អានតួអត្ថបទ

ម៉ូស្គូ អំពាវនាវ ឲ្យ អាស៊ែរបែហ្សង់ និង អារមេនី ឈប់បាញ់គ្នាជាបន្ទាន់

ក្នុងយប់​ថ្ងៃសុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍ ហើយ​ពេញ​មួយ​ថ្ងៃ​សៅរ៍​ម្សិលមិញ ស្រាប់តែ​មាន ផ្ទុះឡើង ជា​ការ​បាញ់គ្នា​យ៉ាង​ខ្លាំងក្លា រវាង​កងទ័ព អារមេនី និង អាស៊ែរបែហ្សង់ នៅ​តាម​ខ្សែ​ព្រំដែន​តំបន់ Nagorny Karabakh ដែល​ស្ថិត​នៅ​លើ​ដែនដី អាស៊ែរបែហ្សង់ ប៉ុន្តែ​រស់នៅ​ដោយ​បណ្តាជន​អារមេនី ។ គាំទ្រ​ដោយ​រដ្ឋ​អារមេនី តំបន់​នេះ ក្នុង​ឆ្នាំ១៩៩១ បាន​ប្រកាស​ជា​ឯកតោ​ភាគី ផ្តាច់ខ្លួន​ចេញ​ពី រដ្ឋ​អាស៊ែរបែហ្សង់ ទៅជា​សាធារណរដ្ឋ​ម្ចាស់ការណ៍​ខ្លួនឯង។ ទោះបី​ ក្នុងឆ្នាំ១៩៩៤ ដោយមាន​រុស្ស៊ី​ជា​អន្តរការី គូភាគី បាន​ចុះកិច្ចព្រមព្រៀង​ឈប់​បាញ់​ក្តី ក៏​ការ​ផ្ទុះ​អាវុធ តែង​កើត​ឡើង​ជារឿយៗ។ ដោយហេតុថា ក្នុងយុទ្ធនាការ​លើក​នេះ​ម្ខាងៗ​រងការបាត់បង់ យ៉ាងធ្ងន់ បាន​ជាលោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ល្ងាច​មិញ អំពាវនាវ ភាគី​បដិបក្ខ ឲ្យ បញ្ឈប់​ការបាញ់​គ្នា ជាបន្ទាន់។

ទាហាន​អាមេនី​នៅ​ Haut-Karabakh ព្រំប្រទល់​'Azerbaïdjan រូបថត​ឆ្នាំ​២០១២
ទាហាន​អាមេនី​នៅ​ Haut-Karabakh ព្រំប្រទល់​'Azerbaïdjan រូបថត​ឆ្នាំ​២០១២ AFP PHOTO / KAREN MINASYAN
ផ្សាយពាណិជ្ជកម្ម

ដោយមកពីការផ្ទុះអាវុធនេះ ម្ខាងៗ​សុទ្ធ​តែ ចេញ​សេចក្តី​ថ្លែងការណ៍​ចោទ​គ្នា ទៅវិញ​ទៅមក ថា​ជា​មេផ្លុំ​បញ្ឆេះ ហើយថែម​ទាំង​បាន​ចេញ​តួលេខ​ស្តី​អំពី​ការបាត់បង់​ទៅ​ផង។

 
តាម​ក្រសួងការពារជាតិ​អាស៊ែរបែហ្សង់ ក្នុង១​យប់​មួយ​ថ្ងៃ​កន្លង​ទៅ៖ នៅខាង​អាស៊ែរបែហ្សង់ មាន​យោធិន​ស្លាប់​១២​នាក់ ជនស៊ីវិល​ស្លាប់​ម្នាក់  ឧទ្ធម្ភាគចក្រ​ចម្បាំង ធុន Mig-24 មួយ​គ្រឿង ត្រូវ​បាន​បាញ់​ធ្លាក់ រថក្រោះ​មួយគ្រឿង​ត្រូវ​បាន​បាញ់​ឆេះ។ ប៉ុន្តែ ក្នុង​យុទ្ធនាការ​នេះ កងទ័ព​អាស៊ែរបែហ្សង់ បាន​កំទេច​សព្វាវុធ​អារមេនី ដូច​តទៅ គឺ ៖ រថក្រោះ ៦ គ្រឿង , កាំភ្លើងធំ ១៥ ទីតាំង , យោធិន​អារមេនី ធ្លាក់ខ្លួន​ស្លាប់​និង​របួស ជាង​១០០​នាក់។

ចំណែកកងកម្លាំង Nagorny Karabakh គាំទ្រដោយ អារមេនី អះអាងថា បានបាញ់ធ្លាក់ ឧទ្ធម្ភាគចក្រ អាស៊ែរបែហ្សង់​អស់​៣​គ្រឿង យន្តហោះ Drone គ្មាន​ពីឡុត​បើកបរ ១​គ្រឿង និង បាន​កំទេច រថក្រោះ អាស៊ែរបែហ្សង់ ២ គ្រឿង និង បាន​ផ្តាច់​ជីវិត​ទាហាន អាស៊ែរបែហ្សង់ មួយ​ចំនួន​ធំ។ ព្រម​ជាមួយ​នេះ អារមេនី ថា នៅ​ខាង​ខ្លួន មាន​ក្មេងម្នាក់​អាយុ​១២ឆ្នាំ បាន​ត្រូវ​គ្រាប់​ស្លាប់ និង​របួស​ពីរ​នាក់។

តាមដំណឹងផ្សាយដោយ​វិមាន​ក្រេមឡាំង លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ល្ងាចមិញ បានសំដែង ការសោកស្តាយ ដោយឃើញ ស្ថានការណ៍​នៅ​តំបន់ Nagorny Karabakh ធ្លាក់​ជា​ថ្មី​ទៅ​ក្នុង​ការ​ប្រឈម​អាវុធ​ដាក់​គ្នា ម៉្លោះ​ហើយ​បាន​ជា​គាត់​អំពាវនាវ ឲ្យភាគី​បដិបក្ខ​បញ្ឈប់​ការបាញ់​គ្នា ជា​បន្ទាន់​ភ្លាម គ្រាន់​នឹង​បញ្ចៀស​កុំ​ឲ្យ​មាន​អ្នក​រងគ្រោះ​ថែម​ទៀត។

Nagorny Karabakh ជាតំបន់ស្វយ័ត មានផ្ទៃដី ៤.៤០០គ.ម.ការ៉េ សព្វថ្ងៃ​រស់​នៅ​ដោយ បណ្តាជន​ អារមេនី ប្រមាណ​២​សែន​នាក់ ស្ថិត​នៅលើ​ដែនដី​អាស៊ែរបែហ្សង់។ កាលពីឆ្នាំ ១៩៨៨ នៅ​ទីនោះ ក្នុង​សង្គ្រាមបណ្តាល​មកពី បណ្តាជន​ចង់​ផ្តាច់​ដែនដី​នេះ ចេញពី​អាស៊ែរបែហ្សង់ហើយ​ភ្ជាប់វា​ទៅ​នឹង​រដ្ឋអារមេនី​ជិត​ខាង​ផ្ទាល់ មាន​ស្លាប់​អស់​ប្រមាណ ៣ម៉ឺននាក់ រួចក្លាយជា ជនភៀសខ្លួន គឺជាតិ អាស៊ែរបែហ្សង់ ជិត១លាននាក់។

លោកប្រធានាធីបតីអាស៊ែរបែហ្សង់ iLham Aliev បាន​ថ្លែង​យប់មិញ​ថា រដ្ឋាភិបាល​គាត់ នឹង​ព្យាយាម ធ្វើ​ដំណោះស្រាយ​ដោយ​សន្តិវិធី ឲ្យ​ជម្លោះ​នៅតំបន់ Nagorny Karabakh ប៉ុន្តែដោយ ឈរដាច់ខាត​លើ គោលការណ៍ បូរណភាព​ដែនដី អាស៊ែរបែហ្សង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ