កាន់​មណ្ឌល​សន្និសីទ ត្រូវ​បិទ។
 
ប៉ុន្តែជា​ទូទៅ ចរាចរណ៍​តាម​ផ្លូវ​រលូន​ខ្លាំង។ បើ​តាម​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ចរាចរណ៍ នៅ​វេលា​ម៉ោង​៨កន្លះ​ព្រឹក ដែល​តាម​ទម្លាប់​ ជា​ម៉ោង​ស្ទះ​បំផុត​នោះ គេ​សង្កេត​ឃើញ​មាន​ការ​កកស្ទះ​តែ​ប្រមាណ​ ២១​គីឡូម៉ែត្រ​ប៉ុណ្ណោះ បើ​ប្រៀប​ទៅ​នឹង​ថ្ងៃ​ចន្ទ​ធម្មតា ដែល​មាន​ដល់​ទៅ ២៥០​គ.ម.។ ផ្លូវ​​ចូល​ពី​ប៉ារីស ក្នុង​វេលា​ព្រឹក​ថ្ងៃ​ចន្ទ ដែល​ធ្លាប់​ជាប់​គាំង​រាប់​ម៉ោង បែរ​ជា​ រលូន​ ទូលាយ​ស្ងាត់​។ ស្ងាត់​ទាល់​តែ​អ្នក​រក​ស៊ី​រត់​ឡាន​តាក់ស៊ី​​រក​​ភ្ញៀវស្ទើរ​លែង​បាន​។
 
ពលរដ្ឋ​បារាំង​ហាក់​ស្តាប់ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​អាជ្ញាធរ ដែល​បាន​ណែនាំ​មិន​ឱ្យ​ប្រជាជន​ប្រើ​ប្រាស់​រថយន្តចូល​ក្រុងប៉ារីស​ និង​កាត់​បន្ថយ​ ឬ​ចៀសវាង​ការ​ធ្វើ​ដំណើរ​តាម​​មធ្យោបាយ​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​នេះ។ មធ្យោបាយ​សាធារណៈ រថយន្តក្រុង រថភ្លើងក្រោម​ដី រថភ្លើង​កាត់​ក្រុង ដឹក​ជញ្ជូន​ដោយ​មិន​គិត​ថ្លៃ តាំង​ពីម្សិលមិញ​មក មាន​ដំណើរ​ការ​យ៉ាង​រលូន​ដែរ ហើយ​ក៏​ដូច​ជា​មិន​សូវ​ចង្អៀត ណែនណាន់​តាន់តាប់​ដូច​សព្វ​មួយ​ដង​សោះ។
 
សូម​បញ្ជាក់​ថា ដើម្បី​អនុវត្ត​តាម​អនុសាសន៍​របស់​អាជ្ញាធរ ក្រុមហ៊ុន​ខ្លះ​បាន​ស្នើ​សុំ​ឱ្យ​បុគ្គលិក ដាក់​ពាក្យ​សុំ​ឈប់​សំរាក​ការងារ​មួយ​ថ្ងៃ​ ឬ​ពីរ​បី​ថ្ងៃ នៅ​ថ្ងៃ​ចន្ទនេះ និង​ខ្លះ​ទៀត អនុញ្ញាត​ឱ្យ​បុគ្គលិក​យក​ការងារ​ទៅ​ធ្វើនៅ​ផ្ទះ។ រថយន្តធុនធ្ងន់ ត្រូវ​ហាមឃាត់​មួយ​រយៈ​មិន​បើក​ក្នុង​តំបន់​ប៉ារីស លើក​លែង​តែ​រថយន្ត​ដឹក​ទំនិញ​ត្រជាក់។ ចំណែក​អ្នក​នៅ​ភាគខាង​ត្បូង ការ​ហាមឃាត់ និង​បម្រាម​ទាំង​ឡាយ ត្រូវ​បាន​លើក​ចេញវិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ