អានតួអត្ថបទ
សហភាពអឺរ៉ុប-អន្តោប្រវេស្តន៍

Amnesty International បរិហារអឺរ៉ុបនិងអាមេរិកនៅលើបញ្ហាគ្រប់គ្រងអន្តោប្រវេស្តន៍និងភេរវកម្ម

អង្គការ​ការពារ​សិទ្ធ​មនុស្ស Amnesty International នៅថ្ងៃពុធ២៤​កុម្ភៈនេះ បានបរិហារ​ប្រទេស​បារាំង អង់គ្លេស អាមេរិក នៅ លើ​វិធានការ​​ការគ្រប់គ្រង​វិបត្តិ​អន្តោ​ប្រវេស្តន៍​រហូត​សឹង​តែ​បំបិទ​សេរីភាព​ដែល​ជា​មូលដ្ឋានគ្រឹះ ដើម្បី​ការពារ​សន្តិសុខ​ក្រោយបន្ទាប់​ភេរវកម្ម​នៅ​ប៉ារីស​ថ្ងៃ​ទី​១៣​វិច្ឆកា២០១៥។ 

Amnesty International បរិហារពីស្ថានភាពអនាម័យដ៏គូរឲ្យស្លុតរន្ធត់នៅក្នុងជំរំជនភៀសខ្លួនមួួយនៅTraiskirchen,ក្នុងប្រទេស Autriche.
Amnesty International បរិហារពីស្ថានភាពអនាម័យដ៏គូរឲ្យស្លុតរន្ធត់នៅក្នុងជំរំជនភៀសខ្លួនមួួយនៅTraiskirchen,ក្នុងប្រទេស Autriche. AFP PHOTO / JOE KLAMAR
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន អង្គការការពារសិទ្ធមនុស្ស Amnesty International បាន​វាយ​តម្លៃ​ថា “រដ្ឋាភិបាល​ជា​ច្រើន​ប្រទេស ​មាន​ការ​ភ័ន្តច្រឡំ​នៅ​ក្នុងការស្វែងរក​ដំណោះ​ស្រាយ​​ ​ដើម្បី​​ឆ្លើយ​​តបទៅនឹង​ការ​គំរាម​កំហែង​សន្តិសុខ​ប្រទេសជាតិ។

 
Amnesty International ដែល​តាមធម្មតា ​ច្រើនតែ​ធ្វើ​ការ​ដៀលត្មះ​ទៅលើ របប​ផ្តាច់ការ​ អំពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ នៅ​ឆ្នាំ​នេះ បាន​ធ្វើការបរិហារ​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ដូច​ជា​បារាំង​​​អង់គ្លេស​និង​អាមេរិក ថា​បាន​បន្ថប់​ដង្ហើម​សង្គម​ស៊ីវីល ​ដោយ​មិន​ខ្ចីគិតខ្វល់​ពីបញ្ហា​សិទ្ធ​សេរីភាព​​បុគ្គល ការគោរព​ជីវិតឯកជន​និង​ សិទ្ធសេរីភាព​ក្នុង​ការ​បញ្ចេញមតិដែល​ជា​មូលដ្ឋាន​គ្រឹះ​អ្វីឡើយ តែបែរ​ជានាំគ្នា​យកចិត្តទុកដាក់យ៉ាង​ខ្លាំង​តែ​ទៅ​លើ​វិធានការ​ការពារ​សុវត្ថិភាព​និង​​សន្តិសុខ​​ប្រទេសជាតិ​ទៅវិញ​ ក្រោយពី​អំពើ​ភេរវកម្ម​ឆ្នាំ​២០១៥នៅទីក្រុងប៉ារីស។

លោកស្រី Salil Shetty អគ្គលេខាធិការ​អង្គការ Amnesty International បាន​រិះគន់​ទៀត​ថា” ​ប្រទេស​អឺរ៉ុប​ទាំងនោះ មាន​ជំហរ​គួរ​ឲ្យ​ខ្មាស់អៀនណាស់ ប្រឈមមុខ​នឹង​វិបត្តិ​ជន​អន្តោ​ប្រវេស្តន៍​​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​សង្គ្រា​មនៅ​មជ្ឈិមបូព៌ា។​

Amnesty International បាន​សង្កត់​ពាក្យ​ទៀតថា” សហភាព​អឺរ៉ុប ដែល​មាន​ប្រជាជន​សរុប ជាង​ ៥០០ លាន​នាក់​និង​សម្បូរ​ទៅ​ដោយ​អ្នកដឹកនាំ​នយោបាយ​ច្រើន​ជាង​គេ​នៅ​លើ​ភព​ផែន​ដី​​នេះ ជាញឹកញយ ​បែរ​ជា​អសមត្ថភាពនៅ​​ក្នុងការស្វែង​រកដំណោះស្រាយណាមួយ​​ឲ្យ​បាន​សមស្រប​ទៅ​តាម​លក្ខណៈ​មនុស្សធម៌​និង​មានការគោរព​សិទ្ធិ​មនុស្ស​នោះ​ឡើយ។

ផ្ទុយទៅវិញ Amnesty International បាន​លើក​សរសើ​រដែរថា “មានតែ​ប្រទេស​អាលឺម៉ង់​មួយ​គត់​ប៉ុណ្ណោះ​ ​ដែល​បាន​បង្ហាញ​ពី​ឆន្ទះ​នយោបាយ​មួយដែល​មាន​ការ​ថ្លឹងថ្លែងពី​សារៈសំខាន់​នៃ​បញ្ហា​ជនអន្តោប្រវេស្តន៍។ ប៉ុន្តែ ក៏មាន ​អ្នកដឹកនាំ​ប្រទេស​អ៊ឺរ៉ុប​មួយ​ភាគ​ធំដែរ បែរ​ជានាំគ្នា​យក​ចិត្តទុកដាក់​ស្តាប់​តែ​ទៅ​លើ​សុន្ទរកថា​ដ៏​កងរំពង​ប្រឆាំង​នឹង​​ជនអន្តោប្រវេស្តន៍​ទៅ​វិញ ដោយហេតុតែមាន​ការភិត​ភ័យខ្លាច​ខ្លាំងនៅក្នុង​ការ​បាត់បង់​អធិបតេយ្យជាតិ​និង​អសន្តិសុខ​នៅ​​ក្នុង​ប្រទេសទៅវិញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ