អានតួអត្ថបទ

មហោស្រពកាន​ក្រោមសម្ពាធ​សន្តិសុខ

មហោស្រព​ភាពយន្ត​បាន​ចាប់​បើក​ហើយ ! កម្មវិធី​បើក​មហោស្រព និង​ការ​បង្ហាញ​ខ្លួន​​របស់​តារា​ល្បីៗ លើ​ជណ្តើរ​ក្រាល​ព្រំ​ក្រហម​នៃ​សាល​មហោស្រព​ដ៏​ល្បីល្បាញ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ និង​ការពារ​សន្តិសុខ​យ៉ាង​តឹង​តែង​បំផុត ប៉ុន្តែ​បរិយាកាស​រីករាយ​មិន​ត្រូវ​បាន​រំខាន​ដោយ​វិធានការ​សន្តិសុខ​ដ៏​តឹង​តែង​ឡើយ។ តារាភាពយន្ត​ល្បីៗ​នៅ​តែ​អាច​មក​ជួប ចាប់ដៃ ផ្តល់ហត្ថលេខា​ដល់​ហ្វាន់ ដ៏​កកកុញ​តាម​ផ្លូវ។

មនុស្សម្នា​តម្រង់ជួរ​ចាំ​ភ្នាក់ងារ​សន្តិសុខ​ឆែកឆេរ នៅ​មាត់​ច្រក​ចូលសាលមហោស្រព
មនុស្សម្នា​តម្រង់ជួរ​ចាំ​ភ្នាក់ងារ​សន្តិសុខ​ឆែកឆេរ នៅ​មាត់​ច្រក​ចូលសាលមហោស្រព REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

សំឡេង​ឧទ្ធម្ភាគចក្រ ហោះឆ្វែល​​ទៅមកៗ លើ​អាកាស​ លើ​សាល​មហោស្រព ទន្ទឹម​គ្នា​នឹង​បទ​ភ្លេង​កំដរ​បរិយាស​បុណ្យ​ សំឡេង​​​អបអរ​ដំណើរ​មក​ដល់​របស់​តារា​ជាទី​ពេញ​និយម និង​បទ​អត្ថាធិប្បាយ​​រៀប​រាប់​ឈ្មោះ​តារា​ភាពយន្ត សិល្បករ សមិទ្ធិករ​ ផលិតករ​ ដែល​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃបើក​កម្មវិធី​មហោស្រព​ !

 
នៅ​លើ​ដី​វិញ​ កម្លាំង​ប៉ូលិស​ រាប់​រយ​នាក់ បាន​ដាក់​ពង្រាយ​ពេញ​ក្រុង តាម​គ្រប់​ជ្រុង​នៃ​ផ្លូវ ដោយ​ចំហផង ដោយ​ស្ងាត់ៗ បង្កប់​ខ្លួនបែប​ស៊ីវិល​ផង ... ៦​ខែ​ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស និង​ ៦​សប្តាហ៍​ក្រោយ​ភេរវកម្មនៅ​បែលហ្សិក មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង​កាន ស្ថិត​ក្នុង​សម្ពាធ​សន្តិសុខ​បំផុត ព្រោះ​គ្រោះហានិភ័យភេរវកម្ម​​មាន​កំរិត​ខ្ពស់​ជាងពេលណាៗ​ទាំងអស់។ អាជ្ញាធរ​បារាំង​បាន​សន្យា​ប្រមូល​ផ្តុំ​ គ្រប់​មធ្យោបាយ​ដើម្បីការពារ​សុវត្ថិភាព និង​សន្តិសុខ​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ដំណើរ​ចុះ​មក​ត្រួតពិនិត្យ​ស្ថានការណ៍​ដោយ​ផ្ទាល់​ដល់​ទីក្រុង​កាន​នេះ​តែ​ម្តង កាលពី​ពីរ​ថ្ងៃមុន។ មហោស្រព​ភាពអន្តរជាតិ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​សមត្ថភាព​គ្មានប្រៀប​របស់​បារាំង​ ក្នុង​វិស័យ​សិល្បៈ​ទី​៧ និង​អាច​បញ្ជាក់​អំពី​សមត្ថភាព​ផ្នែក​សន្តិសុខ​ដែរ។ នេះ​ជា​ប្រសាសន៍​របស់​លោក បែរណា កាសឺណូវ។

ក្រៅ​អំពីបន្ថែម​​កម្លាំង​ប៉ូលិស ភ្នាក់ងារ​សន្តិសុខ​ឯកជន កានក្រុង​ដែល​ចក្ខុពិភពលោក​ចោល​មើលខ្លាំង​ជាង​គេ ក្នុង​ចំណោម​ក្រុង​បារាំង ​បានក្លាយ​ជា​ក្រុង​ដែល​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ថត​ដ៏​ច្រើន​ជាងគេ​​បំផុត​ដែរ។ រង្វង់​សុវត្ថិភាព ​ត្រូវ​បាន​ពង្រីក ការឆែក​ឆេរ​ ស្ទាប បើក​កាបូប បើក​អាវធំ អាវ​ក្រៅ ត្រូវ​ធ្វើ​ជា​ស្វ័យប្រវត្តិ​នៅ​ច្រក​ចូល​ទីលាន​សាល​មហោស្រព។ រថយន្ត​ និង​ក្រុម​ដោះមីន​ ចេញ​ធ្វើ​ប្រតិបត្តិការ​ចាប់​ជាតិ​ផ្ទុះ​ ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ។ នៅ​លើ​ផ្ទៃ​ទឹក​វិញ ក៏​មិន​បាន​ធ្វេសប្រហែស នាវា​យោធា​មួយ​បាន​បញ្ឈរ​ក្នុង​ផ្ទៃសមុទ្ទ ក្រុមហែលទឹក​៧​នាក់ នៅប្រចាំ​ការ​ការពារសុវត្ថិភាពជាប់​​ជានិច្ច​តាម​ឆ្នេរ។

វិធានការ​សុវត្ថិភាព​ ដ៏​សន្ធឹក​សន្ធាប់ ​ដើម្បី​ប្រឈម​នឹង​ការ​គំរាមកំហែង​ខ្ពស់ តែ​​​បរិយាកាស​បុណ្យ​មហោស្រព​នៅ​តែ​​មហោឡាឫក តារា​ល្បីៗ​ខ្លាំង​បាន​បង្ហា​ញវត្តមាន និង​​ណាត់​ជួប​គ្នា​នៅ​ក្រុង​កាន ច្រើន​ជាង​ឆ្នាំ​មុន​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ