អានតួអត្ថបទ

ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេច​ប៉ាប​នៅ ម៉ិចស៊ិក​

បន្ទាប់ពី​បាន​ចារ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ តាម​រយៈ​ជំនួប​​ជា​លើក​ដំបូង គិត​ចាប់​តាំង​ពី​ជិត​​មួយ​ពាន់​ឆ្នាំ ជាមួយ​សម្តេច​សង្ឃ​អ័រតូដុករុស្ស៊ី នៅ​ប្រទេស​គុយបា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញមក សម្តេច​ប៉ាប ហ្វ្រង់ស័រ ត្រូវ​​​ផ្តើមបំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត ចាប់​ពី​ថ្ងៃ​សៅរ៍​ទី ១៣​កុម្ភៈ នៅ​​ម៉ិចស៊ិក ប្រទេសដែល​មាន​ពលរដ្ឋ​កាន់​សាសនា​កាតូលិក​ច្រើន​ជាង​គេ​ទី​ពីរ​លើ​ពិភពលោក។

សម្តេច​ប៉ាប François នៅ​ប្រទេស​ម៉ិចស៊ិក ថ្ងៃទី ១៣​កុម្ភៈ ២០១៦
សម្តេច​ប៉ាប François នៅ​ប្រទេស​ម៉ិចស៊ិក ថ្ងៃទី ១៣​កុម្ភៈ ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

សម្តេច​ប៉ាប ហ្វ្រង់ស័រ បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ នៅ​ប្រទេស​ម៉ិចស៊ិក។ ជា​ទស្សនកិច្ចដែល​គ្រប់គ្នា​ចាត់​ទុក​ថា​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រផង​ និង​ប្រកប​ដោយ​និមិត្តរូប ព្រមទាំង​​ការ​រង់​ចាំ​ខ្លាំង​​​បំផុត ! ព្រោះ នៅ​ថ្ងៃ​សៅរ៍​នេះ ជា​លើក​ទី​មួយ សម្តេចប៉ាប​នឹង​ត្រូវ​ទទួល​ស្វាគមន៍​ ​ ដោយ​រូប​ប្រធានាធិបតី​ផ្ទាល់​តែ​ម្តង នៅ​វិមាន​ជាតិ​កាតូលិក​របស់​ម៉ិចស៊ិក។ ម៉ិចស៊ិក​ជា​ប្រទេស​កាតូលិក​ធំ​ទី​ពីរ​ នៅ​លើ​ពិភពលោក ប៉ុន្តែ​ អ្នននយោបាយ​ប្រទេ​ស​នេះ មាន​គ្មាន​ប្រពៃណីនិង​​រឹង​ទទឹង​ខ្លាំងខាង​ការ​ប្រកាន់​សាសនា ដោយ​ទើប​តែ​ព្រម​ភ្ជាប់​ទំនាក់ទំនងការទូត ជាមួយ​បុរី​វ៉ាទីកង់ នៅ​ឆ្នាំ​១៩៩២​តែ​ប៉ុណ្ណោះ។

 

ទស្សនកិច្ច​របស់​សម្តេច​ប៉ាប គឺ​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​តាន​តឹង ៖ តាំងពី​យូរ​យា​ណាស់​មក​ហើយ នៅក្នុង​អំឡុង​សតវត្សរ៍​ទី ១៩ និង​រហូត​ដល់​ជាង​ពាក់​កណ្តាល​សតវត្សរ៍​ទី​២០ ទំនាក់ទំនង​ម៉ិចស៊ិក​ជាមួយ​វ៉ាទីកង់​មាន​ភាព​តាន​តឹង​ខ្លាំង​ណាស់ សឹង​ថា​មាន​ជម្លោះ​នឹង​គ្នា​ផង ជាពិសេស​នៅ​ពេល​ម៉ិចស៊ិក​មាន​រដ្ឋាភិបាល​បង្កើត​ចេញ​ពី​បដិវត្ត។

សម្តេច​ប៉ាប បរិហារ​ ភាព​ក្រីក្រ អន្តោប្រវេសន៍ និង​អំពើហិង្សា នៅ​ម៉ិចស៊ិក

ម្យ៉ាង​វិញ​ទៀត បើ​យើ​ងក្រលេក​ទៅ​មើល កម្មវិធី​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​វិញ ពី​មួយដំណាក់ទៅ​មួយ​ដំណាក់ មាន​បង្កប់​ទៅ​ដោយ​អត្ថន័យ​ជា​និម្មិតរូប​ដូច​គ្នា។ នៅ​ថ្ងៃ​ស្អែក សម្តេច​នឹង​សូត្រ​ធម៌​នៅ​តំបន់​ជាយ​ក្រុង​ដែល​អំពើ​ហិង្សា​ សម្លាប់​ស្ត្រី​ កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ បន្ទាប់​មក​ សម្តេច​ប៉ាប​នឹង​និមន្ត​ទៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ក្នុង​រដ្ឋ​ដែល​ក្រីក្រ​ជាងគេ​បំផុត មានជនជាតិ​ដើម​​ភាគ​តិច​រស់​នៅ​ច្រើន ដោយ​សូត្រ​ធម៌​ជា​​ភាសា​ជនជាតិ​ (បីភាសា) និង​ចុងក្រោយ នៅ​ក្រុង​ជាប់​ព្រំដែនអាមេរិក ដែល​ជា​ច្រក​ដ៏​គ្រោះ​ថ្នាក់​បំផុត។

ម៉ិចស៊ិក​ជា​ប្រទេស​ដែល​រង​ការ​រិះគន់​ច្រើន​ ខាង​ផ្នែក​សិទ្ធិមនុស្ស ជា​ប្រទេស​ហិង្សា​ ពុក​រលួយ​ ជា​ប្រទេស​ជួញដូរ​អាភៀន​ បងធំ ជា​ប្រទេស​ក៏​ក្រីក្រ​បំផុត​មួយ​នៅ​លើ​លោក និង​ជា​ប្រទេស​​ដែលមាន​​អន្តោប្រវេស​ន៍​រាប់​ពាន់ម៉ឺន​​នាក់រស់​ត្រដាប​ត្រដួស​ចាំ​រត់​ឆ្លង​ព្រំដែន​ទៅ​អាមេរិក សង្ឃឹម​លើ​​​វត្តមាន​៥​ថ្ងៃ របស់​សម្តេច​ប៉ាប  ក្នុង​ការ​​ប្រោះព្រំ​ នាំ​ សណ្តាប់​ធ្នាប់ នាំ​ដំណោះស្រាយជានិរន្ត​មួយ​​មក​ឱ្យ​ប្រទេស​នេះ។ សម្តេច​ប៉ាប​បាន​​សន្យា​តាំ​ងពី​មុន​ចេញ​ដំណើរ​ម្ល៉េះ ថា​នឹងផ្សព្វផ្សាយ​ធម៌​​ឱ្យ​ច្បាស់ៗ ចំៗ​។​

ជំនួប​ជា​ប្រវត្តិសាស្ត្ររវាង​សម្តេច​សង្ឃ​កាតូលិក​ និង​អ័រតូដុក នៅ​ទីក្រុង​ឡាហាវ៉ាន ថ្ងៃ​ទិ​១២​កុម្ភៈ ២០១៦i 12 février 2016.
ជំនួប​ជា​ប្រវត្តិសាស្ត្ររវាង​សម្តេច​សង្ឃ​កាតូលិក​ និង​អ័រតូដុក នៅ​ទីក្រុង​ឡាហាវ៉ាន ថ្ងៃ​ទិ​១២​កុម្ភៈ ២០១៦i 12 février 2016. REUTERS/Adalberto Roque

ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​​សម្តេច​សង្ឃ​កាតូលិក​និង​អ័រតូដុក

​សាសនា​គ្រិស្ត បាន​បំបែក​គ្នា​ជា​ពីរ ជា​​អ័រតូដុក និង​កាតូលិក នៅ​​ឆ្នាំ​១០៥៤មក គឺ​ទើប​តែ​នៅ​សុក្រ​ម្សិលមិញ​នេះ​ទេ ដែល​ប្រមុខ​ដឹកនាំ​សាសនា​ទាំង​ពីរនិកាយ បាន​ជួប​ប្រាស្រ័យ​គ្នា នៅ​ទីក្រុង​ឡាហាវ៉ាន ក្នុង​​បន្ទប់​ទទួល​ភ្ញៀវ​នៃ​អាកាសយានដ្ឋាន ជា​​ដែនដី​អព្យាក្រឹត្យ និង​ដែល​ឆ្ងាយ​ដាច់​ស្រឡះ​ពីដែនដី​កំណើតដើមកំណើត​នៃ​សាសនា​និង​ជម្លោះ។

ជម្លោះ​​កាលពី​ជិត​មួយ​ពាន់​ឆ្នាំ​មុន បាន​ធ្វើ​សាសនា​គ្រិស្ត​ បែង​ចែក​ជា​និកាយ​ពីរ​ធំៗ ដែល​ប្រៀប​បាន​ទៅ​នឹង​ការ​បែងចែង​ភូមិសាស្ត្រជាពីរ គឺ​គ្រិស្តសាសនា​​នៅភាគ​​ខាង​លិចជា​ អ្នក​កាតូលិក គ្រប់គ្រង​ដោយ​ក្រុង​រ៉ូម បុរីវ៉ាទីកង់ និង​គ្រិស្តសាសនា​នៅ​ប៉ែក​ខាងកើត ជា​អ្នក​អ័រតូដុក  គ្រប់គ្រង​ដោយ​ម៉ូស្គូ ដែល​មាន​អ្នក​គោរព​សាសនា​និកាយ​នេះ​ចំនួន​១៣០​លាន​នាក់ ​ក្នុង​ចំណោម​​​​​ជាង​២៥០​លាន​នាក់ នៅ​លើ​ពិភពលោក។ ប៉ុន្តែ​សម្តេច​សង្ឃ​អ័រតូដុក ​ មាន​ដែន​អំណាច​គ្រប់គ្រងដោយ​​ផ្ទាល់​លើ​អ្នក​កាន់​សាសនា​នេះ​ប្រមាណ​តែ​ជាង​បី​លាន​នាក់​កន្លះ​ប៉ុណ្ណោះ។

ជំនួប​រវាង​ប្រមុខ​និកាយ​សាសនា​ទាំង​ពីរ​នេះ ​ជា​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ។ ​ប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ​ អ្នក​គ្មានប្រកាន់​លើ​ជំនឿ​​សាសនា​ បាន​ឆ្លៀត​ប្រើ​ឱកាស​​ដែល​សម្តេច​ប៉ាប​ហ្វ្រង់ស័រ ត្រូវ​និមន្ត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ិចស៊ិក ឯ​សម្តេច​សង្ឃ​អ័រតូដុក Kirill ត្រូវ​និមន្ត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​គុយបា ប៉ារ៉ាហ្គាយ និង​ប្រេស៊ីល​ ​រយៈ​ពេល​១០​ថ្ងៃ ដើម្បី​រៀប​ចំ​ឱ្យ​មាន​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​សាសនា​និកាយ​ទាំងពីរ។

“នៅ​ទីបំផុត យើង​បាន​ជួប​គ្នា” នេះអំណរ​ដំបូង​ដែល​គេ​បាន​ឮ​ផុស​ចេញ​ពី​មាត់​សម្តេច​ប៉ាប​ ហ្វ្រង់ស័រ ទៅ​កាន់​សម្តេច​សង្ឃ​អ័រតូកដុក ដែល​តប​វិញ​ថា “មែនហើយ ! បច្ចុប្បន្ន ​អ្វីៗ​មាន​លក្ខណៈ​ស្រួល​ជាង​មុន”។ ប្រមុខ​​វិហារ​កាតូលិក​ទាំងពីរនិកាយ ដែល​បាន​ជួប​ពិភាក្សា ​ ​គ្នា​រយៈ​ពេល​ពីរ​ម៉ោង ដោយភាសា​ត្រង់ទៅ​ត្រង់​មក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ស្វែង​រក​ការ​ផ្សះផ្សា និង​រួម​រស់​ជាមួយ​​គ្នា​រវាង​និកាយ​អ័រតូដុក ក្នុង​មាន​ជា​បងប្អូន មិន​មែន​ជា​គូ​ប្រជែង និង​ជាពិសេស​ ដើម្បី​ការពារ​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ដើម​បូព៌ា ​នៅ​ស៊ីរី នៅ​អ៊ីរ៉ាក់។

ការ​ការពារ​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ដើម​បូព៌ា ដែល​ជា​កត្តា​ដ៏​ចំបង​មួយ​ជំរុញ​ឱ្យ​ប្រមុខ​សាសនា​ទាំង​ពីរ​អាច​ខិត​មក​រក​គ្នា​បាន​សម្រេច​នៅ​ថ្ងៃ​នេះ។ ព្រោះ​សូម​បញ្ជាក់​ថា ប្រមុខ​វិហារអ័រតូដុកម៉ូស្គូ បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី នៅ​ស៊ីរី​ តែ​ក៏​​មាន​អាទិភាព​និង​ប្រឹង​គ្រប់យ៉ាង ការពារ​ទប់​ស្កាត់ អំពើ​ប្រល័យ​ពូជសាសន៍​គ្រិស្ត​នៅដើម​បូព៌ា ​នៅ​អាហ្វ្រិក​កណ្តាល​ និងខាងជើង។

ចំណែក​សម្តេច​ប៉ាប​ហ្វ្រង់ស័រ​វិញ ព្រះ​អង្គ​យល់​ និង​ជឿជាក់​ថា មាន​តែ​ការ​រួម​រួប​ជាមួយ​ប្រមុខ​សាសនា​ម៉ូស្គូ​ទេ ទើប​អាច​មាន​ទម្ងន់​ខ្លាំង​ ដាក់​សម្ពាធ​​លើ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​គិត​គូរ​ដោះស្រាយ​វិបត្តិ​នៅ​ដើមបូព៌ា​នេះ​បាន។ សម្រាប់​សម្តេច​ប៉ាប រុស្ស៊ី​ អាច​ធ្វើ​អ្វី​បាន​ច្រើន​ដើម្បី​សន្តិភាព​។ សម្តេច​ធ្លាប់​ទាំង​បាន​ទទួល​ជួប​ប្រធានាធិបតី​រុស្ស៊ី​ដល់​បី​លើក គិត​ចាប់​ពី​ព្រះអង្គ​បាន​ក្លាយ​ជា​សម្តេច​ប៉ាបមក។

ប៉ុន្តែ​សម្តេច​សង្ឃ​អ័រតូដុក Kirill ដែលបើ​ទោះ​បី​​មាន​ភាព​ស្និទ្ធ​ស្នាល​ខ្លាំង​នឹង​ប្រធានាធិបតី​រុស្ស៊ី ពូទីនក៏​ដោយ ក៏បាន​បដិសេធ​ នៅ​ចំពោះ​មុខ​សម្តេច​ប៉ាប ហ្វ្រង់ស័រ​ថា​មិន​ធ្វើ​ការ​ជៀតជ្រែក​នយោបាយ​ទេ។  វិហារ​អ័រតូដុក គ្មាន​ពាក់​ព័ន្ធ​នឹង​សេចក្តី​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​រុស្ស៊ីទេ។  នេះ​ជា​សារ​ដ៏​ច្បាស់​លាស់​មួយ ដែល​បញ្ជាក់​ថា​​វិហារអ័រតូដុក​និង​​កាតូលិក មាន​ជំហររួម​​តែ​មួយ គឺ​ការពារ​អ្នក​កាន់​សាសនាគ្រិស្ត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ