អានតួអត្ថបទ

Panama Papers ៖ នាយក​រដ្ឋមន្ត្រីអង់គ្លេស​ចេញ​វិធានការ​ប្រឆាំង​ការ​គេច​ពន្ធ

សំណុំ​រឿង​ប៉ាណាម៉ា Panama Papers នៅ​តែ​បន្ត​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​លោក​ ដេវីត កាមឺរោន​។ នៅ​ថ្ងៃ​នេះ ដើម្បីជា​កិច្ច​ការ​ពារ​ខ្លួន និង​ស្តារ​ទំនុក​ចិត្ត​ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​បង្ហាញ​សេចក្តី​ពង្រាង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេច​ពន្ធ។ ប៉ុន្តែមុន​នឹង​ឈាន​ដល់​ការ​ចេញ​ច្បាប់ ​សមាជិក​​សភា​ពិត​ជជីក​សួរ​អំពី​​ហិរញ្ញវត្ថុ​របស់​លោក ដែល​ពាក់​ព័ន្ធ​នឹងសំណុំ​រឿង​ប៉ាណាម៉ា មិន​លែង​ឡើយ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស ចេញ​វិធានការប្រឆាំងនឹង​ការ​គេចពន្ធ
នាយក​រដ្ឋមន្ត្រី​អង់គ្លេស ចេញ​វិធានការប្រឆាំងនឹង​ការ​គេចពន្ធ AFP Photo / Niklas Halle'n
ផ្សាយពាណិជ្ជកម្ម

លោក​ដេវីត​កាមឺរោន បាន​ដាក់​សំណើ​ទៅ​កាន់​​សភា នូវ​វិធានការ​មួយ​ចំនួនគ្រោង​នឹង​​ដាក់​ទោស​ព្រហ្ម​ទណ្ឌ​ដល់​ក្រុមហ៊ុន​សហគ្រាស​ណា​ដែល​មាន​យន្តការ និង​រកស៊ី​សម្រួល​​ការ​គេច​ពន្ធ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ចេញ​ផ្សាយ​មុន​សម័យ​ប្រជុំ​សភា រដ្ឋាភិបាលអង់គ្លេស​ចង់​ចែង​ជា​ច្បាប់ឱ្យ​បាន​នៅ​ឆ្នាំ​នេះ។ បើ​ក្រុមហ៊ុន​ណា​មិនអាច​គ្រប់គ្រង​បុគ្គលិក​ដែល​សម្រួល​ឱ្យ​មាន​កា​រ​គេច​ពន្ធ​បាន​ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

 

ក៏​ប៉ុន្តែ​សម័យ​ប្រជុំ​សភា ទំនង​ជា​ប្រែ​ក្លាយ​ជា​វេទិកា​ចោទ​​ជជីក​សួរ​អំពី​សំណុំ​រឿង​បុគ្គល​នាយក​រដ្ឋមន្ត្រី​ច្រើន​ជាង។

កាល​ពី​​​​សប្តាហ៍​កន្លង​ទៅ​នេះ វិល​វល់​ក្នុង​សំណុំ​រឿង​ប៉ាណាម៉ា Panama Papers លោក ដេវីត កាមឺរោន ​​​​បាន​បង្ខំ​ចិត្ត​សារភាព​ថា​ពិត​ជាមាន​​ចំណែក​នៅ​ក្នុង​ក្រុមហ៊ុន​មួយនៅ​ប៉ាណាម៉ា​ ជា​មរតក​បន្សល់​ទុក​ពី​ឪពុក​ ដែល​បាន​ចែក​ឋាន​ទៅ​កាលពី​ឆ្នាំ​២០១០។ លោក​ក៏​បាន​​​សាក​ល្បង​បង្ហាញ​គ្រប់​ភស្តុតាង ផ្សព្វផ្សាយ​ជា​សាធារណៈលិខិត​ប្រកាស​​ពន្ធ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ ពោល​គឺ​អំឡុង​ពេល​​កាន់​តំណែង​ជា​​ប្រមុខ​រដ្ឋាភិបាល ដើម្បី​តម្លាភាព។

ការ​លាត​ត្រដាង​នេះ បានទម្លាយ​ឱ្យ​ឃើញ​រឿង​ផ្សេង​មួយ​ទៀត ថា​​លោក​ដេវីត កាមឺរោន​បាន​ទទួល​អំណោយ​ពី​ម្តាយ​ ២០​ម៉ឺនផោន និង​បាន​រួច​ពន្ធ​ទៀត។ បើ​ទោះ​បី​ជា​ស្រប​ច្បាប់​ក៏​ដោយ ក៏​​បក្ស​ប្រឆាំង​អាចប្រើ​សម្រាប់​ជជីក​សួរ​និង​វាយប្រហារ​​លើ​លោក​នាយក​រដ្ឋមន្ត្រី។

សូម​បញ្ជាក់​ថា​ តាំង​ពី​ផ្ទុះ​រឿង​អាស្រូវ​ប៉ាណាម៉ា​ភ្លាម និង​​ ដើម្បី​ការពារ​ខ្លួន ព្រមទាំង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋឡើង​វិញ​ លោក​ដេវីត​កាមឺរោន បានប្រកាស​បង្កើត​​ក្រុមការងារ​មួយ​ កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​អង្កេត​លើ​សំណុំ​រឿង​គេច​ពន្ធ​ប៉ាណាម៉ា ដែល​ផ្តុំ​សុទ្ធ​តែអ្នក​ជំនាញ​កំពូលៗ​ផ្នែក​ពន្ធដារ​និង​គយ។

ក្រោម​សម្ពាធ មេដឹក​នាំ​នយោបាយ​អង់គ្លេស​ផ្សេង​ទៀត ក៏​បានផ្តើម​ផ្សព្វផ្សាយ​ជា​សាធារណៈ​លិខិត​ប្រកាស​​​ពន្ធ​​​របស់​ខ្លួន។ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ សមាជិក​សភា​ ព្រឹទ្ធ​សភា​ក៏​នឹង​ត្រូវ​មាន​កាតព្វកិច្ច​​ផ្សព្វផ្សាយ​លិខិត​ប្រកាស​ពន្ធ​ដែរ​។ នៅ​ប្រទេស​បារាំង តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន​មក ​សមាជិក​​សភា​និង​ព្រឹទ្ធសភា​​ទាំង​អស់​ សុទ្ធ​តែ​ចុះ​បញ្ជី​រាយ​ទ្រព្យ​សម្បត្តិ​ដែល​គេ​អាច​រក​អានបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ