អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

ម៉ូស្គូ​បាន​ថ្លែង​បដិសេធ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុង​គៀវ

 ល្ងាច​ថ្ងៃ១​មិថុនា ក្រសួង​ការបរទេស​រុស្ស៊ី បាន​ច្រានចោល ពាក្យ​អះអាង របស់​ក្រុង​គៀវដែល​ថា រុស្ស៊ី ហាក់បី​យល់ព្រម​ឲ្យ​ពង្រាយ បេសកកម្ម​ប៉ូលិស​ប្រដាប់​អាវុធ របស់ អង្គការដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ប្រចាំ​នៅ​តំបន់​បះបោរ ដុនបាស់ ប៉ែកខាង​កើត អ៊ុយក្រែន។ 

ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov
ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

 

“ម៉ូស្គូ មិន​ដែល​ផ្តល់​ការ​យល់ព្រម​របស់​ខ្លួន ឲ្យ​ពង្រាយ​បេសកកម្ម​ប៉ូលិស​ប្រដាប់​អាវុធ របស់ អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ប្រចាំ​នៅ​តំបន់ ដុនបាស់ សោះ​ឡើយ” សេចក្តី​នេះ​ថ្លែង​ល្ងាច​ថ្ងៃទី១​មិថុនា ដោយ​លោក អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Grogori Karassin ជា​ប្រតិកម្ម​ភ្លាម​ភ្លែត តប​នឹង សេចក្តីថ្លែងការណ៍​ធ្វើ​ម្សិលមិញ​នោះ​ឯង នៅ​ក្រុងគៀវ ដោយ នាយករង​នៃ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Constantin Elisseyev ដែល​អះអាង​ថា ភាគី​រុស្ស៊ី បាន​យល់ព្រម​ទៅ​ហើយ ឲ្យ​ពង្រាយ បេសកកម្មប៉ូលិស​ប្រដាប់អាវុធ របស់ អង្គការ OSCE ប្រចាំ​នៅ​តំបន់​បះបោរ ដុនបាស់ ប៉ែក​ខាង​កើតអ៊ុយក្រែន។
 

អ្នក​ការទូត​រុស្ស៊ី គូស​បញ្ជាក់​ថា ម៉ូស្គូ មិន​ដែល​បន្លឺ​ឡើង​នូវ​ការ​យល់ព្រម​បែបនេះ​ឡើយ រីឯ“សម្តី​ប៉ប៉ាច់ប៉ប៉ោច​របស់​ពួក​អ្នកយុទ្ធសាស្ត្រ​ក្រុង​គៀវ អាច​តែ​រំខាន​ដល់​កិច្ចការ​ប៉ុណ្ណោះ”។ គាត់ លំអិត​ថា សាច់រឿង​នេះ រមែង​លើក​យក​ទៅ​ពិភាក្សា នៅ​ក្រុង Vienne មិនមែន​នៅក្រុងគៀវទេ។ មួយ​ថ្ងៃ​មុន ក្នុង​សម្ភាសន៍​ទៅ​កាសែត​ក្រុង​ម៉ូស្គូ Komsomolskaya Pravda លោក​ប្រមុខ​ការទូត រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ថ្លែងថា តំបន់ ដុនបាស់ ជំទាស់​ដាច់​ខាត ទល់នឹង​ការ​ពង្រាយ កងកម្លាំង អន្តរជាតិ​ស្អី​ណា នៅ​លើ​ដែនដី​ខ្លួន។

លោក​ឡាវ្រ៉ូវ និយាយ​ដោយ​ផ្គើន​ថា ឥឡូវ​បញ្ហា​សន្តិសុខ ស្រាប់​តែ​ក្លាយ​ទៅ​ជា រឿង​ចម្បង សម្រាប់​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆេនកូ ហើយ​មិន គ្រាន់​តែ​ដើម្បី​ធានា​ដល់ ការឈប់​បាញ់​ប៉ុណ្ណោះទេ តែ​ក៏​ដល់ សន្តិសុខ​នៅ​ពេញ​លើ​ដែនដី ដុនបាស់ ធានា​នេះ គឺ​ដោយ កង​កម្លាំងអន្តរជាតិ​តែ​ម្តង ប៉ុន្តែ​ចំណុច​នេះ ឥត​មាន​ចែង​សោះ ឡើយ ក្នុង​កិច្ចព្រមព្រៀង ក្រុង​មិនស្ក៏។ ជា​ការ​រំលឹក កាលពី​ថ្ងៃ​២៤​ឧសភា អង្គភាព​ព័ត៌មាន​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​ចេញ សេចក្តីជូន​ដំណឹង​ថា មេដឹកនាំ​អ៊ុយក្រែន បារាំង អាល្លឺម៉ង់ និង​រុស្ស៊ី ពេលសន្ទនា​គ្នា​តាម​ទូរស័ព្ទ បាន​ថ្លែង​គាំទ្រ ដល់​ការ​ពង្រាយ បេសកកម្ម​ប៉ូលិស​ប្រដាប់​អាវុធ របស់ អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ប្រចាំ​នៅ ដុនបាស់ ហើយ​ថែម​ទាំង បាន​ចាប់​ផ្តើម​ពិគ្រោះ ប្តូរយោបល់​គ្នា​ទៅ​ផង ជុំវិញ​បញ្ហា​នេះ។

កាលណោះ​អ្នកនាំពាក្យ​ផ្លូវការ របស់​ក្រសួង​ការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova ថ្លែង​ថា គ្មាន​សោះ​ឡើយ ការ​ព្រមព្រៀង​គ្នា​ស្អី​ណា ក្នុង​រឿង​ពង្រាយ​កងកម្លាំង​បែប​នេះ។ រុស្ស៊ី គាំទ្រ​តែ ដល់​ការ​បង្កើត​ជា តំបន់​ទ្រនាប់​ដែល​គ្មាន​អាវុធ និង គ្មាន​កម្លាំង​យោធា នៅ​ដុនបាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ