អានតួអត្ថបទ
ហុងគ្រី-រុស្ស៊ី

ទស្សនកិច្ចគួរឲ្យចាប់អារម្មណ៍នៃលោកនាយករដ្ឋមន្ត្រីហុងគ្រីនៅរុស្ស៊ី

ថ្ងៃ​១៧​កុម្ភៈ​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ទទួល​ជួប​ចរចា ជាមួយ​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អ័របាន់ ដែល​បំពេញ​ទស្សនកិច្ចការងារ​នៅ​ម៉ូស្គូ ជាចម្លើយតប​នឹង​ទស្សនកិច្ច​ដែល​លោកូទីន​បាន​បំពេញ​នៅ​ក្រុង​ ប៊ុយដាប៉េស កាលពី​មួយ​ឆ្នាំមុន​គត់ គឺ​ថ្ងៃ​១៧ កុម្ភៈ ឆ្នាំ​២០១៥។ អ្វីដែល​គេកត់​សម្គាល់​គឺ​ថា ទោះបី​ហុងគ្រី ចូល​ជា​សមាជិក​សហភាពអឺរ៉ុប​តាំងពី​ឆ្នាំ ២០០៤ ក្តី ក៏​លោក​នាយករដ្ឋមន្ត្រី​ហុងគ្រី​បច្ចុប្បន្ន​នេះ រមែង​ប្រកាន់​គោលជំហរ​ម្ចាស់​ការណ៍​ខ្លួន​ឯង​មិនមែន​ចេះ​តែ​ស្តាប់​តាម​បង្គាប់​ក្រុង ព្រុចសែល ឡើយ។ ឧទាហរណ៍ គាត់ធ្វើទស្សនកិច្ច​នៅ​រុស្ស៊ី​ជា​ប្រទេស​កំពុង​ជាប់​ក្នុង​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​តែម្តង​។

ប្រធានាធិបតីរុស្ស៊ី Vladimir Poutine
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យដឹង​នា​កិច្ចចរចា​ថ្ងៃ​នេះ ប្រមុខរដ្ឋ​ទាំងពីរ លើក​យកទៅ​ពិភាក្សា គឺ​ទស្សនវិស័យ​នៃ​ការ​ពង្រីក​ចំណង​ពាណិជ្ជកម្ម-សេដ្ឋកិច្ច ,ច្រាន​ឲ្យ​ទៅ​មុខ ត​ទៅ​ទៀត​ គម្រោង​រួម​ក្នុង​វិស័យថាមពល​និង​បច្ចេកវិជ្ជា​ឈានមុខ  High Tech។ ក្នុង​ន័យ​នេះ គូភាគី​ ពិនិត្យមើល ដំណើរ​បំពេញ​តាម​កិច្ចព្រមព្រៀង​សរុប​ទៅ​ចំនួន​៥ ច្បាប់​ដែល​ត្រូវ​បាន​ចុះមួយ​ឆ្នាំ​មុន ជាលទ្ធផល​នៃ​ទស្សនកិច្ច​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន នៅ​ហុងគ្រី បែប​យ៉ាង​ កិច្ចព្រមព្រៀង​ស្តីអំពី​ការបណ្តុះបណ្តាល​បុគ្គលិក​ហុងគ្រី​សម្រាប់​ធ្វើការ​ក្នុង​វិស័យ​ថាមពល​បរមាណូ។

 
កាលពីមួយឆ្នាំ​មុន នៅ​ក្រុង ប៊ុយដាប៉េស  លោក​ប្រមុខរដ្ឋ​រុស្ស៊ី ពូទីន​និង​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិកទ័រ អ័របាន់ បាន​ពិភាក្សា​ត្រួសៗ​ជាមុន​ទៅ​ហើយ អំពី​គម្រោង​សាងសង់​រុស្ស៊ី នៅ​ហុងគ្រី ជា រ៉េអាក់ទ័រនុយក្លេអ៊ែរ​ពីរ​ទៀត​នៅ​នឹង​ស្ថានីយ​អគ្គសនី​បរមាណូ​ដែល​ត្រូវ​បាន សង់ឡើង​នៅ​ហុងគ្រី​តាំងពី​ជំនាន់​សហភាព​សូវៀត​ម៉្លេះ​ដើរ​ដោយ​រ៉េអាក់ទ័រ នុយក្លេអ៊ែរ ចំនួន ៤ នីមួយៗ មាន​កម្លាំង​ភ្លើង ៤៤០ MegaWatt ដែល​ធានា​បាន​ដល់​ទៅ ៤០% នៃ​ថាមពល​​អគ្គិសនី​ផលិត​បាន​ក្នុង​ប្រទេស​នោះ។

ចំណែក រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ថ្មី​ពីរ ដែល​ទំនើប​​ជាង​វា​នឹង​មាន​កម្លាំងភ្លើង​នីមួយៗ​គឺ​ដល់​ទៅ ១.២០០ MegaWatt។ ​​សម្រាប់​សាងសង់ រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ថ្មី​ពីរ​នេះ ក្នុង​តម្លៃ ១២.៥០០​លាន​អឺរ៉ូ រុស្ស៊ី​ត្រៀមឲ្យហុងគ្រី​ខ្ចី គឺ​ឥណទាន​ក្នុង​ទឹកប្រាក់ ១០.០០០​លាន​អឺរ៉ូ ដើម្បី​ហុងគ្រី​សង​មក​រុស្ស៊ី​វិញ ក្នុង​រយៈពេល រហូត​ដល់​ឆ្នាំ​២០២៥ ដោយ​យកការ​ប្រាក់ ក្នុង​កម្រិត មិន​លើស​៤,៩៥%​ឡើយ​ក្នុង១​ឆ្នាំ។

បើនិយាយពី​ផ្នែក​ពាណិជ្ជកម្ម​វិញ ដោយ​មក​ពី​ទណ្ឌកម្ម​បស្ចិមលោក​ទល់​នឹង​រុស្ស៊ី និង​មក​ពី ទណ្ឌកម្ម​បក​ទៅ​វិញ​ពី​ខាង​រុស្ស៊ី តាម​ស្ថិតិ​របស់​ភាគី​ហុងគ្រី​ផ្ទាល់ ក្នុង​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ កន្លង​ទៅ ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង ហុងគ្រី​និង​រុស្ស៊ី បាន​ធ្លាក់​ចុះ​អស់​សឹង​៥០% មកនៅ​ត្រឹម ៤.៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ ម៉្លោះហើយ​បាន​ជា លោក វិកទ័រ អ័របាន់ យល់​ថា ល្មម​ដល់ពេល​លុប​ទណ្ឌកម្ម​ទៅវិញ​ទៅ​មក​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ