ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អឺរ៉ុប

បារាំង​និង​អាល្លឺម៉ង់​រំលឹក​ខួប​១០០ឆ្នាំ​នៃ​ប្រយុទ្ធ​គ្នា​បង្ហូរ​ឈាម​ ដោយ​ឧទ្ទិស​ដល់​អឺរ៉ុប

media  
ប្រធានាធិបតី​បារាំង​និង​ប្រមុខ​រដ្ឋាភិបាល​អាំល្លឺម៉ង់​ក្នុង​ពិធី​រំលឹក​ខួប​១០០​ឆ្នាំ​នៃ​សមរភូមិ Verdun ​ថ្ងៃទី ២៩ ឧសភា ២០១៦ REUTERS/Jean-Christophe Verhaegen

នៅ​ថ្ងៃអាទិត្យ​ទី ២៩ ឧសភា២០១៦ នេះ លោកហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​និងលោកស្រី​ប្រមុខ​រដ្ឋាភិបាល​​អាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល​ បាន​ប្រារព្ធរួម​គ្នា​​​ពិធី​រំលឹក​​ខួប​១០០​ឆ្នាំ​ នៃ​សមរភូមិវែរដាំង Verdun​ ដែល​ជា​សមរភូមិ​ប្រយុទ្ធ​បង្ហូរ​ឈាម​ដ៏​ខ្លាំង​បំផុត​ជាង​គេ​មួយ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ។ ប្រមុខ​ដឹកនាំ​ទាំងពីរ ចង់​ឆ្លៀត​ឱកាស​នេះ​​រំលឹក​​មេរៀន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ​ និង​ចេះ​ចងចាំ និង​ដក​ស្រង់​មេរៀន​អតីតកាល​ដើម្បី​អនាគត និង​យុវវ័យ​ជំនាន់​ក្រោយ។

Verdun គឺ​ជា​ក្រុង​តូច​មួយ​នៅ​ភាគ​ខាង​កើ​ត​ប្រទេស​បារាំង ចម្ងាយ​ប្រមាណ​២២៥​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ប៉ារីស និង​៤០​គីឡូម៉ែត្រ​ពី​ព្រំ​ប្រទេស​ប្រទេស​បែលហ្សិក ៥០​គ.ម.​ពី​ព្រំ​ប្រទល់​ប្រទេស​លុចសំបួរ និង​៨០​គ.ម.​ពី​អាល្លឺម៉ង់។

សមរភូមិ Verdun​ សមរភូមិ​បង្ហូរឈាម​ខ្លាំង​ជាងគេ​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១

ក្នុងអំឡុង​​​សង្គ្រាម​លោកលើក​ទី​មួយ​ វែរដាំង បាន​ក្លាយ​ជា​សមរភូមិ​ដ៏​ធំ​មួយរវាង​បារាំង​និង​អាល្លឺម៉ង់ ដែល​មាន​ទាហាន​ជាង​ពីរ​លាន​នាក់​ប្រយុទ្ធ​ទល់​មុខ​គ្នា ដោយ​គ្មាន​អ្នក​ឈ្នះ​និង​អ្នក​ចាញ់ តែបាន​សម្លាប់​ជីវិត​ទាហាន​ ទាំង​សង​ខាង​អស់​ប្រមាណ​ជាង ៣០​ម៉ឺន​នាក់ (១៤៣០០​នាក់​ខាង​អាល្លឺម៉ង់-១៦៣០០០នាក់​ខាង​បារាំង) ​ក្នុង​រយៈ​ពេល​១០​ខែ ពី​ថ្ងៃទី ២១ កុម្ភៈ​ដល់​១៥​ធ្នូ ១៩១៦។

កងទ័ព​អាល្លឺម៉ង់ បាន​ជ្រើសរើស​វាយប្រហារ​លើ​វែរដាំង ដោយ​សង្ឃឹម​ថា​នឹង​អាច​ដណ្តើម​ជ័យ​ជំនះ​លើ​បារាំង​ជា​ស្ថាពរ ព្រោះ​វែរដាំង ជាសមរភូមិ​ជួរ​មុខមួយ ជា​របង ជា​តំបន់​ដែល​មាន​​ការ​តស៊ូ​ ដ៏​ស្វិតស្វាញប្រឆាំង​នឹង​អាល្លឺម៉ង់។ បើ​តាម​អ្នក​ប្រវត្តិសាស្ត្រ មាន​គ្រាប់​បែក​ផ្លោង​មិន​តិច​ជាង​៦០​លាន​គ្រាប់​ទេ ត្រូវ​បាន​បាញ់​ចេញ​ពី​លេនដ្ឋាន​របស់​គូ​បក្សដិបក្ស ធ្លាក់​មក​គ្រប​ដណ្តប់​លើ​សមរភូមិ​​​វែរដាំង​ ដូច​ទឹក​ភ្លៀង។

វែរដាំង​ជា​សមរភូមិ​ដ៏​សន្ធោសន្ធៅ ជា​សង្គ្រាម​ដណ្តើម​ទីតាំង​ជា​យុទ្ធសាស្ត្រ ដែល​ទី​បំផុត​បាន​ក្លាយ​ជា​និម្មិត្ត​រូប​នៃ​ការ​តស៊ូ​ដាច់​ខាត​ និង​ជា​ជោគជ័យ​របស់​បារាំង ព្រោះ​​អាច​ការពារ​លេនដ្ឋាន​ទប់​ទល់​មិន​ឱ្យ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ដណ្តើម​បាន។

Verdun និម្មិតរូប​នៃ​ការ​ផ្សះផ្សា​

វែរដាំង ជា​សមរភូមិ ដ៏​ក្តៅ​គគុក​ធំ​បំផុត​មួយ​ក្នុង​សម័យ​សង្គ្រាមលោក តែ​ក៏​បាន​ក្លាយ​ជា​និម្មិតរូប​នៃ​ការ​ផ្សះផ្សា​គ្នា ព្រោះ​គឺ​ទី​នេះ​ហើយ​ដែល​មាន​កម្លាំង​តស៊ូ​ដ៏​មុះ​មុត​របស់​បារាំង ទីនេះ​​ហើយ​ជា​តំណាង​អត្តសញ្ញាណជាតិ ហើយ​គឺ​នៅ​ទី​នេះ​ឯង ដែល​មាន​មនុស្ស​ស្លាប់​រាប់​សិប​ម៉ឺន​នាក់។  
 

ប្រធានាធិបតី​បារាំង លោក Mitterand (ឆ្វេង) និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក Kohl នៅ​វែរដាំង ឆ្នាំ​១៩៨៤ AFP

អតីត​គូ​សត្រូវ​នឹង​គ្នា​​​​បារាំង​និង​អាល្លឺម៉ង់ ​ ក្នុង​សម័យ​សង្គ្រាម​លោក​ លើក​ទី​មួយ និង​លើក​ទី​ពីរ បាន​ផ្សះផ្សា​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ នៅ​ឆ្នាំ​១៩៦២។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩៨៤ ថ្ងៃទី ២២ ខែ​កញ្ញា ​ទើប​ឃើញ​ប្រធានាធិបតី​បារាំង​ គឺ​លោក ហ្វ្រង់ស័រ មីតេរ៉ង់ អញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់Helmut Kohl មក​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​វែរដាំង រួម​គ្នា។ វត្តមាន​ឥស្សរជន​​ទាំងពីរ​ នៅ​មុខ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ ដែល​បាន​កត់​ត្រា​ចូល​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​ពេល​នោះ ដោយ​គ្មាន​​ការ​គ្រោង​ទុក និង​គ្មាន​ចែង​ក្នុង​ពិធីការ រដ្ឋ​បុរស​ទាំងពីរ បានកាន់​ដៃ​គ្នា​ជាប់ ក្នុ​ងពេល​ឈរ​គោរព​ទង់​និង​ភ្លេង​ជាតិ​បារាំង។

៧០​ឆ្នាំ​ក្រោយ​សង្គ្រាម បារាំង​និង​អាល្លឺម៉ង់ បាន​បង្ហាញ​និម្មិតរូប​នៃ​ការ​ផ្សះផ្សា ​​តាម​រយៈ​កាយវិការ។ ជា​និម្មិតរូប​ព្រោះ​ពេល​នេះ​ការ​ប្រារព្ធ​ពិធី មិន​មែន​ក្នុង​ន័យ​អបអរ​បរាជ័យ​របស់​អាល្លឺម៉ង់​ឡើយ តែ​ដើម្បី​អបអរ​ការ​រក​ឃើញ​សន្តិភាព និង​មិត្តភាព​បារាំង-អាល្លឺម៉ង់។

​​​​ Verdun មេរៀន​សម្រាប់​អឺរ៉ុប​សន្តិភាព

កាលពី​៣២​ឆ្នាំ​មុន បារាំង​​និង​អាល្លឺម៉ង់​បង្ហាញ​ការ​ផ្សះផ្សា​តាម​រយៈ​កាយវិការ តែ​នៅ​ថ្ងៃ​នេះ គឺ​តាម​រយៈ​ពាក្យ​សំដី ដើម្បីរំលឹក​​ប្រវត្តិសាស្ត្រ ដើម្បី​អនាគត យុវវ័យ​ ដោយ​មាន​វត្តមាន​កុមារ​ជាង​៣៤០០​នាក់ ក្នុង​នោះ​១ពាន់​ជា​កុមារ​អាល្លឺម៉ង់​ចូល​រួម​ និង​ដើម្បី​អឺរ៉ុប ដែល​កំពុង​បាក់បែក​គ្នា។

​១០០​ឆ្នាំ​ក្រោយ​សង្គ្រាម ការ​ផ្សះផ្សា បាន​ចាក់​ឬស​ចាក់​គល់ នៅ​​ក្រុង​វែរដាំង​។ ​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ យក​គំរូ​តាម​លោក​ហ្វ្រង់ស័រ មីតេរ៉ង់ ដោយ​បាន​អញ្ជើញ​​​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោកស្រី មែរកិល មក​ប្រារព្ធ​ពិធី​គោរព និង​សម្ពោធ​ស្តូប​រំលឹក​​​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​វែរដាំង ព្រម​ទាំង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​​នៅ​ទីលាន​កប់​ខ្មោច​ទាហាន​អាល្លឺម៉ង់​នៅ​វែរដាំង ដើម្បី​ធ្វើ​ជា​គំរូ បង្ហាញពី​ការ​ចែករំលែក​ប្រវត្តិសាស្ត្រ​ គឺ​សង្គ្រាម​លោក​ ដែល​បារាំង​និងអាល្លឺម៉ង់​មាន​ការ​ចង​ចាំ​រួមគ្នា។ មិន​តែ​ប៉ុណ្ណោះ​ លោកស្រី​មែរកិល ​នៅ​ថ្ងៃ​នេះ បានក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដំបូង​គេ​បង្អស់​ដែល​បាន​ចូល​ជាន់​ទឹក​ដី​របស់ក្រុង​វែរដាំង ដោយ​ផ្ទាល់​ ដើម្បី​បង្ហោះ​ប៉េង​ប៉ោង​សន្តិភាព។

​​លោកប្រធានាធិបតី​ក៏​បាន​អញ្ជើញប្រធាន​សភា​អឺរ៉ុប និង​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប ឱ្យ​មក​ចូល​រួម​ដែរ។ ព្រោះ​នា​ឱកាស​នេះ បារាំង​និង​អាល្លឺម៉ង់ ក្នុង​នាម​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប​ដ៏​សំខាន់ ចង់​ផ្តល់​តម្លៃ​ដល់​អឺរ៉ុប ដោយ​ក្រៅ​អំពី​ការ​រំលឹក​ប្រវត្តិសាស្ត្រ ប្រមុខ​ដឹកនាំ​ទាំង​ពីរ បាន​ជជែក​គ្នា​អំពី​វិបត្តិ​ដែល​កំពុង​ញ៉ាំញី​អឺរ៉ុប ដូច​ជា​វិបត្តិក្រិក ការ​ចង់​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស វិបត្តិ​អន្តោប្រវេសន៍ ...

នៅ​ក្នុង​សុន្ទរកថា​ លោក​ហ្វ្រង់ស័រ​ហូឡង់ បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ប្រធានបទ​អឺរ៉ុប។ វែរដាំង​ ជា​ភស្តុតាង​ជាក់​ស្តែង ​បញ្ជាក់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ បារាំង​និង​អាល្លឺម៉ង់ ដែល​ធ្លាប់​ជា​គូ​សត្រូវ​ធ្វើ​សង្គ្រាម​គ្នា​ម្តង​ជា​ម្តង តែ​ក្រោយ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ឆ្នាំ​១៩៤៥​ ប្រទេស​ទាំង​ពីរ​មាន​សេចក្តី​ក្លាហាន​ចាប់​ដៃ​គ្នា​បង្កើត​ចលនា​សន្តិភាព​មួយ​ ដើម្បី​ស្ថាបនា​អឺរ៉ុប។

លោកស្រី​មែរកិល ក៏​មាន​ទស្សនៈ​ដូច​គ្នា​យល់​ថា បារាំង​មាន​ទំនុក​ចិត្ត​លើ​អាល្លឺម៉ង់។ អាល្លឺម៉ង់ចងចាំ​ជានិច្ច​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គ្រាម​លោក​ តែ​ក៏​ជឿ​ជាក់​លើ​វប្បធម៌​នៃ​ការ​ផ្សះផ្សា និង​វប្បធម៌​សន្ទនា រវាង​បារាំង​និង​អាល្លឺម៉ង់ ដោយ​សង្ឃឹម​ថា​សមាជិក​ផ្សេង​ទៀត ជាក់​ស្តែង​អង់គ្លេស​រក្សា​តម្លៃ​សន្តិភាពនិង​ស្ថិត​នៅ​ជា​អឺរ៉ុប​រួបរួម​គ្នា មាន​ការ​ព្រមព្រៀង​គ្នា៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ