អានតួអត្ថបទ

ចៅក្រម​សួរ​ចម្លើយ​អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី រឿង​ចំណាយ​ជ្រុល​ពេល​ឃោសនា​បោះឆ្នោត

លោក នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​ ពី​ឆ្នាំ ២០០៧-២០១២ និង​ជា​ប្រធាន​បក្ស​ប្រឆាំងសាធារណរដ្ឋ ត្រូវ​បាន​ចៅក្រម​កោះ​ហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ ក្នុង​សំណុំរឿង​​បន្លំ​វិក័យប័ត្រ​និង​គណនីសម្រាប់​​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២។ ថ្ងៃ​នេះ​ការ​ជា​សាកសួរ​ទេ ប៉ុន្តែ​លោក​នីកូឡា សាកូហ្ស៊ី អាច​នឹង​ត្រូវ​ជាប់​ចោទ​ ក្នុង​សំណុំរឿង​នេះ​ផង​ក៏​ថា​បាន។

លោក នីកូឡា សាកូហ្ស៊ី ប្រធានបក្ស​សាធារណរដ្ឋ និង​ជា​អតីត​ប្រធានាធិបតី​បារាំង ២០០៧-២០១២
លោក នីកូឡា សាកូហ្ស៊ី ប្រធានបក្ស​សាធារណរដ្ឋ និង​ជា​អតីត​ប្រធានាធិបតី​បារាំង ២០០៧-២០១២ Capture d'écran / TF1
ផ្សាយពាណិជ្ជកម្ម

ជា​អតីត​ប្រធានាធិបតី ដែល​មាន​មហិច្ឆតា​​ចង់​វិល​ត្រលប់​មក​ប្រកួត​ប្រជែង​​ដណ្តើម​តំណែង​ប្រធានាធិបតី​បារាំង​ជា​ថ្មី នៅ​ឆ្នាំ​២០១៧  ! តែ​រឿង​ក្តី​មាន​ច្រើនឥតដាច់។ នៅ​ថ្ងៃ​នេះ សាកូហ្ស៊ី បាន​បង្ហាញ​ខ្លួន​នៅ​តុលាការសាលា​ដំបូង​ក្រុង​ប៉ារីស​​ជា​ថ្មី ដើម្បី​ឆ្លើយ​បំភ្លឺ​ចៅក្រម​នូវ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចំណាយ​ខុស​ច្បាប់​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត។

ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ គណបក្ស​នីមួយៗ​មាន​សិទ្ធិ​ចំណាយ​ត្រឹម ២២,៥​លាន​អឺរ៉ូប៉ុណ្ណោះ។ ប៉ុន្តែ​លោក សាកូហ្ស៊ី បាន​ចាយ​ហួស។ ក្រុមហ៊ុន​Bygmalion អ្នក​គ្រប់គ្រង​យុទ្ធនាការ​ឃោសនា ធ្វើ​វិក័យ​ប័ត្រ​បន្លំ ដើម្បី​លាក់​ចំណាយ​លើស​ប្រមាណ​ជិត​ពីរ​ដង (១៨,៥​លាន​អឺរ៉ូ) បន្លំ​ជា​ចំណាយ​របស់​បក្ស​ស្តាំ​និយមUMP បច្ចុប្បន្ន​មាន​ឈ្មោះ​ថា បក្ស​សាធារណរដ្ឋ។

តុលាការ​ធ្លាប់​បាន​កោះ​ហៅ​លោក​នីកូឡាសាកូហ្ស៊ី ទៅ​សួរ​ចម្លើយ​ម្តង​ហើយ​កាលពី​​ខែ​កញ្ញា ២០១៥។ នៅ​ពេល​នោះ​លោក​សាកូហ្ស៊ី បាន​ធានា​អះអាង​ថា​មិន​បាន​ចាំ និង​មិន​ដឹង​ថា​មាន​បន្លំ ឬ​ចំណាយ​ខុស​ច្បាប់​ទេ ដោយ​ទម្លាក់​កំហុស​ទៅ​ប្រធាន​បក្ស​UMP ដែល​មាន​ក្រុមគ្រួសារ​ជា​ម្ចាស់​ក្រុមហ៊ុន​Bygmalion។

ប៉ុន្តែ​នៅ​ពេល​ធ្វើ​ការ​អង្កេត​យូរៗ​ទៅ ចៅក្រម​រក​ឃើញចំណុច​ខ្ទាស់​ផ្សេង​ទៀត ដែល​អាច​ពាក់ព័ន្ធ​នឹង​លោក​នីកូឡា​សាកូហ្ស៊ី ដូច​ជា​នៅ​ក្នុង​គម្រោង​ថវិកា​២០១២ របស់​បក្សមាន​​ចំណាយ​ដល់​ទៅ ១៣,៥​លាន​អឺរូ​ តែ​មាន​បី​លាន​ប៉ុណ្ណោះ​ដែល​ចុះ​នៅក្នុង​គណនី​ឃោសនា​បោះឆ្នោត។ លោក​អតីត​ប្រធានាធិបតី បាន​ស្នើ​សុំ​រៀប​ចំ​មិទ្ទិញ​ ច្រើន​ហួស​កំរិត នៅ​ខែ​មីនា ២០១២ តើ​បាន​លុយមក​ពី​ណា ? វិក័យប័ត្រ​ចំណាយ​បាត់​ទៅ​ណា ? ហិរញ្ញិក​របស់​គណបក្ស​បាន​ទទួល​ស្គាល់​ថា​មាន​ការ​បន្លំចំណាយ​ខុសច្បាប់​ ប៉ុន្តែ​គ្មាន​ភស្តុតាង​អ្វី​អាច​បញ្ជាក់​បាន​ថាតើ​លោក​នីកូឡា​សាកូហ្ស៊ី​ ជា​អ្នក​បញ្ជា​ឬ​​បាន​ដឹង​ឮ​អំពី​ការ​បន្លំ​នោះ​ទេ។

មាន​អ្នក​ទទួល​ខុស​ត្រូវ​១៣​នាក់​ហើយ ដែល​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​Bygmalion​នេះ​​ ក្នុង​បទ​បន្លំ ប្រើ​អំណាច​ លួច និង​ចំណាយ​ខុស​ច្បាប់។ ក្រៅ​អំពី​អាច​ត្រូវ​ជាប់​ចោទ​ដែរ ក្នុង​​​សំណុំ​រឿង​នេះ លោក​ នីកូឡា​សាកូហ្ស៊ី ក៏​កំពុង​ជាប់​ចោទ​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ជំនួញ​ឥទ្ធិពល​ និង​ទទួល​ផល​ពី​ការ​រំលោភ​បំពានលើ​អាថ៌​កំបាំង​វិជ្ជាជីវៈ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ