អានតួអត្ថបទ
រុស្ស៊ី-តួកគី

រុស្ស៊ីនិងតួកគីនៅលើផ្លូវរៀបរយទំនាក់ទំនងខ្លួនឲ្យមានប្រក្រតីភាពវិញ

ថ្ងៃ​ពុធ​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​នឹង​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទៅ​សមភាគី​តួកគី​គឺ លោក​ប្រធានាធិបតី អ៊ែរដូហ្កាន់​ដែល​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​២៧​មិថុនា បាន​ផ្ញើ​សារ​មក​សុំ​កា​រ​អភ័យ​ទោស​​ចំពោះការ​បាញ់​ធ្លាក់ ៧​ខែ​មុន​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​នៅ​ត្រង់ព្រំដែន តួកគី-ស៊ីរី - សេចក្តី​នេះ ត្រូវ​បាន​ប្រកាស​នារសៀល​ថ្ងៃ​អង្គារ៍​ម្សិលមិញ ដោយ​អ្នក​នាំពាក្យ ផ្លូវការរបស់​វិមាន​ក្រេមឡាំង​លោក ឌ្មីទ្រី ពេស្កូវ ទាំង​គូស​បញ្ជាក់​ថា “ ការ​ស្តារ​ឲ្យ​មាន​ប្រក្រតីភាពឡើង​វិញ “ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវការ​ពេលវេលា​ជាក់លាក់។ 

ប្រធានាធិបតីរុស្ស៊ី Vladimir Poutine
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​ពួក​អ្នក​កាសែត អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង បាន​លើក​ឡើង​ថា” ការ​ដែល​លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន់​បាន​ផ្ញើសារ មក​កាន់​សមភាគី​រុស្ស៊ី គឺ​ជា​ជំហាន​សំខាន់ ណាស់​សម្រាប់​រៀបរយ​ទំនាក់ទំនង​រវាង​តួកគី​និង​រុស្ស៊ី​ឲ្យ​មាន​ប្រក្រតីភាព​វិញ ប៉ុន្តែ​មិន​ត្រូវ នឹក​ស្មាន​ឡើយ​ថា​ការ​រៀបរយ​នេះ អាច​សម្រេច​បាន​ដូចចិត្ត​តែ​ក្នុង​ប៉ុន្មាន​ថ្ងៃ​សោះ”។

 
លោក ពេស្កូវ បន្ថែម​ថា​ថ្ងៃ​ពុធ​២៩​មិថុនា លោក​ប្រមុខរដ្ឋ​រុស្ស៊ី​នឹង​ផ្តើម​គំនិត សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​សមភាគី​តួកគី។ លោក​ប្រធានាធិបតី​ពូទីន តែង​បាន​និយាយ​ជា​ច្រើន​លើក​ទៅហើយ​អំពី​បំណង​គាត់​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ដៃ​គូ​តួកគី​​ទាំង​លម្អិត​ថា ក្រុង​ម៉ូស្គូ បាន​រុញច្រាន​ចេញ​មក​មិនដឹង​ជា​ប៉ុន្មាន​ដង​ទៅ​ហើយ “ល័ក្ខខ័ណ្ឌ” មាន​៣​ចំណុច​សម្រាប់​ភាគី​តួកគី​បំពេញ​តាម​ដើម្បី​ស្តារ​ឡើង​វិញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។ ប្រាកដ​ណាស់​ដែល​ភាគី​ទាំង​សងខាង​ត្រូវ​ឈាន​ជំហាន​ជាច្រើន​ថែម​ទៀត​ដើម្បី​ខិត​ចូល​ជិត​គ្នា។

ជាការ​រំលឹក ល័ក្ខខ័ណ្ឌ​មាន​៣​ចំណុច​នោះ ចែង​ថា ៖ ទី​១- តួកគី​ត្រូវ​សុំទោស​រុស្ស៊ី ចំពោះការ​បាញ់​ធ្លាក់​យន្តហោះ​យោធា​រុស្ស៊ី ធុន Su-24 ដោយ​យន្តហោះ​ប្រដេញ​តួកគី​ធុន F-16 កាលពី​ថ្ងៃ​២៤​វិច្ឆិកា​ឆ្នាំ​២០១៥ នៅ​ត្រង់​ព្រំដែន តួកគី-ស៊ីរី , ទី​២- ត្រូវ​សង​មក​រុស្ស៊ី​ចំពោះ ការ​បាត់បង់​យន្តហោះ​នោះ , និង​ទី៣ - ត្រូវ​ប្រគល់ មក​ឲ្យ​រុស្ស៊ី ជន​ដៃដល់​តួកគី ដែល​បានបាញ់​សម្លាប់​ពីឡុត​រុស្ស៊ី ពេល​គេ​លោត​តាម​ឆ័ត្រយោង​ចុះ​មក​ដី ក្រោយពី​គេ​ចេះ​ចាកចេញ បាន​ទាន់​ពេល​វេលា​ពី​យន្តហោះ​នោះ​ដែល​ឆេះទ្រលោម​ទៅ​ហើយ។

ដូច្នេះ​ឃើញ​ថា​ពី​ក្នុង​ចំណោម​ល័ក្ខខ័ណ្ឌ​នោះ តួកគី​ទើប​បំពេញ​តែ​ចំណុច​ទី​១​ប៉ុណ្ណោះ គឺការ​សុំទោស​រុស្ស៊ី។ ទាក់ទង​នឹង​ចំណុច​ទី២ ក្រុង​អង់ការ៉ា បាន​ថ្លែង​ម្សិលមិញ​ថា ខ្លួនប្រកែក​មិន​ព្រម​បង់ថ្លៃ​ខូតខាត​អ្វី​ណា​មក​ឲ្យ​រុស្ស៊ី​ឡើយ។ ទាក់ទង​នឹង​ចំណុច​ទី​៣ តួកគី​នៅស្ងៀមស្ងាត់​តែ​ម្តង។

ក្រុង​អង់ការ៉ា អះអាង​ថា ខ្លួន​បាន​បាញ់​យន្តហោះ​រុស្ស៊ី ពីព្រោះ​យន្តហោះ​នោះ បាន​ហោះចូល​ដែន​អាកាស​តួកគី ប៉ុន្តែ​រុស្ស៊ី បដិសេធ​ដាច់​អហង្ការ​ហើយ​ចាត់​វិធានការ​សងសឹក​វិញ ជា​ពិសេស​​ផ្នែក​ពាណិជ្ជកម្ម​បែប​យ៉ាង ហាម​មិន​ឲ្យ​ទំនិញ​តួកគី​នាំ​ចូល​រុស្ស៊ី ខ្ទប់ផ្លូវ​មិន​ឲ្យទេសចរ​រុស្ស៊ី​ទៅ​សម្រាក​នៅ​តួកគី​ទៀត​ឡើយ ហេតុ​ដែល​នាំឲ្យ​តួកគី​បង់​ខាត អស់​ទាំងពាន់​លានៗ​ដុល្លារ​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ