អានតួអត្ថបទ

អូទ្រីស​អនុម័តច្បាប់​ដែល​អាច​ដាក់​ប្រទេស​ក្នុងភាព​អាសន្នអន្តោប្រវេសន៍

សភា​អូទ្រីស ទើប​បាន​អនុម័ត​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី ២៧​មេសា ម្សិលមិញ ច្បាប់​មួយ​ដែល​អនុញ្ញាត​រដ្ឋាភិបាល​ចេញក្រិត្យ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​អន្តោប្រវេសន៍​ លុប​បំបាត់​ស្ទើរ​តែ​ទាំង​ស្រុង​សិទ្ធិ​សុំ​ជ្រក​កោន​។ អង្គការ​ការ​ពារសិទ្ធិ​ជន​ភៀស​ខ្លួន​ អង្គការ​សហប្រជាជាតិ តាម​រយៈ​ប្រសាសន៍​របស់​លោក​អគ្គលេខាធិការ​ បាន គីមូន នៅ​ថ្ងៃ​នេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​នយោបាយ​ដ៏​តឹង​តែង​នេះ។

គំនូស​បំព្រួញ​បង្ហាញ​ផ្លូវ​ទៅ​អូទ្រីស​នៅ​ព្រំដែនអ៊ីតាលី
គំនូស​បំព្រួញ​បង្ហាញ​ផ្លូវ​ទៅ​អូទ្រីស​នៅ​ព្រំដែនអ៊ីតាលី REUTERS/Dominic Ebenbichler
ផ្សាយពាណិជ្ជកម្ម

 

រៀប​ចំ​តាក់តែង​តាំង​ពី​ជា​ច្រើន​ខែ​ និង​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ឡាយ ព្រមទាំង​បក្ស​បក្ស​ប្រឆាំង​ខ្លះ​​បាន​ស្រែក​រិះគន់​ ច្បាប់​អូទ្រីស​ថ្មី គឺ​ច្បាប់អន្តោប្រវេសន៍​​ដ៏​តឹង​តែង​បំផុត​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប។ មាន​តែ​ប្រទេស​ហុងគ្រី​មួយ​ប៉ុណ្ណោះ​ដែល​អាច​ប្រៀប​ធៀប​គ្នា​បាន។
តាម​រយៈ​ច្បាប់​ថ្មី​នេះ​ ជនអន្តោប្រវេសន៍​-​ភៀស​ខ្លួន​ស៊ីរី អ៊ីរ៉ាក់ ឬ​អាហ្វាហ្កានីស្ថាន នឹង​មាន​សិទ្ធ​ជ្រក​កោន​លើ​ទឹក​ដី​អូទ្រីស ក្នុង​រយៈ​ពេល​កំណត់​ត្រឹម​បី​ឆ្នាំ។ បី​ឆ្នាំ​ក្រោយ​ បើ​ស្ថានភាព​នៅក្នុង​ប្រទេស​កំណើត​បាន​ធូរស្បើយ សង្គ្រាម​ត្រូវ​បញ្ចប់ ជន​ភៀស​ខ្លួន​ត្រូវ​ត្រលប់​ទៅ​វិញ។ ក្នុង​អំឡុង​ពេល​នោះ សិទ្ធ​សុំ​រស់​ជួប​ជុំ​គ្រួសារត្រូវ​កាត់​បន្ថយ​យ៉ាង​ខ្លាំង ដើម្បី​កុំ​ឱ្យ​អ្នក​នៅ​លីវ​ ​អាច​ទៅ​រៀបការអូស​យក​ប្តីប្រពន្ធមក​បាន។

ព្រំដែន​ក៏​នឹង​ត្រូវ​បណ្តុះ​រឹង​ជាមុន ដាក់​សម្រាស ពង្រាយវត្តមាន​ប៉ូលិស​នៅ​តាម​ព្រំដែន។ ទម្លាយ​កញ្ចប់​ថវិកាដល់ ១,៣ពាន់​លាន​អឺរូ សម្រាប់​យោធា និង​១,១ពាន់​លាន​សម្រាប់​ប៉ូលិស។​

ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​អន្តោប្រវេសន៍

ជាង​នេះ​ទៅ​ទៀត ដើម្បី​ទប់​ស្កាត់​រលក​អន្តោប្រវេសន៍​ដែល​នឹង​អាច​មាន​បុក​ខ្លាំង​នៅ​រដូវ​ក្តៅ អូទ្រីស បាន​ចែង​ក្នុង​ច្បាប់ លទ្ធភាព​​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​អន្តោប្រវេសន៍​ ដើម្បី​អាច​រុញ​ជនភៀស​ខ្លួន​មិន​រើស​មុខ ឱ្យ​ចេញ​ផុត​ពី​ដី​អូទ្រីស។ របប​អាសន្ន​ពិសេស​បែប​នេះ អាច​មាន​រយៈ​ពេល​ដល់​ទៅ​ពីរ​ឆ្នាំ។ ក្នុង​ករណី​អូទ្រី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ គ្មាន​ជន​អន្តោប្រវេសន៍​ណា​អាច​មាន​សិទ្ធិ​សុំ​ជ្រកកោន​បាន​ឡើយ មិន​ថា​ស៊ីរី ឬ​អ៊ីរ៉ាក់​ទេ !

គឺ​ចំណុច​នេះ​ហើយ​ដែល​ គ្រប់​អង្គការការពារ​សិទ្ធិមនុស្ស សិទ្ធិជន​ភៀស​ខ្លួន​រិះគន់​ប្រឆាំង​ខ្លាំង​។ តែ​សម្រាប់​អូទ្រីស​ គឺ​ជា​មធ្យោបាយ​ដាក់​សម្ពាធជាពិសេស​លើ​​អ៊ីតាលី​ជិត​ខាង​ ឱ្យត្រួត​ពិនិត្យ​លំហូរ​អន្តោប្រវេសន៍​ឱ្យ​ម៉ត់ហ្មត់​និង​មាន​ប្រសិទ្ធិភាព។ អ៊ីតាលី​ដែល​ភ្លាម​មួយ​រំពេច បាន​ប្រកាស​ចាប់​ផ្តិត​ក្រយៅដៃ​ជនភៀសខ្លួន​​នៅ​លើ​ដី​គោក ឬ​លើ​ដែន​ទឹក​អ៊ីតាលី។

អន្តោប្រវេសន៍​តំណាង​ឱ្យ​១%​នៃ​ប្រជាជន​អូទ្រីសសរុប

អូទ្រីស​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិត​នៅ​ចំផ្លូវ​ខ្វែង​គ្នា​ពីរ នៃ​ចរន្ត​​អន្តោប្រវេសន៍​ ដែល​ចង់​ចូល​អឺរ៉ុប ៖ ម្ខាង​ជា​លំហូរ​ចូល​មក​ពី​ច្រក​បាល់កង់ និងមួយ​ទៀត​​មក​អ៊ីតាលី។ កាលពី​ឆ្នាំ​កន្លង​ទៅ មាន​ជន​ភៀស​ខ្លួន​រាប់​សិប​រយ​ពាន់​នាក់ បានឆ្លង​កាត់ និង​យក​​ប្រទេស​អូទ្រីស​​ ជា​សំណាក់។ ​ ពោល​គឺ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ ដែល​បើ​គិត​ជា​ភាគរយ​ទៅ ស្មើ​នឹង​១%​នៃ​ប្រជាជន​សរុប​របស់​អូទ្រីស។ មាន​ន័យ​ថា​ អូទ្រីស​ទទួល​អន្តោប្រវេសន៍​ច្រើន​ខ្លាំង ចាញ់​តែ​ប្រទេស​ស៊ុយអែត​មួយ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​សមាជិក​អឺរ៉ុប​ទាំងអស់។

នៅ​ឆ្នាំ​២០១៦ ក្រុង​វីយ៉ែន បាន​កំណត់​កម្មវត្ថុ​ទទួល​អ្នក​សុំ​សិទ្ធ​ជ្រកកោន​តែ​៣៧៥០០នាក់​បន្ថែម​ប៉ុណ្ណោះ ដោយ​អះអាង​ថា​ប្រទេស​លែង​មាន​សមត្ថភាព​ទទួល​ជនភៀស​ខ្លួន​បាន​ទៀត​ហើយ។ គិត​ចាប់​ពី​ខែ​មករា មក​ទល់​ពេល​នេះ គេ​ឃើញ​មាន​អ្នកសុំ​សិទ្ធ​ជ្រកកោន​មក​ចុះ​ឈ្មោះ​ប្រមាណ​តែ​១៨០០០​នាក់​ទេ។

ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ក្រោមសម្ពាធ​ជាតិ​និយម​ជ្រុល

​ភ្នាក់ងារ​អឺរ៉ុប​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​គោរព​ច្បាប់​ គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​គ្រឹះ​របស់​អឺរ៉ុប គឺ​មាន​ទីស្នាក់​ការ​នៅ​ក្នុង​ក្រុង​វីយ៉ែន ប្រទេស​អូទ្រីស​នេះ​តែ​ម្តង ! នៅ​អូទ្រីស សមាគមន៍​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន​ មាន​ជាអាទិ៍​វិហារ​កាតូលិក មានសកម្មភាព​ខ្លាំង​ណាស់។ គេ​សង្ស័យ​ថា​នឹង​អាច​មាន​បណ្តឹង​ច្រើន​ប្តឹង​ទៅ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ចំពោះ​ច្បាប់​ដ៏​តឹង​រឹង​ហួសហេតុ​​របស់​អូទ្រីស​នៅ​ពេល​នេះ។

ពី​ខាង​អ៊ីតាលី​វិញ ប្រមុខការទូត​អ៊ីតាលី បាន​ចាត់​ទុកច្បាប់​អូទ្រីស​នេះ ថា​​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ និងមិន​ស្រប​ច្បាប់​អឺរ៉ុប​ទេ។ លោក​បានគីមូន បាន​ថែម​ទាំង​ឡើង​ថែ្លង​នៅ​ចំពោះ​មុខសភា​អូទ្រីស សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹង​បន្តឹង​ច្បាប់ ដែ​ល​បើ​តាម​លោក គឺ​ផ្ទុយ​ស្រឡះ​ពី​កាត្វពកិច្ច​របស់​រដ្ឋ​មួយ​នៅ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ ច្បាប់​មនុស្សធម៌​ និង​ច្បាប់​អឺរ៉ុប។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា នៅ​ពេល​នេះ​ នៅ​ក្នុង​ប្រទេស​អូទ្រីស ដែល​ធ្លាប់​ល្បី​ខាងមាន​សមាន​ចិត្ត​ល្អ ធ្លាប់​ទទួល​​ស្វាគមន៍​ជនភៀស​ខ្លួន​ផ្តាច់​ខ្លួន​ពី​របប​សហភាព​សូវៀត ជនជាតិ​ជីហ្វនៅ​អឺរ៉ុប​ខាង​កើត ឬ​មេដឹកនាំ​អារ៉ាប ពេល​នេះ​លែង​អាច​ទ្រាំ​រង់​ចាំដំណោះស្រាយ​ដ៏​យឺត​យ៉ាវ​របស់​សហភាព​អឺរ៉ុប។ ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ផ្ទៃ​ប្រទេស​ចលនា​ជាតិនិយម​ជ្រុលកំពុង​ឡើង​ខ្លាំង ! ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បេក្ខជន​មក​ពី​បក្ស​ស្តាំ​និយម​ជ្រុល​ បាន​ទទួល​សំឡេង​គាំទ្រ​ដល់​ទៅ ៣៥%​ និង​កំពុង​ឈាន​ទៅ​ដណ្តើម​តួនាទី​ជា​ប្រធានាធិបតី​​អូទ្រីស​ផង​នៅ​ក្នុង​ជុំ​ទីពីរ។

រដ្ឋាភិបាល​ចម្រុះ​អូទ្រីស​ ជា​បន្សំ​នៃ​បក្ស​អភិរក្ស​និង​បក្ស​សង្គម​ប្រជាធិបតេយ្យ​ ដែល​ធ្លាប់​មាន​សណ្តាន​ចិត្ត​ល្អ​ចូល​រួម​ចំណែក​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​​ និង​ជា​បក្ស​កាន់​អំណាច ត្រូវ​ចាញ់​ឆ្នោត​ តាំង​ពី​នៅ​ជុំ​ទីមួយ​! ដូច្នេះ​ចង់​មិន​ចង់ អូទ្រីស​ត្រូវ​ពង្រឹង​នយោបាយ​អន្តោប្រវេសន៍​ក្រែង​ស្តារ​បាន​ខ្លះ។ បើ​ទោះ​បី​ជា​ត្រូវ​រំលោភ​ច្បាប់​អឺរ៉ុប​ខ្លះ ក៏​ដោយ​ក្តី។

ក្រុមប្រឹក្សា​អឺរ៉ុប​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ ការ​គំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធមនុស្ស​នៅ​អឺរ៉ុប​ ដោយ​ហេតុ​តែ​ការ​ស្ទុះ​ឡើង​នៃ​ចលនា​ជាតិនិយម​ជ្រុល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ