អានតួអត្ថបទ

រដ្ឋមន្ត្រីការពារជាតិ​បារាំង ទៅ​អ៊ីរ៉ាក់ ដើម្បីរៀប​ផែនការ​​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម

ក្នុង​ដំណើរទស្សនកិច្ច នៅ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង លោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ Jean-Yves Le Drian បានជួប​ជជែក​ពិភាក្សា​​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ាក់ អំពី​កិច្ច​សហប្រតិបត្តិការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រៅ​អំពី​ជួប​ជាមួយ​ភាគី​អ៊ីរ៉ាក់ លោក​រដ្ឋមន្ត្រី​ក៏​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​កង​ទ័ព​បារាំង​ដែល​កំពុងផ្តល់​វគ្គ​​បំពាក់​បំប៉ន​ទាហាន​អ៊ីរ៉ាក់ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម។ បើ​តាម​លោក​រដ្ឋមន្ត្រី ទីតាំង​កាន់​កាប់​ដោយ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម នៅ​រ៉ាខា ប្រទេស​ស៊ីរី និង​ម៉ូសូល​នៅ​អ៊ីរ៉ាក់​ត្រូវ​ផ្តួល​រំលំ​ឱ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៦។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​បារាំង លោក Jean-Yves Le Drian.
រដ្ឋ​មន្ត្រី​ការពារ​ជាតិ​បារាំង លោក Jean-Yves Le Drian. REUTERS/Delmi Alvarez
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​ ត្រូវ​បាន​លាក់​​ដំណឹង​រហូត​ដល់​នាទី​ចុង​ក្រោយ ! លោក Jean-Yves Le Drian អញ្ជើញ​ទៅ​អ៊ីរ៉ាក់ តែ​ពីរ​បី​ថ្ងៃ​មុន​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​បារាំង François Hollande នៅ​លីបង់ ហ្ស័កដានី និង​អេហ្ស៊ីប តែ​ប៉ុណ្ណោះ។

ពេញ​មួយ​ថ្ងៃ​ម្សិលមិញ លោក​រដ្ឋមន្ត្រីការពារ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ​​ប្រធានាធិបតី Fouad Massoum នាយករដ្ឋមន្ត្រី Haider al-Abadi និង​​​​សមភាគី​អ៊ីរ៉ាក់ Khalid al-Obeidi ដើម្បី​ធានា​អះអាង​អំពី​ការ​គាំទ្រ​របស់​បារាំង​ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​​រដ្ឋ​អ៊ីស្លាម។ បើ​តាម​លោក​រដ្ឋមន្ត្រី គិត​ចាប់​តាំង​ពី​ខែ​កញ្ញា​២០១៤​មក បារាំង​បាន​ដៅ​វាយប្រហារ​លើ​ពី​ពួកជីហាត​ចំនួន​ ៥៨២​ដង កម្ទេច​ចំ​ទិសដៅ​បាន​១០២៨​ទីតាំង។ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ កងទ័ព​អាកាស​បារាំង​ផ្តុំ​ការ​វាយប្រហារ​​ខ្លាំង​នៅ​ភាគ​ខាង​ជើងប្រទេស ក្នុង​តំបន់​ម៉ូសូល។

ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ នៅ​អ៊ីរ៉ាក់​និង​ស៊ីរី​នេះ បារាំង​​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ Mirage 2000 ចំនួន​៨​គ្រឿង​ ​ពោល​គឺ​ស្មើ​នឹង​១៥%​នៃ​ប្រតិបត្តិការ​ផ្លូវ​អាកាស​របស់​កម្លាំង​សម្ព័ន្ធអន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។

ទស្សនកិច្ច​របស់​លោក​នេះប្រព្រឹត្ត​ទៅ​តែ​បី​ថ្ងៃ​ក្រោយ​ទស្សកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​ ដែល​ក៏​បាន​ប្រកាស​បង្កើន​ការ​វាយប្រហារ​លើ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម។ អង្គការ​រដ្ឋ​អ៊ីស្លាម​ ​បាន​និង​កំពុង​បាត់បង់​ទីតាំងនិង​ទឹក​ដី​ជា​រៀង​រាល់​ថ្ងៃ។ លោក​រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង​សង្ឃឹម​ថា នៅ​ឆ្នាំ​២០១៦​នេះ សម្ព័ន្ធ​មិត្ត​នឹង​ដណ្តើម​បាន​ក្រុង​ម៉ូសូល​ ក្រុង​ទីពីរ​របស់​អ៊ីរ៉ាក់ និង​ក្រុង​រ៉ាខា​របស់​ស៊ីរី​ ពី​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមមក​វិញ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​​យោធា​ឯកទេស​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម​នៅ​ក្រុង​បាកដាដ ដែល​មាន​មន្ត្រី​យោធា​បារាំង​​កំពុង​ផ្តល់​វគ្គ​បំពាក់បំប៉ន​ដល់​ទាហាន​អ៊ីរ៉ាក់​ ផ្នែក​ប្រឆាំង​នឹង​គ្រាប់​​ផ្ទុះ។ នៅ​ឆ្នាំ​២០១៥​នេះ បារាំង​បាន​បង្ហាត់​កង​​កុម្មង់ដូ​អ៊ីរ៉ាក់​បាន ៣៧០០​នាក់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ