អានតួអត្ថបទ

ប្រមុខ​ការ​ទូត​​បារាំង​និង​អាល្លឺម៉ង់​កាន់​ដៃ​គ្នា​ទៅគាំទ្រ​លីប៊ី ក្នុងនាមអឺរ៉ុប

រដ្ឋមន្ត្រីការបរទេស​បារាំង និង​អាល្លឺម៉ង់​ បាន​អញ្ជើញទៅ​ដល់​ក្រុង​ទ្រីប៉ូលីហើយ នៅ​​​ថ្ងៃ​សៅរ៍​នេះ ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប។ អឺរ៉ុប​ដែល​ចង់​បង្ហាញ​វត្តមាន និងផ្តល់​​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​លីប៊ី​ថ្មី ដែល​មាន​ភារៈ​បង្រួបបង្រួម​ជាតិ និង​ស្រោច​ស្រង់​ប្រទេស​ចេញ​ពី​ភាព​ហិង្សា​ ប្រកួត​ប្រជែង​ដណ្តើម​អំណាច​គ្នា អូស​បន្លាយ​តាំង​ពី​របប​កាដាហ្វី​បាន​ដួល​រលំ​ទៅ។

Ahmed Maiteeq សមាជិក​រដ្ឋាភិបាល​ថ្មី​លីប៊ី អប​ដោយ​ប្រមុខ​ការទូត​អាល្លឺម៉ង់ (ឆ្វេង) និង​បារាំង ថ្ងៃទី ១៦​មេសា ២០១៦16 avril 2016, à Tripoli.
Ahmed Maiteeq សមាជិក​រដ្ឋាភិបាល​ថ្មី​លីប៊ី អប​ដោយ​ប្រមុខ​ការទូត​អាល្លឺម៉ង់ (ឆ្វេង) និង​បារាំង ថ្ងៃទី ១៦​មេសា ២០១៦16 avril 2016, à Tripoli. REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​បារាំង លោក ហ្សង់ម៉ាកអេរ៉ូ Jean-Marc Ayrault និង​សមភាគី​អាល្លឺម៉ង់ លោក ស្តាំង​មៃអឺ Frank-Walter Steinmeier គឺ​ជា​តំណាង​នៃ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​សហភាព​អឺរ៉ុប ដែល​ចង់​ដើរ​តួនាទី​​សកម្ម​ស្វែង​រក​ដំណោះស្រាយ​ឱ្យ​វិបត្តិ​នយោបាយ​លីប៊ី។ សមភាគី អ៊ីតាលី ដែល​ធ្លាប់ធ្វើ​អាណានិគមន៍​លើ​ប្រទេស​​នេះ ​ក៏​បាន​ធ្វើ​ដំណើរ​មក​គាំទ្រ​ រដ្ឋាភិបាលថ្មីលីប៊ី​ដែរ កាលពី​ដើម​សប្តាហ៍​។ ព្រោះ​ប្រសិន​បើ​លីប៊ី​គ្មាន​ស្ថិរភាព​ និង​សណ្តាប់​ធ្នាប់នយោបាយ​​ទេ នោះ​លីប៊ី​អាច​ក្លាយ​​ជា​ប្រភព​បញ្ហា​ជនភៀស​ខ្លួន​មួយបន្ថែម​​ទៀត​សម្រាប់​អឺរ៉ុប។ ហើយ​ដោយ​មាន​វិបត្តិ​ស៊ីរី​ជា​មេរៀន ​សហភាព​អឺរ៉ុប​ពិត​ជា​មិនត្រូវ​ការ​ឃើញ​មាន​សេណារីយោ​ ​ដៃគូ​រុស្ស៊ី-អាមេរិក ដើរ​តួតែ​ឯង​ទៀត​ទេ។

 

រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិលីប៊ី ​ទើប​ប្រសូត​ចេញ ក្រោយ​ពី​ដំណើរ​ការ​ចរចា​ដ៏​វែង​ឆ្ងាយ រវាង​ចរន្ត​​នយោបាយ​ប្រឆាំងគ្នា​ធំៗ​ពីរ​នៅ​ក្នុង​ប្រទេស។ រដ្ឋាភិបាល​នេះ​បាន​ទទួល​ស្វាគមន៍​ពី​អង្គការ​សហប្រជាជាតិ​និង​ពិសេស​ពី​សហភាព​អឺរ៉ុប​ ដែល​​​យល់​ថា រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ជា​ជម្រើស​តែ​មួយ​គត់ សម្រាប់​នាំ​លីប៊ី​ទៅ​រកសន្តិសុខ ​ស្ថិរភាព​នយោបាយ និង​ទប់​ស្កាត់​បាន​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ឱ្យ​ពង្រីក​ឥទ្ធិពល​លើ​ទឹក​ដី​លីប៊ីបាន។

ថ្វី​បើ​កង​សម្ព័ន្ធ​មិត្ត​អន្តរជាតិ និង​បារាំង បាន​បញ្ចេញ​យន្តហោះ​ឆ្វែលដៅ​កំណត់​ទីតាំង​ និង​បាន​បញ្ជូន​ក្រុមជំនាញ​យោធាទៅ​​លីប៊ី ​ជា​ច្រើន​នាក់មែន តែគ្រប់​មេដឹកនាំ​ សុទ្ធ​តែ​ចង់​ផ្តល់​សំណាង​ដល់​​ដំណោះស្រាយ​នយោបាយ​ និងរក្សា​​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ចំពោះ​ជម្រើស​យោធា។ ​ប្រមុខ​ការ​ទូត​បារាំង ​ដែល​ចង់​សំដៅ​លើ​​បទ​ពិសោធន៍​អន្តរាគមន៍​យោធា​​ទម្លាក់​របប​ផ្តាច់ការ​កាដាហ្វី  នៅ​ឆ្នាំ​២០១១ បាន​អះអាង​ថា​មិន​ដើរ​លើ​ដាន​ចាស់​ឡើយ។ បារាំង​​​ត្រៀម​ជា​ស្រេច​នឹង​ជួយ​រក្សាសន្តិសុខ​ឱ្យ​រដ្ឋាភិបាល​ថ្មី។ “អន្តរាគមន៍​យោធា​បារាំង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដរាប​ណា​​​សំណើ​ពី​រដ្ឋាភិបាល​លីប៊ី ទៅ​កាន់​សហគមន៍​អន្តរជាតិ​ទេ និង​ស៊ី​ចង្វាក់​គ្នា​នឹង​ដំណោះស្រាយ​នយោបាយ”។ នេះ​ជា​ប្រសាសន៍​លោក​ប្រមុខ​ការទូត​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ