អានតួអត្ថបទ
សហភាពអឺរ៉ុប-ក្រិក

ក្រិក៖សភា​អនុម័ត​ច្បាប់​កំណែទម្រង់​ផ្នែក​ចូលនិវត្តន៍ និង​ពន្ធដារ​ដើម្បី​ទទួល​ជំនួយ​បន្ថែម

នៅ​យប់​អធ្រាត្រ​ថ្ងៃ​អាទិត្យ ទី៨ ឆ្លង​ចូល​ទាប​ភ្លឺ​ថ្ងៃ​ចន្ទ ទី៩ ឧសភា​នេះ សភា​ក្រិក​បាន​អនុម័ត​លើ​ច្បាប់​កំណែទម្រង់​ចំនួន​ពីរ​ដ៏​ចម្រូងចម្រាស គឺ​ច្បាប់​ពន្ធដារ និង​ច្បាប់​ចូលនិវត្តន៍។ ការ​អនុម័ត​ច្បាប់​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​មុន​ការ​បើក​កិច្ចប្រជុំ​ជា​ថ្មី​ក្នុង​ថ្ងៃ​ចន្ទ​នេះ​រវាង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​អឺរ៉ុប​ចាយប្រាក់​អឺរ៉ូ និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​គឺ​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​បន្ថែម​ឲ្យ​ប្រទេស​ក្រិក។

លោក​នាយករដ្ឋមន្រ្តី​ក្រិក Alexis Tsipras
លោក​នាយករដ្ឋមន្រ្តី​ក្រិក Alexis Tsipras REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ថ្មី​ស្តីពី​ការ​ចូលនិវត្តន៍ និង​ពន្ធដារ​ដ៏​ចម្រូងចម្រាស​ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ដោយ​គ្រប់​គណបក្ស​ក្នុង​រដ្ឋាភិបាល​ចម្រុះ តែ​បោះឆ្នោត​ប្រឆាំង​ដោយ​ក្រុម​គណបក្សប្រឆាំង។ ច្បាប់​ថ្មី​ស្តីពី​ការ​ចូលនិវត្តន៍​បាន​គ្រោង​កាត់​បន្ថយ​ប្រាក់​ចូលនិវត្តន៍​ចំពោះ​អ្នក​ចូលនិវត្តន៍​ណា​ដែល​មាន​របប​ចូលនិវត្តន៍​ខ្ពស់ ហើយ​ច្បាប់​ថ្មី​ស្តីពី​ពន្ធដារ​បាន​គ្រោង​ដំឡើង​ពន្ធ​លើ​ប្រាក់ខែ​ចំពោះ​អ្នក​ដែល​ទទួល​បាន​ប្រាក់ខែ​មធ្យម និង​ខ្ពស់។ តែ​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ចិត្ត​ទម្លាក់​កម្រិត​ប្រាក់ចំណូល​អប្បបរមា​ប្រចាំ​ឆ្នាំ​ដែល​អាច​នឹង​រួច​ពន្ធ ពោល​អ្នក​ដែល​មាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ក្រោម ៩ ០០០អឺរ៉ូ។

ជម្រើស​នៃ​ការ​អនុម័ត​ច្បាប់​ទាំង​ពីរ​របស់​សភា​ក្រិក​ពេល​នេះ ជា​ជម្រើស​មួយ​ចាំ​បាច់ ឬ​អាច​ថា​ជា​កាតព្វកិច្ច​មួយ​ដែល​រដ្ឋាភិបាល​ទីក្រុង​អាថែន​ត្រូវ​បំពេញ​ឲ្យ​ខាន​តែ​បាន។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ ព្រោះ​វា​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ដទៃ​ទៀត​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រិក​អាច​ទទួល​បាន​ប្រាក់​ជំនួយ​សម្រាប់​យក​ទៅ​សង​បំណុល​គេ​ចំនួន ២ ៣០០លានអឺរ៉ូ។ បំណុល​ដែល​ក្រិក​ជំពាក់​ធនាគារកណ្តាល​អឺរ៉ុប និង​ដែល​ក្រិក​ត្រូវ​សង​ឲ្យ​បាន​មុន​ពាក់​កណ្តាល​ខែ​កក្កដា​ខាង​មុខ។

នៅ​ថ្ងៃ​ចន្ទ ទី៩ ឧសភា​នេះ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស​អឺរ៉ុប​ចាយប្រាក់​អឺរ៉ូ និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​បាន​បើក​កិច្ចប្រជុំ​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ក្នុង​ការ​បន្ថែម​ជំនួយ​ឲ្យ​ប្រទេស​ក្រិក។ គួរ​រម្លឹក​ជូន​ថា ក្រុមប្រទេស​អឺរ៉ុប​ចាយប្រាក់​អឺរ៉ូ និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​បាន​ដាក់​លក្ខខណ្ឌ​ជា​ច្រើន​ដោយ​ចាប់​បង្ខំ​ឲ្យ​ក្រិក​ធ្វើ​កំណែទម្រង់ តាម​រយៈ​ការ​ចាយ​វាយ​សន្សំសំចៃ និង​កាត់​បន្ថយ​ការ​ចាយវាយ​មិន​ចាំ​បាច់ មុន​នឹង​អាច​ទទួល​បាន​ជំនួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ