អានតួអត្ថបទ
ស៊ុតអែត-Sipri

Sipri៖​អាមេរិក និង​រុស្ស៊ី​បាន​កាត់​បន្ថយ​បរិមាណ​ក្បាល​នុយក្លេអ៊ែរ តែ​បង្កើន​សមត្ថភាព និង​ប្រសិទ្ធិភាព

វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ហៅ​កាត់​ថា ស៊ីព្រី (Sipri) ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី១៣ មិថុនា​នេះ​ថា អាមេរិក និង​រុស្ស៊ី​ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​ក្នុង​លោក​បាន និង​កំពុង​បន្ត​កាត់​បន្ថយ​ចំនួន​ក្បាលនុយក្លែអ៊ែរ​របស់​ខ្លួន។ តែ​ទន្ទឹម​នឹង​ការ​កាត់​បន្ថយ​បរិមាណ ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើ​ឲ្យ​ទំនើប តាម​រយៈ​ការ​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​ចំនួន​ក្បាលនុយក្លេអ៊ែរ​ដែល​នៅ​សេសសល់។

Logo SIPRI
Logo SIPRI
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ដើម​ឆ្នាំ ២០១៦ នេះ ចំនួន​ក្បាលនុយក្លេអ៊ែរ​សរុប​នៅ​ក្នុង ៩ប្រទេស​បូក​រួម​គ្នា គឺ​អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​កូរ៉េខាងជើង​មាន​ចំនួន ១៥ ៣៩៥ក្បាល ក្នុង​នោះ រុស្ស៊ីមាន ៧ ២៩០ក្បាល ហើយ​អាមេរិក​មាន​ប្រមាណ​ជា ៧ ០០០ក្បាល ពោល​តិច​ជាង​កាល​ពី​១ឆ្នាំ​មុន​ដែល​មាន ១៥ ៨៥០ក្បាល។ ម្យ៉ាង​ទៀត នៅ​ក្នុង​ចំណោម ១៥ ៣៩៥ក្បាល មាន ៤ ១២០ក្បាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ។ សូម​ជម្រាប​ជូន​ថា​នៅ​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ ៨០ ពិភពលោក​មាន​ចំនួន​ក្បាលនុយក្លេអ៊ែរ​ដល់​ទៅ ៧០ ០០០ក្បាល ហើយ​កាល​ធ្លាក់​ចុះ​ជាង ៥០ ០០០ក្បាល​ក្នុង​រយៈពេល​ជាង ៣៦ឆ្នាំ​កន្លង​ទៅ​ក៏​ដោយសារ​តែ​អាមេរិក និង​រុស្ស៊ី​បាន​ចូលរួម​កាត់​បន្ថយ​យ៉ាង​ច្រើន​សម្បើម។

ការ​កាត់​បន្ថយ​របស់​មហាអំណាច​ទាំង​ពីរ​ជា​លទ្ធផល​បាន​មក​ពី​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ចំនួន ៣ គិត​តាំង​ពី​ឆ្នាំ ១៩៩១ រួម​ទាំង​ការ​សម្រេច​ចិត្ត​ជា​លក្ខណៈ​ឯតោភាគី​ផង។ ទោះ​ជា​យ៉ាង​នេះ​ក្តី Sipri បាន​កាត់​សម្គាល់​ឃើញ​ថា ការ​កាត់​បន្ថយ​ចំនួន​ក្បាលនុយក្លេអ៊ែរ​របស់​អាមេរិក និង​រុស្ស៊ី​នា​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​ដូច​ជា​មាន​ចង្វាក់​យឺត បើ​ធៀប​នឹង ១០ឆ្នាំ​មុន ពិសេស​តាំង​ពី​វ៉ាស៊ីតោន និង​មូស្គូ​មាន​កិច្ចព្រមព្រៀង​ថ្មី START ស្តីពី​ការ​កាត់បន្ថយ​សព្វាវុធ​ដែល​បាន​ចូល​ធរមាន​តាំង​ពី​ឆ្នាំ ២០១១។

យោង​តាម Sipri ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បំពាក់​ក្បាល​នុយក្លេអ៊ែរ គ្មាន​ប្រទេស​ណា​មួយ​បាន​ត្រៀម​ខ្លួន​ដើម្បី​បោះបង់​ចោល​ទាំង​ស្រុង​ទេ ហើយ​អាមេរិក និង​រុស្ស៊ី​ដែល​បាន​យល់​ព្រម​កាត់​បន្ថយ​ចំនួន​ក្បាលនុយក្លេអ៊ែរ​នោះ ក៏​បាន​បង្វែរ​ទៅ​ធ្វើ​ឲ្យ​ទំនើប​នូវ​ក្បាលនុយក្លេអ៊ែរ​ដែល​នៅ​សេសសល់ តាម​រយៈ​បង្កើន​សមត្ថភាព និង​ប្រសិទ្ធិភាព។ នៅ​ក្នុង​សេចក្តី​សន្និដាន​របស់​ខ្លួន Sipri បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​កង្វះ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ