អានតួអត្ថបទ

ភេរវកម្ម​​នៅ​ប៉ារីស បន្សល់​ទុក​នូវ​ផលវិបាក​​​សេដ្ឋកិច្ចធ្ងន់ធ្ងរ​និង​យូរ​​ខែ

ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី​១៥ ធ្នូ​នេះ ផ្អាក​ជើង​ហោះហើរ ប៉ារីស-តូក្យូណារីតា មួយ​រយៈ ដោយ​ហេតុតែ​ក្រោយ​​​ការវាយប្រហារ​ភេរវកម្ម​អត្តឃាត​​ជីហាតនៅ​ប៉ារីស ​ការ​ដឹកជញ្ជូន​អ្នក​ដំណើរ​បាន​ធ្លាក់​ចុះ​​ខ្លាំងពេក។ ចំណែក​នៅ​ប៉ារីស ចំនួន​អ្នក​ទេសចរ និង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ បាន​ថយ​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ។ សេដ្ឋកិច្ច​បារាំង ពិសេស​វិស័យ​ត្រដរ​រស់​យ៉ាង​លំបាក​លំបិន​បំផុត។

យោធា​ល្បាត​នៅ​អាកាសយានដ្ឋាន Roissy-Charles-de-Gaulle ក្រុង​ប៉ារីស និង​អ្នក​ដំណើរ​រប៉េះ​របោះ
យោធា​ល្បាត​នៅ​អាកាសយានដ្ឋាន Roissy-Charles-de-Gaulle ក្រុង​ប៉ារីស និង​អ្នក​ដំណើរ​រប៉េះ​របោះ ©AFP
ផ្សាយពាណិជ្ជកម្ម

ជប៉ុនដែល​​​​​ខ្លាចរអា​បំផុត​​ពាក្យ​ថា​អសន្តិសុខ មិន​ខា្លច​នឹង​សម្រេច​ចិត្ត​បែប​ជ្រុល​និយម​​ទេ។ នៅ​ថ្ងៃអង្គារ​​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ Japan airlines បាន​ប្រកាស​ផ្អាក​ ការហោះហើរ​ប្រចាំថ្ងៃ​ ប៉ារីស-តូក្យូណារីតា ចាប់​ពី​ថ្ងៃទី ១២​មករា រហូត​ដល់​ថ្ងៃទី ២៩កុម្ភៈ។

មូលហេតុ ក្រោយ​ភេរវកម្មជីហាត​នៅ​ក្រុង​ប៉ារីស ការ​ដឹកជញ្ជូន​អ្នក​ដំណើរ ប៉ារីស-តូក្យូណារីតា បាន​ធ្លាក់​ចុះ អស់ ៦០% ប៉ារីស-តូក្យូហានេដា ៤០%។ ក្រុមហ៊ុន​អាច​នឹង​ប្តូរចិត្ត​​វិញ នៅ​ខែ​មីនា ប្រសិន​បើ​​ស្ថានការណ៍​ជាក់ស្តែង ដើមឆ្នាំ ២០១៦អនុគ្រោះ។

នេះ​គឺ​ជា​ផលវិបាក​មួយថ្មី​​បន្ថែម​ទៀត​សម្រាប់​ប៉ារីស !​ ព្រោះ​សូមបញ្ជាក់​ថា តាំង​ពី​បាន​រង​ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆិកាមក ក្រុង​ប៉ារីសស្ងាត់​ ទេសចរ​របេះរប៉ោះ ភោជនីដ្ឋាន​គ្មាន​មនុស្ស​ចូល សណ្ឋាគារ​គ្មាន​អ្នក​កក់ នៅ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃចុងក្រោយ​នៃ​ខែ​វិច្ឆិកានេះ ចំនួន​អ្នក​មក​​ទស្សនា​ក្រុងប៉ារីស​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង។

 
សកម្មភាព​នៅ​អាកាសយានដ្ឋានប៉ារីសបានធ្លាក់​ចុះ​៦% ដោយ​មាន​អ្នក​ដំណើរ​តិច​ជាង​ឆ្នាំ​មុន​ដល់​ជាង​១សែន​២ម៉ឺន​នាក់ បើ​ប្រៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤។ ពោល​គឺ​ជា​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ ២០១០ ក្រោយហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ​អ៊ីស្លង់មក។ ឯ​ការ​វាយប្រហារ​ភេរវកម្ម​​ប្រឆាំង​នឹង​ទស្សនាវដ្តី​Charlie Hebdo កាល​ពី​ខែ​មករា បាន​ប៉ះពាល់​ចរាចរណ៍​ផ្លូវអាកាស​តែ​០,១%​ប៉ុណ្ណោះ។

កាន់​តែ​គួរ​ឱ្យ​កត់​សម្គាល់​ទៀត​នោះ គឺគេ​គ្មានឃើញ​សញ្ញា​រើប​ឡើង​វិញ​ទេ។ ការ​កក់​សំបុត្រ​ធ្វើ​ដំណើរ​ពី​បរទេស​ចូល​ក្រុង​ប៉ារីស នៅ​តែ​បន្ត​ថយ​ចុះ​ជា​លំដាប់ ក្នុង​ល្បឿន​២៨%។ នេះបើ​តាម​ទិន្ន័យ​ព័ត៌មាន​វិទ្យា​របស់​ក្រុមហ៊ុន​ទេសចរណ៍​ពិភពលោក។

ថ្វី​បើ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ COP21 បាន​នាំ​ភ្ញៀវ​អន្តរជាតិ​ អ្នក​មុខ​អ្នក​ការ អ្នកជំនួញ​មក​បំពេញ​​សណ្ឋាគារ​ប្រណិត​ៗ បាន​ពីរ​សប្តាហ៍​មែន ប៉ុន្តែចំនួន​​ទេសចរ​បរទេស​មាន​តិចតួច​ណាស់ និង​បន្ត​ធ្លាក់​ចុះទៀត​​ប្រមាណ​ពី ៣០ទៅ​៤០​%​នៅ​ខែ​ធ្នូ។ ខាង​ភោជនីដ្ឋាន​ធ្លាក់​ចុះ​ជា​មធ្យម​២០%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ