អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី បានទម្លាយឲ្យដឹងថា មានកងកុម្ម៉ង់ដូខ្លួន សកម្មនៅលើដីស៊ីរីផ្ទាល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

គឺជាលើកទី១ ដែលក្នុងសម្ភាសន៍ ទៅ​កាសែត​រដ្ឋាភិបាល​រុស្ស៊ី លេខថ្ងៃ ២៤ មីនា លោក​ឧត្តម​សេនីយឯក​រុស្ស៊ី ដែល​អស់​សឹង​កន្លះ​ឆ្នាំ បាន​ធ្វើ​ជា​មេ​បញ្ជាការ ក្រុម​ទ័ព​រុស្ស៊ី​នៅ​ស៊ីរី បាន​ទទួល​ស្គាល់​ថា ក្រៅពី​ប្រតិបត្តិការ​វាយប្រហារ​ដោយ ក្រុម​យន្តហោះ​ចម្បាំង​រុស្ស៊ី ទៅ​លើ​ទីតាំង​ពួក​ភេរវជន​នៅ​លើ​ដែនដី​ស៊ីរី ក៏​មាន​ទាំង​អង្គភាព​ខ្លះ នៃ​កង​កុម្ម៉ង់ដូ​​រុស្ស៊ី បាន​និង​បន្ត​បំពេញ​ភារកិច្ច​ពិសេសៗ នៅលើ​ដី​ស៊ីរី​ផ្ទាល់​តែ​ម្តង។

លោក​ ពូទីន ប្រធានាធិបតី​រុស្ស៊ី ក្នុង​កិច្ចប្រជុំ​នៅ​វិមាន​ក្រេមឡាំង ថ្ងៃទី ១៧​ មីនា ២០១៦
លោក​ ពូទីន ប្រធានាធិបតី​រុស្ស៊ី ក្នុង​កិច្ចប្រជុំ​នៅ​វិមាន​ក្រេមឡាំង ថ្ងៃទី ១៧​ មីនា ២០១៦ REUTERS/Alexei Nikolsky/Sputnik/Kremlin
ផ្សាយពាណិជ្ជកម្ម

ក្នុងបទសម្ភាសន៍ ដែលត្រូវកាសែត​រដ្ឋាភិបាល​រុស្ស៊ី គឺ​កាសែត Rossiskaya Gazeta លើក​ជា​ចំណងជើង​ថា “ផ្គរ​រុស្ស៊ី លាន់​នៅ​ស៊ីរី“ លោក​ឧត្តម​សេនីយឯក Alexandre Dvornikov ដែល​ជា​មេបញ្ជាការ​រង​ទី១ នៃ​យោធាភូមិ​ទ័ព​រុស្ស៊ី​ប្រចាំ​ភូមិ​ភាគ​កណ្តាល​សហព័ន្ធ​រុស្ស៊ី និង​អស់ ៥​ខែ​កន្លះ ពី​ថ្ងៃ​៣០កញ្ញា​ឆ្នាំ​មុន ថ្ងៃ​ដែល​កង​អាកាស​រុស្ស៊ី បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ស៊ីរី រហូត​ដល់ ថ្ងៃ​១៥​មីនា​ឆ្នាំ​នេះ ថ្ងៃ​ដែល​រុស្ស៊ី ចាប់ផ្តើម​ដក​ក្រុម​ទ័ព​រុស្ស៊ី​នោះ​មួយ​ភាគធំ​ចេញ​មក​វិញ ទៅ​តាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ពូទីន បាន​ពន្យល់​បំភ្លឺ​ជា​អាទិ៍ ៖

 

ខ្ញុំ​មិន​លាក់​បាំង​ឡើយ ថា​សកម្ម​នៅ​លើ​ដែនដី​ស៊ីរី ក៏​ទាំង​អង្គភាព​ក្រុម​ទ័ព​រុស្ស៊ី ខាង​បំពេញ​ប្រតិបត្តិការ​ពិសេសៗ ហៅថា ក្រុម​កុម្ម៉ង់ដូ។ ក្រុមនេះ ជាប់​ដៃ​រវល់​នៅ​ស៊ីរី គឺ ខាង​ឈ្លប​យកការណ៍​ឲ្យ​ឃើញ​មែន​ពិត ទីតាំង​របស់​ពួក​ភេរវជន​សម្រាប់​រង​នូវ​ការវាយប្រហារ ពី​អាកាស​នៃ​យន្តហោះ​យោធា​រុស្ស៊ី ខាង​ណែនាំតម្រង់​ទិស​យន្តហោះ​រុស្ស៊ី ឲ្យ​ទៅ​ទម្លាក់​គ្រាប់បែក នៅ​តាម​តំបន់​ឆ្ងាយៗ​នៃ​ប្រទេស​នោះ ខាង​ដោះស្រាយ​ចំណោទ​ពិសេស​ផ្សេងៗ​ទៀត។ ព្រមជាមួយ​នេះ សូម​កុំ​ភ្លេច​ឡើយ​ថា ភារកិច្ច​ប្លែកៗ​បែប​នេះ​នៅ​លើ​ដី​ស៊ីរី ក៏​កំពុង​បំពេញ​ដែរ ដោយ​ក្រុម​កុម្ម៉ង់ដូ​អាមេរិកាំង និង​ប្រទេស​ឯ​ទៀត ក្នុង “សម្ព័ន្ធ​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម“ ដែល​ដឹកនាំ​ដោយ​ស.រ.អា.។

តាមប្រសាសន៍ឧត្តមសេនីយ​នោះ បច្ចុប្បន្ន​ស្ថិត​នៅ​ស៊ីរី ក៏​ទាំង​ពួក​ទីប្រឹក្សា​យោធា​រុស្ស៊ី ដែល​ជួយ​កងទ័ព​ស៊ីរី ឲ្យ​ចេះ​គ្រោង​យុទ្ធនាការ ឲ្យ​ចេះ​ប្រើ​គ្រឿង​បច្ចេកទេស​សឹក​រុស្ស៊ី។

លោកឧត្តមសេនីយឯក Dvornikov បន្ថែមថា ក្រុមទ័ព​រុស្ស៊ី​​ដែល​នៅ​សល់​នៅ​ស៊ីរី គឺ​គ្រប់គ្រាន់ សម្រាប់ត្រួតពិនិត្យ​លើ​ដំណើរ​បំពេញ​តាម​បទ​ឈប់​បាញ់​ក្នុង​ប្រទេស​នេះ និង​សម្រា​ប់ការពារ​មូលដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី នៅ​ព្រលាន​យន្តហោះ “ខ្មេមីម” នៅ​ស៊ីរី ព្រម​ទាំង​មូលដ្ឋាន​កង​ម៉ារីន រុស្ស៊ី នៅ​ក្រុង​ផែ​ស៊ីរី “តារទុស” មាត់​សមុទ្រ​មេឌីទែរ៉ាណេ។ ប្រភពក្នុង​ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​ទ័ព​រុស្ស៊ី បូក​ទាំង​ពួក​ទី​ប្រឹក្សា​រុស្ស៊ី ដែល​នៅ​បន្ត​វត្តមាន​ក្នុង​ប្រទេស​ស៊ីរី គឺ​ប្រមាណ ១.០០០​នាក់។

កាសែត Rossiskaya Gazeta កត់សម្គាល់ថា ឈ្មោះ​ឧត្តម​សេនីយ​រុស្ស៊ី Alexandre Dvornikov មិន​ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ លើក​យក​មក​និយាយ​ឡើយ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ ក្រុមទ័ព​រុស្ស៊ី​នៅ​ស៊ីរី។ ហើយ​ចំណុច​សម្ងាត់ៗ​ភាគច្រើន​នៃ​ប្រតិបត្តិការ​នេះ មិន​ដែល​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ឡើយ។ ចំណែក​លោក Dvornikov លើក​យក​មក​រៀបរាប់ គឺ​តែ​ភិនភាគ​ខ្លះ​ប៉ុណ្ណោះ។

គួររំលឹកថា លោក​ប្រធានាធិបតី​ពូទីន តែង​បាន​ថ្លែង​ថា “គ្មាន​ហើយ​មិន​អាច​មាន​ទៅ​កើត​ឡើយ ប្រតិបត្តិការ​អ្វី​ណា​នៅ​ស៊ីរី ដែល​ថា​មាន​ទ័ព​ជើង​គោក​រុស្ស៊ី​ចូលរួម។

ថ្ងៃ១៤មីនា​កន្លង​ទៅ លោក​ពូទីន​ស្រាប់​តែ​បាន​ថ្លែង​ដោយ​គ្មាន​នរណា​នឹក​ស្មាន​ឡើយ​ថា ៖
កង​អាកាស​រុស្ស៊ី ចេះ​បំពេញ​បាន​រួច​ទៅ​ហើយ រាល់​ភារកិច្ច​ដែល​ចោទ​នៅពី​មុខ​គេ ក្នុង​ប្រទេស ស៊ីរី ម៉្លោះហើយ​បាន​ជា​ខ្ញុំ​សម្រេច​ឲ្យ​ដក​ក្រុមទ័ព​នោះ​មួយ​ភាគធំ​ចេញ​ពី​ស៊ីរី​ត្រឡប់​មក​រុស្ស៊ី​វិញ។

សេចក្តី​ថ្លែងការណ៍​លោក​ពូទីន បន្លឺ​ឡើង​ក្នុង​ផ្ទៃនៃ​ការចូល​ជា​ធរមាន នូវ​បទ​ឈប់បាញ់ ជា​លើក​ទី១ បើគិត​ក្នុង​សង្គ្រាម​ដែល​បាន​ពន្យារ​ទៅ​នៅ​ស៊ីរី​អស់​៥​ឆ្នាំ - បទ​ឈប់បាញ់​នោះ​ដែល ចុះ​ហត្ថលេខា ដោយគ្រប់ភាគី​ជាប់​ក្នុង​ជម្លោះ​នៅ​ស៊ីរី គឺ​មាន​សម្រេច​បាន​ដោយ​រុស្ស៊ី​និង​ស.រ.អា. ក្រោយ​ពី​កិច្ចចរចា​អស់​យ៉ាងយូរ។ គិត​មក​ទល់​ឥឡូវ បាន​ចុះ​ហត្ថលេខា​យល់ព្រម​ទទួល​យក​ល័ក្ខខ័ណ្ឌ​នៃ​បទ​ឈប់បាញ់​នោះ គឺ ក្រុម​បដិបក្ខ ៤៣​ក្រុម និង អភិបាល ៥១​ទី​ប្រជុំជន។ ពិតជា​នៅ​នឹង​មូលដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី “ខ្មេមីម“ ដែល​បច្ចុប្បន្ន​ដំណើរការ គឺ មជ្ឈមណ្ឌល​រុស្ស៊ី​ខាង​ផ្សះផ្សា​ជាតិ​ស៊ីរី ធ្វើការ​ដោយ​ពួក​នាយ​ទាហាន​រុស្ស៊ី ៦០​នាក់។

ដោយសារអន្តរាគមន៍​កង​អាកាស​រុស្ស៊ី កងទ័ព​ស៊ីរី​ចេះ​រំដោះ​បាន ភូមិ​ឃុំ​ចំនួន​៤០០​កន្លែង ឯណោះ ហើយ​អ្នក​ស្រុក​ស៊ីរី​ជាច្រើន​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ​រៀងៗខ្លួន។ ក្នុង​ប្រតិបត្តិការ​នោះ ក្រុម​ទ័ព​រុស្ស៊ីបាន​កំទេច​ពួក​ភេរវេជន​អស់ ប្រមាណ ២.០០០នាក់។

គួរនិយាយថា ក្នុង​ប្រតិបត្តិការ​នៅ​ស៊ីរី រយៈពេល​៥​ខែ​កន្លះ​នោះ តាម​ដែល​អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង ថ្លែង​ទទួល​ស្គាល់​ជា​ផ្លូវការ ក្រុម​ទ័ព​រុស្ស៊ី​បាន​បាត់បង់​យោធាខ្លួន សរុប​ទៅ​គឺ ចំនួន ៥នាក់ និយាយ​ឲ្យ​ចំ៖

-ថ្ងៃ៣០តុលា គឺ មួយខែក្រោយពី​ចាប់ផ្តើម​ប្រតិបត្តិការ​នោះ យោធា​ឈ្មោះ Vadim Kostenko អាយុ​១៩​ឆ្នាំ បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង។
-ថ្ងៃ២៤វិច្ឆិកា ពីឡុតរុស្ស៊ី ឈ្មោះ Oleg Peshkov នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក Su-24 ធ្លាក់​ខ្លួន​ស្លាប់ ដោយ​ការវាយ​ប្រហារ​នៃ​យន្តហោះ​ប្រមាញ់​តួកគី F-16។
-ក្នុងប្រតិបត្តិការ​សង្គ្រោះ​ពីឡុត​រុស្ស៊ី​ម្នាក់​ទៀត ដែល​ចេះ​លោត​តាម​ឆ័ត្រ​យោង ចុះ​ដល់​ដី នាវិក​រុស្ស៊ី​ឈ្មោះ Alexandre Pozynich ស្រាប់តែ​អភ័ព្វ​ត្រូវ​ពួក​ភេរវជន​បាញ់​ស្លាប់។
-ថ្ងៃ៣កុម្ភៈឆ្នាំនេះ ក្រសួងការពារ​ជាតិ​រុស្ស៊ី បាន​ផ្សាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ អំពី​មរណភាព​ទីប្រឹក្សា​រុស្ស៊ី​ម្នាក់ ដែល​របួស​ដល់​ជីវិត ដោយ​ត្រូវ​គ្រាប់បែក​ត្បាល់។ ប៉ុន្តែកាសែត​ចុះផ្សាយ​ថា អ្នក​ដែល​ស្លាប់​ទៅនោះគឺ វរសេនីយឯក Ivan Tcheremissin។
-ថ្ងៃ១៧​មីនា ក្នុងពិធី​បំពាក់​គ្រឿង​ឥស្សរិយយស នៅ​វិមាន​ក្រេមឡាំង ជូន​យោធា​៧០០​នាក់ ដែល​មាន​គុណូបការ​នៅ​ពី​មុខ​រដ្ឋ​រុស្ស៊ី ចំពោះ​ការបំពេញ​ភារកិច្ច​ខ្លួន​នៅ​ស៊ីរី លោក​ប្រធានាធិបតី ពូទីន បាន​លើក​ឡើង​ឈ្មោះ​យោធា​រុស្ស៊ី​ទី​៥ ដែល​បាន​ស្លាប់​នៅ​ស៊ីរី គឺ​នាយ​ទាហាន Fedor Juravlev ដោយបាន​ប្រគល់ គ្រឿង​ឥស្សរិយយស ជូន​ភរិយា​គាត់ ក្លាយ​ជា​ស្ត្រី​មេម៉ាយ។

គឺក្នងពិធីនោះ ដែល​លោក​ពូទីន បាន​ប្រកាស​ថា សម្រាប់​ប្រតិបត្តិការ​រយៈពេល​១៦៧​ថ្ងៃ នៅ ស៊ីរី ម៉ូស្គូ បាន​ចំណាយ​អស់ ៣៣.០០០លាន​រូប្ល គិត​តាម​អត្រា​សព្វថ្ងៃ គឺ ៤៧៨ លាន​ដុល្លារ ឬ ជា​មធ្យម គឺ ២លាន​៨​សែន​ដុល្លារ​ក្នុង​១ថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ