អានតួអត្ថបទ

ទីផ្សារភាគហ៊ុន និង ទីផ្សារប្រាក់រូប្ល រុស្ស៊ីដាំដូង ជាមួយ ការធ្លាក់ចុះនៃតម្លៃប្រេង

ទីផ្សារហិរញ្ញវត្ថុ​រុស្ស៊ី បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ថ្ងៃ​ចន្ទម្សិលមិញ ដោយ​ទ្រនិច​លេខ នៃ​ទីផ្សារ​ភាគហ៊ុន RTS ក្រុងម៉ូស្គូ បាន​បាត់បង់​តម្លៃ​អស់ ជាង៥% ចំណែក​អត្រា​ប្រាក់​រូប្ល បាន​ធ្លាក់​ចុះ​ទាប​បំផុត បើ​គិត​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ចុងក្រោយ ធ្លាក់​ចុះ​នេះ​គឺ ក្រោម​ឥទ្ធិពល​ធ្លាក់​ចុះ​នៃ​ទីផ្សារ​អាស៊ី និង នៃ តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក។

ទីផ្សារ​ភាគហ៊ុន​រុស្ស៊ី​ដាំក្បាល​ចុះអស់ ៥,៣% នៅ​ថ្ងៃ​ចន្ទ​ទី ១១​មករា ២០១៦
ទីផ្សារ​ភាគហ៊ុន​រុស្ស៊ី​ដាំក្បាល​ចុះអស់ ៥,៣% នៅ​ថ្ងៃ​ចន្ទ​ទី ១១​មករា ២០១៦ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ភាពច្របល់នេះ ដែល​កើត​ឡើង​គឺ​នៅ​ចំ​ថ្ងៃ​ចូលកង​វិញ ក្រោយពី​វិស្សមកាល​អស់​១០​ថ្ងៃ ពាក់ព័ន្ធ​នឹង​បុណ្យ​ចូល​ឆ្នាំថ្មី និង បុណ្យ​ណូអែល​តាម​គ្រិស្តសាសនា​អ័រថូដុក្ស សម្រាប់​ពលរដ្ឋ​រុស្ស៊ី​ជាច្រើន គឺបញ្ជាក់​ឲ្យ​ឃើញ​ថា នៅ​ឆ្ងាយ​នៅ​ឡើយ ក្តី​សង្ឃឹម​របស់​អាជ្ញាធរ ស្តារ​ឡើង​វិញ ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​រុស្ស៊ី​អស់​ជាង​១​ឆ្នាំ​ហើយ ដូច្នេះ​វិធានការ​ថ្មី​កាន់​តែ​តឹងរ៉ឹង មុខ​ជា​នឹង​ត្រូវ​ចាត់​ឡើង​ចៀស​មិន​ផុតទេ។ ​

 
ទីផ្សារភាគហ៊ុន RTS ក្រុងម៉ូស្គូ​ជួញ​ជា​ដុល្លារ បាន​បិទ​បញ្ចប់​ម្សិលមិញ គឺ​ដោយ​បាត់​តម្លៃ​អស់ ៥,១២% ហើយ​ធ្លាក់​ដល់​ទ្រនិច​លេខ ៦៩៩ ពោល​គឺ​ទៅ​នៅ​ក្រោម​ទ្រនិច​លេខ​៧០០ ដែល​ជា​លើក​ទី​១ បើ​គិត​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៤​មក។ ទីផ្សារភាគហ៊ុន​មួយ​ទៀត​នៅ​ក្រុង​ម៉ូស្គូ ឈ្មោះ Micex ជួញ​ជា​លុយ​រូប្ល គឺ​បាន​រង​ការ​ប៉ះពាល់​តិច​ជាង ហើយ​ធ្លាក់​ចុះ​តែ ៣,៧៨%។ ក្នុង​ចំណោម តម្លៃ​ធំៗ​ផ្សេង​ទៀត គឺ​ធនាគារ​ទី​២​នៅ​រុស្ស៊ី Sberbank បាន​ធ្លាក់​ចុះ​អស់​៥,៩៧% គូ​ប្រជែង​វា គឺ​ធនាគារ VTB បាន​ធ្លាក់​ចុះ​អស់ ៣,៦៨% បណ្តុំ​ក្រុមហ៊ុន​យក្ស​ខាង​ឧស្ម័ន Gazprom បាន​ធ្លាក់​ចុះ​អស់ ៣,៥០% និង​ក្រុមហ៊ុន​ប្រេង​ឯកជន Lukoil បាន​ធ្លាក់​ចុះ​អស់ ៤,៩៩%។

លើទីផ្សារដូរប្រាក់ ថ្ងៃចន្ទម្សិលមិញ ១​ដុល្លារ​ដូរ​បាន​៧៦​រូប្ល ហើយ​១​អឺរ៉ូ​ដូរ​បាន ៨៣​រូប្ល - នេះ​ជា​លើក​ទី​១ បើ​គិត​ពី​ខែ​ធ្នូឆ្នាំ​២០១៤​មក។ ជាការកត់សម្គាល់ កាលណោះ ពេល ដែល​ប្រទេស​រុស្ស៊ី បាន​លង់​ខ្លួន​ទៅ​ក្នុង​វិបត្តិ ១​ដុល្លារ ដូរ​បាន​ដល់​ទៅ ៧៦,៤៩​រូប្ល ហើយ ១​អឺរ៉ូ ដូរ​បាន​ដល់​ទៅ ៨៣,៧៩រូប្ល។

តាមពួកអ្នកវិភាគ បើ​តម្លៃ​ប្រេង​ដែល​ជា​ខ្ទង់​ចំណូល​ក្រាស់ក្រែល សម្រាប់​ថវិកា​រុស្ស៊ី​បន្ត​ធ្លាក់​ចុះ នោះ​អត្រា​ប្រាក់​រូប្ល ក៏​អាច​បន្ត​ធ្លាក់​ចុះ​ត​ទៅ​ទៀត។

ប្រទេសរុស្ស៊ី កំពុងតែឆ្លងកាត់ ដំណើរដើរ​ថយ​ក្រោយ​យ៉ាង​ជ្រៅ ជាង​មួយ​ឆ្នាំ​ហើយ ។ មូលហេតុ មកពី ការស្រុត​ចុះ​គ្មាន​ឈប់​នៃ​ទីផ្សារ​ប្រេង​លើ​ពិភពលោក និង មកពី​ទណ្ឌកម្ម​បស្ចិមលោក ប្រឆាំង​រុស្ស៊ី ដែលប្រកាន់​គោលជំហរ​ឥតប្រែប្រួល​ចំពោះ​ស្ថានការណ៍​នៅអ៊ុយក្រែន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ