លោក ពូទីន អញ្ជើញទៅក្រិក ប្រទេសជាសមាជិកសហភាពអឺរ៉ុបនិងអូតង់
ថ្ងៃនេះ ដែលជាថ្ងៃទី២ និង ជាថ្ងៃចុងក្រោយនៃទស្សនកិច្ច នៅប្រទេសក្រិក លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ចូលរួមក្នុងពិធីរំលឹកខួប ១០០០ឆ្នាំ នៃអត្ថិភាពវិហារគ្រិស្តសាសនាអ័រថូដុក្ស រុស្ស៊ី នៅលើភ្នំ Athos។ ម្សិលមិញ ដោយចាប់ផ្តើមទស្សនកិច្ចនោះ គាត់បានជួបប្រាស្រ័យជាមួយសមភាគីក្រិក បានធ្វើកិច្ចចរចា ជាមួយលោកនាយករដ្ឋមន្ត្រីក្រិក ហើយជាលទ្ធផល គឺមានចុះបានឯកសារមួយចំនួន ដែលតាមប្រសាសន៍លោក ពូទីន គឺជា”កញ្ចប់កិច្ចព្រមព្រៀង” ប៉ះលើវិស័យប្លែកៗ ដែលគូភាគី ចាត់ទុកជាអាទិភាពនាំមុខ នៃសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០០
ថ្លែងក្នុងសន្និសីទកាសែត នៅក្រុងអាថែន រដ្ឋធានីក្រិក បូកសរុបតុល្យាការនៃកិច្ចចរចានោះ ប្រមុខរដ្ឋរុស្ស៊ី បានឆ្លើយតបនឹងសំនួរ ពាក់ព័ន្ធនឹងទណ្ឌកម្ម ដែលសហភាពអឺរ៉ុបបានដាក់លើរុស្ស៊ី បណ្តាលមកពីវិបត្តិនៅអ៊ុយក្រែន និង ចំណាត់ការបកវិញ ពីខាងក្រុងម៉ូស្គូ។
លោកពូទីន ក៏បានប្រតិកម្មទល់នឹងការដែលស.រ.អា. ពេលថ្មីៗ បានដាក់ឲ្យប្រតិបត្តិការនៅលើដែនដីរូម៉ានី មិនឆ្ងាយប៉ុន្មាន ពីព្រំដែននីរតីរុស្ស៊ី គឺ គ្រឿងផ្សំទី២ នៃប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីល របស់អូតង់ រួចបន្ទាប់មក បានចាប់ផ្តើមសង់ នៅប៉ូឡូញ ជិតព្រំដែនខាងលិចរបស់រុស្ស៊ី គឺទាំងគ្រឿងផ្សំទី៣ នៃប្រព័ន្ធនេះ ដែលសុទ្ធតែត្រូវរុស្ស៊ីចាត់ទុក ជាគ្រោះថ្នាក់ដល់សន្តិសុខជាតិខ្លួន ម៉្លោះហើយបានជារុស្ស៊ី នឹងចាត់វិធានការបកវិញ ជាដាច់ខាត។
ចំណែកលោកនាយករដ្ឋមន្ត្រីក្រិក ប្រទេសជាសមាជិកអូតង់ផង សហភាពអឺរ៉ុបផង ដែលមានកាតព្វកិច្ចបំពេញតាមបន្ទាត់ទូទៅរបស់អង្គការទាំងពីរ បានថ្លែងព្រមជាមួយនេះ ថា ក្រិកត្រៀមដើរតួជា ស្ពាននៃមិត្តភាពនិងសហប្រតិបត្តិការ រវាងអឺរ៉ុប និង រុស្ស៊ី។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ