អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Brexit៖​បើ​អង់គ្លេស​មិន​ទាន់​បញ្ចប់​សមាជិកភាព​ជា​ផ្លូវការ​ទេ សហភាពអឺរ៉ុប​ក៏​នឹង​មិន​ចរចា​អ្វី​ទាំង​អស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍ Brexit កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​ក្តៅ​គគុក និង​ចម្រូងចម្រាស​នៅ​ផ្ទៃក្នុង​សហភាព​អឺរ៉ុប។ ៥ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​ប្រជារាស្រ្ត​អង់គ្លេស​បាន​សម្រេច​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​មក កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អឺរ៉ុប ពិសេស​ក្រុមប្រទេស​ស្ថាបនិក​អឺរ៉ុប​បាន និង​កំពុង​បន្ត​ជួប​ប្រជុំ​ជា​ហូរហែ។ នៅ​ថ្ងៃ​អង្គារ ទី២៨ និង​ថ្ងៃ​ពុធ ទី២៩ មិថុនា សហភាព​អឺរ៉ុប​បើក​កិច្ចប្រជុំ​វិសាមញ្ញ និង​ជំនួបកំពូល​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក។ នៅ​ថ្ងៃ​ចន្ទ ទី២៧ មិថុនា ប្រទេស​អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​បាន​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

សភាអឺរ៉ុប​ក្នុង​ទីក្រុង​ស្រ្តាបួ
សភាអឺរ៉ុប​ក្នុង​ទីក្រុង​ស្រ្តាបួ REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

ប្រទេស​អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​សុទ្ធសឹង​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ស្ថាបនិក​អឺរ៉ុប​ទាំង ៦ ជាមួយ​នឹង​ប្រទេស​បែលហ្ស៊ិក ហូឡង់ និង​លុចសំបួ។ តែ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ ទី២៨ មិថុនា គឺ​មាន​តែ​អ៊ីតាលី​ចូលរួម​ដោយ​លោក​នាយករដ្ឋមន្រ្តី​ម៉ាតេអូ រ៉េនហ្ស៊ី អាល្លឺម៉ង់​ដោយ​លោកស្រី​អង់ហ្កឺឡា មែរកិល និង​បារាំង​ដោយ​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់។ មាន​ប្រធានបទ​សំខាន់​ចំនួន​ពីរ​ដែល​ថ្នាក់ដឹកនាំ​កំពូល​ទាំង ៣រូប​បាន​លើក​យក​ទៅ​ជជែក ទី១ គឺ​គម្រោង​កំណែទម្រង់​អឺរ៉ុប​នៅ​លើ​គ្រប់​វិស័យ​ក្នុង​គោលដៅ​ជួយ​ផ្តល់​សន្ទុះ​ចរន្ត​សហភាព​អឺរ៉ុប​ឡើង​វិញ និង​ទី២ គឺ​បញ្ជាក់​ពី​ជំហរ​សហភាព​អឺរ៉ុប​ចំពោះ​អង់គ្លេស​ដែល​ទើប​សម្រេច​ផ្តាច់ខ្លួន​ចេញ​សហភាព​អឺរ៉ុប។

លោកស្រី​មែរកិល លោក​រ៉េនហ្ស៊ី និង​លោក​ហូឡង់​បាន​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា​ថា បើ​អង់គ្លេស​នៅ​មិន​ទាន់​ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន​ជា​ផ្លូវការ​ដូច​ដែល​មាត្រា​ទី៥០ នៃ​សន្ធិសញ្ញា​ក្រុង​លីស្បូន​បាន​តម្រូវ​ឲ្យ​ធ្វើ​ទេ នោះ​សហភាព​អឺរ៉ុប​នឹង​មិន​ចរចា​អ្វី​ទាំង​អស់​ជាមួយ​អង់គ្លេស។ គួរ​រម្លឹក​ជូន​ថា ប្រជារាស្រ្ត​អង់គ្លេស​បាន​បោះឆ្នោត​ចេញ​ពី​សហភាព​អឺរ៉ុប​ហើយ តែ​មក​ដល់​ថ្ងៃ​នេះ ម៉ោង​នេះ រដ្ឋាភិបាល​អង់គ្លេស​នៅ​មិន​បាន​បំពេញ​បែបបទ​ចាកចេញ​ផ្ញើ​ទៅ​ក្រុមប្រឹក្សា​អឺរ៉ុប និង​គណៈកម្មការ​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។
 
ជា​ថ្មី​ម្តង​ទៀត និង​ខុស​ពី​លោកស្រី​មែរកិល​ដែល​អំពាវនាវ​ឲ្យ​រក្សា​ភាព​អត់ធ្មត់ លោក​ប្រធានាធិបតី​បារាំង​ហូឡង់​ចង់​ឲ្យ​អង់គ្លេស​បំពេញ​បែបបទ​ចាកចេញ​ឲ្យ​បាន​លឿន​បំផុត។ លោក​ហូឡង់​បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប​នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​សម្រាប់​អនាគត​វែង​ឆ្ងាយ​របស់​ខ្លួន ពោល​មិន​មែន​អង្គុយ​រង់ចាំ​ដោះស្រាយ​តែ​បញ្ហា​អង់គ្លេស​មួយ​ប៉ុណ្ណោះ។ អ្វី​ដែល​លោក​ហូឡង់​ចង់​មាន​ន័យ​នោះ​គឺ​ថា បើ​អង់គ្លេស​សម្រេច​ចិត្ត​លែងលះ​ពី​សហភាព​អឺរ៉ុប​ហើយ គួរ​តែ​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​មាត់​អឺរ៉ុប​ទៅ កុំ​នៅ​ត្រេងត្រាង​យូរ​ពេក។
 
លោក​ដាវីដ កាមេរ៉ូន​មិន​ប្រញាប់​ចាកចេញ​ភ្លាមៗ​ទេ
 
ប្រតិកម្ម​របស់​អង់គ្លេស​ចំពោះ​សំណើ​ទាមទារ​យ៉ាង​ទទូច និង​ច្រើន​ដង​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ធ្វើ​ឡើង​ចេញ​ពី​បបូរមាត់​របស់​លោក​នាយករដ្ឋមន្រ្តី​ដាវីដ កាមេរ៉ុន​ក្នុង​ថ្ងៃ​ចន្ទ ទី២៨ មិថុនា​នៅ​សភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៏។ អន្តរាគមន៍​របស់​លោក​កាមេរ៉ុន​នៅ​ចំពោះ​មុខ​ក្រុមអ្នកតំណាងរាស្រ្ត​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​នឹង​លោក​ទៅ​ចូល​រួម​នៅ​ក្នុង​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ថ្ងៃទី២៨ និង​ទី២៩ មិថុនា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ លោក​កាមេរ៉ុន​បាន​បញ្ជាក់​ច្បាស់ៗ​ថា អង់គ្លេស​នឹង​មិន​ប្រញាប់​ដាក់​ពាក្យ​បញ្ឈប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប​ភ្លាមៗ​ពេល​នេះ​ទេ និង​ថា អង់គ្លេស​ត្រូវ​ការ​ពេល​ចរចា​ជាមួយ​អឺរ៉ុប​ដើម្បី​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់​ពី​ទំនាក់ទំនង​ដែល​អង់គ្លេស​ត្រូវ​មាន​ជាមួយ​អឺរ៉ុប​នៅ​ពេល​ដែល​អង់គ្លេស​លែង​ស្ថិត​ជា​សមាជិក​អឺរ៉ុប។

លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​ថ្លែង​នៅ​ក្នុង​សភា​អង់គ្លេស ថ្ងៃទី២៧ មិថុនា ២០១៦
លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​ថ្លែង​នៅ​ក្នុង​សភា​អង់គ្លេស ថ្ងៃទី២៧ មិថុនា ២០១៦ AFP

« នៅ​ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ទៅប្រជុំកំពូល​អឺរ៉ុប ហើយ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ជជែក​ជាមួយ​លោកស្រី​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្កេឡា មែរកិល និង​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ព្រមទាំង​ជាមួយ​នឹង​មេដឹកនាំ​អឺរ៉ុប​មួយចំនួន​ផ្សេង​ទៀត។ យើង​ជជែក​គ្នា អំពី​ភាព​ចាំបាច់​ក្នុង​ការ​ត្រៀម​បើក​កិច្ចចរចា​លើ​ការ​ចាកចេញ​របស់​អង់គ្លេស និង​ជា​ពិសេស គឺ​បញ្ជាក់​ពី​ជំហរ​របស់​យើង​ថា អង់គ្លេស​នឹង​មិន​ដាក់​ពាក្យ​សុំ​បញ្ឈប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប​ភ្លាមៗ​នៅ​ពេល​នេះ​ទេ។
 
មុន​នឹង​ធ្វើ​ យើង​ចាំ​បាច់​ត្រូវ​តែ​កំណត់​គ្នា​ជា​មុន​សិន​ថា តើ​នៅ​ពេល​ដែល​អង់គ្លេស​ចេញ​ទៅ តើ​​​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​ត្រូវ​មាន​ទំនាក់ទំនង​នឹង​គ្នា​បែប​ណា? ហើយ​រឿង​អស់​ទាំង​នេះ ខ្ញុំ​នឹង​ទុក​ឲ្យ​នាយករដ្ឋមន្រ្តី​ថ្មី​ជា​អ្នក​សម្រេច។
 
ខ្ញុំ​ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផងដែរ​ ហើយ​ខ្ញុំ​នឹង​ប្រាប់​មេដឹកនាំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​នៅ​ក្នុង​ជំនួបកំពូល​ថ្ងៃ​ស្អែក​ទៀត​ថា ការ​ចាប់​ផ្តើម​ដាក់​ពាក្យ​សុំ​ឈប់​ពី​សហភាព​អឺរ៉ុប​នៅ​ពេល​ណា គឺ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​អង់គ្លេស ហើយ​មាន​តែ​អង់គ្លេស​ទេ​ដែល​មាន​សិទ្ធិ​សម្រេច »
 
សហភាព​អឺរ៉ុប​ផ្តើម​គិតគូរ​កំណែទម្រង់​ដើម្បី​បញ្ជៀស​ការ​បំបែក​ខ្លួន​របស់​សមាជិក​ផ្សេង
 
អ្វី​ដែល​សំខាន់ និង​ជា​បន្ទាន់​នៅ​ចំពោះ​មុខ​របស់​សហភាពអឺរ៉ុប គឺ​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ដើម្បី​បង្ខំ​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ុន​ឲ្យ​រៀបចំ​បែបបទ​បញ្ឈប់​សមាជិកភាព​អង់គ្លេស​ពី​អឺរ៉ុប​ភ្លាមៗ ពោល​មិន​ត្រូវ​បន្ត​អូសបន្លាយ​ពេល​ទេ។ សំណួរ​ដែល​កំពុង​ចោទ​នៅ​ក្នុង​ជំនួបកំពូល​ពេល​នេះ​គឺ​ថា តើ​ជា​ជំនួបកំពូល​រវាង​សមាជិក​ទាំង ២៨ប្រទេស​ដូច​សព្វ​មួយ​ដង ឬ​មួយ​ក៏​ជា​ជំនួប​តែ ២៧ប្រទេស​សមាជិក​ដោយ​គ្មាន​អង់គ្លេស ឬ​មួយ​ក៏​ជា​ជំនួប ២៧ បូក ១ ដោយ​រង់ចាំ​អង់គ្លេស​ចាកចេញ​ជា​ផ្លូវការ។
 
យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ជំនួបកំពូល​រយៈពេល ២ថ្ងៃ​នេះ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ុន​ក៏​មាន​វត្តមាន​ដែរ តែ​ប្រហែល​ជា​សម្លេង​របស់​លោក​ទាក់ទង​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​អឺរ៉ុប​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទេ។ វត្តមាន​សំខាន់​របស់​លោក គឺ​ដើម្បី​ចរចា​ជាមួយ​អឺរ៉ុប​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​អង់គ្លេស​ត្រូវ​បន្ត​មាន​ជាមួយ​អឺរ៉ុប​ក្នុង​នាម​ជា​ប្រទេស​ដៃគូ ពោល​មិន​មែន​ក្នុង​នាម​ជា​ប្រទេស​សមាជិក​ទៀត​ឡើយ។ ក្រៅ​ពី​បញ្ហា​អង់គ្លេស ជំនួបកំពូល​អឺរ៉ុប​ក៏​នឹង​ផ្តើម​គិតគូរ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​អឺរ៉ុប​ដើម្បី​ចៀសវាង​ការ​ផ្តាច់ខ្លួន​របស់​ប្រទេស​សមាជិក​ផ្សេង​ដូច​ករណី​អង់គ្លេស។
 
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​មែរកិល សមភាគី​អ៊ីតាលី​លោក​រ៉េនហ្ស៊ី និង​លោក​ប្រធានាធិបតី​បារាំង​ហូឡង់​ដែល​បាន​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ ទី២៨ មិថុនា​បាន​ឯកភាព​ផ្តល់​សន្ទុះ​អឺរ៉ុប​លើ ៤ផ្នែក គឺ​ការពារ កំណើនសេដ្ឋកិច្ច ការងារ និង​ការ​ប្រកួតប្រជែង។ នៅ​ក្នុង​ន័យ​នេះ ថ្នាក់ដឹកនាំកំពូល​ទាំង ៣នាក់​បាន​កំណត់​យក​​អាទិភាព​សំខាន់​ចំនួន ៣ គឺ​សន្តិសុខ​ផ្ទៃក្នុង និង​ក្រៅ​ប្រឈម​ទប់​នឹង​ភេរវនិយម ការ​អភិវឌ្ឍន៍​វិស័យ​ការពារ​អឺរ៉ុប និង​ការ​តាមដាន​នៅ​ព្រំដែន​ខាង​ក្រៅ​របស់​អឺរ៉ុប។ អឺរ៉ុប​យល់​ឃើញ​ថា វា​ជា​រឿង​បន្ទាន់​ដែល​អឺរ៉ុប​ត្រូវ​ធ្វើ​កំណែទម្រង់​ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ជា​ថ្មី​ដល់​ប្រទេស​សមាជិក ពិសេស​ប្រជាជន​អឺរ៉ុប។ បើ​ពុំ​នោះ​សោត​ទេ អឺរ៉ុប​នឹង​បន្ត​បែកបាក់ ហើយ​ទីបំផុត គឺ​សហភាព​អឺរ៉ុប​ទាំង​មូល​តែ​ម្តង​ដែល​ត្រូវ​រលាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ