អានតួអត្ថបទ
អវកាស

យាន​អវកាស​ Soyouz នាំ​អ្នក​អាវកាស​៣រូប ​ត្រឡប់​មក​​​វិញ​​ដោយ​សុវត្ថិភាព

អ្នក​អវកាស​បីរូប ​ម្នាក់​ជា​ជនជាតិ​រុស្ស៊ី ​ម្នាក់​ជា​ជនជាតិ​អាមេរិក ​និង​ម្នាក់​ទៀត​ជា​ជនជាតិ​ជប៉ុន​ បាន​ត្រឡប់​ចុះចត ​មក​ដល់​ភព​ផែនដី​យើង​វិញ ​ដោយ​សុវត្ថិភាព ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ ​បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម ​នៅ​ឯ​ស្ថានីយ​អវកាស​អន្តរជាតិ​ ដែល​ស្ថិត​នៅ​លើ​ខ្សែ​អកប៊ីត​ ផែនដី​ ក្នុង​លំហ​អាកាស ​អស់​រយៈពេល ​១៤១​ថ្ងៃ។

យាន Soyouz កំពុងធ្វើ​ដំនើរ​ឆ្ពោះ ទៅកាន់ ស្ថានីយ ​អវកាស​​អន្តរជាតិ​​នៅ​លើ​ខ្សែ​អកប៊ីត
យាន Soyouz កំពុងធ្វើ​ដំនើរ​ឆ្ពោះ ទៅកាន់ ស្ថានីយ ​អវកាស​​អន្តរជាតិ​​នៅ​លើ​ខ្សែ​អកប៊ីត
ផ្សាយពាណិជ្ជកម្ម

ក្បាល​កាប់ស៊ុល​ របស់​យាន​អវកាស Soyouz ​បាន​ហោះ​មក​ដល់​ផែនដី​វិញ​ ដោយ​សុវត្ថិភាព ​ ដោយ​បាន​នាំ​ត្រឡប់​មក​វិញ​ នូវ​អ្នក​វិទ្យាសាស្ត្រ​អវកាស​បីរូប។ យាន​នេះ​ បាន​ត្រឡប់​មក​ដល់​ផែនដី ​យើង​នៅ​វេលា​ម៉ោង ​១៩​ និង​ ១៨​នាទី​ យប់ ​នៅ​លើ​តំបន់​ដីវាល ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។ ការ​ចុះ​ចត​មក​ដល់​ក្នុង​ពេល​យប់​របៀប​នេះ ​គឺ​ជា​ការ​ចុះចត​ដោយ​កម្រ  ​ហើយ​ដែល​ទាមទារ​ឲ្យ​ក្រុម​ការងារ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

 
ក្នុង​ចំណោម​អ្នក​អវកាស​ទាំង​បីនាក់​ គឺ​មាន​ជនជាតិ​រុស្ស៊ី ​ឈ្មោះ ​Oleg Kononenko ​ដែល​ជា​មេ​បញ្ជាការ​បេសកកម្ម​ ជនជាតិ​អាមេរិក​ ឈ្មោះ ​Kjell Norwood Lindgren  ​អ្នក​អវកាស​ជនជាតិ​ជប៉ុន​ ឈ្មោះ ​Kimiya Yui។ សម្រាប់​អ្នកអវកាស​ទាំងពីរ​នាក់​ចុង​ក្រោយ​នេះ​ ​ គឺ​ជា​លើក​ទីមួយ​សម្រាប់​ពួក​គេ ​ ដែល​បាន​ចេញ​ទៅ​ធ្វើ​បេសកកម្ម​នៅ ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ ​ហៅកាត់​ថា ​ISS។

ក្រុម​អ្នក​អវកាស​ទាំងបី​នាក់​នេះ ​បាន​ហោះ​ទៅ​កាន់​ស្ថានីយ៍ ​ISS​ កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ​ដើម្បី​បំពេញ​បេសកកម្ម​​ដែល​មាន​រយៈពេល​១៤១​ថ្ងៃ។ ក្នុង​អំឡុង​ពេល​បេសកកម្ម​នេះ​ ក្រុម​ការងារ​បាន​ធ្វើ​ការ​សាកល្បង ​បទ​ពិសោធន៍​វិទ្យាសាស្ត្រ​ជាច្រើន​ចំណុច ​ដើម្បី​ឈាន​ទៅ​ ធ្វើការ​បញ្ជារ​ម៉ាស៊ីន​រ៉ូបូ ​ពី​ចម្ងាយ ​ ដោយ​មិន​ចាំបាច់​ចាំ​ចេញ​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ។ ក្រៅ​ពីនេះ  ​អ្នក​អវកាស​ដែល​ជា​ជនជាតិ​រុស្ស៊ី ​ហើយ​ដែល​ធ្លាប់​ ចេញ​ទៅ​ធ្វើ​បេសកកម្ម​នៅ​លំហ​អាកាស​ច្រើន​លើក​មក​ហើយ​នោះ ​បាន​សន្យា​ជាមួយ​អ្នក​និយម​តាម​ដាន​ស្វែងយល់​ ពី​លំហ​អាកាស ​ថា​នឹង​ធ្វើការ​ពិសោធន៍ លើ​ចរិក​លក្ខណៈ​ នៃ​ពពុះ​សាប៊ូ ​នៅ​ពេល​ដែល​វា​នៅ​ក្នុង​លំហ​អាកាស។

ស្ថានីយ៍​អវកាស​អន្តរជាតិ ​ត្រូវ​បាន​ស្ថាបនា​ឡើង ​និង​បាញ់​បង្ហោះ ​យក​ទៅ​ដាក់​ ស្ថិត​នៅ​ពី​លើ​ខ្សែ​Orbite ​របស់​ផែនដី។ ដោយ​មាន​ការ​ចូលរួម​ជា​ពិសេស ​របស់​រុស្ស៊ី ​និង​អាមេរិក​ ព្រមទាំង​ប្រទេស​១៤​ផ្សេង​ទៀត ​​ ស្ថានីយ៍​ពិសោធន៍​មួយ​ ត្រូវ​បាន​កសាង​ឡើង ​ កាល​ពី​ឆ្នាំ ​១៩៩៨​ នៅ​លើ​ស្ថានីយ៍​នេះ ​ដោយ​ចំណាយ​ប្រាក់​អស់​១០០​ពាន់​លាន​ដុល្លារ។ សំណង់​ស្ថានីយ៍​អវកាស​នេះ ​ត្រូវបាន​ស្ថាបនា​ឡើង ​ ដោយ​តួខ្លួន​សំខាន់ ​និង​ម៉ាស៊ីន​បាញ់​បង្ហោះ​ គឺ​ជា​ស្នាដៃ​របស់​រុស្ស៊ី។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ សព្វថ្ងៃ​នេះ ​ មានតែ​យាន​អវកាស ​Soyouz ​របស់​រុស្ស៊ី​មួយ​គត់​ ដែលនៅ​តែ​ធ្វើ​បេសកកម្ម ​ទៅ​មក​ រវាង​ផែនដី ​និង​ស្ថានីយ៍​អវកាស​អន្តរជាតិ។ យាន​អវកាស​អាមេរិក ​បាន​ឈប់​ដំណើរ​ការ​ទៅ​ហើយ។ យាន​អវកាស​រុស្ស៊ី​នេះ ​មាន​តួនាទី​ដឹក​ជញ្ជូន​ អ្នក​អវកាស​អន្តរជាតិ​ និង​គ្រឿង​បរិក្ខា​ផ្សេងៗ ​សម្រាប់​ដំណើរ​ការ​ស្ថានីយ៍​អវកាស​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ