អានតួអត្ថបទ

វិបត្តិអន្តោប្រវេសន៍ ៖ អាល្លឺម៉ង់​ចង់ព្រមានសមាជិក​អឺរ៉ុប​​​តាម​ផ្លូវ​ច្បាប់​

រដ្ឋមន្ត្រី​ការបរទេស​​អាល្លឺម៉ង់ បាន​ប្រកាស​ព្រមាន​នៅ​ថ្ងៃ​សៅរ៍​នេះ ថា​​ដាក់​ទណ្ឌកម្ម​តាម​ផ្លូវ​ច្បាប់ លើ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ណា ដែល​បដិសេធ​មិន​ព្រមទទួល​ជន​ភៀស​ខ្លួន​ ស្រប​តាម​កម្មវិធីកូតា​ចែក​ចាយ​ជនភៀសខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ​អឺរ៉ុប។

ទូក​ជនភៀសខ្លួនបន្ត​​មក​ដល់​កោះ​ក្រិកថ្ងៃទី ១១​វិច្ឆិកា ២០១៥
ទូក​ជនភៀសខ្លួនបន្ត​​មក​ដល់​កោះ​ក្រិកថ្ងៃទី ១១​វិច្ឆិកា ២០១៥ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប​ជា​សហគមន៍​មាន​ច្បាប់ ! សម្តី​ដែល​គ្រលាស់​ចេញ​មក​ហើយ​ត្រូវ​តែ​គោរព តែ​បើ​មិន​ធ្វើ​តាម​ មាន​តែ​ត្រូវ​ដោះស្រាយ​តាម​ច្បាប់ ! នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាល្លឺម៉ង់ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​ប្រចាំ​សប្តាហ៍ Der Spiegel។

 
ការ​គំរាម​របស់​អាល្លឺម៉ង់​នេះ គឺ​សំដៅ​លើ​ប្រទេស​ហុងគ្រី និង​ស្លូវាគី ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាកា​រអឺរ៉ុប​ប្រឆាំងនឹង​កម្មវិធីកូតា​ចែកចាយ​ជនភៀស​ខ្លួន​ ដែលរដ្ឋ​ជា​​សមាជិក​សហភាព​អឺរ៉ុប​បាន​អនុម័ត​កាលពី​ខែ​កញ្ញាតែ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធភាព​អ្វី​សោះ។​

​​លើស​ពី​នេះ​ទៀត ស្លូវ៉ាគី បាន​បង្ហាញ​ចរិក​ខុស​ប្លែក​ពី​គេ ​ដោយ​ប្រកាសជាឯកតោភាគី​ រំពឹង​លើ​​គោលការណ៍​ស្ម័គ្រ​ចិតុ្ត​ ទទួល​យកជនភៀសខ្លួន និង​យក​​តែ​ជន​ភៀស​ខ្លួន​ កាន់​សាសនា​គ្រិស្ត ចំនួន​ ២៥​គ្រួសារ ពោល​គឺ​ស្មើ​នឹង​១៤៩​នាក់។ ប៉ុន្តែ​​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បែងចែក​ជនភៀសខ្លួន១៦ម៉ឺន​នាក់​ ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ស្លូវ៉ាគីមាន​កូតា ​ត្រូវ​ទទួល​ជន​ភៀស​ខ្លួនដល់​ទៅ​ ២៣០០​នាក់។

អាល្លឺម៉ង់​មិន​មែន​ជា​ប្រទេស​ទីមួយ ដែលសំឡុត​គំរាម​រដ្ឋ​រឹង​រូស​របស់​អឺរ៉ុប​ទេ។ ប្រមុខ​រដ្ឋាភិបាល​អូទ្រីស Werner Faymann បាន​អះអាង​រួចមក​​ហើយថា​ប្រទេស​ដែល​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សហភាព​ ​យ៉ាង​ច្រើន​ទៅ​បំប៉ោង​កញ្ចប់​ថវិកា អាច​នឹង​ត្រូវ​កាត់​បន្ថយ​ជំនួយវិញ ប្រសិន​បើ​បដិសេធ​មិន​ព្រមទទួល​ជនភៀសខ្លួនទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​ម្សិលមិញ ​សមាជិក​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា និង​ស្រែករំលឹក​​ ថា​អឺរ៉ុប​ត្រូវ​ការ​ជា​បន្ទាន់​ការការ​ពារ​ព្រំដែន​ខាងក្រៅ​របស់​សហភាពអឺរ៉ុប ដើម្បី​ទប់​ទល់​នឹង​លំហូរ​អន្តរប្រវេសន៍។ ដើម្បី​សម្រេច​កម្មវត្ថុ​នេះ អាល្លឺម៉ង់ បាន​បញ្ជូន​ប៉ូលិស១០០​នាក់​ ព្រមទាំង​នាវា និង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង ទៅ​ជួយ​ភ្នាក់ងារ​ឆ្មាំ​ព្រំដែន​Frontex ទទួល​បន្ទុកការពារ​ព្រំដែន​។ Frontex ត្រូវ​ការ​កម្លាំង​ប្រមាណ​៨៥០​នាក់ ទើប​អាច​គ្រប់គ្រង​​ព្រំដែន​អឺរ៉ុប ចន្លោះ​ពី​តួកគី ទៅ​កោះ​ក្រិកបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ