អានតួអត្ថបទ

លោក ពូទីន អញ្ជើញ​​ទៅ​ក្រិក​ ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​និង​អូតង់

ថ្ងៃនេះ ដែលជា​ថ្ងៃទី២ និង ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច នៅ​ប្រទេស​ក្រិក លោក​ប្រធានាធិបតី​​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប ១០០០​ឆ្នាំ នៃ​អត្ថិភាព​វិហារ​គ្រិស្តសាសនា​អ័រថូដុក្ស រុស្ស៊ី នៅ​លើ​ភ្នំ Athos។ ម្សិលមិញ ដោយ​ចាប់ផ្តើម​ទស្សនកិច្ច​នោះ គាត់​បាន​ជួបប្រាស្រ័យ​ជាមួយ​សមភាគី​ក្រិក បាន​ធ្វើ​កិច្ចចរចា ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ក្រិក ហើយ​ជា​លទ្ធផល ​គឺ​មាន​ចុះ​បាន​ឯកសារ​មួយ​ចំនួន ដែល​តាម​ប្រសាសន៍​លោក ពូទីន គឺ​ជា​”កញ្ចប់​កិច្ចព្រមព្រៀង” ប៉ះលើ​វិស័យ​ប្លែកៗ ដែលគូភាគី ចាត់ទុក​ជា​អាទិភាព​នាំមុខ នៃ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

នាយក​រដ្ឋមន្ត្រី​ក្រិក លោក  Alexis Tsipras (ស) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine នៅ​ទីក្រុង​អាថែន ថ្ងៃទី ២៧ ឧសភា ២០១៦
នាយក​រដ្ឋមន្ត្រី​ក្រិក លោក Alexis Tsipras (ស) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine នៅ​ទីក្រុង​អាថែន ថ្ងៃទី ២៧ ឧសភា ២០១៦ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ក្រុង​អាថែន រដ្ឋធានី​ក្រិក បូក​សរុប​តុល្យាការ​នៃ​កិច្ចចរចា​នោះ ប្រមុខ​រដ្ឋ​រុស្ស៊ី បាន​ឆ្លើយ​តប​នឹង​សំនួរ ​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​លើ​រុស្ស៊ី បណ្តាល​មក​ពី​វិបត្តិ​នៅ​អ៊ុយក្រែន និង ចំណាត់ការ​បក​វិញ ពី​ខាង​ក្រុង​ម៉ូស្គូ។

លោកពូទីន ក៏​បាន​ប្រតិកម្ម​ទល់​នឹង​ការ​ដែល​ស.រ.អា. ពេលថ្មីៗ បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​លើ​ដែនដី​រូម៉ានី មិន​ឆ្ងាយ​ប៉ុន្មាន ពី​ព្រំដែន​នីរតី​រុស្ស៊ី គឺ គ្រឿង​ផ្សំ​ទី​២ នៃ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល របស់​អូតង់ រួច​បន្ទាប់​មក បាន​ចាប់​ផ្តើម​សង់ នៅ​ប៉ូឡូញ ជិត​ព្រំដែន​ខាង​លិច​របស់​រុស្ស៊ី គឺ​ទាំង​គ្រឿង​ផ្សំ​ទី​៣ នៃ​ប្រព័ន្ធ​នេះ ដែល​សុទ្ធតែ​ត្រូវ​រុស្ស៊ី​ចាត់ទុក ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ខ្លួន ម៉្លោះ​ហើយ​បាន​ជា​រុស្ស៊ី នឹង​ចាត់​វិធានការ​បកវិញ ជា​ដាច់ខាត។

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​ក្រិក ប្រទេស​ជា​សមាជិក​អូតង់​ផង សហភាព​អឺរ៉ុប​ផង ដែល​មាន​កាតព្វកិច្ច​បំពេញ​តាម​បន្ទាត់​ទូទៅ​របស់​អង្គការ​ទាំងពីរ បាន​ថ្លែង​ព្រម​ជាមួយ​នេះ ថា ក្រិក​ត្រៀម​ដើរ​តួ​ជា ស្ពាន​នៃ​មិត្តភាព​និង​សហប្រតិបត្តិការ រវាង​អឺរ៉ុប និង រុស្ស៊ី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ