អានតួអត្ថបទ
បារាំង-អ៊ុយក្រែន

ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ទឹកដី​អ៊ុយក្រែន​ពី​បទសង្ស័យ​រៀបចំ​ភេរវកម្ម

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រដ្ឋអំណាច​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចាប់​ខ្លួន​ជនជាតិ​បារាំង​ម្នាក់​អាយុ ២៥ឆ្នាំ​នៅ​ត្រង់​ចំណុច​ព្រំដែន​រវាង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ប៉ូឡូញ​កាល​ពី​ដំណាច់​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ។ តាម​ព័ត៌មាន​ផ្តល់​ដោយ​ឆ្មាំព្រំដែន​អ៊ុយក្រែន ជនជាតិ​បារាំង​រូប​នោះ​មាន​ជាប់​នឹង​ខ្លួន​គេ​នូវ​ម្សៅ TNT ចំនួន ១២៥គីឡូក្រាម ព្រម​ទាំង​អាវុធសង្រ្គាម​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត។ ចំណែក​សេវាសន្តិសុខ​អ៊ុយក្រែន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី៦ មិថុនា​ថា កម្លាំង​ប៉ូលិស​អ៊ុយក្រែន​បាន​រារាំង​ទាន់​ពេល​នូវ​គម្រោង​រៀបចំ​ភេរវកម្ម​ចំនួន ១៥ដង ដែល​ក្រុម​ភេរវជន​ត្រៀម​វាយប្រហារ​ប្រទេស​បារាំង​នៅ​មុន និង​ក្នុង​ពេល​បើក​ការ​ប្រកួត​បាល់ទាត់​អឺរ៉ុប​នា​ថ្ងៃទី១១ មិថុនា​ខាង​មុខ។

ជនជាតិបារាំងម្នាក់ត្រូវបានចាប់ខ្លួនក្នុងទឹកដីអ៊ុយក្រែនពីបទសង្ស័យរៀបចំភេរវកម្ម
ជនជាតិបារាំងម្នាក់ត្រូវបានចាប់ខ្លួនក្នុងទឹកដីអ៊ុយក្រែនពីបទសង្ស័យរៀបចំភេរវកម្ម REUTERS/Ukraine's State Security Service/Handout
ផ្សាយពាណិជ្ជកម្ម

កាំភ្លើង​អាការ​ចំនួន ៥ដើម គ្រាប់ផ្ទុះ​គ្រប់ប្រភេទ​ជាង ៥ ០០០គ្រាប់ កាំភ្លើង​បាញ់​រថក្រោះ​ចំនួន ២ដើម ម្សៅ TNT ចំនួន ១២៥គីឡូក្រាម និង​ប្រដាប់​បង្កៃបំផ្ទុះ​ចំនួន ១០០ ទាំង​អស់​នេះ​ជា​គ្រឿង​សព្វាវុធ​សង្រ្គាម​ដែល​រដ្ឋអំណាច​អ៊ុយក្រែន​បាន​រឹបអូស​ពី​ជនជាតិ​បារាំង​ឈ្មោះ Grégoire មាន​អាយុ ២៥ឆ្នាំ។ លោក Vassili Gritsak  ប្រធាន​សេវា​សន្តិសុខ​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា ជន Grégoire បាន​ទទួល​អាវុធ​ទាំង​នេះ​ក្នុង​ពេល​ដែល​គេ​បាន​ទាក់ទង​ជាមួយ​ក្រុមប្រដាប់អាវុធ​ខុសច្បាប់​ក្នុង​ទឹកដី​អ៊ុយក្រែន។

យោង​តាម​ប្រភព​ព័ត៌មាន​អ៊ុយក្រែន​ដដែល ជន Grégoire មាន​បំណង​ប្រើប្រាស់​អាវុធ​ដែល​យក​តាម​ខ្លួន​ទាំង​អស់​នោះ​ដើម្បី​វាយប្រហារ​លើ​ទីកន្លែង​សាសនា​អ៊ីស្លាម និង​សាសនា​ជ្វីហ្វ រួម​ទាំង​ទីកន្លែង​សាធារណៈ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង។ ចំណែក​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ជន Grégoire បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ជំទាស់​របស់​ខ្លួន​ចំពោះ​នយោបាយ​របស់​រដ្ឋាភិបាល​បារាំង​ទាក់ទង​នឹង​ការ​ទទួល​ជនអន្តោប្រវេសន៍ ការ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម និង​នយោបាយ​សកលភាវូបនីយកម្ម។

នៅ​ខាង​បារាំង​វិញ រដ្ឋអំណាច​បាន​បញ្ជាក់​ថា​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​សន្និដ្ឋាន​ពី​ផែនការ​ធ្វើ​ភេរវកម្ម​អ្វី​ទេ ព្រោះ​ជនជាតិ​បារាំង Grégoire មិន​ធ្លាប់​ជាប់​ឈ្មោះ​អាក្រក់​នៅ​ក្នុង​បញ្ជី​របស់​ប៉ូលិស​ទេ។ តែ​នៅ​ពេល​ចុះ​ឆែកឆេរ​ក្នុង​ផ្ទះ Grégoire ប៉ូលិស​បារាំង​បាន​រក​ឃើញ​អាវយឺត​មួយ​ដែល​មាន​សញ្ញា​ក្រុមស្តាំនិយមជ្រុល។ ខណៈ​នេះ រដ្ឋអំណាច​បារាំង​កំពុង​ដាក់​ពាក្យ​ទៅ​រដ្ឋអំណាច​អ៊ុយក្រែន​ឲ្យ​បញ្ជូន​ជន Grégoire មក​ឲ្យ​បារាំង។ ទន្ទឹម​គ្នា​នេះ បារាំង​ក៏​បាន​ចាប់​ផ្តើម​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត។

សេវាសន្តិសុខ​អ៊ុយក្រែន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី៦ មិថុនា​ថា កម្លាំង​ប៉ូលិស​អ៊ុយក្រែន​បាន​រារាំង​ទាន់​ពេល​នូវ​គម្រោង​រៀបចំ​ភេរវកម្ម​ចំនួន ១៥ដង ដែល​ក្រុម​ភេរវជន​ត្រៀម​វាយប្រហារ​ប្រទេស​បារាំង​នៅ​មុន និង​ក្នុង​ពេល​បើក​ការ​ប្រកួត​បាល់ទាត់​អឺរ៉ុប​នា​ពេល​ខាង​មុខ។ តែ​មេប៉ូលិស​ក្រុង​ប៉ារីស​លោក Michel Cadot បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ដឹង​ពី​ព័ត៌មាន​ចាប់​ជនជាតិ​បារាំង Grégoire ក្នុង​ទឹកដី​អ៊ុយក្រែន តែ​ធានា​ថា​ពេល​នេះ មិន​មាន​សញ្ញា​អ្វី​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ការ​គំរាម​ភេរវកម្ម​វាយប្រហារ​ក្នុង​ឱកាស​ការ​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ុប​ក្នុង​ប្រទេស​បារាំង​ឡើយ។ ម្យ៉ាង​ទៀត លោក​Michel Cadot ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​បន្ថែម​កម្លាំង​ប៉ូលិស​ចំនួន​ជាង ៣ ០០០នាក់​បន្ថែម​ទៀត​ដើម្បី​ការពារ​សន្តិសុខ និង​ធានា​សុវត្ថិភាព​នៅ​ពិធី​ប្រកួតបាល់ទាត់​អឺរ៉ុប​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ ទី១១ មិថុនា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ