អានតួអត្ថបទ

អង់គ្លេសចេញ​ពី​អឺរ៉ុប នឹង​ឯកា និង​ចាញ់​ប្រៀប​ចិន

ក្រោយ​សេចក្តី​សម្រេច​របស់​ពលរដ្ឋ​អង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប ដែល​បាន​រុញ​ច្រាន​ឱ្យ​នាយករ​ដ្ឋមន្ត្រី​ ដាវីត កាមឺរោន ប្រកាស​សុំ​ចាក​ចេញពី​តំណែង​ និង​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​ជ្រួល​ច្របល់​និង​បាន​រុញ​ច្រាន​ឱ្យ​សហភាព​អឺរ៉ុប​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ ក្រុម​ប្រទេស​ស្ថាបនិក​​សហភាពបាន​រៀប​ចំ​ជំនួប​​ប្រជុំ​គ្នា​នៅ​ក្រុង​ប៊ែរឡាំង​ថ្ងៃ​នេះ ដើម្បី​សម្រួល​ស្ថានការណ៍​​និង​សម្រួល​អន្តរកាល​កុំ​ឱ្យ​ចុក​ចាប់​ខ្លាំង​ពេក។ ​ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប៉ះទង្គិច ស្លន់ស្លោ​ អ្នក​វិភាគ​សង្កេត​ឃើញ​ថា​ចិន​កំពុង​សំឡឹង​ឃើញ​ឱកាស​ល្អ​ជាង​គេ​ពី​ភាព​ឯកា​របស់​អង់គ្លេស។

ក្នុង​ករណី​អង់គ្លេស​ឯកា​ចេញ​ពី​អឺរ៉ុប ចិន​នឹង​ប្រៀប​ខ្លាំង
ក្នុង​ករណី​អង់គ្លេស​ឯកា​ចេញ​ពី​អឺរ៉ុប ចិន​នឹង​ប្រៀប​ខ្លាំង REUTERS/Suzanne
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​សេចក្តី​សម្រេចចិត្ត​របស់​ពលរដ្ឋ​អង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប ពិភពលោក​ទាំង​មូល នៅ​បន្ត​ជ្រួល​ច្របល់ និង​ភ្ញាក់​ផ្អើល​ខ្លាំង​ដដែល​ ព្រោះ​គ្មាន​នរណា​នឹង​ស្មាន​ដល់​ថា​អង់គ្លេស​ហ៊ាន​ធ្វើ​យ៉ាង​ដូច្នេះ។ សហភាព​អឺរ៉ុប​ផ្ទាល់​ក៏មិន​បាន​ត្រៀម​ចិត្ត​ទុក​មុន​ដែរ ទើប​បាន​ជា​ជ្រួល​ច្របល់ខ្លាំង​យ៉ាង​ដូច្នេះ និង​កោះប្រជុំ​ជា​បន្ទាន់​ជា​ច្រើន​កំរិត​ និង​ទម្រង់ តាំង​ពី​ថ្ងៃ​ម្សិលមិញ​ភ្លាម និង​នៅ​ថ្ងៃ​នេះ ឬ​ស្អែកៗ​ជា​បន្ត​ឥត​ដាច់។ ការ​រៀប​ចំ​ចាត់​ចែង​បាន​ចាប់​ផ្តើម ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប រំពឹង​ថា​អាល្លឺម៉ង់នឹង​​បន្ត​ដើរ​តួនាទី​សំខាន់ និង​កាន់​តែ​ខ្លាំង​ ដឹកមុខ​អឺរ៉ុប។

 

ក្រុមប្រមុខ​ការទូត​​នៃ​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប ទាំង​៦ បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​បែរឡាំង​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ផលវិបាក​បង្ក​ឡើង​ការ​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស ការ​ពារ​អឺរ៉ុប​ទាំង​២៧​ឱ្យ​រឹង​មាំ និង​ដាក់​សម្ពាធ​លើ​អង់គ្លេស ឱ្យ​បំពេញ​បែប​សុំ​ចេញ​ពី​អឺរ៉ុប​ឱ្យ​បាន​លឿន ដើម្បី​សម្រួល​ដំណើរ​ការលែង​លះ​គ្នា​ឱ្យ​បាន​កាន់​តែ​ឆាប់​ចប់។ ​

អង់គ្លេស​ជាង​មួយ​លាន​នាក់ទាមទារ​ធ្វើ​ប្រជាមតិ​ម្តង​ទៀត

នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ​កំពុង​តែ​ប្រេះឆា​ខ្លាំង​ដែរ នៅ​ថ្ងៃ​សៅរ៍​នេះ រវាង​ភាព​រីករាយ​របស់​អ្នក​ឈ្នះ ចង់​ផ្តាច់​ខ្លួន​ពី​ ​និងកំហឹង​របស់​​ក្រុម​អ្នកស្រលាញ់​អឺរ៉ុប​។ អ្នក​គាំទ្រ​ការ​ដើរ​ចេញ​ពី​អឺរ៉ុប​ ជាច្រើន​ក៏​​ចាប់​ផ្តើម​​សោកស្តាយ​ចំពោះ​សន្លឹក​ឆ្នោត​របស់​គេស្រេច​ទៅ​ហើយ នៅ​ពេល​ឃើញ​ប្រតិកម្ម​របស់​ទីផ្សារ​ភាគហ៊ុន ឃើញ​លុយ​ចុះ​ថ្លៃ ឃើញ​ប្រតិកម្ម​របស់​ក្រុមហ៊ុន​សហគ្រាស​។ នេះ​បើ​គេ​ជឿ​សំដី​សាក្សី​​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អង់គ្លេស ឬ​ប្រព័ន្ធ​សង្គម​ផ្សេងៗ។ ពួក​គេជា​ច្រើន​​បាន​សោក​ស្តាយ​រួច​ទៅ​ហើយ ចំពោះ​ការ​បោះឆ្នោត​ដើរ​ចេញ​ពី​អឺរ៉ុប​នោះ និង​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី។ មាន​ញ្ញត្ត​មួយប្រមូល​បាន​​ហត្ថលេខា​ ជាង​៣៥​ម៉ឺន នាក់ ឯញ្ញាត្តិ​បង្ហោះ​តាម​វិបសៃត៍​សភា​អង់គ្លេស​បាន​ឡើង​ដល់​ជាង​មួយ​លាន​នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ​ ​សុំ​ទាមទារ​ធ្វើប្រជាមតិ​ម្តង​ទៀត និង​ញ្ញត្តិមួយ​ទៀត ទាមទារ​សុំ​ឯករាជ្យក្រុង​ឡុងដ៍​និង​សុំ​បន្ត​ស្ថិត​នៅ​ក្នុង​អឺរ៉ុប។

អង់គ្លេស​ចេញ​ពី​អឺរ៉ុប ចាញ់​ប្រៀបចិន

អង់គ្លេស​បាន​សម្រេច​ចាក​ចេញ​ពី​អឺរ៉ុប ដែល​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក គឺ​ដូច​ជា​បាន​ផ្តល់​ឱកាស​មាស​ឱ្យ​ចិន សម្រាប់​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​ដែល​ឯកា។ តាំង​ពី​ជាង​៤០​ឆ្នាំ​មក​ហើយ ដែលអង់គ្លេស​​មិន​បាន​​​បើក​កិច្ចចរចាតែ​ម្នាក់​ឯង​នោះ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ប្រសិន​បើ​អង់គ្លេស​មិន​អាច​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​អឺរ៉ុប​ និង​ដៃគូ​ដ៏​មាន​សក្តានុពល​ផ្សេង​ទៀត​ទេ នោះ​អង់គ្លេស​នឹង​ស្ថិត​ក្នុង​ជំហរ​ផុយស្រួយ​និ​ងខ្សោយ​ ណាស់​សម្រាប់​មក​ចរចា​ជាមួយ​ចិន។

បើ​តាម​អ្ន​ក​វិភាគ បើ​ឈរលើ​គោលការណ៍​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​ អង់គ្លេស​ចេញ​ពី​អឺរ៉ុប គឺ​ជា​ឱកាស​ដ៏​ប្រពៃ​បំផុត​​សម្រាប់​ចិន​ ចូល​ទៅ​សង្កត់​មហាមិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​អាមេរិក។ ម្យ៉ាង​វិញទៀត អង់គ្លេស​គឺ​ជាប្រទេសបស្ចឹម​លោក​​ដំបូង​​គេ​​ដែ​លមាន​មូលប័ត្រ​បំណុល​ ជា​ប្រាក់​យ័ន​ ឬ​និយាយ​បែប​សាមញ្ញ​ថាមាន​ប្រាក់​យ័ន​ចិន​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​ ដោយ​មក​ពី​ចិន​ឃើញ​​មាន​ក្រុមហ៊ុន​បរទេស​តាំង​នៅ​ភ្ជាប់​ទៅ​ទីផ្សារ​អឺរ៉ុប​ច្រើន​ជាងគេ។  ប៉ុន្តែ​ពេល​នេះ ប្រសិន​បើ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប លែង​មាន​សិទ្ធិ​ក្នុង​ទីផ្សារ​រួម​អឺរ៉ុប ចិន​ពិត​ជា​ត្រូវស្វែង​រក​ទស្សនវិស័យ​យុទ្ធសាស្ត្រ​ថ្មី ក្នុង​ករណី​ចរចា​ឡើង​វិញ ចិន​ពិត​ជា​មាន​ប្រៀប​ជាង​អង់គ្លេស​ឆ្ងាយ​ណាស់​។ អង់គ្លេស​ឯកា​ពិត​ជា​ពិបាក​ចូល​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ចិន​ណាស់។

​ចរចា​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​ចិន​ទំនង​ជា​ត្រូវ​ការ​ប្រើពេល​ដល់​១០​ឆ្នាំ​។ នេះ​តាម​កាសែត​ឆាយណាដែលី ក្រោយល​ទ្ធផល​ប្រជាមតិអង់គ្លេស​ភា្លម។
 
រុស្ស៊ី​មិន​ក្តៅ​មិន​ត្រជាក់​នឹង​អង់គ្លេស​ចេញ​ពី​អឺរ៉ុប

​ប្រជាមតិ​អង់គ្លេស​នេះ​មាន​ផលវិបាក​ឆ្លង​ព្រំដែន ចេញ​ពី​អឺរ៉ុប ឆ្លង​ទៅ​អាមេរិក​ កាត់​ទៅ​អាស៊ី មក​ដល់​រុស្ស៊ី ​ម្នាក់ៗ​មាន​ជំហរ​ផ្សេង​គ្នា​។ ប្រធានាធិបតី​អាមេរិក ​លោកអូបាម៉ា ខំ​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុងឡុងដ៍​ផ្ទាល់​តែ​ម្តង ដើម្បី​ជួយ​ឃោសនា​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដេវីត​កាមឺរោន ឱ្យ​រក្សា​អង់គ្លេស​នៅ​ក្នុង​អឺរ៉ុប​ជា​និច្ច ដើម្បី​ជា​ប្រយោជន៍​អាមេរិក​ចូល​កៀកជិតអឺរ៉ុប​ផង។
ខាង​ប្រមុខ​ដឹកនាំ​នៅ​អាស៊ី ម្នាក់ៗ​សុទ្ធ​ខ្វាយ​ខ្វល់​ពេល​ឃើញ​អង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប ព្រោះ​គ្រប់​គ្នា​ត្រូវ​ការ​ឃើញ​ទីផ្សារ​អឺរ៉ុប​រុងរឿង និង​មាន​ស្ថិរភាព។ លើក​លែង​តែ​​​​ខាង​រុស្ស៊ី របស់​លោក ពូទីន ដែល​ទំនង​ជា​​​​រីករាយ​ ព្រោះ​បាន​​​ឃើញសត្រូវ​ខ្លួន​ឈ្លោះ​គ្នា​ទេ ! ​អង់គ្លេស​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក​ ព្រាត់​ប្រាស់​ពី​អឺរ៉ុប ដែល​បាន​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ ក្នុង​រឿង​គ្រីមេ​ តាំង​ពី​ឆ្នាំ​២០១៤​មក​។ ម៉ូស្គូ​យល់​ថា​អឺរ៉ុប​គ្មាន​អង់គ្លេស ស្មើ​នឹង​គ្មាន​អ្នក​ការពារ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទៀត​ ដ្បិត​អី​អង់គ្លេស​ ជា​ប្រទេស​មួយ​ដែល​មាន​ជំហរ​ដាច់​ខាត​ខ្លាំងនឹង​ការ​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​នឹង​ឥរិយាបថ​របស់​ម៉ូស្គូ។ តែ​ក្រោយ​ប្រជាមតិ​អង់គ្លេស​រួច​ភ្លាម លោក​ពូទីន​ បាន​អះអាង​លទ្ធផល​នេះ​គ្មាន​ឥទ្ធិពល​អ្វី​លើ​រុស្ស៊ីទេ ហើយ​រុស្ស៊ី​ក៏​គ្មាន​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ប្រជាមតិ​នៅ​អង់គ្លេស​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ